នៅក្នុងរដូវប្រមូលផលកសិកម្មក្នុងឆ្នាំនេះ ចិត្រាបានបង្ហោះសារកំណាព្យដ៏ខ្លីមួយ ដែលមានចំណងជើងថា «អនិច្ចាស្រូវថោកសំណោកអ្នកស្រែ» នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៃគណនីផ្លូវការផ្ទាល់ខ្លួនរបស់គាត់។ នៅស្រុកខ្មែរក្នុងសម័យនេះ នរណាៗក៏ស្គាល់ហ្វេសប៊ុកដែរ វាមានប្រជាប្រិយភាពនិងពេញនិយមបំផុតក្នុងស្រទាប់ប្រជាជនខ្មែរស្ទើរតែខ្វះវាមិនបាន។ និយាយដូចកុហកបន្តិចទៅចុះ អ្នកខ្លះងប់ងល់សឹងតែដកខ្លួនពីវាមិនរួចទៅហើយ។ ចំណែកចិត្រាវិញមិនសូវចូលចិត្តលេងហ្វេសប៊ុកប៉ុន្មានទេ គាត់គ្រាន់តែបង្កើតវាឡើងដើម្បីតែការផ្សាយសំណេរនិងរូបភាពខ្លះៗរបស់គាត់ប៉ុណ្ណោះ។ តាមទម្លាប់ចិត្រាបន្ទាប់ពីបង្ហោះហើយមិនដែលខ្វល់ខ្វាយ ឬចាប់អារម្មណ៍តាមដាននូវអ្វីដែលខ្លួនបានបង្ហោះនោះឡើយ។ មួយថ្ងៃក្រោយពីការបង្ហោះកំណាព្យនោះ ចិត្រាបានជួបនឹងមិត្តគាត់ម្នាក់នៅហាងកាហ្វេ។ មិត្ដគាត់ម្នាក់នោះមានងារតូចមួយនៅក្នុងជួរមន្ត្រីរាជការ។ គ្រាន់តែឃើញចិត្រាភ្លាម មិត្តគាត់ម្នាក់នោះស្រែកឡើងខ្លាំងៗដាក់ចិត្រា៖
-យីអើអាភ្លើ! អាចម្កួត! អាអ្ហែងឆ្កួតទេអីបានជាហ៊ានសរសេរផ្ដេសផ្ដាសលើហ្វេសប៊ុកបែបនេះ។ អ្ហែងប្រហែលជាចង់ស្លាប់មុនអាយុហើយមើលទៅ!
ឮមិត្តភក្ដិនិយាយដូច្នេះ ចិត្រាធ្វើក្បាលងីងើហាក់ឆ្ងល់នឹងសម្ដីនេះជាខ្លាំងដោយនិយាយថា៖
-ខ្ញុំមិនដឹងលោកឯកឧត្តមមិត្តចង់មានប្រសាសន៍ពីអ្វីទេ។ បើលេងសុទ្ធតែអាភ្លើអ៊ីចឹងអី... ខ្ញុំដូចចម្លែកចិត្តដែរ!
-អានេះបានចំជាភ្លើមែន! អញនិយាយមែនទែន វានិយាយឆ្កួតទៅវិញ... ឌឺណាស់អានេះ!
-អើហ្ន៎! បើមិនដឹងលោកឯកឧត្តមមិត្តចង់និយាយពីអ្វីមែន! មានរឿងអីនិយាយត្រង់ៗមក កុំទៅវាងវង់វែងអន្លាយពេក!
-អ្ហែងធ្វើពើ ឬនិយាយមែន!
ចិត្រានិយាយដោយគ្រវីក្បាលជាសញ្ញាអត់ដឹង... គាត់គិតដល់ខ្លួនគាត់ថា ប្រហែលជាគាត់ធ្វើអ្វីខុស ឬប៉ះពាល់ដល់គេមែនហើយ។ ទោះបីជាគាត់ប្រឹងរកនឹកយ៉ាងណា ក៏នៅតែរកនឹកមិនឃើញពីកំហុសឆ្គងនោះ។ ដោយឃើញដូច្នេះទើបលោកឯកឧត្តមមិត្តបំពងសំឡេងបន្តសម្ដីឡើងទៀតថា៖
-អាចម្កួត! ពិតជាចម្កួតមែន! អញចង់និយាយពីរឿងកំណាព្យដែលអ្ហែងបង្ហោះលើហ្វេសប៊ុក កាលពីយប់ម្សិល... ប៉ុណ្ណឹងច្បាស់នៅអា៎!
