ផ្ដាច់ការទាក់ទង

ពីមុនជួបជុំពុំឃ្លាតឃ្លា
ម៉ែពុកមីងមាញាតិទាំងឡាយ
ជជែកគ្នាលេងសើចក្អាកក្អាយ
ចិត្តបានរសាយសប្បាយក្ដាត់។​

ក្រោយពេលកូវីដ-១៩
មេរោគគ្មានខ្លួនពួនរសាត់
មកឆ្លងអ្នកភូមិដោយស្ងាត់ៗ
គេលែងហ៊ានស្កាត់រាប់រកគ្នា។​

សូមថែខ្លួនផងបងប្អូនអ្ហើយ
ខ្ញុំឆ្លងរោគហើយទុក្ខគ្រាំគ្រា
ថ្ងៃនេះតទៅត្រូវកំព្រា
ខានបានជិតគ្នារងាប្រាណ។​

នរណាព្រហើនផ្គើនដូចខ្ញុំ
ច្បាស់កើតទុក្ខធំជាក់មិនខាន
ប្រមាថកូវីដមិនប្រមាណ
រោគាចូលប្រាណខានជួបញាតិ។​

ប្រសិនតែបានប្រាណជាសះ
ជីវិតខ្ញុំច្បាស់លែងចង្អៀត
បន្តរស់នៅជុំផៅទៀត
សន្ដានមិនឃ្លាតអរសប្បាយ។​

ចុះបើសិនមិនជាសះស្បើយ
សន្ដានញាតិអ្ហើយខ្ញុំស្លាប់កាយ
មុខមាត់ចុងក្រោយសូម្បី​ម្ដាយ
ញាតិមិត្តជិតឆ្ងាយមិនឃើញផង។

ដោយ តន វិបុល