ពន្លកស្នេហ៍លើទឹកដីវ៉ូហាន

ខ្យល់​កាន់​តែ​ត្រជាក់​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ ស្លឹក​ឈើ​ចេះ​តែ​​​រុះរោយ​តាម​រដូវ​កាល​របស់​វា។ ប៉ុន្មាន​ថ្ងៃ​នេះ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ណាស់។ ក្នុង​សម្លៀក​បំពាក់​ដ៏​ក្រាស់​ឃ្មឹក​ នាង​ប្រាប់​ខ្ញុំ​ថា ក្នុង​រដូវ​ត្រជាក់​នៅ​លើ​ភ្នំ​អ៊ូតាំង យើង​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ត្រកាល។ អ៊ូតាំង​ គឺ​ជា​ភ្នំ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​៤០០​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​វ៉ូហាន នៅ​ភាគ​ពាយព្យ​នៃ​ខេត្ត​ហ៊ូប៉ី ប្រទេស​ចិន។ នៅ​ទី​នោះ គឺ​ជា​ដើម​កំណើត​នៃ​សាសនា​តាវ និង​ជា​កន្លែង​កំណើត​នៃ​ក្បាច់​គុន​ថៃ​ជី។ ថ្ងៃ​នេះ​ ខ្ញុំ​ពិត​ជា​មាន​ភ័ព្វ​ព្រេង​សំណាង​ខ្លាំង​ណាស់​ដែល​នាង​នាំ​ខ្ញុំ​ទៅ​លេង​នៅ​លើ​ភ្នំ​អ៊ូ​តាំង។ នៅ​តាម​ផ្លូវ​ឡើង​ភ្នំ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់ នាង​បាន​ពន្យល់​ខ្ញុំ​ថា​ ភ្នំ​អ៊ូតាំង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ភ្នំ​ដទៃ​ត្រង់​មាន​កម្ពស់​១,៦១២​ម៉ែត្រ និង​សម្បូរ​ដោយ​ថ្ម​ច្រូង​ច្រាង​ឡើង​លើ បើ​យើង​មើល​ពី​ចម្ងាយ​ឃើញ​ភ្នំ​នេះ​មាន​កំពូល​ចំនួន​៧២​កំពូល។ ​នៅ​លើ​ភ្នំ​មាន​ទឹក​ធ្លាក់​បង្កើត​បាន​ជា​សំឡេង​យ៉ាង​ពី​រោះ និង​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ជា​ច្រើន ដូចជា​ប្រាសាទ​វិមាន​មាស និង​ប្រាសាទ​យ៉ាន​ណាន​ជាដើម។​

តាំង​ពី​មក​រៀន​នៅ​ទីនេះ នាង​តែង​តែ​នាំ​ខ្ញុំ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​ជា​ច្រើន។ នាង​បាន​នាំ​ខ្ញុំ​ទៅ​អង្គុយ​មើល​ខ្សែ​ទឹក​ហូរ​ដែល​ធ្លាក់​ពី​កំពូល​ភ្នំ។ នាង​សួរ​ខ្ញុំ​ថា​ នៅ​កម្ពុជា​មាន​ទិដ្ឋភាព​បែប​នេះ​ដែរ​ទេ? ខ្ញុំ​ថា មាន​តែ​មិន​ធំ​ល្វឹង​ល្វើយ និង​មាន​មនុស្ស​អ៊ឹក​ធធឹក​ដូច​នេះ​ទេ។ ខ្ញុំ​សួរ​នាង​វិញ​ថា នាង​ដែល​ស្គាល់​ប្រទេស​ខ្ញុំ​ទេ?​ នាង​ថា មិន​ធ្លាប់​ទៅ​កម្ពុជា​ទេ តែ​នាង​ថា​មនុស្ស​ភាគ​ច្រើន​នៅ​ទី​នេះ​តែង​តែ​ល្បី​ពី​កេរ្ដិ៍​ឈ្មោះ​ដ៏​អស្ចារ្យ​នៃ​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត។ នាង​ប្រាប់​ខ្ញុំ​ថា ​នាង​ប៉ង​ចង់​ទៅ​លេង​កម្ពុជា​បាន​ម្ដង។ ខ្ញុំ​តប​ទៅ​នាង​វិញ​ថា ខ្ញុំ​ស្ម័គ្រ​ចិត្ត​ជូន​នាង​ទៅ​លេង​កម្ពុជា​នៃ​ខ្ញុំ​ជា​និច្ច។​