-អូ៎! កំណាព្យ! កំណាព្យណាមួយ...
រំពេចនោះ ឯកឧត្តមមិត្តបានទាញទូរសព្ទចេញពីហោប៉ៅខោ ហើយបើកហ្វេសប៊ុកបង្ហាញដោយប្រាប់ចិត្រាឱ្យបើកភ្នែកធំៗមើលទៅអេក្រង់ទូរសព្ទដ៏ទំនើបរបស់គាត់ម៉ាកអាយហ្វូន (IPhone) សេរីថ្មីដែលទើបតែនឹងចេញចុងក្រោយគេបង្អស់ក្នុងឆ្នាំនេះ៖
-បើកភ្នែកឱ្យធំៗ ហើយមើលមកនេះ! នេះ.. គឺកំណាព្យនេះហើយ... អ្ហែងសរសេរថា៖
សូមរីករាយកំណាព្យ «អនិច្ចាស្រូវថោក_សំណោកអ្នកស្រែ» បទព្យាង្គប្រាំពីរ
ស្រូវអង្ករខ្មែរថោកហួសថ្លែង អ្នកស្រែចំបែងរែងខ្វាយខ្វល់
ខ្ចីប្រាក់គេបង្កើតភោគផល សង្ឃឹមស្រូវផ្ដល់ដោះសងគេ។
ពេលប្រមូលផលកល់ទឹកភ្នែក អ្នកខ្លះទួញស្រែកមិនសមទេ
ហេតុម្ដេចក៏ស្រូវថោករឹតទ្វេ ឈ្មួញយើងឈ្មួញគេបន្ថោកទិញ។
ឈ្មួញយកទៅលក់នៅអឺរ៉ុប គេអរខិបខុបបានថ្លៃពេញ
អឺរ៉ុបសរសើរឥតទោម្នេញ អ្នកស្រែយើងវិញដេកកើតទុក្ខ។
គ្មានប្រាក់បង់សងធនាគារ គ្រោះស្រូវកម្មពៀរហៀរជង្រុក
បើមិនព្រមលក់ឃាំងឃាទុក ច្បាស់ណាស់គេលុករឹបអូសកេរ។
ដូចនេះទោះថោកមិនបានថ្លៃ លក់យកកម្រៃទៅសងគេ
ទោះមួយតៅមិនស្មើកាហ្វេ ប្រេនៗ (brand) នោះគេមួយកែវផង។
អនិច្ចាវាសនាអ្នកស្រែ អ្នករស់មួយគែបានត្រឹមផ្សង
សូមព្រះឥន្ទ្រជួយស្រាយចំណង ផុតគ្រោះសៅហ្មងពីស្រូវថោក៕
ដោយ ចិត្រា ០២ – ធ្នូ – ២០១៩
ពេលអានចប់ភ្លាម ចិត្រាបានសួរទៅឯកឧត្តមមិត្តវិញថា៖
-តើកំណាព្យនេះមានអីខុស... មានអីទាក់ទងនឹងលោកឯកឧត្តមមិត្តទៅ? សូមប្រាប់ផង!
-យីអានេះ! មិនទាក់ទងយ៉ាងម៉េច! បើក្នុងកំណាព្យសរសេរបញ្ជាក់ពីការមើលស្រាលក្រសួងនិងមន្ត្រីដូចជាពួកយើងគ្មានសមត្ថភាពស័ក្ដិសមនឹងធ្វើកិច្ចការនេះ។ តើអ្ហែងមានមុខមាត់អី មានចំណេះដឹងអីមកតាំងខ្លួនជាបញ្ញវន្តវិនិច្ឆ័យពួកយើងដូច្នេះនោះ?
