ជ្រុង​មួយ​នៃ​សង្គម​៖​ ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ​នៅ​រាជធានី​ភ្នំពេញ​


 

ប្រសិន​បើ​​គេ​​បើក​​ហ្វេ​សប៊ុ​ក​ ​ស្ដាប់​វិទ្យុ​ ​មើល​ទូរទស្សន៍​ ​ការផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​ហ្វេ​សប៊ុ​ក​ ​ឬ​ជិះ​ម៉ូតូ​តាមផ្លូវ​ ​គេ​នឹង​ឃើញ​ ​ឬឮ​ការ​និយាយ​ត្អូញត្អែរ​ពី​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​ ​នៅ​រាជធានី​ភ្នំពេញ​ ​ហើយ​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​ឬ​អ្នកបើកបរ​ខ្លះ​បាន​ជួប​ផ្ទាល់​ដោយខ្លួនឯង​ផង​ដែរ​។​ ​


​ការ​កកស្ទះ​ផ្លូវ​ដ៏​គួរ​ឱ្យ​ធុញទ្រាន់​នេះ​ ​សម្រាប់​អ្នក​ដែល​រស់នៅ​ភ្នំពេញ​វិញ​ ​គឺ​គ្មាន​នរណា​ម្នាក់​ ​ដែល​មិន​ជួបប្រទះ​ឡើយ​ ​គ្រាន់តែ​តិច​ ​ឬ​ច្រើន​ប៉ុណ្ណោះ​។​ ​បញ្ហា​កកស្ទះ​នេះ​ ​គេ​ក៏អាច​យល់ដឹង​ខ្លះ​ដែល​នាំ​ឱ្យ​កកស្ទះ​ចរាចរណ៍​ដែរ​ថា​ ​មក​ពី​ហេតុអ្វី​ ​ឬ​មក​ពីក​ត្តា​អ្វីខ្លះ​?​ ​

​អ្នកប្រើ​ប្រាស់​ផ្លូវ​ខ្លះ​ ​បាន​រអ៊ូ​រទាំ​ខ្លាំង​ៗ​ថា​ ​កត្តា​ដែល​នាំ​ឱ្យ​កកស្ទះ​នេះ​ ​គឺ​ដោយសារ​អ្នក​បើក​បរ​ទោចក្រយាន​យន្ត​ ​(​កង់​ម៉ូតូ​)​ ​ត្រី​ចក្រ​យាន​​យន្ត​ ​(​រ៉ឺម៉ក​កង់​បី​ ​ឬ​រ៉ឺម៉ក​កែច្នៃ​)​ ​និង​រថយន្ត​ ​ដែល​បើកបរ​គ្មាន​សណ្តាប់​ធ្នាប់​ ​មិន​ស្គាល់​គន្លង​របស់​ខ្លួន​ ​ដែល​ត្រូវ​បើកបរ​។​ ​អ្នកបើកបរ​ខ្លះ​ ​ត្រូវ​បត់ឆ្វេង​ ​តែ​ឈប់​នៅ​ខាងស្តាំ​ ​អ្នកខ្លះ​ត្រូវ​បត់​ស្តាំ​ ​តែ​ឈប់​នៅ​ខាងឆ្វេង​។​ ​លើស​ពីនេះ​ទៀត​ ​គេ​ថែម​ទាំង​ស៊ីប្លេ​បង្ក​ឱ្យ​កើតជា​ការ​សំឡេង​រំខាន​ផង​ក៏​មាន​។​

