ងាប់ទៅល្អជាង ទស្សនៈឡប់ៗ

កម្មករសំណង់ម្នាក់អង្គុយផឹកស្រាសនៅលើគ្រែក្រោមសំយាប​មុខផ្ទះជួលយ៉ាងស្រងូតស្រងាត់។ គាត់លើកែវផឹកហើយផឹកទៀត ផឹកអស់ជិតមួយលីត្រស្រាហើយនៅតែមិនទាន់ឈប់ទៀត​។ គាត់ដែលខ្ញុំកំពុងតែនិយាយនេះ គឺជាមិត្តភក្ដិស្លាប់រស់របស់ខ្ញុំ។

ដោយឃើញគាត់ផឹកស្រវឹងជោកសឹងតែលង់ ខ្លួនទៅក្នុងសមុទ្រស្រាទៅហើយនោះ ខ្ញុំក៏សរសៀកចូលជិត រួចពោលថា៖

-សម្លាញ់ហ្អា៎​... កុំផឹកច្រើនពេក... ផឹកប៉ុណ្ណឹងបានហើយ... ខ្ញុំសូមអង្វរ...

គាត់ងើបមុខឡើង សម្លឹងមើលខ្ញុំដោយភ្នែកមមី ហើយនិយាយតបមកខ្ញុំវិញ...

-កុំឃាត់ខ្ញុំ​អី... ខ្ញុំផឹកឱ្យងាប់តែម្តងទៅល្អជាង...

-ហេតុអីបានសម្លាញ់ចង់ងាប់?​...

ខ្ញុំឈ្លេចសួរ ប៉ុន្ដែគាត់មិនឆ្លើយ ហើយក៏បិទភ្នែកផ្អែកខ្លួនពិតជញ្ជាំងផ្ទះ បន្តិចក្រោយមកគាត់បើកភ្នែកបើកមាត់និយាយមកកាន់ខ្ញុំ។​

-សម្លាញ់មានដឹងទេ... គ្នាឥឡូវទឹកដល់ច្រមុះហើយ... ឯងគិតមើល៍... កាលពីចុងឆ្នាំ២០១៩ គ្នាទៅខ្ចីលុយពីធនាគារ ហើយយកលុយនោះទៅចូល​ហ៊ុនជាមួយបងប្អូននៅឯស្រុក ដោយសង្ឃឹមបានរីកចម្រើនខ្លះ ប៉ុន្ដែក្ដីសង្ឃឹមទាំង ប៉ុន្មានត្រូវអាកូវិដមកពីចិនដណ្ដើម​យកអស់ រលីង សូម្បីខ្យល់សម្រាប់ដង្ហើមតែបន្តិច​បន្តួចក៏វាប្រមូលយកមិនទុកដែរ។ គ្នាគ្មានអ្វីនៅសេស​សល់ទៀតទេ... ផែនការដែលខំប្រឹងកសាងជា​ច្រើនឆ្នាំមកនេះបានក្លាយទៅជាផែនស្ករត្រឹមតែមួយប៉ប្រិចភ្នែក។

នៅពេលដែលគាត់និយាយ ខ្ញុំកត់សម្គាល់ឃើញទឹកមុខនិងឥរិយាបថរបស់គាត់ហាក់កំពុងទទួលរងសម្ពាធផ្លូវចិត្តពីសង្គម។  គាត់ត្អូញត្អែរពីភាពកំសត់ទុរគតប្រាប់ខ្ញុំបន្តទៀត។​

-ដូចឯងដឹងស្រាប់ហើយ តាំងពីអាកូវិដនាំគ្នីគ្នាវាមករស់នៅស្រុកយើង ទំនិញពីមួយថ្ងៃទៅមួយថ្ងៃឡើងថ្លៃលឿនដូចព្យុះ។ ដំបូងគ្នានៅអាចទប់ទល់បានមួយគែៗដែរ តែឥឡូវការងារក៏បាត់បង់ ឯថង់ប្រាក់ក៏រហែក ងាកទៅឆ្វេងឃើញកូនៗយំទារបាយស៊ី ងាកទៅស្ដាំឃើញប្រពន្ធដេកឈឺលើគ្រែ ងាកទៅមុខឃើញម្ចាស់ផ្ទះជួលមកទារលុយថ្លៃផ្ទះ ងាកទៅក្រោយឃើញម្ចាស់ធនាគារមកទារបំណុល។ និយាយទៅនៅជុំវិញខ្លួនសុទ្ធតែជារឿងស្មុគស្មាញដែលត្រូវដោះ​ស្រាយ។ ពេលគិតចុះគិតឡើង គិតឃើញតែការដក​ដង្ហើមធំ​។ ដល់ពេលប្រឹងគិតខ្លាំងមែនទែនទៅ យប់ឡើងបើមិនដេកយល់សប្ដឃើញរឿងគុកច្រវាក់ជាប់នៅនឹងកែងជើងទេ គឺយល់សប្ដឃើញតែពីរឿងងាប់។​