-ឯកឧត្តមមិត្តមានប្រសាសន៍ខុសហើយ! ខ្ញុំមិនមែនជាបុគ្គលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយរឹតតែមិនមែនជាអ្នកមានសក្ដិយសទៅទៀត។ ខ្ញុំគ្រាន់តែជាបំណែកដ៏តូចនៃសរសៃសក់អ្នកសង្កេតពីបញ្ហាសង្គម និងលើកយកបញ្ហាទាំងនោះមកសរសេរប្រាប់សង្គមវិញតែប៉ុណ្ណោះ។ ខ្ញុំគ្មានចេតនាអីលើសពីនេះនោះឡើយ សុំឯកឧត្តមមិត្តជ្រាបផង! ក្នុងកំណាព្យខ្ញុំបានបញ្ជាក់ហើយ ការណ៍ដែលប្រជាកសិករទៅបុលប្រាក់ពីមីក្រូហិរញ្ញវត្ថុ ឬធនាគារជាដើមទុនប្រកបរបរធ្វើស្រែចម្ការវាជាការពិត ហើយកសិផលធ្លាក់តម្លៃថោក ក៏ជារឿងពិតដែរ។
-កុំគេចវេះទៀត! ទោះនោះជាការពិតក៏ដោយ ក៏អ្ហែងមិនត្រូវនិយាយត្រង់ៗពេកដែរ។ ក្រែងអាចម្កួតអ្ហែងដឹងហើយតើហី! តាមទម្លាប់ខ្មែរយើងមិនចូលចិត្តស្ដាប់ពាក្យបែបនេះនោះទេ។ បើឯងដឹងហើយហេតុអីនៅតែធ្វើទៀត អ្ហែងមិនខ្លាចក្បាលស៊ីគ្រាប់សំណដូចបណ្ឌិតកែមឡីទេឬ?
-ខ្ញុំចេះតែឆ្ងល់! ឆ្ងល់ហើយឆ្ងល់ទៀត! ឆ្ងល់ថា ខ្មែរយើងសព្វថ្ងៃចេះតែមានអ្នកអំនួត ឯអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ក៏កាន់តែច្រើន ប៉ុន្តែមិនដឹងហេតុអ្វីក្នុងនាមជាមន្ត្រីមានចំណេះដឹងជ្រៅជ្រះដូចលោកឯកឧត្តមមិត្តសុទ្ធតែជាមនុស្សពិការភ្នែកមើលមិនឃើញ ឬធ្វើមើលមិនឃើញពីទុក្ខលំបាករបស់រាស្ត្រ។ បើដូច្នេះមែននោះមានន័យថា អ្នកទាំងនោះ គឺមន្ត្រីរៀនសូត្របានជ្រៅជ្រះ ប៉ុន្តែឧត្ដមគតិ ឆន្ទៈ រួមទាំងគោលដៅពិតប្រាកដរបស់ពួកគេមិនមែនបម្រើប្រជារាស្ត្រទេ គឺបុណ្យសក្តិ។ ដូចដែលខ្ញុំបញ្ជាក់ប្រាប់ឯកឧត្តមមិត្តរួចហើយ ខ្ញុំមិនមែនជាមនុស្សបញ្ចើចបញ្ចើ ហើយក៏មិនមែនជាមនុស្សទ្រពងដែរ។ អ្វីដែលខ្ញុំសរសេរគ្រាន់តែជាការបង្ហាញពីទុក្ខលំបាករបស់ប្រជាកសិករប៉ុណ្ណោះ គ្មានចេតនាអ្វីក្រៅពីនេះទេ សូមទានជ្រាបផង!
លោកឯកឧត្តមមិត្តបន្ទាប់ពីបានឮសម្ដីដ៏អន្លាយនេះហើយហាក់ក្រោធជាខ្លាំង ហើយបានដំឡើងសំឡេងតបសម្ដីទៅវិញដោយឥតបង្អង់៖
-អ្ហែងកាន់តែឆ្កួតហើយ! ថ្លើមអ្ហែងកាន់តែធំហើយ! កាន់តែដុះមមីសហើយ! អ្ហែងប្រហែលជាធុញទ្រាន់នឹងជីវិតខ្លាំងមែនហើយមើលទៅ... បានគិតតែពីរិះគន់ពួកមន្ត្រីយ៉ាងនេះ។ អូ៎! ឬមួយមកពីអ្ហែងច្រណែនដោយសារតែប្រឡងមិនជាប់មន្ត្រីដូចជាពួកយើង។ ប្រាប់អ្ហែងទៅចុះ! កុំតែជាមិត្តនឹងគ្នាទេ ទើបចេះតែមកឈឺឆ្អាលដាស់តឿន បើមិនមែនជាមិត្តភក្ដិទេ កុំថាឡើយនិយាយជាមួយនោះ សូម្បីមុខមិនមើលផង...
