សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ពីគ្រឹះស្ថានសិក្សាសាធារណៈដែលគេបោះបង់ចោលបានក្លាយជាសាលារៀនគំរូមួយស្ថិតនៅក្នុងភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សាលាបឋមសិក្សានេះក្លាយជាសាលារៀនឆ្នើមនិងល្បីឈ្មោះ បន្ទាប់ពីនាយកសាលាបានប្រកាសដល់ឪពុកម្ដាយឱ្យបញ្ជូនកូនទៅចូលរៀនឡើងវិញ ក្រោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សម្រេចកសាងអគារសិក្សាថ្មីកម្ពស់ពីរជាន់មួយខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាលាទាំងស្រុង។
មកដល់បច្ចុប្បន្ន សាលារៀនដែលគេបោះបង់ចោលនេះ ត្រូវបានគេមើលឃើញថា វាបានក្លាយជាថ្នាលបណ្ដុះកុមារដ៏ល្បីលើការអប់រំពួកគេឱ្យមានវិន័យ គុណភាព សីលធម៌ និងសុវជីវធម៌ក្នុងការរស់នៅ។
គ្រាន់តែអ្នកសារព័ត៌មានចូលទៅដល់ក្នុងបរិវេណសាលារៀនភ្លាម កុមារតូចៗនៅទីនោះរត់មកទទួលស្វាគមន៍ដោយលើកដៃសំពះជម្រាបសួរម្ដងម្នាក់ៗ។ មើលទៅពួកគេហាក់ដូចជាមានភាពក្លាហាន និងជឿជាក់លើខ្លួនឯងណាស់។
មានវ័យ១១ឆ្នាំ កុមារី ពៅ សុគន្ធា ជាសិស្សរៀនថ្នាក់ទី៤ ក្នុងចំណោមសិស្សដទៃទៀតនៅសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង។ កុមារីរូបនេះរៀបរាប់ថា ខ្លួនគេចូលចិត្តរៀននៅទីនេះ ព្រោះទីនេះមានបរិស្ថានស្អាត មានបន្ទប់ទឹកត្រឹមត្រូវ ជាពិសេសចូលចិត្តការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ទោះពួកគាត់កាចនិងម៉ឺងម៉ាត់ចំពោះសិស្សបន្តិចក្ដី។
ដោយកំពុងអង្គុយលើទោងជាមួយនឹងមិត្តភក្ដិ និងមានម៉ាស់ការពារមេរោគផងនោះ សុគន្ធា ថ្លែងប្រាប់អ្នកសារព័ត៌មានទៀតថា ពេលព្រឹកពួកគេរៀនទូទៅ ពេលរសៀលមករៀនរបាំបន្ថែមមួយមុខទៀត ជួនណាមកអានសៀវភៅនៅក្នុងបណ្ណាល័យក៏មាន។
កុមារ សុគន្ធា ឆ្លើយសំណួរអ្នកសារព័ត៌មានបន្តថា៖ «ខ្ញុំមករៀននៅទីនេះតាំងពីថ្នាក់ទី១។ ពេលរៀនអត់ចេះគ្រូមិនដែលវ៉ៃទេ បើសិស្សខូចគ្រូសួរថាម៉េចបានខូច។ គាត់អត់វ៉ៃទេ គាត់ថាបើថ្ងៃក្រោយធ្វើអ៊ីចឹងទៀត ប្រយ័ត្នលោកគ្រូវ៉ៃ។ គ្រាន់តែលោកគ្រូគាត់ព្រមានទេ អត់ហ៊ានវ៉ៃទេ ព្រោះគាត់ខ្លាចសិស្សហ្នឹងខូចទៀត»។
ពេលសួរថារាល់ថ្ងៃនេះរៀនពូកែទេ។ កុមារីនេះឆ្លើយដោយគ្មានការស្ទាក់ស្ទើរនិងជឿជាក់លើខ្លួនឯងថា «ខ្ញុំពូកែគ្រាន់បើដែរ» កាលពីថ្នាក់ទី១ និងថ្នាក់ទី២ នាងរៀនជាប់ចំណាច់ថ្នាក់លេខ១០ចុះ។ ពេលឡើងថ្នាក់ទី៣ នាងជាប់លេខ៥ចុះទៅលេខ២។ ដោយឡែកសម្រាប់ថ្នាក់ទី៤ នាងរៀនជាប់លេខ៥ តែខែខ្លះជាប់លេខ៤។
ទោះបីជាសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង មានទីធ្លាមិនសូវធំ តែពេលចូលទៅដល់ស្រឡះភ្នែក ព្រោះទីនេះគ្មានឡើយសំរាម ឬស្លឹកឈើជ្រុះរាយប៉ាយនៅលើដី ព្រមទាំងមានដើមឈើពណ៌បៃតងដែលផ្តល់ផាសុកភាពដល់សិស្សានុសិស្សគ្រប់គ្នា។
ជាសាលានៅតំបន់ជនបទក៏ពិតមែន ប៉ុន្តែសិស្សនៅទីនេះ មានសីលធម៌ ចេះគោរពចាស់ទុំ ចេះថែសម្អាតខ្លួនប្រាណ និងបរិស្ថាននៅជុំវិញខ្លួន។ ពេលមកដល់សាលា ឬចេញទៅផ្ទះ ពួកគេមិនភ្លេចឡើយលើកដៃសំពះ អ្នកគ្រូលោកគ្រូ និងឪពុកម្តាយរបស់ពួកគេ។ ការកែប្រែខ្លួនឱ្យក្លាយជាមនុស្សមានសីលធម៌បែបនេះបានធ្វើឱ្យឪពុកម្តាយម្នាក់ៗសប្បាយចិត្តជាខ្លាំងដែលកូនរបស់ខ្លួនខុសប្លែកពីមុន។
ឪពុកម្ដាយនៅក្នុងតំបន់ បានចាត់ទុកសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ជាសាលាគំរូ និងជាថ្នាលបណ្តុះកូនតូចៗរបស់ពួកគេឱ្យមានចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងសុជីវធម៌។
ថ្លែងក្នុងនាមជាអាណាព្យាបាលមួយរូប ដែលបានបញ្ជូនកូនមករៀននៅសាលារៀននេះ អ្នកស្រី ផេន សុភាព បានឱ្យដឹងថា សាលារៀននេះគ្រប់គ្រងសិស្សបានល្អ។ សិស្សណាចូលរៀនឬមិនចូលរៀន គ្រូតែងតែប្រាប់ឪពុកម្ដាយឱ្យដឹងជាប្រចាំ ដ្បិតឪពុកម្ដាយភាគច្រើននៅទីនេះរវល់នឹងការធ្វើស្រែ និងមុខរបររកស៊ីផ្សេងៗទៀត។
អ្នកស្រីបន្តថា៖ «សាលាពីមុនអត់ទទួលយកបានទេ ពិបាកមែនទេន។ សាលាពីមុនក៏ខ្ញុំចូលរួមដែរ ប៉ុន្តែវាមិនទាន់បានជោគជ័យ ដោយសារបងប្អូនប្រជាពលរដ្ឋអត់ទាន់យល់។ អត់ទាន់យល់ពីចំណេះចេះដឹងរបស់កូន ហើយកេងប្រវ័ញ្ចកូនយកទៅដឹកគោ ទៅឃ្វាលគោឃ្វាលអីអ៊ីចឹង។ កូនអត់បានរៀន»។
«កូនខ្ញុំកូនគេ កាលពីមុនក៏តែងយកកូនទៅអ៊ីចឹងដែរ ហើយខ្ញុំទទួលយកអត់បានដោយសារលោកគ្រូអត់មានប្រាប់ដល់សហគមន៍ថាត្រូវមកប្រជុំ មកមើលសាលា អ៊ីចឹងគិតតែការងារខ្លួនឯង»។ នេះជាការបន្ថែមរបស់អ្នកស្រី។
ស្រដៀងគ្នានេះដែរ អ្នកស្រី ផាន សូវៀត ជាពលរដ្ឋរស់នៅនៅភូមិទួលបេង បានលើកឡើងថា មុនមិនទាន់ចូលរៀននៅសាលានេះ ក្មេងៗភាគច្រើនតែងតែលួចគេចសាលា និងងង៉ក់មិនចង់ទៅរៀន ហើយថែមទាំងមិនចូលចិត្តរៀននៅផ្ទះឡើយ។ ប៉ុន្តែក្រោយពីបានរៀននៅសាលារៀននេះធ្វើឱ្យក្មេងៗផ្លាស់ប្ដូរឥរិយាបថស្ទើរតែទាំងស្រុង។
អ្នកស្រីថ្លែងបញ្ជាក់ថា៖ «មកសាលា ពេលទៅវិញចេះជម្រាបសួរម៉ាក់ ជម្រាបម៉ាក់យាយ បងប្អូនណានៅជិតផ្ទះ គឺគាត់ជម្រាបសួរទាំងអស់ ថាកូនមកពីសាលារៀនវិញហើយ។ ពីមុនគាត់មិនដែលធ្វើអ៊ីចឹងទេ តែឥឡូវពេលមានភ្ញៀវមកលេងផ្ទះ ក៏គាត់ត្រូវជម្រាបសួរដែរ។ ពេលចេញពីផ្ទះគាត់ជម្រាបលា។ ជម្រាបលាម៉ាក់ប៉ា។ ជម្រាបលាម៉ាក់យាយ»។
ធ្លាប់តែជាសាលាដែលសិស្ស និងអាណាព្យាបាលសិស្សព្រងើយកន្តើយទៅហួសមកហួស តែសព្វថ្ងៃសាលាបឋមសិក្សាមួយនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីឪពុកម្តាយរបស់សិស្ស។ ឪពុកម្ដាយគ្រប់រូបពេលឃើញកូនៗមានសីលធម៌ដូច្នេះ ពួកគាត់សប្បាយរីករាយ និងមានមោទកភាពខ្លាំងចំពោះសាលារៀន និងការខិតខំប្រឹងរបស់លោកគ្រូអ្នកគ្រូ។
លោក សេង រី នាយកសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សម្នាក់មិនដែលចង់ឈប់នោះទេ។ ក្នុងមួយថ្ងៃៗមករៀនពេញៗថ្នាក់ តែដោសារជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យសាលាផ្ដល់ចំណេះដល់សិស្សមិនបានពេញ។
លោកបន្តថា អ្វីដែលជំរុញឱ្យសិស្សម្នាក់ចង់មករៀនទាំងឈឺទាំងជាដូចនេះ ដោយសារតែគ្រូបង្រៀននៅទីនេះ ពោរពេញទៅទឹកចិត្តស្រឡាញ់សិស្សគ្រប់គ្នា រីឯបរិស្ថានស្អាត ក៏ជាផ្នែកមួយទាក់ទាញចិត្តរបស់ពួកគេដែរ។
លោកថ្លែងថា៖ «ចំណុចពិសេសដែលធ្វើឱ្យសហគមន៍គាត់មានទំនុកចិត្ត ទី១គឺការរៀនទៀងទាត់ពេលវេលា។ ទី២ លោកគ្រូ អ្នកគ្រូ មកបង្រៀនមានសម្ភារៈបង្រៀនគ្រប់សព្វបែបយ៉ាង មានវិធីសាស្ត្រ ដូចជាការប្រើម៉ាស៊ីបញ្ចាំស្លាយ មានវិធីសាស្ត្រប្រើជារូបភាពជាក់ស្ដែង»។
ជាមួយនឹងការរីកចម្រើនរបស់សាលារៀននាពេលនេះ លោក សេង រី បានរំលឹកពីសាវតាសាលានេះថា សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង គឺអតីតសាលាបឋមសិក្សាទួលបេង ហើយត្រូវបានបិទទ្វារមួយរយៈកាលពីឆ្នាំ២០១០ ដោយមូលហេតុខ្វះគ្រូបង្រៀន ខ្វះសិស្សមករៀន ហើយបើកឡើងវិញនៅឆ្នាំ២០១២ មានសិស្សតែជាង២០នាក់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែង សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង បានទទួលពានរង្វាន់បញ្ជាក់ពីគុណភាពគ្រូបង្រៀនជាបន្តបន្ទាប់ ខណៈអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសាងសង់អគារសិក្សាកម្ពស់ពីរជាន់មួយខ្នង រួមទាំងហេដ្ឋារចនាសម្ពន្ធទាំងស្រុង។ ការរួមចំណែកពីសំណាក់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះហើយ បានទាក់ទាញសិស្សានុសិស្សមករៀននៅសាលានេះស្ទើរគ្មានថ្នាក់សម្រាប់អង្គុយរៀន។ ចំណែកអាណាព្យាបាល ក៏មានទំនុកចិត្តលើការបណ្ដុះបណ្ដាលរបស់សាលារៀនដូចសព្វថ្ងៃនេះ ដោយមានសិស្សសរុបពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ប្រមាណជាង៤០០នាក់៕
No comments:
Post a Comment