​ក្រៅពី​នេះ​ ​អ្នកបើកបរ​ខ្លះ​ ​ខ្លួនឯង​ខុស​ហើយ​ ​មិនព្រម​ទទួលស្គាល់​ ​បែរជា​ទៅ​ស្តី​បន្ទោស​រាជរដ្ឋាភិបាល​ ​ថា​ ​គ្មាន​វិធានការ​ច្បាស់លាស់​ ​ឬ​តឹងរ៉ឹង​ ​ចំពោះ​សណ្តាប់​ធ្នាប់​ ​ឬ​ច្បាប់​ចរាចរណ៍​ ​ឯ​អ្នកខ្លះ​ទៀត​ក៏​បន្ទោស​លើ​អ្នក​អនុវត្ត​ច្បាប់​ ​ដូចជា​ក្រុមតម្រួត​ចរាចរណ៍​ជាដើម​ ​អ្នកខ្លះ​ ​ក៏​ស្តី​បន្ទោស​ថា​ ​ទាំង​អ្នក​អនុវត្ត​ច្បាប់​ ​ទាំង​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​គឺ​មាន​កំហុស​ទាំងពីរ​តែម្ដង​។​ ​

​ប៉ុន្តែ​ជាទូទៅ​ ​បើ​យើង​ឈរ​មើល​បញ្ហា​ពី​ចម្ងាយ​ ​យើង​ឈរ​លើ​មូលដ្ឋាន​ភាព​ពិត​ជាក់ស្ដែង​ ​និង​សួរ​ដេញ​រក​មូលហេតុ​តាម​បែប​សត្យានុម័តិ​ដោយ​មិន​ជាប់នឹង​នយោ​បាយ​ ​មនោគមវិជ្ជា​ ​ឬ​អគតិ​ណាមួយ​នោះ​ ​គឺ​ច្បាស់​ណាស់​ ​យើង​នឹង​ឃើញ​នូវ​បរិការណ៍​ផ្សេង​ៗ​ជាច្រើន​ច្របូក​គ្នា​ ​ហើយ​បង្កើត​ឱ្យ​មាន​បញ្ហា​ចរាចរណ៍​មិនខាន​។​

​តើមាន​មូលហេតុ​អ្វីខ្លះ​ ​ដែល​នាំ​ឱ្យ​មានការ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ខ្លាំង​ដូច្នេះ​?​ ​តើ​បញ្ហា​នេះ​ ​បណ្ដាលមក​តែ​ពី​កង្វះ​សមត្ថភាព​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​និង​អ្នក​បើកបរ​ ​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​គ្មាន​ការយល់​ដឹង​ ​ជាពិសេស​ការ​ចត​យានយន្ត​តាម​ដងផ្លូវ​គ្មាន​​សណ្ដាប់​ធ្នាប់​​ដូច​ដែល​​យើង​​បាន​មើលឃើញ​ឬអ្វី​?​ ​តើ​អាច​នឹង​មាន​ ​បញ្ហា​ណា​ផ្សេងទៀត​ដែរ​ឬទេ​?​

​យើង​ឃើញថា​ ​មូលហេតុ​មួយ​ដែល​មិន​អាច​រំលង​បាន​នោះ​គឺ​៖​
​១​.​ ​ជំងឺផ្លូវចិត្ត​ដែល​ចង់តែ​រស់​ម្នាក់ឯង​។​ ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​ ​គឺ​
​២​.​ការ​មិន​ទទួលខុសត្រូវ​ ​ការ​មិន​ទទួលស្គាល់​ការពិត​របស់​មន្រ្តី​អនុវត្ត​ច្បាប់​ ​និង​ពលរដ្ឋ​ ​ឬ​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​ពោល​ ​គឺ​ពួកគេ​បាន​ទំលាក់​កំហុស​គ្នា​ ​ទៅវិញទៅមក​ ​ដែល​កត្តា​នេះ​ ​បណ្តាល​មក​ពី​
​៣​.​ពលរដ្ឋ​ ​ឬ​អ្នកប្រើ​ប្រាស់​ផ្លូវ​គ្មាន​ចំណេះដឹង​ផ្នែក​ច្បាប់​បើកបរ​
​៤​.​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​
​៥​.​ពលរដ្ឋ​បាត់បង់​សីលធម៌​ឬ​សីលធម៌​សង្គម​ធ្លាក់ចុះ​
​៦​.​វប្បធម៌​អន្តរាគមន៍​ពី​ជន​មានអំណាច​
​៧​.​អ្នកប្រើ​ប្រាស់​ផ្លូវ​ ​អាង​អំណាច​សាច់ញាតិ​ ​ឬបក្ស​ពួក​

