ខ្មាស​ម៉ែ​

អ្នកណា​ទៅ​ដឹង​ សម័យនេះ​ទៅ​ហើយ​ អ្នកស្រែ​នៅតែ​រត់ចោល​ផ្ទះសំបែង​ស្ទើរតែ​ស្ងាត់​ស្រុក​ទៀត​នោះ​។ ក្នុង​ភូមិ​នី​មួយ​ៗនៅសល់​តែ​ចាស់​ៗ និង​កូន​ក្មេង​តូច​ៗ​ប៉ុណ្ណោះ​។ មនុស្ស​ពេញកម្លាំង​ចេញពី​ស្រុក​ទៅរៀន​ ខ្លះទៅ​ធ្វើការ​ឯភ្នំពេញ​ដែល​ជា​កន្លែង​បណ្ដុំសេដ្ឋកិច្ច​។ ខ្លះទៀត​ចំណាកស្រុក​ទៅ​ធ្វើការ​ឱ្យ​គេ​ នៅ​ក្រៅប្រទេស​ មាន​ថៃ​ កូរ៉េ​ ជប៉ុន​ជាដើម​។ នៅក្នុង​ភូមិ​ខ្ញុំ​វិញ​ អ្នក​ខ្សត់​រត់ចោលស្រុក​តាំងពី​ឆ្នាំ២០០៨ម្ល៉េះ​ ចំណែក​ឯអ្នកមាន​ជីវភាព​មធ្យម​សឹងតែ៥០​%ទៅ​ហើយ​ ដែល​រត់ចោលស្រុក​។ អ្នក​ដែល​នៅ​កំពុងតែ​រក​ច្រក​ទៅ​ដែរ​ គ្រាន់តែ​មិនដឹង​ត្រូវ​ទៅណា​។
ក្នុងចំណោម​នោះ​មាន​ខ្ញុំ​ម្នាក់​ដែរ​។ ខ្ញុំ​ឈ្មោះ​សំណាង​ ខ្ញុំ​ចេញពី​ស្រុក​ទៅ​ភ្នំពេញ​ កាលពី​ជាង១០ឆ្នាំមុន​ក្នុង​បុព្វហេតុ​ស្វែងរក​ចំណេះវិជ្ជា​។ យុវជន​ស្រ​បាល​ៗខ្ញុំ​ គឺជា​វ័យ​កំពុង​ត្រៀមខ្លួន​បន្តវេន​ពី​មនុស្សចាស់​។ ពេល​អត់ពី​មនុស្សចាស់​ទៅ​មានតែ​យុវជន​នេះ​ហើយ​ ជា​អ្នកស្នង​តំណែង​ជំនួស​ពី​ពួកគាត់​។ ម្ល៉ោះហើយ​ទើប​យុវជន​ខំប្រឹង​រៀន​បង្កើន​ចំណេះ​ ជំនាញ​ និង​បច្ចេកទេស​បន្ថែម​ពីលើ​បទ​ពិសោធ​ ដែល​ពួកគេ​បាន​រៀន​ពី​មនុស្សចាស់​ ដើម្បី​ភាព​រីកចម្រើន​នៃ​សតវត្សរ៍​ថ្មី​ទៅតាម​ការ​ស្រមៃ​របស់​ពួកគេ​។ មកដល់​រាជធានី​ភ្នំពេញ​ ខ្ញុំ​នៅផ្ទះ​ជួល​ ផ្ទះ​នោះ​មានតម្លៃ២៥ដុល្លារ​ ឬស្មើ១០ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ ផ្ទះ​ជួល​តម្លៃ​ប៉ុណ្ណឹង​មិនធំ​ទេ​ បើ​ ប្រៀបធៀប​ទៅ​ធំជាង​រន្ធកណ្ដុរ​តែ​បន្ដិច​ប៉ុណ្ណោះ​។ ម៉ែ​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ ដូច្នេះ​ខ្ញុំ​មិន​មាន​លុយ​ច្រើន​ដើម្បី​ជួស​ផ្ទះ​ល្អ​ជាង​នេះ​ឡើយ​។ ពិតមែនតែ​ម៉ែ​ជា​កសិករ​ធ្វើស្រែ​ចម្ការ​ ប៉ុន្តែ​បរិញ្ញាបត្រ៤ឆ្នាំ​ នៅ​ភ្នំពេញ​ រាប់ទាំង​ការ​បង់ថ្លៃ​សាលា​ ការ​ហូបចុក​ សម្ភារៈ​សិក្សា​ ព្រមទាំង​ការ​ចំ​ណាយ​ផ្សេង​ៗមួយចំនួន​ទៀត​ គឺ​គាត់​មិន​ឱ្យ​ខ្ញុំ​ខ្វល់ខ្វាយ​ឬពិបាកចិត្ត​ឡើយ​។ យុវជន​នៅ​ម្ដុំ​តំបន់​ផ្ទះ​ជួល​ដែល​ខ្ញុំ​ស្នាក់នៅ​កំលុងពេល​សិក្សា​នោះ​ ភាគច្រើន​នៃ​ពួកគេ​មក​ពី​ខេ​ត្ត​ផ្សេង​ៗគ្នា​។ ពួកគេ​ម្នា​ក់ៗ​មិនមែន​មក​រៀនសូត្រ​ដូច​ខ្ញុំ​ទេ​ គោលបំណង​ពួកគេ​ គឺ​ធ្វើការងារ​ជា​កម្មករ​រោងចក្រ​ ឬជា​កម្មករ​សំណង់​ដើម្បី​ទំនុកបម្រុង​គ្រួសារ​។ ខ្ញុំ​សួរ​ពួកគេ​ថា​ ហេតុអ្វី​មិន​រៀន​បន្ត​ក្រែង​អាច​រក​ការងារ​ និង​បាន​ប្រាក់ខែ​សមប្រកប​ជាង​នេះ​? ចម្លើយ​ពួកគេ​បាន​រុញ​អារម្មណ៍​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ គឺ​មិនមែន​ពួកគេ​មិន​ចង់​រៀន​ ហើយក៏​មិនមែន​មក​ពី​ពួកគេ​ខ្ជិល​រៀន​នោះ​ដែរ​ គឺ​មក​ពី​ស្ថានភាព​សង្គម​បង្ខំ​ពួកគេ​ឱ្យធ្វើ​បែបនេះ​។ ពួកគេ​សុទ្ធតែ​មាន​អម្រែក​នៅ​លើ​ស្មា​រៀង​ៗខ្លួន​ពិបាក​នឹង​ទម្លាក់​ចុះ​ចោល​។ អ្នកខ្លះ​ត្រូវ​ចិញ្ចឹម​ឪពុកម្ដាយ​ចាស់ជរា​កំពុង​មាន​ជំងឺ​ អ្នកខ្លះ​ទៀត​មាន​សភាព​យ៉ាប់​យឺន​ពិបាក​នឹង​ពិពណ៌នា​។ ខ្ញុំ​ពិតជា​សរសើរ​ស្មារតី​ពួកគេ​ណាស់​ដែល​ខំប្រឹង​តស៊ូ​ដើម្បី​ជីវិត​គ្រួសារ​បែបនេះ​។ និយាយ​នេះ​ មិនមែន​ក្នុងចំណោម​ពួកគេ​សុទ្ធតែ​ដូចគ្នា​នោះ​ទេ​។ មាន​ខ្លះទៀត​មក​ធ្វើការ​នឹងគេ​ដែរ​ តែ​មិន​ខ្វល់ខ្វាយ​ពី​គ្រួសារ​នោះ​ទេ​ ពេល​បើក​ប្រាក់ខែ​មិនដែល​ផ្ញើ​ទៅ​អ្នកផ្ទះ​ ហើយ​គិតតែពី​ស៊ីចាយ​ ចូល​បា​ ខា​រា​អូខេ​ ហ៊ឹកហ៊ាក់​ វង្វេង​ក្នុង​ពិភព​កាមគុណ​។ ស្ថានភាព​ទាំងពីរ​នេះ​បាន​ពញ្ញាក់​ស្មារតី​ខ្ញុំ​ឱ្យ​ខិតខំ​រៀន​ទ្វេឡើង​ ហើយ​ចៀស​ឱ្យ​ផុត​ពី​អំពើ​អបាយមុខ​ទាំងពួង​។
