បុរសចំណាស់ម្នាក់កំពុងបោសសំរាមនៅទីធ្លាក្នុងបរិវេណមុខក្រុមហ៊ុនដ៏ធំមួយកន្លែងជាមួយនឹងកូនប្រុសគាត់។ ពួកគេទាំងពីរបោសសំរាមបណ្ដើរជជែកគ្នាបណ្ដើរ...
“ពុកហា៎! តាមខ្ញុំដឹងបន្ទាប់ពីរបបអាវខ្មៅដួលរលំរហូតមកដល់ពេលនេះកន្លងផុតទៅជាង៤០ឆ្នាំហើយ តើកម្ពុជាកាលពីកាលនោះ និងកម្ពុជាអាឡូវខុសប្លែកគ្នាយ៉ាងណាខ្លះពុក?”
“ប្រទេសយើងសម័យនេះដើរមកដល់ផ្លូវមួយដ៏ឆ្ងាយ... កាលពីក្រោយរបបខ្មែរក្រហមបន្ដិច មនុស្សម្នាពុំគិតអ្វីក្រៅពីការដណ្ដើមគ្នារស់ឡើយ តែអាឡូវវាលែងដូចមុនទៀតហើយ គឺពួកគេដណ្ដើមគ្នាមានបានវិញម្ដង។ គ្រប់គ្នាមានសិទ្ធិពេញលេញក្នុងការប្រកួតប្រជែងវិជ្ជាជីវៈនៅលើទីលានរកទទួលទានយ៉ាងគគ្រឹកគគ្រេង និងដោយស្មើភាព។”
បន្ទាប់ពីឪពុកនិយាយចប់ កូនប្រុសគាត់ពោលបន្ដពីឪពុកគាត់៖
“មែនហើយពុក នៅសម័យនេះ ឃើញតែអ្នកមានធ្វើជាថៅកែអ្នកក្រ ឯអ្នកក្រដូចយើងធ្វើបានត្រឹមតែជាកញ្ជះអ្នកមានប៉ុណ្ណោះ... ខ្ញុំមិនដែលឃើញអ្នកក្រធ្វើថៅកែអ្នកមានផង។”
“អឺ! ឈប់ត្អូញត្អែរដាក់ព្រហ្មលិខិត ឈប់តូចចិត្តដាក់ព្រេងវាសនាទៀតទៅកូន... ខំប្រឹងបោសតែសំរាមទៅនឹងអាល់ហើយ...”
រំពេចនោះស្រាប់តែម្ចាស់ក្រុមហ៊ុនដើរមកដល់ ហើយស្ដីបន្ទោសអ្នកទាំងពីរថា ពួកគេទាំងពីរគិតតែពីឈរត្អូញត្អែពីជីវិតយ៉ាងកំសត់ដូចតួល្ខោនដោយមិនធ្វើការ។ បើគិតតែពីឈរលេងបែបនេះ ក្រុមហ៊ុនមានប្រាក់មកពីណាសម្រាប់បើកឱ្យមនុស្សខ្ជិលធ្វើការនោះ។ ក្រុមហ៊ុនជួលមនុស្សមកឱ្យធ្វើការមិនមែនជួលមកឱ្យឈរត្អូញត្អែពីជីវិតនោះទេ។ ដោយអត់ទ្រាំនឹងសម្ដីនេះមិនបាន កូនអ្នកបោសសំរាមក៏តមាត់នឹងថៅកែ...