​ចំពោះ​ទម្លាប់​មិនព្រម​ទទួលខុសត្រូវ​នេះ​ ​ក៏​ជា​កត្តា​មួយ​បណ្តាល​ឱ្យ​មានការ​រាំងស្ទះ​ ​ដល់​ការ​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ចំពោះមុខ​និង​អនាគត​។​ ​

​បច្ចុប្បន្ន​ ​បើ​គេ​សាកល្បង​យក​បញ្ហា​ដែល​ពហុភាគី​យល់ព្រម​ទទួលស្គាល់​ដូចគ្នា​មក​ពិនិត្យ​ពិភាក្សា​ ​គេ​នឹងអាច​រក​ដំណោះស្រាយ​បាន​ដោយ​ងាយ​ ​តែ​សម្រាប់​សង្គម​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​ ​ការស្វែងរក​ដំណោះស្រាយ​ ​ហាក់​មិនសូវ​មាន​ ​គឺ​មានតែ​ការ​បង្ក​ឱ្យ​មាន​បញ្ហា​កាន់តែ​ធំ​ឡើង​ៗ​។​ ​បញ្ហា​ដែលគេ​អាច​វែកញែក​បាន​ទាំងនោះ​រួមមាន​៖​ ​
​១​.​ផ្លូវ​តូច​ចង្អៀត​ ​អ្នកបញ្ជា​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​ ​
​២​.​ការ​ចត​យានយន្ត​នៅ​តាម​ដង​វិថី​នានា​ ​
​៣​.​កំណើន​យានជំនិះ​ ​
​៤​.​ការ​មិន​យល់​ច្បាប់​ចរាចរណ៍​ ​
​៥​.​ការលក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​
​៦​.​កំណត់​សំណង់ផ្ទះ​សង់​អែបនឹង​ចិញ្ចើម​ផ្លូវ​
​៧​.​ការអនុវត្ត​មិនសូវ​មាន​តម្លាភាព​របស់​អាជ្ញាធរ​ ​និង​មួយទៀត​ដែល​យើង​សូម​បញ្ចូល​ជា​បញ្ហា​ផង​ដែរ​ ​គឺ​ប្រព័ន្ធ​ចរាចរណ៍​ដែល​មាន​សព្វថ្ងៃ​មិនសូវ​ល្អ​។​ ​

​ក្នុងករណី​ផ្លូវ​តូច​ចង្អៀត​ ​យើង​អាច​ប្រើ​មធ្យោបាយ​ ​ធ្វើ​ផ្លូវវាង​ ​ផ្លូវអាកាស​ ​ផ្លូវ​ក្រោម​ដី​។​ ​កំណើន​​យានយន្ត​ ​យើង​អាច​រឹត​បន្តឹង​ច្បាប់​នាំចូល​ក​យានយន្ត​។​ ​ករណី​ច្បាប់​ធូរ​លង់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ ​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យ​បាន​ទូលំទូលាយ​ជាដើម​។​

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ​ក៏​ត្រូវ​មាន​ឆន្ទៈ​និង​ការចូលរួម​ទាំងអស់គ្នា​ចំពោះ​បញ្ហា​ចត​យានយន្ត​នៅ​តាម​ដង​វិថី​ ​អ្នកបើកបរ​ ​និង​អ្នក​អនុវត្តន៍​ច្បាប់​។​

​ដើម្បី​ឆ្លើយតប​នឹង​ចំណោទបញ្ហា​ខាងលើ​ ​យើង​ត្រូវ​ធ្វើ​ចំណាត់ថ្នាក់​ប្រភេទ​ ​នៃ​ដំណោះ​ស្រាយ​​ជា​មុន​ ​បន្ទាប់មក​យើង​ធ្វើការ​សិក្សា​លំអិត​លើ​បញ្ហា​នី​មួយ​ៗ​។​ ​