ភាគច្រើន​នៃ​កូន​អ្នកស្រែ​មក​បន្ត​សិក្សា​នៅ​ភ្នំពេញ​ មាន​តិចតួច​ណាស់​ដែល​ពឹងផ្អែក​លើ​ការ​ចំណាយ​របស់​ម្ដាយ​ឪពុក​ទាំងស្រុង​។ ពួកគេ​ឆ្លៀតយក​ពេលទំនេរ​ពី​ការ​សិក្សា​ទៅ​ធ្វើការ​ ដោយ​ខ្លះ​ធ្វើជា​គ្រូបង្រៀន​តាម​ផ្ទះ​ ខ្លះទៀត​ធ្វើជា​អ្នក​រត់​តុ​នៅ​តាម​ភោជនីយដ្ឋាន​នា​ពេលយប់​ ដើម្បី​បាន​ប្រាក់កម្រៃ​ខ្លះ​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ម្ដាយ​ឪពុក​ពួកគេ​។ ខ្ញុំ​ឃើញ​ពួកគេ​តស៊ូ​រៀន​ផង​ ធ្វើការ​ផង​ ដោយ​លំបាក​ ចំណែកខ្ញុំ​វិញ​ ទោះ​ខ្ញុំ​ ជា​កូន​អ្នកស្រុក​មក​ស្រែ​ តែ​មិនបាន​ទៅ​រក​ការងារ​ធ្វើ​ដូច​ពួកគេ​​ឡើយ​ ហើយ​រឹតតែ​មិនមែន​ជា​មនុស្ស​បំផ្លិច​បំផ្លាញ​ ឬធ្វើ​ឱ្យ​ម៉ែឪ​ទឹកភ្នែក​ទៅទៀត​។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នា​ពេលនេះ​ គឺ​ខំប្រឹង​រៀន​តែមួយមុខ​គត់​។ នៅ​ភ្នំពេញ​អ្នក​ដែល​ស្គាល់​ខ្ញុំ​ចង់​រក​ខ្ញុំ​មិន​ពិបាក​ទេ​ ទៅ​រក​នៅតែ​សាកល​វិទ្យាល័យ​ឃើញ​ហើយ​។ មួយ​ថ្ងៃ​ៗ ក្រៅពី​អង្គុយ​រៀន​ទ្រឹស្ដី​ពី​សាស្ត្រា​ចារ្យ​នៅក្នុង​ថ្នាក់​ គឺ​ទៅ​សំងំ​នៅក្នុង​បណ្ណាល័យ​ ដូច​កង្កែប​ក្នុង​រន្ធ​ ឬនិយាយ​ឱ្យ​ស្រួល​ស្ដាប់​ជាង​នេះ​បន្តិច​ទៅ​ គឺ​ដូច​សំពត់​ក្នុង​ផ្នត់​ទៅវិញ​ទេ​។ សួរ​ថា​ ម៉េច​បាន​ដូច្នេះ​? មក​ពី​ខ្ញុំ​មិនដែល​ស្គាល់​អ្វី​ក្រៅពី​ផ្ទះ​ជួល​ និង​សាកល​វិទ្យាល័យ​… គិតទៅ​គួរ​អស់សំណើច​ដែរ​! សូម្បី​អង្ករ​ត្រី​សាច់​ដែល​ម៉ែ​ផ្ញើ​មក​ពី​ស្រុក​ តាម​រថ​យន្ដ​ឈ្មួល​ គេ​ហៅ​ទៅ​យក​នៅ​ម្ដុំ​ផ្សារ​ដើម​គកល​រក​មិនឃើញ​ផង​ ខ្ញុំ​ជិះកង់​រក​ផ្សារ​ដើម​គវង្វេង​ពេញ​ក្រុង​។ នេះ​បាន​ចំជា​អ្នកស្រែ​មែន​ គ្រប់គ្នា​ចំអែចំអន់​ខ្ញុំ​ “ស្រែ​ង៉ោង​!” សូម្បីតែ​ផ្សារ​ដើម​គក៏​មិន​ស្គាល់​ដែរ​។
ហាក់​ចម្លែក​ចិត្ត​ដែរ​ ម្នា​ក់ៗ​ថា​ខ្ញុំ​ស្រែ​ តែ​ក្នុងរង្វង់​មិត្ត​រួម​ថ្នាក់​ស្ទើរ​បាត់មុខ​អ្នកស្រែ​ម្នាក់​នេះ​មិនបាន​។ ខ្ញុំ​មិនដឹង​ពី​មូលហេតុ​ទេ​ ដឹង​ត្រឹម​ពួកគេ​ចូលចិត្ត​ខ្ញុំ​។ ពួកគេ​តែង​ប៉ាវ​ឱ្យ​ខ្ញុំ​ហូប​នំចំណី​ ហើយ​ពេល​ពួកគេ​ហៅ​ទៅ​ហូប​នំ​ចំ​ណី​ម្ដង​ៗ ខ្ញុំ​មិន​ងាយ​ចេញទៅ​ហូប​ជាមួយ​ពួកគេ​ទេ​ ទោះ​ពួកគេ​ចេញលុយ​ឱ្យ​យ៉ាងណា​ ក៏​មិន​ងាយ​ចេញពី​ថ្នាក់រៀន​ទៅជាមួយ​ពួកគេ​ដែរ​។ នរណា​ហ៊ាន​ទៅ​ហូប​របស់​គេ​រាល់ពេល​នោះ​ មិន​ចេះ​ខ្មាសគេ​ទេ​ឬ សម្រាប់​ខ្ញុំ​ទោះ​មិន​ខ្មាសគេ​ ក៏​មាន​តូចចិត្ត​រអៀសខ្លួន​ខ្លះ​ដែរ​។ ខ្ញុំ​តែងតែ​បដិសេធ​រាល់ពេល​ពួកគេ​ហៅ​ទៅ​ហូប​នំ​ចំ​ណី​ម្ដង​ៗ។ មិនមែន​ខ្ញុំ​គ្មាន​លុយ​នោះ​ទេ​ គ្រាន់តែ​លុយ​ខ្ញុំ​មានកំណត់​មិន​អាច​ចំណាយ​ផ្ដេសផ្ដាស​តាមទំនើងចិត្ត​ដូច​កូន​អ្នកមាន​បាន​។ ការ​ស៊ីចាយ​ខ្ជះខ្ជាយ​អាច​ឱ្យ​ខ្ញុំ​រហេមរហាម​បាន​យ៉ាង​ប្រាកដ​ ដូច្នេះ​នៅពេល​ខ្ញុំ​ចង់​ចំណាយ​លើ​របស់​អ្វីមួយ​ ខ្ញុំ​តែង​គិតដល់​ការ​លំបាក​របស់​ម៉ែ​នៅ​ឯស្រុក​ បើ​របស់​ណា​មិន​តម្រូវការ​ចាំបាច់​ខ្ញុំ​មិន​ទិញ​ទេ​។ អាច​និយាយ​ថា​ ខ្ញុំ​ជា​មនុស្ស​គម្រិះ​ក៏បាន​ មិន​គម្រិះ​ក៏បាន​ អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​នោះ​ គឺ​អ្នកស្រែ​មាន​ជីវភាព​ខ្សត់​មក​រៀន​នៅ​ភ្នំពេញ​ បើ​ហ៊ាន​តែ​ចំណាយ​មិន​រឹតត្បិត​ច្បាស់ជា​ដាច់​បាយក្រៀម​ក្រពះ​ជា​មិន​ ខាន​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​មាន​លុយ​មួយ​កាក់​មួយ​សេន​នៅ​ក្នុង​ហោប៉ៅ​។ មុន​ទៅរៀន​ ខ្ញុំ​មាន​បាយកក​មួយដុំ​ ត្រីងៀត​មួយ​កន្ទុយ​ ទឹក​ទុយ​យ៉ូ​មួយ​កូន​ដប​ បរិភោគ​ហើយ​ខ្ញុំ​ជិះកង់​ទៅរៀន​។ ថ្ងៃ​ខ្លះ​ បើ​មិនបាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ ខ្ញុំ​ត្រូវ​វេចបាយ​ទៅ​ហូប​នៅ​សាលា​។ ចំណែក​លុយ​ដែល​ម៉ែ​ផ្ញើ​មក​ពី​ស្រុក​ មួយ​ផ្នែក​សម្រាប់​តែ​បង់ថ្លៃ​ផ្ទះ​ជួល​ មួយផ្នែកទៀត​ទុក​ចំណាយ​លើ​សម្ភារៈ​សិក្សា​ និង​របស់​ប្រើ​ប្រាស់​ផ្សេង​ៗសឹង​មិន​គ្រប់​ផង​។ លុយ​ដែល​ម៉ែ​ផ្ញើ​មក​ថួនល្មម​តែ​ការ​ចំណាយ​លើ​របស់របរ​ទាំងនេះ​ប៉ុណ្ណោះ​ មិន​អាច​ចំណាយ​លើ​របស់​អ្វី​ផ្សេង​លើស​ពីនេះ​ឡើយ​។ ដូច្នេះ​ដើម្បី​គេច​ពី​មិត្តភក្តិ​ដែល​ចេះតែ​ហៅ​ទៅ​ហូប​នំចំណី​ជាមួយ​ពួកគេ​ ខ្ញុំ​ហាក់​កំពុង​រុញ​ខ្លួនឯង​ឱ្យ​រត់គេច​ចេញពី​មិត្តភាព​ដែល​ចេះតែ​មករ​កខ្ញុំ​យ៉ាង​ដូច្នេះ​ដែរ​។ ខ្ញុំ​ដឹង​ថា​ ពួកគេ​ជា​មនុស្ស​សន្ដានចិត្ត​ល្អ​ ចង់​រាប់អាន​ដោយ​ស្មោះ​ តែ​ខ្ញុំ​ហាក់​ទទួល​សម្ពាធ​ពី​អារម្មណ៍​ខ្លួនឯង​ ហើយ​រឹតតែ​ខ្លាច​ស្រមោល​មិត្តភាព​ដែល​ចេះតែ​តាម​មក​បន្លាច​ខ្ញុំ​។ ខ្ញុំ​ចេះតែ​រត់គេច​ពី​ពួកគេ​ទៅ​សំងំ​នៅក្នុង​បណ្ណាល័យ​អាន​សៀវភៅ​តែម្នាក់ឯង​។ ខ្ញុំ​បាន​ហ៊ុមព័ទ្ធ​ខ្លួនឯង​ដោយ​មនោសញ្ចេតនា​នៃ​ភាព​ឯកោ​បំផុត​។ ដោយ​សារ​ការ​រត់គេច​នេះ​ហើយ​ បាន​នាំ​ខ្ញុំ​ទៅកាន់​ពិភព​ថ្មី​មួយ​ គឺ​ពិភព​ចំណេះដឹង​។ ដោយសារតែ​ការ​រត់គេច​ពី​មិត្តភាព​បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​រីកចម្រើន​ឥត​ថមថយ​ ហើយ​មិត្តភក្ដិ​រឹតតែ​ចូលចិត្ត​ខ្ញុំ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ការ​រត់គេច​ពី​មិត្តភាព​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជា​និស្សិត​ឆ្នើម​នៅក្នុង​ថ្នាក់​។
ធ្មេច​បើក​ ធ្មេច​បើក​ ៤ឆ្នាំ​បាន​កន្លងទៅ​យ៉ាង​រហ័ស​ មួយ​ប៉ប្រិចភ្នែក​ថ្ងៃ​ពិសេស​សម្រាប់​ជីវិត​ខ្ញុំ​បាន​មកដល់​ដូច​ការ​រំពឹង​ទុក​។ ថ្ងៃ​ទទួល​សញ្ញាបត្រ​នៅ​ឯកោះ​ពេជ្រ​ នៅ​សប្ដាហ៍​ក្រោយ​ ខ្ញុំ​ទទួល​សញ្ញាបត្រ​ពី​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ ខ្ញុំ​សង្ឃឹមថា​ ម៉ែ​នឹង​មក​ចូលរួម​ពិធី​នេះ​នៅ​ថ្ងៃ​នោះ​។ ខ្ញុំ​រីករាយ​ស្ទើរ​ហោះ​ពេល​ឮម៉ែ​សរសើរ​ថា​ ខ្ញុំ​រៀន​ពូកែ​ ហើយ​ទទួល​សញ្ញាបត្រ​ពី​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ដៃ​ដូច្នេះ​ ចំណែក​ម៉ែ​គាត់​ត្រេកអរ​ឥតឧបមា​។ បន្តិច​ក្រោយមក​ សម្ដី​បន្ទាប់​របស់​គាត់​បែរជា​បដិសេធ​មិន​ចូលរួម​ទៅវិញ​។ ភាព​រីករាយ​ និង​ក្ដី​សង្ឃឹម​របស់ខ្ញុំ​ទាំងប៉ុន្មាន​បាន​រលាយ​សូន្យ​ទៅតាម​ខ្យល់​មួយរំពេច​។ ខ្ញុំ​សួរ​គាត់​ ហេតុអ្វី​បាន​អត់​មក​? គាត់​ថា​អត់​ស្គាល់​ភ្នំពេញ​ គាត់​ឮថា​នៅ​ទីក្រុង​គេ​ស្លៀកពាក់​ស្អាត​ស៊ី​វី​ល័យ​ ឯគាត់​មក​ពី​ស្រុក​ជាប់​ក្លិន​ស្រែ​ ខ្លាច​បាក់មុខ​ បាត់​កិត្តិយស​ ឬត្រូវ​គេ​មាក់ងាយ​ខ្ញុំ​ដោយសារតែ​គាត់​ខោ​មិន​ខោអាវ​មិន​អាវ​។ ខ្ញុំ​មិន​ពេញចិត្ត​នឹង​សម្ដី​គាត់​លើកឡើង​មកនេះ​ទេ​ តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​បង្ខំ​គាត់​ដែរ​ បើ​គាត់​មិន​ចង់​មក​ទៅ​ហើយ​ មានតែ​បណ្ដោយ​តាមចិត្ត​របស់​គាត់​ប៉ុណ្ណោះ​។
