ស្វែង​យល់​ពីភាពអស្ចារ្យ​នៃ​ការស្ថាបនាបន្ទាយ ឬ​រាជធានី​លង្វែក មុន​ពេល​បន្ទាយ​នេះ​ត្រូវ​​បែក​បាក់​

 


លង្វែក គឺជា​រាជធានី​ថ្មី​ទី២ នៅ​សម័យ​ក្រោយ​អង្គរ ​បន្ទាប់​ពី​រាជធានី​ចតុ​មុខ​-ភ្នំពេញ។ រាជធានី​ថ្មី​នេះ បាន​ស្ថាបនា​ឡើង​ដោយ​ព្រះ​ចន្ទ​រាជា ក្រោយ​ពី​ព្រះ​អង្គច្បាំង​ឈ្នះ​ស្តេច​កន កាលពី​ឆ្នាំ​១៥២៦។ យ៉ាង​ណា​សង្គ្រាម​​ស៊ី​វិល​រវាង​បង​និង​ប្អូន​ថ្លៃ​នេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​៩ឆ្នាំ ទើប​បញ្ចប់។

តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ ដោយ​សាស្រ្តាចារ្យ វង់ សុធារ៉ា និង ណុប សុខា បាន​សរសេរ​ថា ការស្ថាប​នា​បន្ទាយ ឬ​រាជធានី​នេះ​ត្រូវ​ចំណាយ​រយៈ​ពេល​៣ឆ្នាំ (១៥២៧-១៥២៩)។ ការជ្រើសរីស​ទី​តាំង​​ថ្មី​សម្រាប់​រាជធានី​ថ្មី ដើម្បី​ការពារ​ពីការឈ្លានពាន​របស់​ស​ត្រូវ។ បន្ទាយ​នេះ​មាន​រាង៤ជ្រុង​ទ្រវែង គឺទទឹង​មាន​ប្រវែង​ពីរ​គីឡូ​ម៉ែត្រ និង​បណ្តោយ​ជិត​បី​គីឡូ​ម៉ែត្រ ដែល​ចែក​ចេញ​ជា៥កំពែងហ៊ុមព័ទ្ធ​ដោយ​ដើម​ឬ​ស្សី កម្រាស់១៦០​ម៉ែត្រ នៅ​តាម​ជ្រុង​ទាំង​បី លើក​លែងតែជ្រុង​ខាង​កើត​ដែល​មាន​បឹង​ប៉ុណ្ណោះ។

កំពែងទី១​នៃ​បន្ទាយជា​កន្លែង​ទាហានកាំ​ភ្លើង​ធំ​ដែល​នៅ​ពី​មុខ។ កំពែង​នេះ​មាន​រោងដំរី​និង​រោងសេះ។ កំពែងទី២ជា​កន្លែង​ទាហានកំា​ភ្លើង​វែង សាលា​ជំនុំ សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍។ កំពែងទី៣ជា​កន្លែង​ដាក់​ទាហានប្រដាប់​អាវុធ​ខ្លី គឺ​មាន​ដាវ ផ្គាក់ និង​កាំបិត។ កំពែងទី៤ជា​កន្លែង​សម្រាប់​ទាហានកង​រក្សា​ព្រះ​អង្គ រោង​ល្ខោន និង​ព្រះ​ពន្លា សម្រាប់​ព្រះ​រាជា​ទត​ល្ខោន និង​កំពែងទី៥ ជា​កន្លែង​តាំង​បញ្ច​ក្សត្រ និង​ដំណាក់សំរិទ្ធ វិ​មាន កម្សាន្ត​ភិរម្យ ក្រុម​បាគូបុរោហិត និង​ក្រុម​មហា​តលិក(ថ្លឹក)។

បន្ទាយលង្វែក ជា​កន្លែង​យុទ្ធសាស្រ្ត​មួយ​មាន​ទន្លេ បឹង និង​ព្រែក។ បន្ថែម​លើ​នេះ គេ​បាន​ជីក​បុក​ឫស រៀប​ថ្ម៦ហត្ថ​ជុំ​វិញ​បន្ទាយជាបីជ្រុង ហើយ​លើក​ដីច្រុះក្ដារ​ធ្វើ​បន្ទាយ​នេះ​កម្ពស់១៤ហត្ថ កម្រាស់​ខ្នង​លើ​១០ហត្ថ ជើង​ទេរ​ខាង​ក្រោម​២២ហត្ថ ឯជ្រុងទី៤ គឺ​ទន្លេ។ បន្ទាយ​នេះ​មាន​ច្រក ឬ​ទ្វារ​ចំនួន​៤​ធំៗ ដែល​ទ្វារនី​មួយៗ មាន​ស៊ើន(ប៉មយាម)​មួយ។ ស៊ើន​នៃ​ទ្វារនី​មួយៗ មាន​កម្ពស់២២ហត្ថ ដោយ​មាន​បំពាក់​កំា​ភ្លើង​ធំ​ផង។