នៅ​​ថ្ងៃ​នេះ​ដោយ​សារ​តែ​ខក​ដំណើរ​ផង ណា​មួយ​ខ្ញុំ​ឃើញ​នាង​ហាក់​ហត់​នឿយ​ក្នុង​ការ​នាំ​ខ្ញុំ​ដើរ​កម្សាន្ត​ពេញ​មួយ​ថ្ងៃ​ផង​ ម្ល៉ោះ​ហើយ​នាង​ព្រម​ស្នាក់​នៅ​លើ​ភ្នំ​អ៊ូតាំង​មួយ​យប់​តាម​ការ​ស្នើ​សុំ​របស់​ខ្ញុំ។ នាង​ប្រាប់​ថា បើ​ដូច្នេះ​ទេ ចាំ​ព្រឹក​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​សាកល​វិទ្យាល័យ​នៅ​ឯ​ក្រុង​វ៉ូហាន​វិញ។ នៅ​រាត្រី​នេះ ​យើង​មិន​បាន​នៅ​ទទួល​អាហារ​នៅ​កន្លែង​ដែល​យើង​ស្នាក់​នៅ​ទេ នាង​បាន​នាំ​ខ្ញុំ​ទៅ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ និង​ដើម្បី​ដើរ​កម្សាន្ត​ពេល​រាត្រី​បន្ត​ទៀត។ នៅ​ខាង​ក្រៅ​ ក្នុង​ពេល​រាត្រី​មិន​ត្រឹម​តែ​ត្រជាក់​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន​ប៉ុណ្ណោះ​ទេ នៅ​មាន​ព្រិល​ធ្លាក់​ទៀត​ផង។ ព្រិល​ធ្លាក់​មក​ប៉ះ​ពន្លឺ​អំពូល​ភ្លើង​នៅ​ពេល​យប់​ពិត​ជា​ស្អាត​ខ្លាំង​ណាស់។​ ព្រិល​ធ្លាក់​អម​ដោយ​ខ្យល់​រំភើយៗ អាកាស​ធាតុ​ត្រជាក់​ដ៏​ម្ល៉ឹង​ហើយ តែ​នាង​ស្លៀក​ខោ​ខូវ​ប៊យ​ត្រឹម​ភ្លៅ និង​ពាក់​ស្បែក​ជើង​ក​វែង​ត្រឹម​ជង្គង់​កែង​ខ្ពស់​ និង​បង់​ក​កន្សែង​ដូច​មិន​ត្រជាក់​សោះ ចំណែក​ខ្ញុំ​វិញ​ពាក់​អាវ​យឺត​ក​មូល និង​បន្ថែម​អាវ​ធំ​ពី​ក្រៅ​មួយ​ជាន់​ទៀត។ ខ្ញុំ​ឱប​ដៃ​ដើរ​តាម​ពី​ក្រោយ​នាង នាង​ងាក​មក​ឃើញ​ខ្ញុំ​រងា​ដូច្នេះ​ នាង​ដោះ​កន្សែង​ពី​ក​ហុច​មក​ហើយ​ខ្ញុំ។ ខ្ញុំ​យកមក​រុំ​នឹង​ក ហើយ​ប្រាប់​នាង​ថា ខ្ញុំ​ចាញ់​រងា​ណាស់ អាច​ជូន​ខ្ញុំ​ទៅ​វិញ​បាន​ទេ។ នាង​ញញឹម ហើយ​ឆ្លើយ​ថា មិន​អីទេ!​