“សុំទោសលោកប្រធាន ពួកយើងនិយាយគ្នាមែន ប៉ុន្តែពួកយើងនិយាយគ្នាបណ្ដើរធ្វើការបណ្ដើរ មិនមែនឈរនិយាយដោយអត់ធ្វើការដូចលោកប្រធានមានប្រសាសន៍ឯណា។”
ដោយសារតែសម្ដីនេះត្រូវម្ចាស់ក្រុមហ៊ុនព្រមានបញ្ឈប់ពួកគេពីការងារនៅថ្ងៃស្អែកក៏បានដែរ បន្ទាប់មកក្រុមហ៊ុននឹងជួលអ្នកថ្មីមកជំនួសកន្លែងអ្នកទាំងពីរ ប្រសិនបើការងារនេះធ្វើមិនហើយតាមការកំណត់មុនម៉ោង៨ព្រឹកទេនោះ។ នៅពេលឮថៅកែព្រមានបញ្ឈប់ពីការងារដូច្នេះ ឪពុកគាត់ប្រញិបប្រញាប់រើសអម្បោសហុចឱ្យកូនគាត់ ហើយលើដៃសំពះសុំទោសចំពោះសម្ដីខុសឆ្គងរបស់កូនដែលបំពានលើថៅកែ និងសន្យាថានឹងមិនឱ្យរឿងនេះកើតឡើងម្ដងទៀតឡើយ។ បន្ទាប់ពីសន្យាហើយ ថៅកែបានដកស្រោមសំបុត្រពីហោប៉ាវហុចទៅឱ្យពួកគេម្នាក់មួយច្បាប់។
“នេះជាប្រាក់ឈ្មួលប្រចាំខែសម្រាប់ឪពុកកូនឯងទាំងពីរ... ហើយកុំភ្លេចខំប្រឹងធ្វើការនេះឱ្យហើយផង... កុំរអ៊ូរទាំពីជីវិតច្រើនពេក...”
នៅពេលដែលម្ចាស់ក្រុមហ៊ុនចេញទៅបាត់ អ្នកទាំងពីរបើកស្រោមសំបុត្រមើល។ នៅក្នុងស្រោមសំបុត្រ គឺជាប្រាក់ខែសម្រាប់ខែថ្មី។ ប្រាក់ខែសម្រាប់ខែនេះលើសខែមុនៗចំនួន៧ដុល្លារ។ ទោះប្រាក់ខែក្នុងខែនេះច្រើនជាងខែមុនបន្តិចមែន ប៉ុន្ដែកូនប្រុសរបស់គាត់មិនសប្បាយចិត្តចំពោះប្រាក់បន្ថែមនេះឡើយ។ គាត់អន់ចិត្តនូវការដែលគេមើលងាយមិនឱ្យតម្លៃចំពោះការងារតូចទាប ព្រមទាំងមិនចង់ឱ្យគេជិះជាន់តទៅទៀត ម្ល៉ោះហើយគាត់សម្រេចសុំឪពុកទៅរកស៊ីដោយខ្លួនឯង។
“ខ្ញុំពិបាកដកដង្ហើមណាស់ពុក ខ្ញុំឈប់ធ្វើការនេះទៀតហើយ ហើយគិតថាទៅរកស៊ីដោយខ្លួនឯងវិញម្ដងប្រសើរជាង។ ធ្វើការឱ្យគេ គេស្ដីឱ្យពីមុខពីក្រោយស្ទើររាល់ថ្ងៃបែបនេះដូចគ្មានតម្លៃសោះ កូនឆ្អែតចិត្តណាស់ពុក។”
“ឈប់សិនកូន! ស្ដាប់ពុកសិន! ពុកដឹងថាការងារនេះមិនល្អ ប៉ុន្ដែកូនក៏មិនត្រូវឆេវឆាវមួយពេលនាំឱ្យបាត់បង់ការងារដែរ។ ចូរកូនកុំភ្លេចថាពេលនេះ ការងារនេះសំខាន់សម្រាប់ពុកណាស់ ពុកត្រូវលុយដើម្បីចិញ្ចឹមក្រពះ និងបង់ថ្លៃទឹកថ្លៃភ្លើងថែមទៀតផង។ បើកូនទៅធ្វើជំនួញ ក៏មិនអាចទៅរួចដែរ ព្រោះកូននៅក្មេង កូនរៀនមិនទាំងនឹងចប់ថ្នាក់ទី១០ផង ហើយបទពិសោធ និងដើមទុន ក៏រឹតតែគ្មានទៅទៀត តើកូនរកស៊ីដោយរបៀបណា!”