​ដូចដែល​យើង​បានឃើញ​ ​បញ្ហា​ចរាចរណ៍​មានក​ត្តា​ជាច្រើន​ ​ប៉ុន្តែ​យើង​ពិតជា​អាច​រក​ដំណោះ​ស្រាយ​​បាន​។​ ​ចំណែក​បញ្ហា​ ​ដែល​ត្រូវ​ឱ្យ​យើង​ទាំងអស់គ្នា​ចូលរួម​ដោយ​​ឆន្ទៈ​នោះ​ ​គឺ​ការ​ចត​តាមផ្លូវ​ ​ការ​បើកបរ​ ​ការ​ ​គោរពច្បាប់​ ​កត្តា​អាត្មានិយម​ ​មិន​ទទួលខុសត្រូវ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ​ឯ​ភាព​ខ្វះខាត​ខាង​ប្រព័ន្ធ​ចរាចរណ៍​ ​និង​ការ​ផ្សព្វផ្សាយ​ ​ត្រូវតែ​ធ្វើការ​សិក្សា​មួយ​ដោយឡែក​។​ ​

​ក្នុង​ការសិក្សា​ ​និង​ការ​ដោះស្រាយ​ចំពោះមុខ​ ​យើង​នឹង​សិក្សា​លម្អិត​ទៅលើ​ប្រព័ន្ធ​ចរាចរណ៍​ ​និង​ការ​ផាក​ពិ​ន័យ​ខ្លះ​ៗ​ប៉ុណ្ណោះ​ ​ព្រោះ​បញ្ហា​ទាំងពីរ​នេះ​ ​ជា​មូលហេតុ​ធំ​ ​ដែល​នាំ​មាន​បញ្ហា​ផ្សេង​ ​ដូច្នេះហើយ​បាន​ជា​យើង​លើកយក​បញ្ហា​ប្រព័ន្ធ​ចរាចរណ៍​ ​និង​ការ​ផាកពិន័យ​មក​ចោទ​ ​និង​ដោះស្រាយ​។​ ​

​ដោយសារតែ​ឃើញ​បញ្ហា​ស្មុគ្រ​ស្មាញ​ពិបាក​ដោះស្រាយ​ ​ក្នុងរយៈពេល​ខ្លី​បាន​ដូច្នេះហើយ​ទើប​យើង​ ​ដែល​ជា​អ្នក​ខ្វាយខ្វល់​ ​និង​ចង់​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ពិត​ប្រាកដ​​ម្នាក់​ ​ខិតខំ​ត្រិះរិះ​ ​ស្វែងរក​ ​ដំណោះស្រាយ​ដែល​ល្អ​មួយ​ ​ហើយ​ប្រើ​រយៈ​ខ្លី​បាន​ ​ពិសេស​ជា​ដំណោះ​ស្រាយ​​យូរអង្វែង​ ​និង​មិន​ប៉ះពាល់​ ​នឹង​ផ្ទះ​ប្រជាជន​ដែល​នៅ​ជាប់​បណ្ដោយ​ផ្លូវ​ផង​ ​បើសិនជា​មាន​ករណី​ពង្រីក​ផ្លូវ​នោះ​។​ ​

​ដូច​ខ្ញុំ​បាន​បង្ហាញ​នៅ​ខាងលើ​រួចមក​ហើយ​ ​ស្ដី​អំពី​ការសិក្សា​រួម​មួយ​។​ ​តើ​ការសិក្សា​ទៅលើ​អ្វីខ្លះ​ ​ដើម្បី​ជា​ប្រយោជន៍ជាតិ​ខ្មែរយើង​យូរអង្វែង​?​ ​ហើយ​មានផល​វិជ្ជមាន​ចំពោះ​ទាំង​អស់​គ្នា​?​