ពេល​ទៅ​ដល់​សាកល​វិទ្យាល័យ​នៅ​ក្រុង​វ៉ូហាន​វិញ ស្រាប់​តែ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ។ នាង​មក​មើល​ថែ​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ នាង​មើល​ថែ​ខ្ញុំ​ប្រៀប​បាន​នឹង​គូ​ព្រេង​ដែល​ទេវតា​ចារ​មក។ ខ្ញុំ​សួរ​នាង​ថា ហេតុ​អ្វី​បាន​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​ម្ល៉េះ? នាង​បន្ទោស​ខ្លួន​ឯង​ថា ដោយ​សារ​តែ​នាង​ទើប​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​យ៉ាង​នេះ។ ​ថ្ងៃ​ដែល​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ចំ​ពេល​ដែល​ម៉ាក់​ប៉ា​របស់​នាង​ធ្លាក់​ខ្លួន​មាន​ជំងឺ​ដូច​គ្នា។ នាង​ទទួល​ដំណឹង​ពី​ក្រុម​គ្រួសារ​នាង​ថា ​ម៉ាក់​ប៉ា​របស់​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ដោយសារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី (កូវិដ-១៩) និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ទោះ​សាច់​ញាតិ​ក៏​មិន​អាច​អនុញ្ញាត​ចូល​ជួប​ឬ​សួរ​សុខ​ទុក្ខ​ដែរ ព្រោះ​វីរុស​នេះ​ឆ្លង​រាត​ត្បាត​ខ្លាំង​ក្លា​ពេក ដូច្នេះ​អ្នក​ដែល​គេ​អនុញ្ញាត​មាន​តែ​វេជ្ជបណ្ឌិត​និង​គ្រូ​ពេទ្យ​ប៉ុណ្ណោះ​។ ភក្ត្រា​ដ៏​ស្រស់​ស្អាត​របស់​នាង​ប្រែ​ស្រពោន​បន្ទាប់​ពី​ឮ​ដំណឹង​ដ៏​ក្រៀម​ក្រំ​បំផុត។ បន្តិច​ក្រោយ​មក នាង​លា​ខ្ញុំ​ទៅ​មើល​ថែ​ម៉ាក់​ប៉ា ព្រោះ​នាង​ជា​គ្រូ​ពេទ្យ​ម្នាក់​ដែរ។​ ខ្ញុំ​ចាប់​ដៃ​នាង​បញ្ជាក់​ពី​ក្ដី​បារម្ភ​ចំពោះ​នាង ហើយ​និយាយ​ថា សូម​កុំ​ភ្លេច​ប្រុស​ម្នាក់​នេះ ដែល​នៅ​រង់​ចាំ​នាង​ត្រឡប់​មក​វិញ។ នាង​សន្យា​ថា​ បន្ទាប់​ពី​ម៉ាក់​ប៉ា​នាង​ជា​សះស្បើយ​ពី​ជំងឺ​និង​ប្រសិន​បើ​នាង​គ្មាន​បញ្ហា​អ្វី​ទេ នាង​នឹង​មក​រក​ខ្ញុំ​វិញ។ នាង​និយាយ​ហើយ ក៏​ដើរ​ចាក​ចេញ​ទៅ​ទាំង​អាឡោះ​អាល័យ​បំផុត។​

