រើសដាក់ខ្លួន


មានមិត្តសម្លាញ់ខ្ញុំម្នាក់ ឈ្មោះញ៉ុយ ចំណែកខ្ញុំឈ្មោះសុយ ពួកយើងទាំងពីរស្រឡាញ់គ្នាណាស់។ មិត្តខ្ញុំម្នាក់នេះ ទោះខ្ញុំនិយាយអី ក៏គាត់មិនជឿសម្ដីខ្ញុំដែរ តែបើខ្ញុំសរសេរកំប្លែងលេងជាទូទៅសោះ គាត់រើសដាក់ខ្លួនភ្លាមមួយរំពេច។ កាលពីប៉ុន្មានថ្ងៃមុន គ្រាន់តែខ្ញុំសរសេរលេងថា នៅស្រុកខ្ញុំបាទសម្បូរដោយកំពូលមនុស្សដែលពូកែខាងអួតអាង អេចអូច អុចអាល ចាក់រុក លើកជើង ទ្រពង អង្អែលពង និងកំពូលមនុស្សពូកែខាងរើសដាក់ខ្លួន។ ខ្ញុំសរសេរបន្តទៀតថា អ្នកស្រុកខ្ញុំបាទមួយថ្ងៃៗគ្មានគិតធ្វើការរកស៊ីអីទេ គឺគិតតែពីអួតអាង អេចអូច អុចអាល ទ្រពង អង្អែលពង ហើយមានមនុស្សមួយប្រភេទទៀត គឺកំពូលមនុស្សពូកែខាងម៉ៃ សូម្បីតែរឿងមិនបានការ ក៏រើសដាក់ខ្លួន... ស្រាប់តែគាត់រើសដាក់ខ្លួនភ្លែត ហើយប្រតិកម្មប្រកាន់ខឹងខ្ញុំជាខ្លាំង គាត់ថាខ្ញុំសរសេរដៀមដាមឱ្យគាត់។
តាំងពីថ្ងៃនោះមក គាត់ចាប់ផ្ដើមតាមដានរាល់សំណេររបស់ខ្ញុំ។  រាល់ការផ្សាយសំណេររបស់ខ្ញុំនៅពេលណា គាត់តាមសួរខ្ញុំពុំដែលខកខានឡើយ។​ គាត់តាមសួរខ្ញុំថា សរសេរឱ្យពីណា។​ ខ្ញុំប្រាប់គាត់ថា មិនបានសរសេរឱ្យអ្នកណាទេ គឺសរសេរជាទូទៅមិនចំពោះនរណាម្នាក់ឡើយ ប៉ុន្តែគាត់នៅតែមិនជឿ ហើយនៅតែគិតថា ខ្ញុំសរសេរដៀមដាមឱ្យគាត់។ គាត់នៅតែគិតថា ពាក្យពេចន៍ក្នុងសំណេរទាំងប៉ុន្មាន គឺជាពាក្យប្រមាថមើលងាយគាត់។​
មានថ្ងៃមួយនោះ ខ្ញុំភ្លេចបាត់ទៅហើយមិនចាំថាថ្ងៃណាទេ នៅថ្ងៃនោះខ្ញុំចង់តែសើចឱ្យរយះមាត់ទេ តែមិនសើច ព្រោះខ្លាចគាត់ថា ខ្ញុំចំអកឱ្យគាត់។ នៅថ្ងៃនោះគ្រាន់តែខ្ញុំផោមសោះ ក៏គាត់តាមសួរខ្ញុំដែរ គាត់សួរថា ខ្ញុំនិយាយពីអ្វី គាត់ស្ដាប់មិនទាន់ ព្រោះខ្ញុំនិយាយលឿន និងឮសំឡេងតិចៗពេក។ ទោះខ្ញុំប្រាប់គាត់ថា ខ្ញុំមិន​បាននិយាយអ្វីក៏ដោយ គាត់មិនត្រឹមតែមិនជឿខ្ញុំទេ ហើយថែមទាំងខឹងខ្ញុំច្រឡោត​តោតតូងទៀត។ ខ្ញុំឃើញគាត់ខឹងនឹងខ្ញុំខ្លាំងដូច្នេះ ខ្ញុំក៏បន្តសម្ដីទៀតថា ខ្ញុំនិយាយមែន ខ្ញុំនិយាយមុខស្ងួត ខ្ញុំនិយាយហ្ស៊ីន ខ្ញុំនិយាយ​ប្រាប់គាត់ដើម្បីគាត់ជឿខ្ញុំ... អម្បាញ់មិញ ខ្ញុំមិនបាននិយាយអ្វីទេ។ ខ្ញុំនិយាយប៉ុណ្ណឹងហើយ ហេតុអ្វីនៅតែមិនជឿខ្ញុំទៀត។
ដោយការចង់ដឹង និងទទូចចង់ឱ្យខ្ញុំនិយាយការពិត ខ្ញុំក៏ដាច់ចិត្តនិយាយប្រាប់គាត់ ប៉ុន្តែមុននឹងនិយាយ ខ្ញុំបានប្រាប់គាត់កុំឱ្យខឹង។ គាត់សន្យាថា មិនប្រកាន់ខឹងខ្ញុំទេ ឱ្យតែខ្ញុំនិយាយការពិត។ សន្យារួចហើយ ខ្ញុំក៏និយាយប្រាប់គាត់ថា ខ្ញុំមិនបាននិយាយអ្វីទេ អម្បាញ់មិញនេះ ខ្ញុំគ្រាន់តែផោមទេតើ។ បើនៅតែមិនជឿទៀតអាចស្ដាប់ឡើងវិញសាកមើល៍ ក្រែងថាខ្ញុំចេះតែនិយាយ...។
ម្ដងនេះគាត់រឹតតែខឹងខ្ញុំខ្លាំងជាងមុនទៅទៀត។ លើកនេះគាត់ខឹងខ្ញុំដាច់ក្បាលដាច់កន្ទុយ គាត់និយាយថា គាត់សួរមែនទែន ខ្ញុំបែរជានិយាយ​ភ្លើដាក់គាត់ និងមានចរិតបញ្ចើចបញ្ចើគាត់ទៅវិញ។ ទោះខ្ញុំពន្យល់យ៉ាងណា ក៏គាត់ស្ដាប់លែងចូលត្រចៀកទៀតដែរ។​
សូមបញ្ជាក់ថា រឿងនេះខ្ញុំបាទប្រឌិតឡើងតាមអារម្មណ៍ស្រមើស្រមៃនិងតាមសតិរវើរវាយរបស់ខ្ញុំតែប៉ុណ្ណោះ។ អរគុណ!

ដោយ តន វិបុល