ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជានិមិត្តរូបនៃការផ្ដើមប្រកាសរដូវកាលបង្កបង្កើនផលថ្មីរបស់ប្រជាកសិករខ្មែរ និងផ្សងប្រផ្នូលពីភោគផលកសិកម្ម នៅឆ្នាំខាងមុខ។ ពិធីច្រត់ព្រះនង្គ័លនេះ គឺជាព្រះរាជពិធីបុណ្យដែលខ្មែរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃ៤រោច ខែពិសាខ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ២០២០ ដែលគ្រោងប្រារព្ធឡើងនៅខេត្តកំពង់ធំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាក ដើម្បីចូលរួមទប់ស្កាត់និងការពារការរីករាលដាលនៃជំងឺឆ្លង COVID-19។ ទោះបីឆ្នាំនេះព្រះរាជពិធីនេះត្រូវផ្អាក ពុំមែនមានន័យថា ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋត្រូវផ្អាកនោះទេ។
កន្លងមក ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានព្រះមហាក្សត្រយកព្រះទ័យទុកដាក់យ៉ាងខ្លាំង។ ពីអតីតកាលទ្រង់បានយាងច្រត់ព្រះនង្គ័លដោយអង្គឯង។ ជាក់ស្ដែង ចាប់ពីឆ្នាំ១៩៦៨ សម្តេច នរោត្តម សីហនុ ប្រមុខរដ្ឋខ្មែរនៃព្រះរាជាណាចក្រកម្ពុជាទី១ ទ្រង់បានច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះហស្តព្រះអង្គនៅក្នុងព្រះរាជពិធីនេះ ដែលប្រារព្ធធ្វើចុងក្រោយនៅឯខេត្តស្វាយរៀង។ ប៉ុន្តែក្រោយៗមកទៀត ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតី ដោយមានតំណាងព្រះមហាក្សជាអ្នកច្រត់នង្គ័លជំនួសវិញ។
លោក អ៊ឹម បូរិន្ទ មន្ត្រីស្រាវជ្រាវខាងហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ បញ្ជាក់ថា ស្តេចមាឃ គឺព្រះមហាក្សត្រជាអ្នកតែងតាំង។ នៅក្នុងពិធីនេះ ស្តេចមាឃដែលមានមេហួរែកអម្រែកមាសប្រាក់ដាក់ពូជស្រូវដើរព្រោះតាមពីក្រោយបាន៣ជុំ ទើបមានពិធីសំខាន់ដែលកសិករខ្មែររង់ចាំលទ្ធផលយ៉ាងយកចិត្តទុកដាក់បំផុត គឺទំនាយអនាគតនៃភោគផលកសិកម្មប្រចាំឆ្នាំ។
តាមការកត់សម្គាល់នៅក្នុងព្រះរាជពិធីនេះ គេសង្កេតឃើញមានគោឧសភរាជ៣នឹម ទឹមច្រត់ព្រះនង្គ័ល នៅមុខរោងពិធី ហើយពេលព្រឹកម៉ោង៧កន្លះ ក៏ចាប់ផ្ដើមច្រត់ពីទិសនិរតីវិលស្ដាំបានគ្រប់បីជុំ បន្ទាប់មកត្រូវដោះព្រះគោឱ្យបរិភោគអាហារ៧យ៉ាង ដែលតម្រៀបលើតុតាំងនៅទីមុខព្រះពន្លាដើម្បីធ្វើការផ្សង។ តាមរយៈការផ្សងក្នុងចំណោមអាហារ៧មុខផ្សេងៗគ្នារួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និងស្រាផងនោះឃើញថា បើគោឧសភរាជបានបរិភោគពោត និងសណ្ដែកច្រើនជាងគេ។ ព្រាហ្មណ៍បារគូទំនាយទាយថា ទិន្នផលកសិកម្មក្នុងឆ្នាំនោះនឹងទទួលបានទិន្នផលតិចតួចបំផុត គឺលើកលែងតែពោត និងសណ្ដែកប៉ុណ្ណោះដែលទទួលបានទិន្នផលច្រើន។ តែបើបរិភោគស្មៅ ឬស្រាដំបូងគេ ទំនាយថាមានជំងឺតម្កាត់ពីសត្វពាហនៈ។ បើផឹកស្រានឹងកើតមានមនុស្សពាល ចោរលួច ចោរប្លន់ជាដើម។
ការទស្សន៍ទាយនេះពិតឬមិនពិត ឆុតឬមិនឆុតយ៉ាងណានោះ មិនជាបញ្ហាធំដុំទេ។ អ្វីដែលសំខាន់នោះគឺនិមិត្តរូបនៃពិធីនេះ។ អត្ថន័យនៃពិធីបុណ្យប្រពៃណីដែលមានអាយុកាលដ៏យូរអង្វែងមួយនេះ ត្រូវអ្នកជំនាញខាងវប្បធម៌ខ្មែរ លើកឡើងថា ពិធីនេះ គឺជានិមិត្តរូបដែលព្រះរាជាបានយកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្ត។ ព្រះអង្គធ្វើពិធីច្រត់ព្រះនង្គ័ល ដើម្បីបួងសួងសុំទឹកភ្លៀង សុំសុខសន្តិភាព សុំកុំឱ្យមានរោគាព្យាធិ និងជាទឹកចិត្តផ្សព្វផ្សាយព្រហ្មវិហារធម៌ ទសពិធរាជធម៌ទៅលើប្រជារាស្រ្តព្រះអង្គ។ គ្រាន់តែថារោគាព្យាធិវាទៅតាមអាកាសធាតុ ឬទៅតាមរោគអីផ្សេងៗ នៃតំបន់នីមួយៗនោះ ព្រះអង្គចង់ឱ្យមានសុខសន្តិភាព ចង់ឱ្យរាស្ត្រទូទាំងប្រទេសបានផលស្រូវ បន្លែផ្លែឈើគ្រប់គ្នាប៉ុណ្ណោះ៕
ដោយ តន វិបុល