ខ្ញុំ​មិន​ដឹង​ថា ជំងឺ​នេះ​ផ្ទុះ​ឡើង​តាំង​ពី​ពេល​ណា​មក​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង​កាន់​តែ​ច្បាស់​ គឺ​បន្ទាប់​ពី​នាង​ចាក​ចេញ​ពី​ខ្ញុំ​ទៅ​មើល​ម៉ាក់​ប៉ា​របស់​នាង​ដែល​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ។ ខ្ញុំ​ខ្លួន​ឯ​ង​ក៏​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដែរ។ នៅ​ថ្ងៃ​នោះ​ដែរ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០​ រដ្ឋា​ភិបាល​ចិន​បាន​ប្រកាស​បិទ​បំរាម​គោចរ ហើយ​ទី​ក្រុង​ទាំង​មូល​ប្រែ​ស្ងប់​ស្ងាត់​ដូច​ទី​ក្រុង​ខ្មោច។ ដំណឹង​នេះ​ប្រៀប​ដូច​ជា​សុបិន​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រជាជន​ចិន​ ជាពិសេស​សម្រាប់​អ្នក​រស់​នៅ​ទី​ក្រុង​វ៉ូហ៊ាន​លើ​ទឹក​ដី​ខេត្តហ៊ូប៉ី។ សភាព​ស្ងប់​ស្ងាត់​នៅ​ខេត្ត​ហ៊ូប៉ី​នាពេល​នេះ​ស្រដៀង​គ្នា​នឹង​ទី​ក្រុង​ខ្មោច​នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ខ្មែរ​ក្រហម​យ៉ាង​ដូច្នេះ​ដែរ។ ទី​ក្រុង​វ៉ូហាន​លែង​មាន​សភាព​អ៊ូអរ​គគ្រឹក​គគ្រេង​ទៀត​ហើយ។ ភាព​ស្ងប់​ស្ងាត់​នេះ​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី (Covid-19) ដែល​ផ្ទុះ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩ ហើយ​វា​បន្ត​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក។ រហូត​មក​ទាល់​នឹង​ពេល​នេះ ​វា​បាន​សម្លាប់​មនុស្ស​អស់​រាប់​សិប​ពាន់​នាក់​ហើយ។ ក្រោយ​រដ្ឋា​ភិបាល​ចិន​បិទ​ទ្វារ​ទី​ក្រុង​វ៉ូហាន​ទាំង​មូល ប្រជាជន​ប្រមាណ​១១​លាន​នាក់​ នៅ​ក្នុង​ទី​ក្រុង​មិន​អនុញ្ញាត​ឱ្យ​ដើរ​ចេញ​ក្រៅ​រ​ហេត​​រហូត​ឡើយ។ មិន​មែន​តែ​ប្រជាជន​ចិន​ទេ​ដែល​ត្រូវ​ជាប់​គាំង​នៅ​ទី​នេះ សូម្បី​ជីវិត​និស្សិត​ខ្មែរ​កំពុង​បន្ត​សិក្សា​នៅ​ទី​នេះ ក៏​ជាប់​គាំង​ស្ដូក​ស្ដឹង​ដូច​គ្នា​ដែរ។​

បន្ទាប់​​ពី​នាង​ចាក​ចេញ​ទៅ​មើល​ថែ​ម៉ាក់​ប៉ា​របស់​នាង​នៅ​មន្ទីរ​ពេទ្យ ពួក​យើង​តែង​តែ​ទាក់​ទង​គ្នា​តាម​ទូរសព្ទ​ជា​រៀង​រាល់​ថ្ងៃ​ពុំ​ដែល​ខាន​ឡើយ។ ​ជួន​ខ្ញុំ​ហៅ​ទូរសទ្ទ​ទៅ​នាង​ ជួន​នាង​ហៅ​ទូរ​សព្ទ​មក​ខ្ញុំ ហើយ​ជួន​កាល​ទៀត​យើង​គ្រាន់​​តែ​ផ្ញើ​សារទាក់ទង​គ្នា​​​តែ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​នេះ នាង​បាន​ហៅ​ទូរសព្ទ​មក​ខ្ញុំ។​

“ខ្ញុំ​ខ្លាច​ណាស់។ ពួក​យើង​ត្រូវ​ការ​ជំនួយ ហើយ​ម៉ាក់​របស់​ខ្ញុំ​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ​ហើយ។ បន្តិច​ទៀត​នេះ គេ​នឹង​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯកទេស​ជំងឺ​ឆ្លង។​ ខ្ញុំ​មិន​ដឹង​ថា តើ​វា​ជា​ដំណឹង​ល្អ​ឬ​អាក្រក់​នោះ​ទេ។”