ឪពុកគាត់ពន្យល់គាត់យ៉ាងច្រើន ប៉ុន្តែគាត់ស្ដាប់មិនចូលត្រចៀក ព្រោះអ្វីដែលគាត់សម្រេចចិត្តហើយ គឺមិនអាចនៅបន្តការងារនេះបានទៀតឡើយ។ គាត់សម្រេចទៅបើកក្រុមហ៊ុនសម្អាតគេហដ្ឋានតាមក្ដីស្រមៃរបស់គាត់។ គាត់ហៅឪពុកគាត់ទៅចូលរួមរកស៊ីជាមួយគ្នាដែរ ប៉ុន្តែត្រូវឪពុកគាត់បដិសេធដោយមិនចង់ចាកចេញពីការងារ គាត់នៅធ្វើជាអ្នកបោសសំរាមបន្តទៀត។ ហេតុផល គឺដោយសារកាលពីមុនគាត់ធ្លាប់មានគំនិតប៉ងប្រាថ្នាបើកក្រុមហ៊ុនរកស៊ីដោយខ្លួនឯងដូចកូនគាត់ដែរ។ ដោយអំណាចនៃក្ដីសុបិននេះ គាត់បានធ្វើការសន្សំប្រាក់ ដើម្បីសម្រេចក្ដីសុបិនរបស់គាត់ ប៉ុន្តែនៅទីបំផុតក្ដីសុបិនដែលពោរពេញដោយក្ដីសង្ឃឹមត្រូវរលាយសូន្យទៅក្នុងខ្យល់។ វារលាយទៅជាមួយនឹងដើមទុនដែលគាត់រកបានពីការងារដោយលំបាក ហើយអ្វីៗត្រូវរលាយដូចអំបិលត្រូវទឹកក្រោយពីរកអតិថិជនមិនបាន ឬហៅថា គ្មានតម្រូវការទីផ្សារ។ នេះជាមូលហេតុចម្បងមួយដែលបុរសម្នាក់តែងតែមានជំនឿចិត្តលើក្ដីសុបិនរបស់ខ្លួនបានបាត់បង់ទំនុកចិត្តទៅវិញ ហើយធ្លាក់ខ្លួនជាអ្នកបោសសំរាមម្នាក់ដែលគ្មានតម្លៃ។ ប្រសិនកាលនោះគាត់បានជោគជ័យមែន ម្ល៉ោះសមគាត់ក្លាយជាម្ចាស់ក្រុមហ៊ុនបាត់ទៅហើយ មិនមែនមកធ្វើជាអ្នកបោសសំរាមទេ។ បុរសអ្នកបោសសំរាមម្នាក់នេះមិនចង់ឃើញកូនប្រុសរបស់គាត់បរាជ័យក្នុងការរកស៊ីដូចគាត់ឡើយ។ ដូច្នេះគាត់ព្យាយាមពន្យល់ និងផ្ដល់ដំបូន្មានដែលគាត់ឆ្លងកាត់ការបរាជ័យប្រាប់ទៅកូនប្រុសរបស់គាត់។ ទោះជាយ៉ាងណា ការផ្ដល់បទពិសោធ និងដំបូន្មានបរាជ័យក្នុងការរកស៊ីដល់កូនពុំបានធ្វើឱ្យកូនគាត់រួញរា ឬភ័យខ្លាចការបរាជ័យដូចគាត់គិតឡើយ។ កូនប្រុសរបស់គាត់នៅតែចិញ្ចឹមចិត្តបើកក្រុមហ៊ុនសម្អាតគេហដ្ឋាន បើទោះបីជាគាត់នៅក្មេងខ្ចី គ្មានបទពិសោធ និងដើមទុនគ្រប់គ្រាន់ក៏ដោយ។
ក្រោយពីស្តាប់សម្តីឪពុកហើយ កូនប្រុសគាត់ដើរមកជិត ហើយនិយាយពាក្យសុំទោសឪពុកនូវរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងចំពោះឪពុករបស់គាត់កាលពីកន្លងមក។
