ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខាងមុខ គឺជាថ្ងៃខួប៧០ឆ្នាំ នៃមរណភាពរបស់លោក អៀវ កើស អតីតនាយករដ្ឋមន្ត្រីខ្មែរទី៩ ដែលត្រូវឃាតករគប់គ្រាប់បែកធ្វើឃាតនាំឱ្យរញ្ជួយដល់ពិភពលោក បន្ទាប់ពីរូបលោកជាប់ឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីបាន៨ថ្ងៃ។
ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយដែលកើតមិនទាន់សម័យកាលលោកប្រហែលជាមិនបានដឹង មិនបានចាប់អារម្មណ៍ ឬអាចមើលរំលងផងក៏មិនដឹង តែមានមួយចំនួនភាគតិចណាស់ដែលបានដឹងអំពីកិត្តិនាមរបស់លោកក្នុងភាពស្រពេចស្រពិល។ ទន្ទឹមនឹងការដឹងស្រពិចស្រពិលនេះ ចាស់ៗដែលមានវ័យ៧០ឆ្នាំឡើងទៅ លោកប្រហែលជាស្គាល់ច្បាស់អំពីកេរ្ដិ៍ឈ្មោះលោក អៀវ កើស។
សម្រាប់សង្គមខ្មែរទូទៅ នៅក្នុងកំលុងទសវត្សរ៍ទី៤០ រហូតមកទាល់នឹងដើមទសវត្សរ៍ទី៥០ លោក អៀវ កើស មិនត្រឹមជាមេដឹកនាំ “គណបក្សប្រជាធិបតេយ្យ” បន្តពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប៉ុណ្ណោះទេ តែលោក ក៏ជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញទី១ ក្នុង “របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ” ឆ្នាំ១៩៤៧ កាលពីលោកកាន់តែតួនាទីជាប្រធានរដ្ឋសភា និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច។ ក្រៅពីកិច្ចការទាំងនេះ លោកក៏ជាអ្នកស្រាជ្រាវ អ្នកនិពន្ធ អ្នកចងក្រងសៀវភៅដ៏ឆ្នើមមួយរូប ដែលគិតដល់ភាសា និងអក្សរសាស្រ្តជាតិ ដោយលោកបាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា ភាសាខ្មែរ ការសាកល្បងពិនិត្យរកហេតុផល សម្រាប់កូនខ្មែរគ្រាន់សិក្សាឈ្វេងយល់។
ជាអកុសល បន្ទាប់ពីជាប់ឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីបាន៨ថ្ងៃ និងបន្ទាប់ត្រឡប់ពីដង្ហែសម្តេចព្រះនរោត្តម សីហនុ ទៅទស្សនកិច្ចនៅប្រទេសបារាំងវិញ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ ត្រូវឃាតករអប្រិយចោលគ្រាប់បែកធ្វើឃាតលោកនាំឱ្យរញ្ជួយដល់ពិភពលោក គឺមិនចាញ់ឃាតកម្មនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ឡើយ ព្រោះពេលនោះ ដ្បិតកម្ពុជាមានត្រឹមតែវិទ្យុផ្សាយសំឡេង និងមិនទាន់មានហ្វេសប៊ុក និងទូរទស្សន៍ដូចសម័យបច្ចុប្បន្នយ៉ាងណាក្ដី។
ពិធីបុណ្យសពលោក អៀវ កើស ធ្វើឡើងក្នុងសភាពគគ្រឹកគគ្រេងសម្បើមណាស់ ដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការរាប់ពាន់នាក់ ចូលរួមហែសព នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៥០ (តម្កល់សពទុក១សប្តាហ៍) ដោយហែចេញពីគេហដ្ឋានសព នៅតីរវិថី ព្រះស៊ីសុវត្ថិ យកទៅធ្វើឈាបនកិច្ច នៅវត្តបទុមវតី…។
ទាក់ទងនឹងឃាតកម្មនេះ លោក ប៊ុណ្ណ ច័ន្ទម៉ុល អតីតអ្នកទោសនយោបាយគុកកោះត្រឡាច បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” របស់លោកថា «លោក អៀវ កើស ប្រធានគណបក្សប្រជាធិបតេយ្យ ប្រធានសភាជាតិ ត្រូវបានជនម្នាក់គប់គ្រាប់បែកធ្វើឃាតលោក នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ លេខ៦៧ ផ្លូវឧកញ៉ាផ្លុង កាច់ជ្រុងវិថីព្រះនរោត្តម សព្វថ្ងៃ»។
លោក អៀវ កើស កើតនៅឆ្នាំ១៩០៥ ស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ជាកូនទោល ដែលមានឪពុកឈ្មោះ អៀវ ហេង ម្តាយឈ្មោះអ្នកស្រីទឹក។
កាលនៅវ័យ កុមារ លោកបានចូលរៀននៅសាលាវត្តកណ្តាល និងសាលាបឋមសិក្សាក្រុងបាត់ដំបង បន្ទាប់មកក៏ចូលរៀនបន្តនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ លោកប្រឡងជាប់លេខ១ ត្រូវរាជការបញ្ជូនទៅរៀនយកសញ្ញាបត្រឧត្តមសិក្សា នៅក្រុងហាណូយ និងបន្តទៅរៀននៅប្រទេសបារាំង ដោយចាប់យកឯកទេសខាងពាណិជ្ជកម្ម។
ត្រឡប់មកស្រុកកំណើតវិញ នាឆ្នាំ១៩៤០ លោក អៀវ កើស បានរៀបការជាមួយនារីម្នាក់ឈ្មោះ គឹម សិរី ដោយបង្កើតបានកូន២នាក់ ក្នុងនោះមានលោក អៀវ ប៉ុណ្ណាការ អតីតប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈម្នាក់។ នាឆ្នាំ១៩៤៥ លោកត្រូវបានទទួលការតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ប៉ុន្តែលោកនិងភរិយា ក៏មានមុខរបរផ្ទាល់ខ្លួនដែរ គឺជាម្ចាស់ឱសថស្ថាន និងកម្មន្តសាលធ្វើសាប៊ូមួយកន្លែង។
សព្វថ្ងៃនេះ ឈ្មោះលោក អៀវ កើស ពុំសូវមាននរណារំលឹកទេ។ លោកស្ទើរតែបាត់ឈ្មោះទៅហើយ មានតែប្រភពឯកសារតិចតួចបំផុត ដែលនិយាយលម្អិតពីវីរភាពរបស់លោក អៀវ កើស៕
No comments:
Post a Comment