ក្រៅ​ពីបន្ទាយ​ដ៏​រឹងមាំ រាជធានី​លង្វែក ក៏​ជាឃ្លាំង​វប្បធម៌​ដ៏​រុង​រឿង​បំផុត​នា​សម័យ​ក្រោយ​អង្គរ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ ឯកសារ​ខ្លះ​បញ្ជា​ក់ថា នៅ​កណ្ដាល​រាជធានី​នេះ គេ​បាន​សាងបដិមា​ព្រះ​ភគណេស ដ៏​ធំ “​ខ្លួន​មនុស្ស​ក្បាល​ដំរី” ដែល​ជាអាទិទេព​តំណាង​ខាង​អក្សរ​សាស្ត្រ និង​វិទ្យា​សាស្ត្រ ទុកជា​អ្នក​តា​រក្សា​ក្រុង។ ម៉្យាង​ទៀត មាន​ការ​និយាយ​តៗ​គ្នា​ថា នៅ​ក្នុង​បន្ទាយលង្វែក​នេះ គេ​បាន​តម្កល់​បដិមា​ព្រះ​គោ​មួយ​អង្គ និង​ព្រះ​កែវ​មួយ​អង្គ ដែល​ជាបងប្អូនបង្កើត។ អ្នក​ស្រុក​តែង​តែ​គោរព​បូជា ដោយ​ចាត់​ទុកថា​ជា​វត្ថុ​ស័ក្តិ​សិទ្ធិ​របស់​ជាតិ​ថែម​ទៀត​ផង។ គេជឿថា គម្ពីរ​ក្បួន​ច្បាប់​ដែល​សំខាន់​បំផុត​របស់​ជាតិ ត្រូវ​គេ​យកមក​រក្សា​ទុក​ក្នុង​ពោះ​ព្រះ​គោ​នោះ​ឯង។

មក​ដល់​បច្ចុប្បន្ន គេ​ពិត​ជា​ពិបាក​ស្រមៃថា អតីត​រាជធានី​ដ៏​អស្ចារ្យ​មួយ​ដែល​ព័ទ្ធ​ដោយ​ជញ្ជាំង​នៅ​ខាង​កើត​មាន​ស្រះ​ទឹក និង​ព្រៃ​ឈើ​ជុំ​វិញ​​ណាស់ ព្រោះ​បន្ទាយលង្វែក ឬ​រាជធានី​លង្វែក​បាន​ក្លាយ​ជាទី​រហោស្ថាន​ដ៏​ស្រងេះស្រងោច សោកសៅ និង​កណ្តោចកណ្តែង ដែល​គេលែងសូវ​ស្គាល់ ឬ​នៅ​ចាំតែ​ឈ្មោះ​តែ​ប៉ុណ្ណោះ។ រាជធានី​លង្វែក បាន​លិចកប់​បាត់​ទៅ​ក្នុង​ស្រមោល​អតីត​កាល​ដ៏​អាថ៌កំបាំង ជូរចត់ និង​ស្រពិច​ស្រពិល​មួយ។ អតីត​ព្រះ​បរមរាជវាំង​របស់​ព្រះ​ចន្ទ​រាជា​បាន​ក្លាយ​ទៅ​ជា​ទី​តាំង​​ផលិត និង​ឡ​សម្រាប់​ដុតឥដ្ឋ​របស់​អ្នក​ស្រុក​ទៅ​ហើយ។

ការ​បែក​បាក់​បន្ទាយលង្វែក

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​ជឿ​ជាក់​ទំាងស្រុង​ទៅ​លើ​ឯកសារ​មហា​បុរស​ខ្មែរ ឬ​រឿង​ព្រេងនិទាន​ខ្មែរ​នៅ​ឡើយ​ទេ ព្រោះ​មាន​ការចងក្រង​ខុស​គ្នា​រវាង​ប្រវត្តិសាស្រ្ត​ខ្មែរ និង​ប្រវត្តិសាស្រ្ត​អយុធ្យា។

តាម​រឿង​ព្រេងនិទាន​ខ្មែរ «ព្រះ​គោ​ព្រះ​កែវ» បាន​តំណាលថា ការ​បែក​បាក់​បន្ទាយ ឬ​រាជធានី​លង្វែក គឺ​ដោយ​សារការកាប់ឆ្ការ​ព្រៃ​ឬ​ស្សី​របស់​អ្នក​ស្រុក ដើម្បីយក​ប្រាក់​ឌួង​ដែល​អយុធ្យា​បាន​បាញ់​មក​ចូល​ទៅ​នោះ។ ប៉ុន្តែ​ឯកសារ​ប្រវត្តិសាស្រ្ត​អយុធ្យា​ពុំ​បាន​រ៉ាយរ៉ាប់ពី​រឿង​បាច​ប្រាក់​ឌួងទេ។ ដោយ​គេ​គ្រាន់​តែ​ពណ៌​នាថា ការ​វាយ​បែក​បន្ទាយលង្វែក គឺ​ប្រើ​យុទ្ធសាស្រ្ត​ចំណាយ​ពេល​បីខែ​ក្នុង​ការលោមព័ទ្ធបន្ទាយ ដើម្បី​ផ្តាច់​ស្បៀង ផ្តាច់​កង​ទ័ព​​ជំនួយ​ពី​ខាង​ក្រៅ ឬ​បរទេស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កង​ទ័ព​​មហា​នគរទន់​ដៃ​គ្មាន​​មធ្យោបាយ​នឹង​ទប់ទល់។ រាជធានី ឬ​បន្ទាយលង្វែក​ត្រូវ​កង​ទ័ព​​អាយុ​ធ្យា​របស់​នរេនសូរ​វាយ​បែក​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​ជេដ្ឋា​រាមាធិបតី។

