មួយសន្ទុះមុនជនចចេស
គំនិតចាក់ស្រែះធ្វេសប្រមាទ
មិនខ្លាចកូវិដរោគរាតត្បាត
គិតតែសង្វាតដើរសេរី។
ក្រោយពីកូវីដសម្ដែងឫទ្ធិ
រុករានជីវិតជនប្រុសស្រី
ចម្លងសម្លាប់គ្មានប្រណី
នរណាក៏ភ័យព្រួយអាត្មា។
ភ្លាមនោះគ្រប់គ្នាផ្ដើមស្លោស្លន់
ខ្លះរត់ទៅបន់ស្រន់អ្នកតា
ខ្លះទៀតប្រាប់ញាតិឱ្យបង្ការ
តាមវិធីណាដែលប្រពៃ។
ពេលនេះកូវិដមិនទាន់ស្ងប់ផង
ហេតុម្ដេចប្អូនបងជនប្រុសស្រី
ហាក់បំភ្លេចចោលរោគអប្រិយ
ធ្វើដូចគ្មានអីកើតឡើងសោះ។
អ្នកស្លន់ស្លោល្បឿនលឿនពេកហើយ
ខ្លួនប្រាណគ្មានស្បើយស្ទើររីងខ្សោះ
ឥឡូវស្រាប់តែលែងស្រណោះ
អម្បាញ់មិញសោះឆាប់ភ្លេចម្ល៉េះ!
ដោយ តន វិបុល