ខ្ញុំ​មិន​មាន​ពាក្យ​អ្វី​និយាយ​តប​ទៅ​នាង​វិញ​ក្រៅ​ពី​ពាក្យ​លើក​ទឹក​ចិត្ត និង​បួង​សួង​ទេវតា​ជួយ​រក្សា​នាង រួម​ទាំង​ម៉ាក់​ប៉ា​របស់​នាង​ឱ្យ​រួម​ផុត​ពី​គ្រោះ​ដ៏​កាច​សាហាវ​នេះ។ ​ស្អែក​ឡើង​ខ្ញុំ​ហៅ​ទូរសព្ទ​ទៅ​សួរ​សុខ​ទុក្ខ​នាង នាង​និយាយ​ពី​ដំណឹង​ដ៏​តក់​ស្លុត​ប្រាប់​ខ្ញុំ។ នាង​និយាយ​ផង យំ​ផង ជាមួយ​​សំឡេង​ញ័រ​មក​ទាំង​ព្រម។​

“ពេល​នេះ​ម៉ាក់​ខ្ញុំ​គាត់​ទៅ​បាត់​ហើយ។ ខ្ញុំ​មិន​មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ទេ ចំណែក​ប៉ា​គេ​កំពុង​ថត​ស្កែន​មិន​ដឹង​យូរ​ប៉ុនណា​ទើប​រួច​ទេ។”

នាង​និយាយ​ទៀត​ថា៖​

“ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ដ​ដូច​ពេល​នេះ​ទេ ជីវិត​ខ្ញុំ​ដូច​ជា​គ្មាន​កម្លាំង​កំហែង​សោះ។ នេះ​គឺ​ជា​ការ​ខូច​ចិត្ត​ខ្លាំង​បំផុត​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​នៅ​ក្បែរ​គាត់​រហូត​ដល់​ទី​បញ្ចប់។”

ខ្ញុំ​តក់​ស្លុត​ខ្លាំង​បំផុត​នៅ​ពេល​​ឮ​ដំណឹង​ដ៏​រន្ធត់​នេះ។ បេះដូង​ខ្ញុំ​ញាប់ញ័រ​សឹង​តែ​លោត​ខុស​ចង្វាក់។ ខ្ញុំ​អសមត្ថភាព​ដែល​មិន​អាច​ជួយ​អ្វី​ដល់​ស្រី​កម្សត់​ម្នាក់​​បាន​ សូម្បី​តែ​ការ​ទៅ​សួរ​សុខ​ទុក្ខ​និង​ផ្ដល់​កម្លាំង​ចិត្ត​នាង​នៅ​នឹង​កន្លែង​ក៏​មិន​អាច។ ខ្ញុំ​មាន​ឱកាស​ត្រឹម​តែ​ឆ្លង​ឆ្លើយ​សារ​សំឡេង​តាម​ទូរសព្ទ… ខ្ញុំ​តប់​ប្រមល់​ ហើយ​រឹត​តែ​សោក​សង្រេង​ទៅ​ទៀត​នៅ​ពេល​ឮ​នាង​និយាយ​ថា៖​

“ខ្ញុំ​ចង់​ឃើញ​មុខ​ម៉ាក់​ម្តង​ទៀត​ជា​លើក​ចុង​ក្រោយ តែ​ប៉ា​គំហក​ដេញ​ខ្ញុំ​ឱ្យ​ចេញ​ឆ្ងាយ​ពី​គាត់ និង​ប្រាប់​ខ្ញុំ​ថា ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ឈប់​មក​មើល​គាត់​ទៀត​ទៅ។”

នៅ​ថ្ងៃ​ដែល​ប៉ា​របស់​នាង​ស្លាប់ នាង​ស្រែ​ក​ទ្រ​​ហ៊ោ​យំ​យ៉ាង​ខ្លោច​ផ្សា។ នាង​ស្រែក​ប្រាប់​លោក​កិយ​ថា៖​