ផ្អែក​តាម​ឯកសារ​ពង្សាវតារ​មហា​បុរស​ខ្មែរ​សរសេរ​ថា ស្តេច​អង្គ​នេះ​ឡើង​សោយរាជ្យ​ក្នុង​ព្រះ​ជន្ម១១​ព្រះ​វស្សា គឺ​នៅ​ឆ្នាំ​១៩៨៥ ហើយ​មក​ដល់​ឆ្នាំ​១៥៩៣ ត្រូវ​ទ័ព​អាយុ​ធ្យា​វាយ​បែក​ទំាងស្រុង។ ក្នុង​យុទ្ធសាស្រ្ត​វាយ​បំ​បែក​ គឺ​អាយុ​ធ្យា​បាន​ឡោមព័ទ្ធបន្ទាយ​នេះ​អស់​រយៈ​ពេល​៣ខែ តែ​ចូល​មិន​បាន។ ទី​បំផុត ព្រះ​នរេនសូរ​បាន​បញ្ជា​ឱ្យ​ទ័ព​យកចំបើងជ្រ​លក់​ជ័រ​ទឹក​ទៅ​ដុតឫស្សី ដែល​ខ្មែរ​បាន​គាស់រំលើង​ទាំង​នោះ​ឆេះ​អស់​រយៈ​ពេល​បីយប់បី​ថ្ងៃ​រួច​វាយ​សម្រុកយកបន្ទាយលង្វែក។ ស្តេច​អាយុ​ធ្យា​ចាប់​បាន​ព្រះ​ស្រីសុរិយោព័ណ៌ឧបយោរាជ ព្រះ​រាជបុត្រ និង​ព្រះ​មហេសី​នាំ​យក​ទៅ​អាយុ​ធ្យា។

នៅ​ឈាង​ខាង​ត្បូង នៃ​រាជធានី​នេះ​មាន​ទន្លេ​ត្រី​មុខ​ស្ថិត​នៅ​ជ្រុង​ខាង​កើត។ ទី​នោះ​ជាកំពង់ហ្លួង សម្រាប់​ព្រះ​រាជា​ចុះ​ស្រង់​ទឹក ឬ​ទតការប្រណាំទូក និង​ជាកំពង់ឃ្លាំង សម្រាប់​ផ្ទុក​ព្រះ​រាជ​ទ្រព្យ ហើយ​ក៏​ជាសមរ​ភូមិ​ដ៏​ស្វិតស្វាញ​រវាង​កង​ទ័ព​​ខ្មែរ និង​អយុធ្យា​ដែរ។ អយុធ្យា​ប្រើ​ទ័ព​ជើង​ទឹក វាយ​ចូល​តាម​ច្រក​សំខាន់ៗ។

ទោះ​ជា​យ៉ាង​ណា ការ​វាយ​បែក​បន្ទាយលង្វែក​ត្រូវ​អ្នក​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​អះអាង​ថា ជាការ​កើត​ឡើង​ដោយ​សារតែ​ការ​បែក​បាក់​សាមគ្គី​គ្នា ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ក្រោម​យុទ្ធសាស្រ្ត​ល្បិចកល​បាច​ប្រាក់​ឌួង​ចូល​ក្នុង​គុម្ព​ឬ​ស្សី នៃ​បន្ទាយ​នោះ។ ប៉ុន្តែ​គេ​នៅ​តែ​សង្ស័យ​ថា ការ​លើក​ឡើង​ពីការបាច​ប្រាក់​ឌួងពី​សំណាក់​អយុធ្យា​ហាក់​គ្មាន​​ហេតុ​ផលសមស្រប ហើយ​គេ​ក៏​ចង់​ឱ្យ​មាន​កំណាយជា​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​បញ្ជា​ក់ថា ការ​បែក​បាក់​រាជធានី​លង្វែក គឺ​ពិត​ជា​កើត​ឡើង​ដោយ​សារការបាច​ប្រាក់​ឌួង​របស់​ស​ត្រូវ​ពិត​មែន ឬ​យ៉ាង​ណា?

No comments:

Post a Comment