ក្រោយ​បញ្ចប់​បរិញ្ញា​ ខ្ញុំ​មាន​អារម្មណ៍​ស្រស់ថ្លា​ ខួរក្បាល​ល្ហែល្ហើយ​មួយ​កម្រិត​ ខ្ញុំ​មិន​ត្រឡប់ទៅ​ស្រុក​វិញ​ទេ​ ព្រោះ​ខ្ញុំ​មានការ​ងារ​ធ្វើ​ហើយ​។ ខ្ញុំ​ជា​បុគ្គលិក​ទូទៅ​នៅ​ផ្នែក​ធនធានមនុស្ស​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ឯកជន​មួយ​។ ការងារ​ខ្ញុំ​មិនសូវ​ពិបាក​ទេ​ បើ​ធៀប​ជាមួយ​ការងារ​កម្មករ​រោងចក្រ​ ឬកម្ម​ករ​សំណង់​ទីនោះ​ ប៉ុន្តែ​ប្រាក់ខែ​ខ្ញុំ​ប្រហាក់​ប្រហែល​ ឬតិច​ជាង​ពួកគាត់​ផង​ បើ​ពួកគាត់​ខំប្រឹង​ធ្វើការ​ដោយ​ថែម​ម៉ោង​។ ខ្ញុំ​ធ្វើការ​បាន​កន្លះ​ឆ្នាំ​ ខ្ញុំ​មាន​ស្នេហា​ដោយ​លង់​ស្រឡាញ់​នារី​ម្នាក់​ នាង​ឈ្មោះ​ចាន់​ឌី​។ នៅកន្លែង​ធ្វើការ​ ខ្ញុំ​តែងតែ​ចោល​កន្ទុយភ្នែក​លួចមើល​នាង​ ពេល​នាង​ក្រឡេក​ចំ​ម្ដង​ៗ ខ្ញុំ​អៀន​នាង​ឡើង​ខ្វេរ​ ខ្ញុំ​តាម​ញ៉ែ​រហូត​នាង​លង់​ស្រឡាញ់​ខ្ញុំ​។ តាំងពី​មាន​ស្នេហា​ខ្ញុំ​លែង​បាន​ផ្ញើ​ប្រាក់ខែ​ជូន​ម៉ែ​ដូចមុន​ទៀតហើយ​ គឺ​ផ្ញើ​តែ​ពាក់កណ្ដាល​នៃ​ប្រាក់ខែ​ខ្ញុំ​ប៉ុណ្ណោះ​។ ប្រាក់ខែ​ដែល​នៅ​សេសសល់​ខ្ញុំ​យក​ទៅ​ប៉ាវ​សង្សារ​សំណព្វ​ដើម្បី​យកចិត្ត​នាង​។ បន្ទប់​ពី​ពួក​យើង​កាន់តែ​យល់ចិត្ត​យល់​ថ្លើម​គ្នា​ហើយ​នោះ​ មិនយូរ​ប៉ុន្មាន​នាង​ទារ​សុំ​ខ្ញុំ​រៀប​ការ​ឆាប់​ៗ ទោះ​ខ្ញុំ​គ្មាន​លុយ​ ក៏​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ត្រង់​ទៅ​នាង​ថា​ គ្មាន​លុយ​ដែរ​។ ដោយ​ខ្លាច​គេ​ចូល​ចែចូវ​ឆក់​យក​នាង​ទៅបាត់​ ខ្ញុំ​ទៅ​ខ្វះ​ខ្វៀន​ម៉ែ​ឱ្យ​រកលុយ​ការ​។ ម៉ែ​បំពេញ​បំណង​ខ្ញុំ​ដោយ​គ្មាន​បដិសេធ​សំណើ​របស់ខ្ញុំ​ ទីបំផុត​ខ្ញុំ​បាន​រៀបការ​ជាមួយ​អូន​ចាន់​ឌីតា​មក្ដី​ប្រាថ្នា​។ យើង​ស្រឡាញ់​គ្នា​ និង​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សេចក្ដីសុខ​។ បន្ទាប់ពី​រៀបការ​ហើយ​ ពួក​យើង​បានសម្រេច​ចិត្ត​រស់នៅ​ភ្នំពេញ​បន្ត​ទៀត​។ រស់នៅ​ភ្នំពេញ​យើង​មិន​មានផ្ទះ​ខ្លួនឯង​ ដូច្នេះ​យើង​ទៅ​ជួលផ្ទះ​ថ្មី​ដែល​អាច​រស់នៅ​សមរម្យ​ជាងផ្ទះ​ចាស់​។ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ការរស់នៅ​របស់​យើង​មិនល្អ​ប្រសើរ​ទាល់តែសោះ​បែរជា​ដុន​ដា​បទៅៗ​។ ការ​ចំណាយ​ត្រូវ​បែងចែក​គ្រប់​ច្រកល្ហក​ ប្រាក់ខែ​មួយ​ចំណែក​ត្រូវ​បង់ថ្លៃ​ផ្ទះ​ មួយ​ចំណែក​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ និង​មួយចំណែកទៀត​ត្រូវ​ចំណាយ​លើ​កូន​ទើបនឹង​កើត​ ឯប្រភព​ចំណូល​រកតែ​ម្នាក់​។ ដោយ​ពិបាក​ទប់ទល់​នឹង​ជីវភាព​ប្រចាំថ្ងៃ​ពេក​ ខ្ញុំ​ក៏​សម្រេច​ទៅ​ពិគ្រោះ​ជាមួយ​ប្រពន្ធ​ ដោយ​យកកូន​ទៅ​ផ្ញើ​ម៉ែ​ឯស្រុក​មួយ​រយៈ​ ដើម្បី​ប្រពន្ធ​មាន​ពេល​ទៅ​ធ្វើការ​ឡើងវិញ​។ ពួក​យើង​មាន​គម្រោង​ថា​ បើ​ពួក​យើង​ធ្វើការ​ទាំងពីរ​នាក់​អាច​សល់​លុយ​កាស​ច្រើន​ ហើយ​បន្ទាប់ពី​រឹង​ជើង​រឹង​ដៃ​ហើយ​ យើង​អាច​ទៅ​បង្កើត​មុខរបរ​រកស៊ី​នៅ​ឯស្រុក​ និង​អាច​រស់នៅ​ជុំ​កូន​វិញ​បាន​ហើយ​។ កូនប្រុស​ខ្ញុំ​មាន​អាយុ​មិនទាន់​មួយ​ខួប​ផង​ ត្រូវ​ឃ្លាតឆ្ងាយ​ពី​ម្ដាយ​ឪពុក​ទាំង​ក្មេងខ្ចី​។ ចំណែក​ម៉ែ​វិញ​ គាត់​សប្បាយចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​ចៅប្រុស​យក​ទៅ​មើលថែ​ផ្ទាល់ដៃ​។ បាន​ម៉ែ​ជួយ​មើលថែ​កូន​ជំនួស​ដូចនេះ​ ខ្ញុំ​អស់​បារម្ភ​ ហើយ​ងាក​ទៅ​ពួតដៃ​ជាមួយ​ប្រពន្ធ​ដើម្បី​ប្រឹងប្រែង​ធ្វើការ​សន្សំ​លុយ​សឹង​មិន​ហ៊ាន​សម្រាក​។ ខ្ញុំ​តែងតែ​ផ្ញើ​ប្រាក់ខែ​ខ្លះ​ជូន​ម៉ែ​ដើម្បី​ទិញ​ទឹកដោះ​សម្រាប់​កូន​រៀងរាល់​ខែ​។ យូរ​ៗទៅ​ ដោយសារតែ​វក់វី​នឹង​ការងារ​ផង​ គ្មាន​ពេល​សម្រាក​​ផង​ ពួក​យើង​ស្ទើរតែ​ភ្លេច​កូន​ដែល​នៅជា​មួយ​ម៉ែ​ទៅ​ហើយ​។ កូន​ធំល្មម​លែង​ត្រូវការ​ទឹកដោះគោ​ស្រប​ពេល​ដែល​យើង​មមាញឹក​នឹង​ការងារ​ភ្លេច​ផ្ញើ​លុយ​ជូន​ម៉ែ​សម្រាប់​ទំនុកបម្រុង​កូន​ ចំណែក​ម៉ែ​ក៏​ស្ងាត់​មិនឃើញ​ទំនាក់ទំនង​មក​ទៀត​។ ចាប់តាំងពី​យកកូន​ប្រុស​ទៅ​ផ្ញើ​ម៉ែ​ ពួក​យើង​មិនសូវ​បាន​ទៅលេង​ទេ​។ ក្នុង​មួយឆ្នាំ​ទៅលេង​បានតែ​ម្ដង​ ឬពីរ​ដង​ប៉ុណ្ណោះ​ គឺ​នៅ​រដូវ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ និង​នៅ​រដូវ​ភ្ជុំបិណ្ឌ​។ ក្នុង​ឆ្នាំនេះ​ ដោយសារតែ​រោងចក្រ​មាន​បញ្ហា​បុគ្គលិក​ធ្វើបាតុកម្ម​ដំឡើង​ប្រាក់ខែ​ ខណៈ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ថ្មី​កៀក​មកដល់​ផង​នោះ​ ពេលនេះ​មេ​សហជីព​ហាក់​មានអំណាច​ខ្លាំង​ក្នុង​ការសម្រប​សម្រួល​អំពី​រឿងរ៉ាវ​ដែល​កើតឡើង​នេះ​។ ម្ចាស់​រោងចក្រ​សុំ​ខ្ញុំ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​បន្ថែម​ប្រាក់ខែ​ និង​ប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់​ពួក​យើង​ផង​។ ខ្ញុំ​ហាក់​ត្រេកអរ​នឹង​ប្រាក់​បន្ថែម​ ប៉ុន្តែ​ជាមួយគ្នា​នេះ​ កម្មករ​រោងចក្រ​ក៏​កំពុងតែ​ស្រែក​ទាមទារ​ដំឡើង​ប្រាក់ខែ​ដែរ​។ ដោយសារតែ​ស្ថានការណ៍​ប្រែប្រួល​ ខ្ញុំ​មិនបាន​ទៅលេង​កូន​ ហើយក៏​មិនបាន​រវីរវល់​ដល់​ការ​ផ្ញើ​លុយ​ទៅ​ម៉ែ​ទៀត​។ ទម្រាំ​ដោះស្រាយ​បញ្ហា​នេះ​ហើយ​ តែមួយ​ភ្លែត​សោះ​មួយឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​។ ប្រពន្ធ​ខ្ញុំ​រំលឹក​ខ្ញុំ​ថា​ ​;;ពួក​យើង​ខានទៅ​លេង​កូន​យូរហើយ​ ឯលុយ​កាស​ក៏​មិនបាន​ផ្ញើ​ទៅ​ដែរ​។ សម្ដី​ប្រពន្ធ​ខ្ញុំ​ហាក់​បាន​ដាស់តឿន​ខ្ញុំ​ឱ្យ​ភ្ញាក់​រលឹក​ឡើងវិញ​។ មែនហើយ​ ខ្ញុំ​ស្ទើរតែ​ភ្លេចឈឹង​ទៅ​ហើយ​ កុំ​តែ​បាន​ប្រពន្ធ​និយាយប្រាប់​កុំអី​ភ្លេច​មែនហើយ​។ ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា​ ចាំ​ដល់​ភ្ជុំ​ឆ្នាំនេះ​សឹម​ទៅលេង​ ព្រោះ​ខានទៅ​លេង​ជិត​ពីរ​ឆ្នាំ​ហើយ​។ និយាយ​ហើយ​ ពួក​យើង​បាន​ត្រៀម​លុយ​កាស​ រួម​ទាំង​របស់​ប្រើប្រាស់​មួយចំនួន​ផង​ ដើម្បី​យក​ទៅ​ជូន​ម៉ែ​។ ខ្ញុំ​និយាយ​ជាមួយ​ម៉ែ​ថា​ មុន​ភ្ជុំ​ធំ​បី​ថ្ងៃ​ ខ្ញុំ​នឹង​ទៅ​ស្រុក​លេង​ម៉ែ​ ហើយ​មាន​ទាំង​របស់របរ​ប្រើប្រាស់​មួយចំនួន​ទៅជាមួយ​ផង​សម្រាប់​ជូន​ម៉ែ​។ ថ្ងៃសម្រាក​បាន​មកដល់​ ប្រពន្ធ​ខ្ញុំ​បែរជា​មាន​ជំងឺ​ជា​ទម្ងន់​ ខ្ញុំ​មិន​អាច​ទៅលេង​ស្រុក​តាម​ពាក្យសន្យា​បាន​ឡើយ​ ហើយក៏​មិន​អាច​ផ្ញើ​ប្រាក់​ទៅ​ពួកគាត់​ដែរ​។ ខ្ញុំ​ប្រាប់​គាត់​ថា​ ភ្ជុំ​នេះ​មិនបាន​ទៅលេង​ទេ​ ហើយក៏​មិនបាន​ផ្ញើ​ប្រាក់​ទៅ​ដែរ​ ព្រោះ​ប្រពន្ធ​ឈឺ​ត្រូវការ​ប្រាក់​ជាចាំបាច់​ ម្យ៉ាងទៀត​មិនដឹង​ថា​ ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​អស់​ប៉ុន្មាន​នៅឡើយ​ទេ​។ ពេលនោះ​ម៉ែ​និយាយ​ថា​ មិន​អី​ទេ​! ចាំ​ប្រពន្ធ​ជាសះស្បើយ​សឹម​ទៅលេង​ ឬចាំ​ទៅលេង​នា​ពេល​ចូលឆ្នាំ​ថ្មី​ឆ្នាំក្រោយ​ក៏បាន​ ចំណែក​កូនប្រុស​ខ្ញុំ​នៅជា​មួយ​គាត់​ គាត់​ប្រាប់​កុំឱ្យ​បារម្ភ​ ឥឡូវ​វា​ធំ​ហើយ​ វា​ឆ្លាត​ណាស់​ គាត់​អាច​មើលថែ​វា​បាន​។
