“​កុំ​បណ្តោយ​ជីវិត​ឱ្យ​ក្រៀម​ស្ងួត​ហួតហែង​ ​និង​កន្លង​ផុត​ទៅ​សូន្យ​ទទេ​.​.​.


 

 

អ្នកប្រាជ្ញ​ ​អ្នកនិពន្ធ​ ​និង​អ្នក​គិត​ទាំងឡាយ​ ​រួម​ទាំង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ផង​ ​ច្រើន​និយាយ​ដល់​សេចក្តី​សុខ​ថា​ ​កើត​ចេញពី​ការ​ចេះ​នែបនិត្យ​មនោរម្យ​ជាមួយ​របស់​ដែល​មាន​គង់នៅ​ ​គឺ​មិនបាច់​ត្រាច់ចរ​ស្វែងរក​ពីទី​ណា​ដែល​មាននៅ​ឆ្ងាយ​ខ្លួន​ឡើយ​ ​វា​នៅក្នុង​ដៃ​អ្នក​ហ្នឹងឯង​ ​គ្រាន់តែ​លាត​បាតដៃ​មក​ក៏​ប្រទះ​ហើយ​។​

លោក​ដេល​ ​ខារ៍​នេ​កី​ ​និយាយ​ថា​ ​“​ជា​រឿង​គួរ​ឱ្យ​សោក​ស្តាយ​ណាស់​ដែល​មនុស្សយើង​ច្រើន​មិន​ប្រើ​ជីវិត​ឱ្យ​នៅជា​មួយ​បច្ចុប្បន្ន​ ​ហើយ​ត្រាច់ចរ​សុបិន​ទៅ​ឆ្ងាយ​ដល់​កុលាប​ក្នុង​សួន​សួគ៌ា​ ​ជំនួស​ការ​នែបនិត្យ​មនោរម្យ​ជាមួយ​ផ្កា​កុលាប​ដើម​តួច​ដែល​នៅ​ក្បែ​បង្អួច​”​។​

​ការ​លើកឡើង​នេះ​អាច​និយាយ​បាន​ថា​ ​ផ្កា​កុលាប​ដែល​ស្រស់​ស្អាត​នៅមុខ​ផ្ទះ​យើង​ ​យើង​អាច​នែបនិត្យ​ស្រង់​ក្លិន​ ​និង​ត្រអាល​ជាមួយ​វា​ទៅ​ ​ហេតុ​អី​ចាំបាច់​ត្រាច់ចរ​ស្វះស្វែង​រក​កុលាប​ដែល​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​មិនដឹង​ថ្ងៃណា​នឹង​បាន​រួមរ័ក្ស​មេត្រី​។​

​អ្នកប្រាជ្ញ​ខ្លះទៀត​យល់ថា​ ​“​សេចក្តី​សុខ​មាននៅ​ទីនេះ​ ​ហើយ​ឥឡូវនេះ​”​ ​Here​ ​and​ ​Now​!​ ​មិនបាច់​ទៅ​រក​ឯណា​ឆ្ងាយ​ឡើយ​។​ ​រឿង​ដែល​ល្អ​បំផុត​សម្រាប់​ជីវិត​ ​គឺ​ឈប់​ស្វែងរក​សេចក្តី​សុខ​បណ្តោះអាសន្ន​ ​គឺ​គ្រាន់តែ​ធ្វើខ្លួន​ឱ្យ​មាន​សេចក្តី​សុខ​ ​ខណៈ​ពី​ពេលនេះ​ទៅ​បាន​ហើយ​”​។​

​ជួនកាល​មនុស្សយើង​មិនបាន​ចាប់អារម្មណ៍​ជាមួយ​របស់​ដែល​មាននៅ​ក្នុង​ដៃ​ ​ហើយ​ទីបំផុត​វា​ក៏​របូត​បាត់​ទៅ​ទើប​មិនបាន​ត្រេកត្រអាល​ចិត្ត​មាន​ក្តីសុខ​ជាមួយ​វា​ឡើយ​។​ ​ដូច្នេះ​ទើប​មានការ​យល់ឃើញ​ថា​ ​“​ការ​កើតទុក្ខ​ជាមួយ​របស់​ដែល​គ្មាន​ ​ជា​ការបំផ្លាញ​របស់​ដែល​មាននៅ​ជាមួយនឹង​។​ ​ការ​ពេញចិត្ត​របស់​មួយ​ដែល​មាននៅ​ជាមួយនឹង​អ្នក​ ​រមែង​សាង​សេចក្តី​សុខ​ក្នុងចិត្ត​បាន​ច្រើនជាង​របស់​ដែល​គ្មាន​ ​ឬមិន​ទាន់​មាន​ ​ដូច្នេះ​ចូរ​ពេញចិត្ត​របស់​ដែល​មាននៅ​ជាមួយនឹង​អ្នក​”​។​

​ជា​រួម​មក​,​ ​ជីវិត​ដែល​រត់​តាម​និង​ដេញ​ស្រវា​ចាប់​ហួសហេតុ​ពេក​ ​ដោយ​មិនបាន​ចាប់​អារម្មណ៍​របស់​ដែល​មាននៅ​ជាមួយនឹង​អ្នក​ ​គឺ​ការ​មិន​ស្គាល់​ពី​គុណ​តម្លៃ​ ​និង​ការ​មិនបាន​ស្វែងរក​ប្រយោជន៍​ពី​របស់របរ​ ​ឬ​ឱកាស​ដែល​មាននៅ​ ​និង​មិនបាន​ចាប់អារម្មណ៍​សំឡេង​ខ្យល់បក់​ស្លឹក​ឈើ​រវិច​ៗ​ ​ក្លិនក្រអូប​នៃ​ផ្កាម្លិះ​ ​និង​កុលាប​មុខ​ផ្ទះ​ ​សំឡេង​សត្វ​ស្រែកច្រៀង​នា​ពេលព្រឹក​ព្រហាម​។​

​ហេតុ​ដូចនេះ​ ​កុំ​បណ្តោយ​ឱ្យ​ជីវិត​របស់​អ្នក​ឱ្យ​ស្វិត​ក្រៀម​ក្រញង់​ស្ងួត​ហួតហែង​ ​និង​កន្លង​ផុត​ទៅ​យ៉ាង​សោះសូន្យ​ទទេ​ ​ដោយ​មិនបាន​រួមរ័ក្ស​មេត្រី​មាន​នៃ​ក្តីសុខ​ជាមួយ​របស់​ដែល​មាននៅ​ឱ្យ​សោះ​៕​

No comments:

Post a Comment