​ជាបឋម​យើង​សិក្សា​អំពី​ទិស​ផ្លូវ​ក្នុង​រាជធានី​ ​ផ្លូវ​នៅ​ទីក្រុង​ ​យើង​ត្រូវ​ចែក​ជា៣ប្រភេទ​ធំៗ​មាន​៖​ ​មហាវិថី​ ​វិថី​ ​ច្រក​ផ្លូវ​។​ ​ចំពោះ​មហាវិថី​ ​យើង​អ​នុញ្ញ​ឱ្យ​មាន​ទ្វេ​ទិស​ ​ប៉ុន្តែ​ត្រូវ​មាន​ទ្រូងផ្លូវ​គ្រប់​មហាវិថី​ដែល​មាន​សព្វថ្ងៃ​ ​ហើយ​។​ ​ចំពោះ​វិថី​ត្រូវ​មានតែ​ឯកទិស​មិន​អនុញ្ញាត​ឱ្យ​មាន​ទ្វេ​ទិស​នោះ​ឡើយ​ ​ចំពោះ​វិថី​ណា​ ​ដែល​ធ្វើការ​សិក្សា​ទៅ​មិន​អាច​ធ្វើ​ឱ្យ​ជាឯក​ទិស​បាន​ ​យើង​គួរ​ធ្វើការ​សិក្សា​ណាមួយ​ដោយឡែក​ ​ហើយ​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​ដូចយ៉ាង​វិថី​ដែល​មាន​ផ្សារ​នៅអម​សងខាង​។​ ​ចំណែក​ច្រក​ផ្លូវ​ ​(​ផ្លូ​វតូចៗ​)​ ​ដែល​ត្រូវ​ឡើង​មក​មហាវិថី​ ​ឬ​វិថី​ ​យើង​ត្រូវតែ​បិទ​ ​គឺ​ដូរ​ទិសដៅ​ឱ្យ​បានតែ​ចេញពី​មហាវិថី​ប៉ុណ្ណោះ​។​ ​ចំពោះ​ផ្លូវ​ប្រសព្វគ្នា​ ​យើង​ដាក់​ភ្លើងស្តុប​ ​ប៉ុន្តែ​ត្រូវ​ប្រកាន់​ឯកទិស​ជានិច្ច​។​ ​ចំពោះ​ការ​បើកបរ​វិញ​ ​ត្រូវ​តែ​​ប្រកាន់ស្ដាំ​ជានិច្ច​មិន​អនុញ្ញាត​ឱ្យ​បញ្ច្រាសទិស​ឬបត់​ឆ្វេង​។​ ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ​ក៏​​យើង​មិន​សង្ឃឹមថា​ ​នឹង​ដោះស្រាយ​បាន​មួយ​រយ​ភាគរយ​គ្រប់​ទីកន្លែង​ដែរ​ ​គឺ​ត្រូវតែ​ប្រើ​វិធី​សាស្ត្រ​ជាច្រើន​ផ្សេងទៀត​ ​ចំពោះ​កន្លែងណា​ដែល​ពិបាក​ប្រើ​ឯកទិស​ ​ឬ​ផ្លូវ​ដែល​មាន​ផ្សារ​តាម​​បណ្ដោយ​វិថី​ ​យើង​ត្រូវ​មាន​ប៉ូលិស​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ជាដាច់ខាត​។​ ​រី​ឯ​ច្រក​ផ្លូវ​ទាល់​​វិញ​ ​ចំពោះ​ការអង្កេត​ដោយ​ផ្ទាល់​របស់ខ្ញុំ​មិនសូវ​ ​ឬមិន​ទាំង​មាន​បញ្ហា​ស្ទះ​ផង​ ​ដោយ​ហេតុ​​តែ​ទិសដៅ​នៃ​ចរាចរណ៍​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ​ពោល​គឺ​ច្រក​នោះ​បម្រើ​ឱ្យ​តែ​អ្នក​ដែល​​រស់នៅ​តាមផ្លូវ​នោះ​ប៉ុណ្ណោះ​ ​គឺ​មិន​បម្រើ​ឱ្យ​អ្នកដំណើរ​ផ្សេង​ឡើយ​ ​ដូច្នេះ​មិនមែន​ជា​បញ្ហា​​ចោទ​ឡើយ​។​ ​