ឮម៉ែ​និយាយ​បែបនេះ​ ខ្ញុំ​ហាក់​ធូរស្រាល​ចិត្ត​បន្តិច​។ ក្រោយពី​ជាសះស្បើយ​ពី​ជំងឺ​ហើយ​ ពួក​យើង​បាន​ចាប់ផ្ដើម​សន្សំ​លុយ​ជាថ្មី​ ហើយ​រង់ចាំ​វេលា​ចូលឆ្នាំ​ប្រពៃណី​ជាតិ​មកដល់​ជាថ្មី​ នឹងអាល​បាន​ទៅ​ជួប​មុខ​កូន​ជាទីស្រឡាញ់​ដែល​ខាន​ឃើញ​មុខ​គ្នា​ជាង​ពីរ​ឆ្នាំ​មកនេះ​។ កាន់តែ​កៀក​ថ្ងៃឈប់​សម្រាក​ ខ្ញុំ​កាន់តែ​នឹក​កូនប្រុស​បណ្ដូលចិត្ត​ កាន់តែ​នឹក​ម៉ែ​..។ ពេល​កំពុង​នៅលើរថយន្ត​ក្រុង​ឆ្ពោះទៅ​ស្រុក​ ខ្ញុំ​រឹតតែ​អន្ទះអន្ទែង​ចង់​ជួប​ពួក​គា​ត់​ភ្លាម​ៗស្ទើរ​ទ្រាំមិនបាន​ទៅ​ហើយ​។ ខ្ញុំ​ចេះតែ​ក្រឡេក​មើល​នេះ​មើល​នោះ​ ឬនិយាយ​ជាមួយ​ប្រពន្ធ​ដើម្បី​បន្លប់​ភាព​អន្ទះអន្ទែង​ តែ​ភាព​ស្រងេះ​ស្រងោច​កាន់តែ​ចូល​មក​សណ្ឋិត​ក្នុង​អារម្មណ៍​ខ្ញុំ​ទ្វេឡើង​។ អារម្មណ៍​ខ្ញុំ​ហាក់​មើលឃើញ​ពួកគាត់​កំពុងតែ​អង្គុយ​ទន្ទឹង​ចាំ​ខ្ញុំ​នៅមុខ​ផ្ទះ​យ៉ាង​អន្ទះសា​ ដូច​ខ្ញុំ​កំពុង​ចង់​ជួប​ពួកគាត់​យ៉ាង​ដូច្នោះ​ដែរ​។ ពេល​ទៅដល់​ផ្ទះ​ភ្លាម​ ខ្ញុំ​មិនឃើញ​ពួកគាត់​អង្គុយ​រង់ចាំ​ខ្ញុំ​ដូច​អារម្មណ៍​ខ្ញុំ​ស្រមើស្រមៃ​នោះ​ទេ​ ផ្ទះ​មាន​សភាព​ស្ងាត់ជ្រងំ​ មិនដឹងជា​ពួកគាត់​ទៅណា​ឡើយ​។ ខ្ញុំ​ទៅ​រក​នៅ​ឯចម្ការ​ក្រោយផ្ទះ​ ក៏​មិនឃើញ​ពួកគាត់​ អ្វី​ដែល​ខ្ញុំ​ឃើញ​នោះ​ គឺ​ឃើញ​ចម្ការ​ត្រូវ​គេ​ធ្វើ​របង​ព័ទ្ធ​ជិតឈឹង​។ ពេល​សួរ​អ្នកជិតខាង​ទើប​ដឹង​ថា​ ម៉ែ​ទៅ​វត្ត​។ ដោយអំណាច​នឹក​កូន​ពេក​ ខ្ញុំ​មិនបាន​សួរនាំ​អ្វី​ច្រើន​ទេ​ ខ្ញុំ​រួសរាន់​ទៅ​រក​គាត់​នៅ​ឯវត្ត​ ហើយ​ឃើញ​គាត់​កំពុង​រុញ​រទេះ​លក់​លៀស​ហាល​។
​ពុទ្ធោ​ម៉ែ​! ម៉ែ​កំពុង​ដើរ​រុញ​រទេះ​លក់​លៀស​ហាល​ក្រោម​កម្ដៅថ្ងៃ​យ៉ាង​ហួតហែង​ក្នុង​សភាព​ស្បែក​ជ្រីវជ្រួញ​។ ឯកូនប្រុស​ខ្ញុំ​នៅ​លើ​ធ្នើរ​ក្រោម​រទេះ​បិទ​ភ្នែក​ក្នុង​សភាព​យ៉ាង​ស្ងប់ស្ងាត់​។ ភ្លាម​នោះ​ ខ្ញុំ​ន្ទុះ​ទៅ​រក​ម៉ែ​ដោយ​ទន់ជង្គង់​គ្រឹប​នៅចំពោះមុខ​គាត់​ទាំង​ទឹកភ្នែក​ និង​មិន​ខ្វល់​ពី​អ្នក​នៅ​ជុំវិញ​កំពុង​ចោម​មើល​។ ខ្ញុំ​និយាយ​៖
-ម៉ែ​.. ហេតុអ្វី​ធ្លាក់ខ្លួន​យ៉ាងនេះ​? ខ្ញុំ​សង្វេ​កចិត្ត​ណាស់​.. ម៉ែ​បត​វិញ​ដោយ​ការ​ភ្ញាក់ផ្អើល​ចិត្តជា​ខ្លាំង​។
-មានរឿង​អី​កូន​… ក្រោក​ឡើង​មក​សឹម​និយាយ​គ្នា​
-បាទ​ម៉ែ​!
ខ្ញុំ​ក្រោកឈរ​ជូត​ទឹកភ្នែក​ដែល​កំពុង​រលីងរលោង​យ៉ាង​ខ្លោចចិត្ត​ អាណិត​អ្នកម៉ែ​ និង​កូនប្រុស​តូច​របស់ខ្ញុំ​ដែល​កំពុង​លង់លក់​លើ​ធ្នើរ​ក្រោម​រទេះ​លៀស​ហាល​។ ខ្ញុំ​និយាយ​ទាំង​អួល​ដើមក​នូវ​សំណួរ​ដដែល​ ដោយ​កាយវិការ​អោន​លើក​អាតូច​កូន​ខ្ញុំ​ពីក្រោម​រទេះ​មក​ដាក់លើ​ស្មា​ទាំង​វា​មមិងមមាំង​ វា​ខ្លាច​ខ្ញុំ​ វា​យំ​…។ ម៉ែ​មិន​ឆ្លើយនឹង​សំណួរ​ខ្ញុំ​ទេ​ គាត់​យក​អាតូច​ពី​ខ្ញុំ​ ហើយ​ឱ្យ​ខ្ញុំ​រុញ​រទះ​លៀស​ហាល​ទៅផ្ទះ​ជាមួយ​គាត់​។ ពួក​យើង​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ​៖
-មាន​ឃើញ​ទេ​ ខានមក​លេង​យូរ​ពេក​ សូម្បី​កូន​ ក៏​មិន​ចាំមុខ​កូន​ដែរ​
-មែនហើយ​ម៉ែ​.. ខ្ញុំ​មិនដឹង​ថា​ ម៉ែ​ធ្លាក់ខ្លួន​យ៉ាងនេះ​ទេ​ កូន​ចង់​ដឹងរឿង​ហេតុ​យ៉ាងណា​ខ្លះ​?