“កូនសុំស្ញប់ស្ញែងនិងកោតសរសើរនូវដំបូន្មានដ៏ល្អៗរបស់ពុកចំពោះខ្ញុំ ប៉ុន្តែអាជីវកម្មរបស់ពុកបរាជ័យមិនប្រាកដថា អ្វីៗទាំងអស់សុទ្ធតែមិនដំណើរការសម្រាប់ខ្ញុំនោះទេ។ ប្រសិនបើខ្ញុំបរាជ័យដូចពុកមែន យ៉ាងហោចណាស់ក៏ខ្ញុំបានដឹងពីការព្យាយាមរបស់ខ្ញុំដែរ។ កូនសុំទោសពុកដែលមិនអាចនៅត្រាំត្រែងការងារជាមួយពុកតទៅទៀតបាន... សង្ឃឹមថាពុកយល់ពីអារម្មណ៍កូន។”
មុននឹងកូនប្រុសគាត់ចាកចេញពីគំនរសំរាម គាត់បានផ្ដល់កញ្ចប់ថវិកាមួយចំនួនដល់កូនប្រុសរបស់គាត់ដោយនិយាយថា ទោះប្រាក់នេះមិនច្រើនគ្រប់គ្រាន់សម្រាប់កូនគាត់ ប៉ុន្តែវាប្រាក់ដែលអាចជួយកូនប្រុសគាត់បានមួយគ្រាដែរ។ ក្រៅពីការផ្ដល់ថវិកាបន្តិចបន្តួច ទោះគាត់មិនសូវសង្ឃឹមលើការចាប់ផ្ដើមរកស៊ីរបស់កូនគាត់ ប៉ុន្តែគាត់នៅតែលើកទឹកចិត្តកូនប្រុសគាត់... កូនប្រុសគាត់នឹងនាំឱ្យភាពភ្ញាក់ផ្អើលមកឱ្យគាត់ជាមួយនឹងអាជីវកម្មជោគជ័យ។ បន្ទាប់ពីទទួលយកថវិកានោះហើយ ពួកគេទាំងពីរបានឱបគ្នាដោយក្ដីអាឡោះអាល័យជាពន់ពេក។ កូនប្រុសរបស់គាត់និយាយប្រាប់គាត់ថា៖ “ខ្ញុំនឹងត្រឡប់មករកពុកវិញ។” និយាយហើយ កូនប្រុសរបស់គាត់ក៏ចាកចេញពីគាត់ទៅ។
កូនប្រុសអ្នកបោសសំរាមបានប្រើប្រាស់កញ្ចប់ថវិកាដែលឪពុកគាត់ឱ្យ និងថវិកាដែលខ្លួនគាត់មានដើម្បីរៀបចំការរកស៊ីដំបូងរបស់គាត់។ គាត់ព្យាយាមផ្សព្វផ្សាយអំពីការផ្គត់ផ្គង់តម្រូវការរបស់អតិថិជនចេញពីក្រុមហ៊ុនរបស់គាត់តាមរយៈការដើរចែកចាយខិត្តប័ណ្ណផ្សពផ្សាយដោយខ្លួនគាត់ផ្ទាល់។ គាក់ផ្សព្វផ្សាយពីសេវាកម្មរបស់គាត់ ដើម្បីទាក់ទាញអតិថិជនដោយការព្យាយាមម្ដងហើយម្ដងទៀត ប៉ុន្តែវាគ្មានប្រយោជន៍អ្វីទាល់តែសោះ ព្រោះគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីសេវាសម្អាតគេហដ្ឋានពីក្រុមហ៊ុនរបស់គាត់ឡើយ សូម្បីតែការយកខិត្តប័ណ្ណមកមើលក៏គ្មាននរណាម្នាក់ខ្វល់ខ្វាយដែរ។ ពេលត្រឡប់ពីចែកចាយខិត្តប័ណ្ណនៅតាមភ្លើងស្ដុបវិញ គាត់អង្គុយនៅលើតុសម្លឹងមើលក្រដាសខិត្តប័ណ្ណដោយភាពអស់សង្ឃឹម។ ទីបំផុតគាត់បានបោះខិត្តប័ណ្ណទាំងនោះចូលក្នុងធុងសំរាម។ ការបោះខិត្តប័ណ្ណចូលធុងសំរាម គឺប្រៀបបាននឹងការបោះបង់ជំនឿចិត្ត និងការសម្រេចចិត្តរបស់គាត់ចូលទៅក្នុងក្ដីសុបិនរបស់គាត់វិញយ៉ាងដូច្នោះដែរ។ គាត់ទម្រេតខ្លួនផ្អែកនឹងជញ្ជាំងឃើញឯកសណ្ឋានបុគ្គលិកបោសសំរាមព្យួរនឹងជញ្ជាំងម្ដាងទៀត ធ្វើឱ្យគាត់នឹកដល់ការងារចាស់ និងនឹកដល់សម្ដីឪពុកដែលផ្ដែផ្ដាំគាត់មុននឹងសម្រេចចាកចេញទៅរកស៊ីឆ្ងាយពីឪពុក។ គាត់នៅចាំសម្ដីឪពុកគាត់ផ្ដែផ្ដាំគាត់ថា “មិនថានៅក្នុងកាលៈទេសៈណា ឬវាលំបាកយ៉ាងណាក៏ដោយ សុំកូនកុំបោះបង់វាចោលឱ្យសោះ”។ ជាមួយនឹងការនឹកឃើញពាក្យលើកទឹកចិត្តពីឪពុក និងសម្ដីដែលគេមើលងាយគាត់កាលពីតូចដែរថា “កូនអ្នកបោសសំរាម នៅពេលធំឡើងធ្វើអីក៏កើតដែរ ក្រៅពីបោសសំរាមដូចម៉ែឪវា”។
ពាក្យពីរបីឃ្លានេះបានដាស់គាត់ឱ្យភ្ញាក់ពីសុបិនអវិជ្ជមាន ហើយចាប់បន្តការងាររបស់គាត់ឡើងវិញ។ គាត់រើសខិត្តប័ណ្ណពីធុងសំរាម និងរក្សាការព្យាយាមផ្សព្វផ្សាយពីសេវាកម្មទៅអតិថិជនរបស់គាត់។ ពីមួយថ្ងៃទៅមួយថ្ងៃ មុខរបររបស់គាត់ចាប់ផ្ដើមមានពន្លឺបន្តិចម្ដងៗ ហើយយូរៗទៅអតិថិជនចាប់ផ្ដើមត្រូវការសេវាសម្អាតគេហដ្ឋានពីក្រុមហ៊ុនរបស់គាត់ជាបន្ដបន្ទាប់។ រយៈពេលជាងមួយឆ្នាំមកនេះ គាត់បានខំប្រឹងអត់ធ្មត់រហូតអាជីវកម្មរបស់គាត់រីកចម្រើនយ៉ាងត្រចះត្រចង់បំផុត។ អាជីវកម្មមួយដែលគាត់ទទួលជោគជ័យ គឺឪពុកគាត់នឹងមានមោទនភាពចំពោះគាត់។ ថ្ងៃមួយក្រោយទំនេរពីការងារ គាត់ឆ្លៀតទៅសួរសុខទុក្ខឪពុករបស់គាត់។ ពេលគាត់ទៅដល់ឃើញអតីតថៅកែរបស់គាត់កំពុងស្ដីបន្ទោសឪពុកគាត់ដូចកាលពីគាត់នៅធ្វើការជាមួយឪពុកគាត់។ រំពេចនោះគាត់បានបន្លឺសំឡេង...
