ពីណាថាខ្មែរក្រ ទស្សប់ឡប់ៗ

រហូតមកទល់នឹងពេលនេះ ខ្ញុំនៅចាំមិនទាន់ភ្លេចនៅឡើយទេ។​ កាលនោះខ្ញុំហួសចិត្តផង ខ្ញុំស្ងើចសរសើរផង ខ្ញុំមោទនភាពផង នៅពេលដែលឮគេនិយាយពីជនជាតិចិនម្នាក់ជិះយន្តហោះផ្ទាល់ពីស្រុកចិន ដើម្បីមកស៊ីនំបញ្ចុកមួយចាននៅស្រុកខ្មែរ។​

ភ្លាមនោះស្រាប់តែខ្ញុំលាន់មាត់ដោយហួសចិត្ត...

-អីណា! គ្រាន់តែនំបញ្ចុកមួយចានសោះ​ហ្នឹង

ពួកគេសម្លឹងមើលមុខខ្ញុំ រំពេចនោះយុវជនម្នាក់បន្លឺឡើង...

-វាជាការពិត ​ប៉ុន្មានមុនមានរថយន្តម៉ាកមែរ​សឺ​ដេ​សអមដោយ​ស្រី​ស្អាត​ទៅ​ទទួល​ដល់​ជណ្ដើរ​យន្ដហោះទៀតផង។​ គាត់​ហ្នឹងឧស្សាហ៍​ស្ពាយ​លុយ មកលេង​នៅកាស៊ី​ណូស្រុក​ខ្មែរ​ណាស់។

ទោះ​ជឿមិន​ជឿ ខ្ញុំ​ចេះតែងក់ក្បាលតាមពួកគេ ព្រោះពួកគេនិង​ខ្ញុំដូច​តែ​គ្នា​។ ​យុវជនម្នាក់នោះនិយាយបន្តបែបចោទជាចម្ងល់ថា៖

-ជីវិត​អ្នកមាននៅស្រុកគេពិតជា​ឡូយ​ណាស់​ហ្ន? នៅ​ស្រុក​ខ្មែរ​យើងមិនដឹងអ្នកណាមាន​សមត្ថភាពស្ពាយ​លុយទៅលេង​កាស៊ីណូនៅ​ស្រុកគេបែប​នេះឬ​អត់​ហ្ន​? ប្រហែលជា​គ្មានទេ ដ្បិតអីខ្មែរយើងក្រយ៉ាងនេះ។​

ខ្ញុំអេះក្បាល ហើយបំពងសំឡេងបន្តសម្ដីនឹងគេដែរថា៖

-កុំ​ច្រឡំ​ថាខ្មែរ​ក្រ​ ខ្មែរមិនមែនក្រទេ សព្វថ្ងៃមានតែមនុស្សសណ្ឋានពួកយើងទេដែលក្រក្រីបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកនោះ ចំណែកប្រពន្ធឬស្រី​លោកធំ​ខ្លះសូម្បីតែ​ផាត់មុខធ្វើ​សក់ទៅ​ស៊ីការគេសោះជិះ​យន្ដហោះទៅធ្វើ​ដល់ស្រុកថៃ​ឯណោះ។ រីឯកូនអ្នកមានខ្លះជិះ​យន្ដហោះទៅ​ស៊ី​បបរនៅឯ​សឹង្ហ​បូរី​ក៏មានដែរ។ បើឡូយ​បែបនេះ ប្រសិនបើ​ខ្ញុំមាន​លុយ​ក៏ធ្វើដូច​គេដែរ ខ្ញុំ​នឹង​ជិះ​យន្ដហោះទៅ​ស៊ីសាច់​ឆ្កែ​ប​ង្វឹ​ល និង​ផឹកស្រាសនៅស្វាយរៀងឱ្យល្បី​ម្ដង៕

ដោយ តន វិបុល