-មិន​អី​ទេ​កូន​ គ្រាន់តែ​ប៉ុណ្ណឹង​! ម៉ែ​អាច​ធ្វើ​បាន​ ម៉ែ​រីករាយ​ធ្វើ​វា​ចេញពី​ចិត្ត​…
ខ្ញុំ​ជជីកសួរ​គាត់​ គាត់​បែរជា​និយាយ​បន្លប់​ពីនេះពីនោះ​ទៅវិញ​។ ទោះ​គាត់​ខំ​និយាយ​យ៉ាងណា​ ក៏​ខ្ញុំ​នៅតែ​ចង់​ដឹង​ថា​ ហេតុអ្វីបានជា​គាត់​ធ្លាក់ខ្លួន​ដល់​ដំណាក់កាល​នេះ​ ដោយ​មិន​ប្រាប់​ខ្ញុំ​មួយម៉ាត់​? កាលពី​កុមារភាព​ ថ្វីបើ​គ្រួសារ​យើង​ក្រ​ ក៏​មិន​រហេមរហាម​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​ដល់​ម្ល៉ឹង​ដែរ​។ យើង​មាន​ដីស្រែ​ មាន​ដីចម្ការ​ គួរសម​អាច​ចញ្ចឹម​ខ្លួន​រស់​ដោយ​មិន​លំបាក​។ កាលពី​តូច​ខ្ញុំ​ឃើញ​ម៉ែ​ពុក​ធ្វើ​តែ​ស្រែចម្ការ​នឹង​គោក្របី​ ជី​ដាក់​ស្រែ​ប្រើ​តែ​អាចម៍គោ​អាចម៍ក្របី​ ស្រូវ​ផ្លែ​បាក់​កងាប់​ចោល​។ ពួក​យើង​រស់នៅ​សប្បាយ​ហាក់​មិន​ខ្វល់​ពី​អ្វី​ទាំងអស់​។ នៅ​កៀន​ផ្ទះ​មាន​ស្លឹកគ្រៃ​ នៅ​ក្រោយផ្ទះ​មាន​ត្រឡាច​ មាន​ននោង​ មាន​ត្រប់​ មាន​ផ្ទី​ ក្នុង​អណ្ដូង​មាន​ត្រី​មាន​កង្កែប​ចង់ស៊ី​ថ្មើរម៉ាន​បាន​ថ្មើរ​នោះ​ នៅមុខ​ផ្ទះ​មាន​ស្លឹក​ងប់​ មាន​ស្លឹកបាស​ ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​ពីរ​គីឡូ​ដី​មាន​បឹង​មួយ​អាច​ដាក់មង​ ចង​សន្ទូច​ ចាប់ត្រី​។ បើ​និយាយ​​ពី​ឧស​ដុត​វិញ​រឹតតែ​មិន​ភ័យ​ទៅទៀត​ គ្រាន់តែ​ដើរ​ពី​ស្រែ​ទៅដល់​ផ្ទះ​រើស​មែក​ឈើ​ងាប់​ៗដាក់លើ​រទេះ​ទុក​ដុត​មិន​ខ្វះ​។ ដល់​រដូវ​ធ្វើស្រែ​ យើង​ស្ទើរតែ​មិន​ស្គាល់​ថា​ អ្វី​ជា​ថ្លៃឈ្នួល​ថ្លៃ​ជួល​ដៃ​ដក​ស្ទូង​ផង​។ ម្នា​ក់ៗ​ប្រវាស់ដៃ​គ្នា​ ម្តង​គេ​ ម្តង​យើង​ មិនបាច់​អស់​លុយ​ទេ​។ អ្នកស្រុក​ធ្វើស្រែ​មួយឆ្នាំ​តែ​បី​ទៅ​បួន​ខែ​ ហើយ​សម្រាក​ប្រាំពីរ​ទៅ​ប្រាំបី​ខែ​ តែ​អាច​ចិញ្ចឹម​កូន​ទាំង​ផ្លូន​រស់​បាន​ដោយ​មិនឃើញ​មាន​អ្នកណា​ម្នាក់​អត់ឃ្លាន​នោះ​ទេ​។
និយាយ​ដល់​ចំណុច​នេះ​ ស្រាប់តែ​ម៉ែ​សួរ​ពីរ​បៀ​បរ​បប​អ្នក​រស់នៅ​ទីក្រុង​។ ខ្ញុំ​រាយរាប់​ប្រាប់​គាត់​ដោយ​មិន​បង្អង់​ ខ្ញុំ​ប្រាប់​គាត់​ថា​ អ្នកក្រុង​ឃើញ​អ្នកស្រែ​រស់នៅ​ទំនេរ​ប្រាំពីរ​ទៅ​ប្រាំបី​ខែ​ក្នុង​មួយឆ្នាំ​ដូច្នេះ​ ពួកគេ​គិតថា​ អ្នកស្រែ​ល្ងង់​ហើយ​ខ្ជិល​ទៀត​។ ចំណែក​អ្នក​រស់នៅ​ក្រុង​វិញ​ ទាំង​គេ​ទាំង​ខ្ញុំ​ មួយ​ថ្ងៃ​ៗរវល់​ខំប្រឹង​ធ្វើការ​រកតែ​ពេល​ទៅ​ជុះអាចម៍​គ្មាន​។ អ្នកក្រុង​មើលឃើញ​ខ្លួនឯង​គ្រាន់បើ​ជាង​អ្នកស្រែ​ជានិច្ច​ ពួកគេ​ហាក់​ភ្លេច​គិតថា​ អង្ករ​បន្លែ​ត្រី​សាច់​ដែល​ពួកគេ​ស៊ី​នោះ​ គឺ​បាន​មក​ពី​អ្នកស្រែ​។ ទេ​! មិនមែនទេ​ ឥឡូវ​គឺ​បាន​មក​ពី​យួន​…
-មិនមែន​តែ​អ្នកក្រុង​ណា៎​ សូម្បី​ម៉ែ​និង​អ្នកភូមិ​យើង​ ក៏​ស៊ី​តែ​របស់​យួន​ដែរ​។
-ហេតុអ្វី​ត្រូវ​ស៊ី​របស់​យួន​ បើ​យើង​មាន​ដីស្រែ​មាន​ដីចម្ការ​ដែរ​នោះ​? (ខ្ញុំ​សួរ​)
-មិនមែន​ពួក​យើង​ចង់ស៊ី​របស់​យួន​ប៉ុន្មាន​ទេ​ តែ​ដោយសារ​ទល់​ច្រក​មក​ពី​បម្រែបម្រួល​សង្គម​ ហើយ​អង្ករ​បន្លែ​ត្រី​សាច់​ប្រែក្លាយ​ជា​ថ្នាំពុល​ តាំងពី​អ្នកស្រុក​លក់​ស្រែចម្ការ​រត់ចោល​ផ្ទះសំបែង​អស់​ម្ល៉េះ​។ ចំណែក​ម៉ែ​ក៏​លក់​ដែរ​…
-ម៉ែ​លក់​… ម៉េច​បាន​លក់​? កុំ​តែ​ម៉ែ​ធ្លោយមាត់​ កុំអី​ប្រហែល​ខ្ញុំ​នៅតែ​មិនដឹងជា​រៀង​រហូត​ហើយ​។