​ក្រោយពី​បង្ហាញ​បញ្ហា​ទិសដៅ​ផ្លូវ​ហើយ​ ​ខ្ញុំ​សូម​ផ្ដល់​សំណាក​ស្ដី​អំពី​ការ​ផាកពិន័យ​វិញ​ម្ដង​។​ ​តើ​យើង​គួរ​ ​តែ​ធ្វើ​យ៉ាងដូចម្ដេច​ទៅ​ចំពោះ​ការ​ផាកពិន័យ​ ​ព្រោះ​កន្លងមក​មានការ​និយាយ​ថា​ ​គ្មាន​តម្លាភាព​ចំពោះ​អ្នកមាន​និង​អ្នកក្រ​ ​បើ​ផាក​ច្រើន​ជាន់ក​អ្នកក្រ​ ​បើ​តិច​ពេក​អ្នកមាន​មិន​ខ្វល់​។​ ​បើ​យោង​តាម​និយមន័យ​នៃ​ច្បាប់​ ​ច្បាប់​ ​គឺជា​ការ​ចាប់បង្ខំ​ ​ដូច្នេះ​យើង​អាច​ចាប់​បង្ខំ​​អ្នកមាន​ដែល​បំពាន់​ច្បាប់​ទៅ​រៀ​នភ្លាមៗ​ ​ខណៈ​ដែលគេ​មាន​កំហុស​ ​ហើយ​លុយ​ពាក់​កណ្ដាល​នៃ​ឬ​ស្មើនឹង​អ្នកក្រ​។​ ​

​ផ្ទុយទៅវិញ​ ​អ្នកក្រ​ឱ្យ​គេ​បង់​លុយ​ភ្លាម​ៗ​ ​ខណៈ​គេ​ល្មើស​នឹង​ច្បាប់​ ​ហើយ​អនុញ្ញាត​ឱ្យ​គេ​រក​ពេលណា​មួយ​ទៅរៀន​អំពី​ច្បាប់​ដែលគេ​ខុស​។​ ​មែនហើយ​ពិបាក​នឹង​ដឹង​ថា​ ​តើ​មួយ​ណា​ជា​អ្នកមាន​ ​អ្នក​មធ្យម​ ​អ្នកក្រ​ណាស់​ ​ពិសេស​អ្នក​មធ្យម​ជិះ​អ្វី​?​ ​ម៉ូតូ​ឬ​ឡាន​?​ ​ពិតជា​មិន​ងាយ​មែន​ ​ដូច្នេះ​យើង​ត្រូវ​កំណត់​ប្រភេទ​ម៉ូតូ​ណា​ឡើង​ទៅជា​អ្នកមាន​ ​ម៉ូតូ​ប្រភេទ​ណា​ចុះ​ជា​អ្នក​មធ្យម​អ្នកក្រ​។​ ​

​មកដល់​ការ​រៀន​ច្បាប់​ចរាចរណ៍​មាន​សំណួរ​មួយទៀត​ដែល​ត្រូវតែ​ចោទឡើង​ភ្លាម​ដែរ​ ​ចុះបើ​គេ​ធ្វើខុស​ ​ហើយ​ ​រៀន​រួច​ម្ដង​ហើយ​ ​ពេល​គេ​ខុស​ម្ដងទៀត​ធ្វើអ្វី​ ​គឺ​ត្រូវ​ទៅរៀន​ម្ដងទៀត​ ​ចំពោះ​​ការ​ផាកពិន័យ​ទុក​ឱ្យ​អ្នកជំនាញ​ ​គេ​រៀបចំ​វិញ​ទើប​ប្រសើរ​។​ ​ជាចុងក្រោយ​ ​ដើម្បីនឹង​សម្រេច​បានអ្វី​មួយ​គ្មានឡើយ​ពាក្យ​ថា​ ​ចូលរួម​ ​សហការ​ ​ដោយ​សុឆន្ទៈ​ ​និង​តម្លាភាព​៕​

No comments:

Post a Comment