ឪពុកខ្ញុំកំពុងតែអង្គុយបិតបន្ទះវល្លិ៍ផ្ដៅក្រោមម្លប់ដើមពុទ្រានៅមុខផ្ទះ។ ខ្ញុំដើរទៅជិតគាត់ឮគាត់រអ៊ូរទាំតិចៗតែឯងដូចមនុស្សឆ្កួត។ ខ្ញុំដើរសសៀរទៅអង្គុយនៅលើកំណាត់ឈើចំពីមុខគាត់ ដើម្បីមើលគាត់បិតបន្ទះវល្លិ៍ផ្ដៅ និងស្ដាប់គាត់និយាយ មួយសន្ទុះក្រោយមក ទើបខ្ញុំសួរគាត់ថា ពុកនិយាយពីអ្វីឮសូរង៉ូវៗស្ដាប់មិនបាន។
គាត់ងើបមុខឡើង ហើយសម្លឹងមើលខ្ញុំដោយសភាពភាំងៗ ឬមួយប្រហែលមកពីគាត់រវល់ឈ្ងោកបិតបន្ទះវល្លិ៍ផ្ដៅទើបពុំដឹងខ្ញុំមកអង្គុយនៅក្បែរគាត់។ ខ្ញុំសួរគាត់ម្ដងទៀត គាត់ឆ្លើយវិញ៖
*-មានបាននិយាយអ្វីទេ គ្រាន់តែថាពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុកាន់តែក្ដៅឡើងៗដូចភ្លើងឆេះ។ នៅឯទីជនបទមានដីស្រែដីចម្ការ តែគ្មានទឹកគ្មានមានអ្នកធ្វើសោះ ហើយដល់ពេលមានគ្រោះធម្មជាតិត្រូវការជំនួយគ្មានអ្នកជួយ លុះដល់ពេលចាស់ជរាទៅគ្មានអ្នកគិតគូរដល់ជីវិតទៀត...
ខ្ញុំតបសម្ដីគាត់បែបកូនក្មេង...
*-ពុកចេះតែត្អូញត្អែរថា គ្មាននរណាគិតគូរហើយ បើគ្មាននរណាគិតគូរទេ យ៉ាងហោចណាស់ នៅមានកូនកំលោះម្នាក់នេះដែរពុក។ និយាយពីស្ថានភាពស្រុកទេសយើងវិញ រឹតតែមិនបាច់និយាយទៅទៀត ព្រោះបើយើងប្រដូចជំនាន់នេះទៅនឹងជំនាន់លោកពត ឬជំនាន់ក្រោយលោកពតបន្ដិច យើងនឹងឃើញថា គ្រាន់បើជាងឆ្ងាយណាស់។
ពុកតបវិញដោយមានប្រសាសន៍បណ្ដើរ ក្នុងដៃមានកាន់កាំបិតបន្ទោះបិតបន្ទះវល្លិ៍ផ្ដៅបណ្ដើរ។ ពុកខ្ញុំមានអាយុ៧២ឆ្នាំ ស្បែកគាត់ចាប់ផ្ដើមកាត់តែជ្រីវជ្រួញយារធ្លាក់ណាស់ទៅហើយ ប៉ុន្តែចាស់គាត់ គឺចាស់នៅមាំទាំ គាត់មានប្រសាសន៍ថា៖
*-អ្នកណាថា ពុកភ្លេចកូននុះ... ក្នុងមួយជីវិតពុក... ពុកមានបទពិសោធហែលឆ្លងបីបួនជំនាន់ហើយ គ្រាន់បើឬមិនគ្រាន់បើ ពុកដឹងច្បាស់ណាស់។ ពុកដឹងច្បាស់ពីប្រវត្តិសាស្រ្ត ដ្បិតប្រវត្តិសាស្រ្តមានពេលខ្លះបង្ហាញពីភាពក្លាហានរបស់បុព្វបុរសស៊ូស្លាប់ដើម្បីការពារទឹកដី ស៊ូស្លាប់ដើម្បីការពារជាតិ ទោះបីផ្គរលាន់គ្រឹមៗក៏មិនភ័យមិនរត់ចោលជាតិដែរ តែបុព្វបុរសខ្លះទៀត តាមរយៈប្រវត្តិសាស្រ្ដបានបង្ហាញឱ្យឃើញពីភាពទន់ជ្រាយ គ្មានភាពក្លាហាន ហើយមានខ្លះទៀតនោះក្បត់ជាតិផងក៏មាន។ ពេលនេះកូនរៀនជិតចប់បណ្ឌិតហើយ កូនអាចរកឫសគល់ឃើញទេ ហេតុអ្វីបានជាបែបនេះ? តើគំនុំរវាងសាច់ឈាមឯងនិងគំនុំរវាងជាតិមួយណាដែលគួរតែឈឺចាប់ជាង? ពេលរកចម្លើយឃើញហើយចាំមកប្រាប់ពុកក៏បានដែរ។
ខ្ញុំអេះអុញបន្តិច ហើយតបសម្ដីគាត់វិញថា៖
*-ពុកមានប្រសាសន៍បែបនេះមិនខុសទេ តែសំណួរពុកសួរភ្លាមៗចឹង ខ្ញុំរកឆ្លើយមិនទាន់ទេ។
*-អើ! បើឯងរកមិនទាន់ឃើញ ក៏មិនអីដែរ (ពុកខ្ញុំនិយាយ) តែពុកសង្ឃឹមថា ថ្ងៃណាមួយឯងនឹងរកឃើញវាដោយខ្លួនឯង ព្រោះពេលនេះ ឯងគឺជាមន្ត្រីសំខាន់មួយរូបសម្រាប់ជាតិដែរ។
