ក្រោយចប់បណ្ឌិត

អ្នកចេះដឹង​រំពឹង​រៀនសូត្រ​
​ប្រឹង​រៀន​រហូត​ក្បាល​តម្ពែក​
​ក្រោយ​ក្លាយ​បណ្ឌិត​គិត​វែកញែក​
​ជួយ​ចែករំលែក​ដោះទុក្ខ​ជាតិ​។​

​លុះ​ចប់​បណ្ឌិត​គិត​ទឹកភ្នែក​
​បាន​ត្រឹម​យំយែក​ស្រណោះ​ញាតិ​
​ស្ដាយ​ទាំង​ចំណេះ​ច្រែះចាប់​ទៀត​
​ប្រៀប​ដូច​ត្រីងៀត​គេ​ហាលថ្ងៃ​។​

​បើ​ខ្វើក​មិនព្រម​រណប​គេ​
​ស្មារតី​រិះរេ​ថែ​តម្លៃ​
​មិន​យូរ​ទេ​គេ​នឹង​ប្រល័យ​
​ជីវិត​ក្សិណក្ស័យ​ឬ​ជាប់គុក​។​

​ប្រសិន​ចង់​រត់​យក​រួចខ្លួន​
​គ្រាន់តែ​លាក់ខ្លួន​ភាន់​ទំនុក​
​ស្របតាម​គេ​អាច​នឹង​ផុត​ទុក្ខ​
​តែ​ត្រូវ​ថ្ងៃមុខ​សង្គម​ជេរ​។​

​ដោយ តន វិបុល