“ការ​ខ្វះ​ដង្ហើម គឺ​ជា​ការ​ស្លាប់​ដ៏​ព្រៃផ្សៃ​បំផុត។ ម៉ាក់​យក​ប៉ា​ទៅ​នៅ​ឋាន​សួគ៌​ហើយ​មែន​ទេ នៅ​ទី​នោះ​ម៉ាក់​ប៉ា​អាច​ដក​ដង្ហើម​បាន​​ស្រួល​មែន​ទេ? ម៉ាក់​ប៉ា​! កុំ​បារម្ភ​ពី​កូន​អី។ ថ្ងៃ​នេះ​ខ្ញុំ​សុំ​ឱ្យ​ប៉ា​ចាំ​មុខ​កូន ចាំ​សំឡេង​កូន កាល​នៅ​តូច ប៉ា​ប្រាប់​កូន​ថា ប្រសិន​បើ​កូន​វង្វេង​ផ្លូវ ប៉ា​នឹង​ដើរ​រក​កូន ហើយ​ប៉ា​នឹង​ស្គាល់​កូន​ ព្រោះ​តែ​ស្នាម​ខ្មៅ​នៅ​លើ​ខ្លួន​កូន។ កូន​ដឹង​ថា នៅ​ពេល​ដែល​យើង​ជួប​គ្នា​ម្តង​ទៀត កូន​សង្ឃឹម​ថា​ ប៉ា​នឹង​មិន​ភ្លេច​កូន​ទេ។” នាង​និយាយ​ទៀត​៖

“ប៉ា! កូន​បាត់​បង់​ប៉ា​ម្នាក់​ទៀត​ហើយ។ ប៉ា​ទៅ​រក​ម៉ាក់​ហើយ​ពេល​នេះ ប៉ា​ចាំ​កូន​ផង ពួក​យើង​នឹងទៅ​​ផ្ទះ​​ជាមួយ​គ្នា”។​

ចាប់​ពី​ថ្ងៃ​នោះ​មក នាង​ឈប់​ទាក់​ទង​មក​ខ្ញុំ ទោះ​ខ្ញុំ​ព្យាយាម​ទាក់​ទង​ទៅ​នាង​យ៉ាង​ណា ក៏​នាង​លែង​តប។ ពីរ​សប្ដាហ៍​ក្រោយ​មក​ តាម​រយៈ​មិត្ត​ភក្តិ​របស់​នាង​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​នេះ​នាង​ប្ដេជ្ញា​នៅ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​អស់​មួយ​ជីវិត។ ប្រសិន​បើ​មាន​សំណាង​អ្នក​ជំងឺ​នៅ​ទូទាំង​ខេត្ត​ជា​សះ​ស្បើយ​ ហើយ​រូប​នាង​មិន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពេល​នោះ​នាង​នឹង​ត្រឡប់​រក​ខ្ញុំ​វិញ​មិន​ខាន។ ប៉ុន្តែ​ជា​អកុសល ប្រសិន​បើ​អ្នក​ជំងឺ​មិន​ជា​សះ​ស្បើយ​ ហើយ​នាង​ឆ្លង​វីរុស​កូរ៉ូណា​ទៀត និស្ស័យ​យើង​ទាំង​ពីរ សុំ​បញ្ចប់​ត្រឹម​នេះ​​ចុះ! ​

ក្រោយ​ពី​ជួប​មិត្ត​ភក្តិ​របស់​នាង​ហើយ​ ពួក​យើង​ក៏​បែក​គ្នា​រៀងៗ​ខ្លួន។ មក​ដល់​អគារ​ស្នាក់​នៅ​វិញ ខ្ញុំ​ដេក​ផ្ងារ​ពោះ​ សន្ធឹង​ដៃ​លើ​គ្រែ​ ភ្នែក​សំឡឹង​មើល​ពិដាន​បន្ទប់​គិត​ពី​រឿង​ពន្លក​​ស្នេហា​​ដ៏​​ស្មុក​​ស្មាញ​​នេះ​​ទំាង​​វិល​វល់។ អរគុណ​ដែល​ទេវតា​តម្រូវ​ឱ្យ​យើង​ជួប​គ្នា ហើយ​​បង្កើត​​វីរុសកូរ៉ូណា​ឱ្យ​​មក​បំបែក​យើង​​​ដោយ​គ្មាន​​សុំ​សិទ្ធិ​ពី​យើង​មួយ​ម៉ាត់សោះ។ ខ្ញុំ​បន់​ស្រន់​សុំ​ឱ្យ​នាង​មាន​សេចក្តី​សុខ សុភមង្គល ជា​រៀង​រហូត៕

ដោយ តន វិបុល