ពេលនេះខ្ញុំមិនបាននិយាយអ្វីទៀតទេ ខ្ញុំនៅស្ងៀមចាំស្ដាប់ពុកមានប្រសាសន៍ពន្យល់ខ្ញុំតទៅទៀត.. ពុកពន្យល់ខ្ញុំថា តាមរយៈកែវភ្នែករបស់ពុក... ពុកមើលឃើញសង្គមយើងសព្វថ្ងៃមានច្បាប់ទម្លាប់ត្រឹមត្រូវហើយ ហើយរាស្រ្ដស្លូតត្រង់ក៏គាំទ្រ និងតែងតែស្អប់ខ្ពើមដល់អំពើអាក្រក់ ទាំងអំពើកាប់ចាក់ រឿងចាប់រំលោភ រឿងគំនុំ រឿងអយុត្តិធម៌ រួមទាំងរឿងគ្មានហេតុផលផ្សេងៗដទៃទៀត តែបើអំពើអាក្រក់ទាំងនេះនៅតែបន្តកើតមានឡើង រាស្រ្តនៅតែមិនអាចរកក្ដីសុខបាន។ អ្វីដែលកើតឡើងនេះ វាគ្រាន់តែជាផ្នែកមួយដែលពុកមើលឃើញប៉ុណ្ណោះ ពុកមើលឃើញវាកើតចេញដោយសារតែច្បាប់មិនស្រឡាញ់រាស្រ្ត រាស្រ្តមិនស្រឡាញ់ច្បាប់ រាស្រ្ដមិនទុកចិត្តច្បាប់ រាស្រ្តខ្វះការអប់រំ និងឥទ្ធពលពីអ្នកលេងនយោបាយទាំងក្នុងនិងក្រៅប្រទេស។ ត្រឹមត្រូវណាស់ដែលគេថា ច្បាប់តាក់តែងឡើងមកមិនមែនសម្រាប់ប្រឆាំងមនុស្សដែលប្រព្រឹត្តអំពើល្អ និងសម្រាប់ប្រឆាំងតែមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយការបង្កើតច្បាប់ គឺដើម្បីគ្រប់គ្រងជាតិ ការបង្កើតច្បាប់ គឺដើម្បីគ្រប់គ្រងរាជការ ការបង្កើតច្បាប់ គឺដើម្បីគ្រប់គ្រងរាស្រ្តមិនមែនបង្កើតច្បាប់មកបំផ្លាញរាស្រ្ត បំផ្លាញរាជការ បំផ្លាញជាតិ និងមិនមែនសម្រាប់ការពារពួកបក្សនោះទេ។ កែវពុកមើលឃើញទៀតថា មនុស្សមួយក្រុមតូច មិនដឹងច្បាស់ថា ក្រុមណាមួយទេ មិនដឹងជាពួកមន្ត្រីរាជការដូចកូន ជាអ្នកជំនួញ ឬទាំងពីរក្រុមនេះពួតដៃសហការណ៍គ្នាក៏មិនដឹងដែរ។ ពួកគេបានទៅគាបសង្កត់រាស្រ្តតូចតាចដោយបង្ខំឱ្យរាស្រ្តតូចតាចទាំងនោះធ្វើតាមខ្លួនតាមតែអំពើចិត្ត។ សួរថាច្បាប់ស្រឡាញ់រាស្រ្តនៅត្រង់ណា? កូនសម្លាញ់ត្រូវដឹងថា មូលហេតុដែលនាំឱ្យច្បាប់មានតម្លៃ គឺនៅត្រង់យុត្តិធម៌។ ដូច្នេះអ្នកមានអំណាចធំប៉ុនណាក៏ដោយ ត្រូវតែគោរពច្បាប់ មានតែធ្វើបែបនេះទេទើបច្បាប់មានតម្លៃសម្រាប់ជាតិ មានយុត្តិធម៌សម្រាប់រាស្រ្តទូទៅ មិនមែនសម្រាប់តែបុគ្គលបក្សពួកនិយមទេ។
និយាយត្រឡប់មកវិញ ពុកសុំនិយាយប្រាប់កូនដោយត្រង់ទៅចុះ... ដើម្បីបង្រ្កាបរឿងខុសច្បាប់ទាំងឡាយ ដោយបញ្ចៀសមនុស្សបង្កអំពើអាក្រក់ទាំងពួង ដោយការលុបបំបាត់អំពើកាប់ចាក់រវាងគ្នានឹងគ្នា ការលុបបំបាត់អំពើអយុត្តិធម៌ទាំងឡាយនៅក្នុងសង្គម គួបផ្សំនឹងការពង្រឹងវិស័យអប់រំផងនោះ ប្រសិនបើរាស្រ្តមានការអប់រំ រាស្រ្តដឹងខុសដឹងត្រូវប្រទេសជាតិនឹងខ្លាំងក្លា។ បើច្បាប់បង្ក្រាបមនុស្សអាក្រក់បាននឹងមានការងើបឡើងនូវមនុស្សល្អ កាលណាងើបមនុស្សល្អ មនុស្សល្អនឹងរស់បានសេចក្ដីសុខ កាលណារាស្រ្ដរស់នៅប្រកបដោយសេចក្ដីសុខ នោះទើបហៅបានថា ប្រទេសជាតិមានសន្ដិភាព តែបើរាស្រ្ដមិនទាន់មានក្ដីសុខក្នុងការរស់នៅផង មិនទាន់អាចហៅបានថា ប្រទេសជាតិមានសន្ដិភាពឡើយ។
ពិតជាគួរឱ្យសោកស្ដាយណាស់ ព្រោះអ្វីគ្រប់យ៉ាងបានត្រឹមតែជាសម្ដីតាចាស់សក់ស្កូវម្នាក់និយាយទៅកាន់កូនប៉ុណ្ណោះ...
ដោយ តន វិបុល