“ឈប់ថាឱ្យគាត់ទៀតទៅ គាត់លែងត្រូវការការងារនេះទៀតហើយ”
ម្ចាស់ក្រុមហ៊ុនបែរក្រោយ សម្លឹងមើលមុខអតីតកូនឈ្មួលរបស់គាត់កាលពីមុន ហើយសួរ...
“ឯងត្រឡប់មកវិញធ្វើអី... ទីនេះមិនស្វាគមន៍ឯងទេ?”
អតីតបុគ្គលិកបោសសំរាមរបស់គាត់នៅស្ងៀមមិននិយាយអ្វីទាំងអស់ ដោយគ្រាន់តែដកស្រោមសំបុត្រចេញពីហោប៉ាវហុចជូនឪពុកប៉ុណ្ណោះ។ នៅក្នុងសំបុត្រនោះមានទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ។ បន្ទាប់មកគាត់នាំឪពុកគាត់ចេញពីការងារបោសរាមដែលគេស្ដីឱ្យទាំងព្រឹកទាំងល្ងាចនោះ ដោយនិយាយប្រាប់ឪពុកគាត់ថា គាត់បើកក្រុមហ៊ុមសម្អាតគេហដ្ឋានជោគជ័យហើយ។ ពេលនេះពុករបស់គាត់នឹងក្លាយជាសហម្ចាស់ក្រុមហ៊ុនសម្អាតគេហដ្ឋានពីនាក់ឪពុកកូន។
ឪពុកយកដៃម្ខាងដាក់ស្មាកូន ហើយនិយាយសរសើរកូនដោយសម្ដី...
“ពុកពិតជាមានមោទនចំពោះកូនណាស់... ពុកថាហើយ កូនពិតជាធ្វើវាបាន”
កូនប្រុសគាត់តបវិញយ៉ាងលឿន...
“មិនមែនខ្ញុំតែម្នាក់ឯងទេពុក គឺយើងទាំងពីរ! ប្រសិនបើគ្មានពុកជួយជ្រោងជ្រែងទេ យើងក៏មិនអាចមានថ្ងៃនេះដែរ តោះទៅពុក!”
ចំណែកម្ចាស់ក្រុមហ៊ុនដែលធ្លាប់តែក្រអើតក្រទម និងមិនដែលឱ្យតម្លៃចំពោះបុគ្គលិក កាលបើឃើញឪពុកកូនគេទាំងពីរនាក់បម្រុងនឹងចាកចេញទៅ ក៏និយាយហាមឃាតពួកគេ។
“មិនអាចទៅណាបានទាំងអស់ ព្រោះក្រុមហ៊ុននេះត្រូវការបុគ្គលិកដូចជាអ្នកឯង។”
អ្នកបោសសំរាមលើកដៃសំពះថៅកែរបស់ខ្លួនដោយពោលពាក្យអរគុណចំពោះថៅកែដែលបានផ្ដល់ការងារដ៏ល្អសម្រាប់ពួកគាត់ ប៉ុន្តែនៅពេលនេះស្ថានភាពប្រែប្រួលមិនដូចពីមុនទៀតទេ ពោលគឺមិនអាចនៅបោសសំរាមរហូតដល់ស្លាប់បានឡើយ។ ជាការប្រសើរណាស់ បើមានគេមកប្រាប់ឱ្យដឹងគុណចំពោះអ្វីដែលខ្លួនអ្នកត្រូវការមុនពេលវាបាត់បង់ទៅ។ និយាយហើយ អ្នកបោសសំរាមចាប់យកអម្បោសប្រគល់ទៅម្ចាស់ក្រុមហ៊ុនវិញ រួចពួកគាត់ទាំងពីរនាក់ឪពុកកូនកាន់ដៃគ្នាចាកចេញទៅដោយពុំងាកក្រោយឡើយ។
ដោយ តន វិបុល