ពួកគេទាំងពីរនាក់បានជជែកគ្នាយ៉ាងយូរ តែមិនទទួលបានលទ្ធផលអ្វីទាំងអស់ ផ្ទុយទៅវិញពួកគេរឹតតែបំពងសំឡេងដាក់គ្នាខ្លាំងឡើងៗដូចឈ្លោះគ្នា។ ពួកគេនិយាយគ្នាដូចចាក់ទឹកលើក្បាលទា ដោយសារតែពួកគេប្រកាន់ទស្សនៈរៀងៗខ្លួន។ ទីបំផុតពួកគេបានលាគ្នាទៅបំពេញភារកិច្ចទាំងមិនអស់ចិត្ត។ មុននឹងបែកគ្នា ចិត្រាបាននិយាយរំលឹករឿងរ៉ាវដែលឪពុកគេលក់ដីស្រែចម្ការ ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុប្រាប់លោកឯកឧត្តមមិត្ត។ ចំណែកឯកឧត្តមមិត្តអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់លែងមាត់កអ្វីទាំងអស់។
ឯកឧត្តមមិត្តប្រហែលជាបានជ្រាបហើយ! ជារឿយៗប្រជាកសិករនៅភូមិស្រុកខ្ញុំតែងជំពាក់បំណុលគេស្ទើរតែគ្រប់គ្នាទៅហើយ ឬអាចនិយាយថា ពួកគាត់ជាអតិថិជនដ៏សំខាន់បំផុតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ។ ការបុលប្រាក់ពីគេយកទៅធ្វើដើមទុនប្រកបរបរកសិកម្មនោះដោយរំពឹងថា នឹងសងគេវិញបន្ទាប់ពីប្រមូលផលហើយ។ ទីបំផុតការរំពឹងនោះបានរលាយសាបសូន្យមួយរំពេច។ ការរំពឹងបានប្រែក្លាយទៅជាវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងការដោះបំណុលនោះទៅវិញ នោះក៏ដោយសារតែតម្លៃផលិតផលកសិកម្មទាប ខណៈដំណាំក៏ទទួលបានផលតិចតួច។ ដូច្នេះដើម្បីដោះបំណុលនេះបានមានមធ្យោបាយតែមួយគត់ គឺត្រូវលក់ដីស្រែចម្ការសងគេទាំងបង្ខំចិត្ត។ ដូចឯកឧត្តមមិត្តដឹងស្រាប់ហើយ ឆ្នាំនេះទាំងឈ្មួញក្នុងស្រុកខ្មែរ រួមទាំងឈ្មួញមកពីវៀតណាមផង បានទិញកសិផលស្រូវក្នុងតម្លៃទាបបំផុត ចំណែកគ្រួសារខ្ញុំក៏ជួបវិបត្តិនេះយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ។ នេះហើយជាដើមហេតុដែលនាំចិត្តខ្ញុំឱ្យសរសេរកំណាព្យនេះឡើង តែមិនដឹងថា ឯកឧត្តមមិត្តប្រកាន់ដល់ម្ល៉ឹងនោះទេ...
ដោយលោកឯកឧត្តមមិត្តនៅស្ងៀមមិនបញ្ចេញវាចាតសម្ដីទៀត ពួកគេក៏បញ្ចប់ការជជែកគ្នាដោយការសូមទោសគ្នាទៅវិញទៅមក បន្ទាប់មកក៏លាគ្នាចេញទៅទាំងអារម្មណ៍មិនស្ងប់រៀងៗខ្លួន។ ចំណែកចិត្រាបានទៅមើលកំណាព្យដែលខ្លួនបង្ហោះពីយប់នោះឡើងវិញ គាត់មិននឹកស្មានទេថា កំណាព្យនោះមានឥទ្ធពលដល់មហាជនខ្លាំងម្ល៉ឹង។ ចិត្រាមើលកំណាព្យនោះសាចុះសាឡើងម្ដងហើយម្ដងទៀតហាក់មិនជិនឆ្អន់។ ក្នុងកំណាព្យនោះ ចិត្រាឃើញមានមនុស្សរាប់សិបពាន់នាក់ឱ្យមេដៃបញ្ជាក់ពីការចូលចិត្ត ឱ្យរូបបេះដូងបញ្ជាក់ពីការស្រឡាញ់ ឱ្យរូបមនុស្សសើចបញ្ជាក់ពីការចម្អក ឱ្យរូបមនុស្សចំហមាត់បញ្ជាក់ពីការភ្ញាក់ផ្អើល ឱ្យរូបមនុស្សស្រក់ទឹកភ្នែកបញ្ជាក់ពីទុក្ខសោក ព្រមទាំងឱ្យរូបញ្ជាក់ពីការខឹងសម្បាផង។ ជាងនេះទៅទៀត គឺមានគេចែករំលែក ព្រមទាំងធ្វើមូលវិចារណ៍ក្នុងប្រអប់បញ្ចេញមតិយោបល់ជាច្រើនជុំវិញកំណាព្យនេះ។ អ្នកខ្លះគ្រាន់តែបង្ហាញពីរូបភាពរីកចម្រើន នៃបច្ចេកទេសធ្វើកសិកម្មនៅស្រុកគេ។ អ្នកខ្លះទៀតសរសេរអក្សរបញ្ចេញមតិយោបល់ឆ្លងឆ្លើយគ្នានៅក្នុងប្រអប់មូលវិចារណ៍នោះថា៖
-គិតមើលទៅមួយហិកតាបានតែ៤០០គីឡូ មិនដឹងគ្រប់ថ្លៃម៉ាស៊ីនច្រូតគេអត់ទេ បើគេទារ៣០ម៉ឺនរៀលក្នុងមួយហិកតា។ ឆ្នាំនេះតម្លៃស្រូវបានតែ៧៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូ ខណៈកាលឆ្នាំទៅបាន៩៥០រៀលក្នុងមួយគីឡូ។
-មែនហើយ! ទម្រាំបានជាស្រូវមិនងាយទេ ពេលបានជាស្រូវហើយថោកជាងព្រលិតនៅក្នុងបឹងទៅទៀត។ ស្រូវប្រណីតដូចជាម្លិះរំដួលក្នុងមួយគីឡូបានតែ៩០០ ទៅ១,០០០រៀលប៉ុណ្ណោះ។
-ខ្ញុំវិញពេលច្រូតហើយហាលស្ងួតទៀត លក់ឱ្យគេមួយគីឡូតែ៨០០រៀល គ្មានអ្នកទិញ ហើយក៏គ្មានអ្នករកដំណោះស្រាយឱ្យដែរ... ស្ងាត់ឈឹង... នេះហើយជាកម្មរបស់អ្នកស្រែ...
-វាសនារាស្ត្រខ្មែរនារដូវបោះឆ្នោតម្តងៗ គ្រាន់តែឃើញគេចែកអំណោយបន្តិចបន្ដួចគិតថាគេនោះល្អ ហើយក៏បោះឆ្នោតឱ្យគេទៅ បន្ទាប់ពីឈ្នះឆ្នោតហើយ គឺគេធ្វើដូច្នេះឯង។ នេះហើយគឺជាលទ្ធផលចង់បានអំណោយខ្លាំងពេក ដូច្នេះកុំបន្ទោសគេ គ្មាននណាជួយរួចទេ បើយើងមិនជួយខ្លួនឯងផងនោះ។
-ទាំងអស់សុទ្ធតែមកពីអ្នកដឹកនាំ ដូចគេថាអ្នកដឹកនាំ គឺជាក្បាលម៉ាស៊ីន ដូច្នេះប្រជាពលរដ្ឋចង់សើចឬយំ គឺអាស្រ័យលើគេហើយ។
-រាល់ថ្ងៃកម្ពុជាយើងគ្មានទីផ្សារសម្រាប់កសិករទេ គេនាំទៅតែស្រុកយួនប៉ុណ្ណោះ មិនថាស្រូវ ដំឡូងមី ជ័រកៅស៊ូ ព្រមទាំងផលដំណាំផ្សេងៗមួយចំនួនទៀត តម្លៃស្រេចតែលើមាត់ថា... គេថាប៉ុន្មាន គឺប៉ុណ្ណឹងហើយ។
-ប្រទេសយើងពឹងផ្អែកលើកសិកម្ម ហេតុអីអត្រានិស្សិតរៀនកសិកម្មទាបម្ល៉េះ? អត់មានពាក្យនិយាយទេ គ្រាន់តែឆ្ងល់....
-.........
-.........
បន្ទាប់ពីអានមូលវិចារណ៍ដែលគេសរសេរនៅក្នុងប្រអប់បញ្ចេញមតិយោបល់ហើយ ចិត្រាហាក់យល់ពីខ្លួនឯងនូវអ្វីដែលខ្លួនឯងបានធ្វើមក គឺត្រឹមត្រូវមិនខុសទេ។ ចាប់ពីនោះមក ចិត្រានៅតែបន្តរក្សាជំហរ ស្មារតី និងឆន្ទៈនៃការសរសេរតែពីការពិតជានិច្ច៕
ដោយ តន វិបុល