-ណ្ហើយ! ឈប់និយាយសម្លាញ់ទៅ គ្នាដូចជាតឹងទ្រូងណាស់! តាមគ្នាដឹងក្រែងគេស្នើសុំម្ចាស់ធនាគារទាំង​អស់បន្ធូរបន្ថយ ឬពន្យារការបង់ និងលើក​លែងការផាកពិន័យកូនបំណុលហើយតើ។​

-អារឿងហ្នឹងមែនវាមែនហើយ (គាត់បត់មកវិញ) ប៉ុន្ដែអ្វីដែលសំខាន់ គឺម្ចាស់ធនាគារដែលគ្នាខ្ចីគេមិនព្រម។ គេប្រាប់ថា បើមិនបង់ទាំងការទាំងដើមទេ យ៉ាងហោច​ណាស់​ក៏បង់ការឱ្យគេដែរ មិនត្រូវអត់ទាំងអស់ទេ។ តាមពិតរឿងគ្មានលុយបង់ធនាគារទោះខាងគេយោគ យល់ ឬមិនយោគយល់ គ្នាមិន​សូវព្រួយចិត្តប៉ុន្មានទេ។ រឿងដែលគ្នាពិបាកបំផុតនោះ គឺគ្មានលុយបង់ថ្លៃផ្ទះជួល។ គិតទាំងខែនេះផង គឺពីរខែហើយដែលអត់បានបង់។ មួយថ្ងៃម្ចាស់ផ្ទះមកទារបីបួនដង បើខែនេះនៅតែមិនបង់ថ្លៃផ្ទះទៀត គេឈប់ឱ្យនៅហើយ។ បើគេដេញ​ចេញមិនដឹងទៅនៅណាទេ។ ណាមួយខ្លោចចិត្តអាណិតកូនថ្ងូររកបាយស៊ី ណាមួយនឹកស្រណោះប្រពន្ធដេកឈឺនៅផ្ទះ ឬបណ្ដោយឱ្យពួកគេស្លាប់ទៅ បើគ្រាន់តែលុយមួយកាក់មួយសេនសម្រាប់ចិញ្ចឹមកូនគ្មានផង... ផឹកស្រាឱ្យលិចថ្លើមងាប់តែម្តងទៅល្អជាង។

-ម៉េចបានសម្លាញ់និយាយចឹង! ការស្លាប់មិនមែនជាដំណោះស្រាយទេ។​ ណាមួយការស្លាប់គ្មានទំនួលខុសត្រូវ យករួចខ្លួនតែឯងបែប​នេះពុំមានតម្លៃទេ ហើយថែមនាំឱ្យខូចដល់ឈ្មោះ​ប្រុសអស់គេទៀត។ តាមពិតសម្លាញ់នៅសល់ម៉ូតូកញ្ចាស់មួយគ្រឿងដែរ អាចរត់ឌុប ឬលក់យកលុយដើម្បីដោះស្រាយជីវិតបានមួយគ្រាដែរ។​

ឮខ្ញុំនិយាយដូចនេះគាត់តបវិញថា៖

-សម្លាញ់ឯងនិយាយត្រូវហើយ ប៉ុន្តែត្រូវតែពាក់កណ្ដាលទេ។​ ម៉ូតូកញ្ចាស់យ៉ាងនេះទោះយកលក់ក៏គេមិនទិញ យកទៅរត់ឌុបក៏គេមិនជិះដែរ។ ដូច្នេះការស្លាប់ជារឿងល្អបំផុត ព្រោះមិនចង់ខ្លោចផ្សាពីរឿងកូនដែលស្លាប់បន្តិចម្ដងៗដោយសារអត់ឃ្លាន ដោយសារគ្មានពុកចិញ្ចឹម ដោយសារគ្មានផ្ទះនៅ ដោយសារស្រុកទេសចលាចល់... ក្នុងស្ថានភាពដ៏លំបាកនេះ សក់អ្នកណាក្បាលអ្នកហ្នឹងហើយ គេមិនមកជួយយើងទេ...