កាប់ឆ្កែ


បើគេលេងសើចបែបចំអកឱ្យចៅថា សម្បុរសដូចគល់ទ្រយឹង សក់ទន់រលោងដូចឫសឫស្សី សម្ដីពីរោះដូចទេវទត្ត... មិនថ្វីទេ! អ្វីដែលសំខាន់ចៅត្រូវស្គាល់គេនោះជាអ្នកណាឱ្យប្រាកដ ហើយនៅពេលចៅលេងសើចទៅវិញគេប្រកាន់ចៅឬទេ។ ចៅត្រូវចងចាំទុកក្នុងចិត្ត​ឱ្យច្បាស់ បន្ទាប់មកអហោសិកម្មឱ្យគេ។ អហោសិកម្ម គឺដំណើរអស់កម្មអស់ពៀរនឹងគ្នា។ ការធើបែបនេះដើម្បីសេចក្ដីសុខខ្លួនឯងផង និងដល់អ្នកដទៃផង។ បើមិនដូច្នោះទេ ចិត្តចៅនៅតែក្រោធមិនស្ងប់នឹងការលេងសើចបែបចំអករបស់គេឡើយ។ មានន័យថា ចៅកំពុងបំផ្លាញសេចក្ដីសុខខ្លួនឯងនិងអ្នកដទៃមែនហើយ។​
“ឮសម្ដីតានិយាយបែបនេះ ចៅរឹតតែខឹងឆួលទៅទៀតលោកតា។” ចៅនិយាយហើយ ក៏ចោទសួរតារបស់ខ្លួនទៀតថា៖ “លោកតា!​ ទោះនោះជាការលេងសើចក៏ដោយ តែការលេងខ្លះប៉ះពាល់ផ្លូវចិត្ត ឬជាការបៀតបៀនផ្លូវអារម្មណ៍របស់គេ តើការលេងសើចបែបនេះលោកតាអាចស្ងប់អារម្មណ៍ទៅរួចទេ? ខ្ញុំគិតថា ការលេងបែបនេះមិនសមឡើយ ជាពិសេសអស់លោកអ្នកជាបញ្ញវ័ន្តដែលចូលចិត្តធើស៊ីផ្លូវអារម្មណ៍គេ។ ក្នុងនាមជាបញ្ញវ័ន្តមិនសមរម្យទេ ដែលលេងសើចគ្មានសីលធម៌បែបនេះនោះ។ តាដែលឮទេ!​ គេតែងនិយាយថា នៅលើ​លោក​នេះ​មាន​តែ​ពាក្យ​សម្ដី​ទេ ​ដែល​ជា​ឱសថ​ដ៏​ពិសេស​បំផុតសម្រាប់​ព្យាបាល​រោគ​ចិត្ត ហើយវា​ក៏​ជា​ឱសថ​ដ៏​ពិស​ពុលបំផុត​សម្រាប់​បំផ្លាញ​ជីវិតមនុស្សដោយគ្មានឈាមផងដែរ។ សម្ដីមួយម៉ាត់អាចសម្លាប់មនុស្សម្នាក់ដោយគ្មានឈាម​ប្រាកដណាស់លោកតា។”​
“អឺ! តាយល់ពីចៅហើយ... ចៅនិយាយនេះមិនខុសទេ បើសម្រាប់តាវិញ តាយល់ថា អ្នកដែលលេងសើចបែបនេះមិនមែនជាបញ្ញវ័ន្តនោះទេ ទោះអ្នកមានចំណេះដឹងខ្ពស់ផុតមេឃក៏ដោយ   ព្រោះបញ្ញវ័នគេមិនលេងសើចបែបនេះឡើយ​។ ម្ល៉ោះហើយបានជាតាប្រាប់ចៅឱ្យអហោសិកម្មចំពោះការលេងសើចនេះនោះណា៎។ ចៅដែលឮទេ ខ្មែរយើងមានពាក្យមួយ "បើឆ្កែខាំកុំខាំឆ្កែវិញ" អ្នកដែលតបតនឹងឆ្កែបានសេចក្ដីថា គេនោះក៏មិនខុសពីឆ្កែឡើយ បើវានៅតែតាមខាំចៅមិនលែង ចៅអត់ទ្រាំតទៅទៀតលែងបានហើយ ចាំអីទៀតពូថៅកាប់វាឱ្យចំកណ្ដាលក្បាលតែម្ដងទៅ ហើយយកទៅការីដូងជាការស្រេចហើយ។”
បន្ទាប់ពីតានិយាយចប់ ចៅរបស់គាត់បកស្រាយប្រសាសន៍របស់គាត់បន្ថែម...
“តាមប្រសាសន៍លោកតាចង់មានន័យថា ការលេងសើចអ្វីៗត្រូវមានព្រំដែន និងត្រូវតាមកាលៈទេសៈ បើគេនិយាយលេងសើចជ្រុលហួសហេតុដោយមិនគោរពមិត្តភក្តិនិងមិនគោរពខ្លួនឯងជាបញ្ញវ័ន្តទេ យើងត្រូវអត់ធ្មត់ចំពោះសម្ដីគេ ហើយបន្ទាប់ពីប្រាប់គេនៅតែមិនស្ដាប់ទៀត យើងបណ្ដោយគេតាមតែទំនើងចិត្តរបស់គេទៅ... ខ្ញុំនិយាយនេះត្រូវទេលោកតា។​”
“ល្អហើយដែលចៅយល់។ មនុស្សយើង ការអត់ធ្មត់មានកំណត់ ដូច្នេះបើគេនិយាយលេងសើចទំនងតែមិនស្រួលទេ ក្រោកចេញទៅ កុំលូកមាត់នាំតែក្អួតទេ​។ ជួនកាលមនុស្សបែបនេះទាល់តែថាឱ្យខ្លះបានដឹងខ្លួនណា៎ចៅ។ ចៅយល់ទេ!”
បាទ.. យល់ហើយលោកតា... ចៅសុំអរគុណ!​
រឿងខ្លីអត់ស្ដេចចប់តែត្រឹមនេះ!​
ការសាកល្បងសរសេរ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើរថយន្តឈ្នួលទៅកំពង់ចាម

ដោយ តន វិបុល​