ម៉ែ​អេះអុញ​មិន​ចង់និយាយ​បន្ត​ តែ​ដោយសារ​ខ្ញុំ​ចេះតែ​ជជីកសួរ​ខ្លាំងពេក​ គាត់​ក៏​សម្រេច​លាតត្រដាង​អាថ៌កំបាំង​ដែល​គាត់​លាក់បាំង​ខ្ញុំ​ជាច្រើន​ឆ្នាំ​ប្រាប់​ខ្ញុំ​ទាំង​ទើស​ទាល់​​ចិត្ត​។ ម៉ែ​ប្រាប់​យ៉ាង​ដូច្នេះ​ថា​ តាមពិត​ម៉ែ​មិន​ចង់​លក់​ទេ​ គឺ​ដោយសារតែ​កាលៈទេសៈ​បង្ខំ​ ទើបបាន​ម៉ែ​លក់​។ អ្នកភូមិ​ផង​របង​តែមួយ​គេ​លក់​អស់ហើយ​ បើ​អ្នក​មាន​ដីស្រែ​នៅ​ម្ដុំ​យើង​ គេ​លក់​អស់ហើយ​ ដូច្នេះ​ម៉ែ​ត្រូវតែ​លក់​ចៀសវាង​មាន​បញ្ហា​ទៅ​ថ្ងៃមុខ​។ ម្យ៉ាងទៀត​ បើ​ម៉ែ​មិន​លក់​ សួរ​ថា​មាន​លុយ​ពីណា​ឱ្យ​កូន​រៀន​។ កូន​ដឹង​​ទេ​! ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ៤ឆ្នាំ​ ម៉ែ​ត្រូវលក់​គោឈ្មោល​អស់​មួយ​នឹម​ មេគោ​មី​ត្នោត​អស់​មួយ​ក្បាល​ និង​ស្រែ​អស់​មួយ​កន្លែង​។ ក្រោយ​កូន​រៀនចប់​ ម៉ែ​អរ​ណាស់​! ម៉ែ​ពិតជា​ចង់ទៅ​ចូលរួម​ពិធី​ទទួល​សញ្ញាបត្រ​របស់​កូន​ណាស់​ តែ​ពេលនោះ​ម៉ែ​ដាច់​លុយ​ខ្លាំងពេក​ស្ទើរតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិនបាន​ផង​។ ម្ល៉ោះហើយ​ម៉ែ​ចេះ​តែ​​រក​លេស​និយាយ​គេចវេះ​ពី​ការចូលរួម​ពិធី​ទទួល​សញ្ញាបត្រ​របស់​កូន​។ ដីស្រែ​ពីរ​កន្លែង​ទៀត​ ម៉ែ​លក់​យក​លុយ​ការកូន​ ចំណែក​ដីចម្ការ​ក្រោយផ្ទះ​យើង​វិញ​ ម៉ែ​លក់​បង្ហើយ​នៅពេល​កូនប្រុស​កូន​ឈឺ​។ វា​ឈឺ​បន្ទាប់ពី​វា​មក​នៅជា​មួយ​ម៉ែ​បាន​ប្រហែល​ជាង​មួយ​ខែ​ម្ល៉េះ​។ ម៉ែ​ដឹង​ថា​ ពួក​កូន​មិនទាន់​មាន​លុយ​គ្រប់គ្រាន់​ទើប​មិន​ប្រាប់​ឱ្យ​ដឹង​ខ្លាច​ប៉ះពាល់​ដល់​ការងារ​របស់​ពួក​កូន​។ ដោយឡែក​ដីចម្ការ​នៅមុខ​វត្ត​ម៉ែ​មិនទាន់​លក់​ទេ​ ព្រោះ​ផ្នូរ​ពុក​កូន​នៅ​ទីនោះ​ ដូច្នេះ​ម៉ែ​ជួល​ឱ្យទៅ​គេ​ដាំ​អំពៅ​។ តាមពិត​ម៉ែ​ចង់​ដាំ​ដោយខ្លួនឯង​ដែរ​ តែ​ពេលនេះ​ម៉ែ​ខ្សោយកម្លាំង​ទៅ​ហើយ​មានតែ​ជួល​ទៅ​ឱ្យ​គេ​ធ្វើ​ចៀសវាង​ទុក​ដី​ទំនេរ​ចោល​។ នេះ​ហើយ​គឺ​ដើមចម​ដែល​ម៉ែ​ដើរ​រុញ​រទេះ​លក់​លៀស​ហាល​ ដើម្បី​បាន​កម្រៃ​ផ្សែផ្សំ​គ្រាន់​ចិញ្ចឹមជីវិត​។
ការ​រៀបរាប់​របស់​ម៉ែ​ធ្វើ​ឱ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់​ចុះ​ដោយ​មិនដឹង​ខ្លួន​ ទឹកភ្នែក​ពោរពេញ​ដោយ​ភាព​ឈឺចាប់​និង​ភាព​ខ្មាសអៀន​។ ខ្ញុំ​មិន​អាច​កែប្រែ​ស្ថានភាព​ឱ្យ​ប្រសើរ​ជាង​ការ​ខ្ទប់មុខ​ខ្មាស​ម៉ែ​ គឺ​ខ្មាស​ត្រង់​ម៉ែចិញ្ចឹម​បីបាច់​ថែរក្សា​ខ្ញុំ​ឱ្យ​ពេញរូបពេញរាង​ ឱ្យ​រៀន​មានចំណេះ​ខ្ពង់ខ្ពស់​ រៀបការ​ប្រពន្ធ​ឱ្យ​ ហើយ​ដើរ​លក់​លៀស​ហាល​ចិញ្ចឹម​កូន​ឱ្យ​ទៀត​។ អ្វី​ៗទាំងអស់​ គឺ​មក​ពី​ខ្ញុំ​ទើប​ម៉ែ​ខ្ញុំ​ធ្លាក់ខ្លួន​យ៉ាងនេះ​។
ឃើញ​សភាព​ខ្ញុំ​បែបនេះ​ ម៉ែ​យកដៃ​មក​អង្អែល​ខ្នង​ ហើយ​ប្រាប់​កុំឱ្យ​ខ្ញុំ​ឈឺចាប់​ពេក​ កុំ​រំជួលចិត្ត​អី​ ស្រុក​គេ​ក៏​ដូច​ស្រុក​យើង​ គឺ​នៅសល់​តែ​មនុស្សចាស់​និង​កូន​ក្មេង​តូច​ៗ​ប៉ុណ្ណោះ​ ដែល​នៅចាំ​ផ្ទះសំបែង​។ ចំណែក​មនុស្ស​ពេញកម្លាំង​ត្រូវ​ចេញទៅ​ធ្វើ​ការ​ឆ្ងាយ​ៗពី​ផ្ទះ​ ចោល​កូន​ ចោល​ម៉ែឪ​ ស្ងាត់​ស្រុក​ ស្ងាត់​ស្រែ​អស់​។ តាមពិត​ទៅ​គ្មាន​​នរណា​ម្នាក់​ចង់​បែក​ពី​គ្រួសារ​នោះ​ទេ​ អ្វី​គ្រប់យ៉ាង​ដោយសារតែ​ស្ថានភាព​សង្គម​ចាប់បង្ខំ​ឱ្យ​ពួក​យើង​ធ្វើបែប​នេះ​។ ម៉ែ​ប្រាប់​ខ្ញុំ​កុំ​បន្ទោស​ខ្លួន​អី​ បើ​ចង់​បន្ទោស​ត្រូវ​បន្ទោស​សង្គម​ដែល​កំហិត​វាសនា​យើង​បែបនេះ​។
យ៉ាងណា​ខ្ញុំ​នៅតែ​យល់ថា​ ចាស់​ៗជំនាន់​មុន​ធ្វើ​តែ​ស្រែ​នឹង​គោក្របី​សោះ​អាច​ចិញ្ចឹម​កូន​ទាំង​ផ្លូន​រស់​បាន​ តែ​មនុស្ស​សម័យនេះ​បែរជា​នាំគ្នា​រត់ចោលស្រុក​របៀប​ប៉ាត់​រប៉ាយ​ទៅ​ធ្វើការ​ឆ្ងាយ​ផ្ទះសំបែង​ ចំណែកខ្ញុំ​មានកូន​តែមួយ​សោះ​មិន​អាច​ចិញ្ចឹម​ដោយខ្លួនឯង​បាន​ ខ្ញុំ​ពិតជា​ខ្មាស​មនុស្ស​ជំនាន់​មុន​ ហើយ​រឹតតែ​ខ្មាស​ម៉ែ​ទៅទៀត​។ ចាស់​ពីមុន​ចិញ្ចឹម​កូនមួយកន្ទេល​រស់​ ចុះ​ចំណែកខ្ញុំ​?

ដោយ តន វិបុល