បុរសនារីក្នុងសង្គម
ឬជាតិសាសន៍ នៅលើពិភពលោក
ដល់ពេលពេញវ័យតែងតែចាប់ដៃគ្នាកសាងគ្រួសារដើម្បីបន្តពូជពង្សវង្សត្រកូល
តាមរយៈអាពាហ៍ពិពាហ៍ដែលកំណត់តាមសង្គម ឬជាតិសាសន៍របស់ពួកគេ។
និយាយតែចំពោះបុរសនារីនៅក្នុងសង្គមកម្ពុជា
ក៏មិនខុសឆ្ងាយពីជាតិសាសន៍ដទៃដែរ
ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួន
មានខ្លះបានរួមរស់ជាមួយគ្នានៅក្នុងផ្ទះតែមួយដូចជាប្តីប្រពន្ធ
ព្រមទាំងមានកូនទៀតផង
ប៉ុន្តែមិនបានរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី
និងមិនបានចុះក្នុងសំបុត្របញ្ជីអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល។
ឯខ្លះទៀត បើទោះជាបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីមែន
តែពួកគេមិនបានទៅចុះអេតាស៊ីវិលឡើយ ដោយសារតែពួកគេយល់ថា
ការរៀបអាពាហ៍ពិពាហ៍រួចហើយ គឺអាចរស់នៅ
ឬរួមភេទបង្កើតកូនជាមួយគ្នាបានដោយស្របច្បាប់ហើយ
ហើយមានអ្នកខ្លះទៀត បានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ
ដោយគ្រាន់តែចុះអេតាស៊ីវិលប៉ុណ្ណោះ។
ការលើកឡើងនេះ
បើយើងមើលមួយភ្លែតទៅហាក់ពុំមែនជារឿងធំដុំអ្វីនោះទេ
តែបើគិតឱ្យស៊ីជម្រៅបន្តិច យើងនឹងមើលឃើញថា
វាពុំមែនជាបញ្ហាដែលត្រូវមើលរំលងនោះដែរ។
ក្នុងករណីដែលបុរសនារីរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ
ដោយមិនបានរៀបអាពាហ៍ពិពាហ៍ មិនបានចុះអេតាស៊ីវិល
គឺរឿងដែលខុសទាំងប្រពៃណី និងច្បាប់ប្រទេសទៅហើយ។
បើនិយាយតាមផ្លូវច្បាប់
ទោះបានរៀបអាពាហ៍ពិពាហ៍តាមបែបប្រណីពៃក៏ដោយ
ក៏ពុំមែនជាការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ទេ។
សម្រាប់ក្រុមអ្នកច្បាប់វិញ អាពាហ៍ពិពាហ៍តាមប្រពៃណី
គឺគ្រាន់តែជាពិធីជប់លៀងរបស់គូស្រករមួយគូប៉ុណ្ណោះ។
ច្បាប់អាពាហ៍ពិពាហ៍ លុះត្រាតែបានធ្វើកិច្ចសន្យាដោយបុរសម្នាក់
និងនារីម្នាក់ ដែលបានប្ដេជ្ញាថា
នឹងរួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញាត្តិច្បាប់
និងមិនអាចរំលាយទៅវិញតាមទំនើងចិត្តរបស់ខ្លួន។ មានន័យថា
បុរស-នារីគ្រាន់តែរៀបអាពាហ៍ពិពាហ៍ តាមបែបប្រពៃណី
ឬពិធីតាមបែបសាសនាណាមួយ
ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន
នោះមិនអាចចាត់ទុកថា
មានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ជាប្តីប្រពន្ធទ្បើយ។
ការរួមរស់ជាប្តីប្រពន្ធ ដោយមិនមានចំណងអាពាហ៍ពិពាហ៍
តាមផ្លូវច្បាប់បែបនេះ ហៅថា «អនីតិសង្វាស់»
ឬហៅតាមភាសាសាមញ្ញថា រួមភេទទាំងខុសច្បាប់
អាចនាំឱ្យកូនដែលកើតមក គឺជាកូនរបស់ម្តាយ
មិនមែនជាកូនរបស់ឪពុកទ្បើយ។
បើគ្មានអាពាហ៍ពិពាហ៍ស្របច្បាប់ទេ យើងមិនអាចសន្មតថា
បុគ្គលណាមួយជាឪពុករបស់ក្មេងទ្បើយ
ហើយកូនកើតបានចាត់ទុកជាកូនឥតខាន់ស្លា
ទោះគេអាចទទួលស្គាល់ចំណងបុត្តភាពនៅពេលក្រោយបានក៏ដោយ។
ក្រៅពីចំណុចនេះក៏អាចនំាឱ្យភាគីម្ខាងលបលួចទៅរួមរស់
ឬរួមសេវនកិច្ចជាមួយបុរសនារីផេ្សង
ហើយភាគីម្ខាងគ្មានសិទិ្ធប្តឹងភាគីម្ខាងទៀតឱ្យទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌជាដើម។
តាមពិតទៅ ចំពោះអ្នកជួលផ្ទះគេនៅ បញ្ហាជាប្ដីប្រពន្ធ
មិនមែនថាមិនសូវចោទជាបញ្ហានោះទេ។
ការគ្មានសំបុត្រអាពាហ៍ពិពាហ៍ មានការស្មុគ្រស្មាញច្រើន
ជាពិសេសនៅពេលលែងលះ
ឬនៅពេលភាគីណាមួយទៅលបលួចមានប្ដីឬប្រពន្ធថ្មី។ ឧទាហរណ៍ថា
មនុស្សពីរនាក់ចាប់ដៃគ្នារស់យ៉ាងមានសេចក្ដីសុខ ហើយមកមានបុត្រ
និងទ្រព្យសម្ប័ទ តែក្រោយមកគ្រួសារនេះមានទំនាស់
ភាគីម្ខាងមិនអាចបន្តរស់នៅជាមួយនឹងគ្នាទៀតបាន ជាងនេះទៅទៀត
ការបែងចែកទ្រព្យសម្ប័ទ ក៏មានការពិបាកផងដែរ។ ទាំងនេះ
គឺជាផលវិបាកចំពោះការមិនចុះអេតាស៊ីវិល ដែលគេហៅថា
ការរៀបអាពាហ៍ពិពាហ៍មិនស្របច្បាប់។
ថាប្រជាពលរដ្ឋមួយចំនួនចុះ
ជាពិសេសអ្នកនៅតាមជនបទហាក់មានទំនោរយ៉ាងខ្លាំងទៅលើការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណី
ដោយមិនបានចាប់អារម្មណ៍
ឬមើលរំលងទៅលើការចុះសំបុត្របញ្ជីអាពាហ៍ពិពាហ៍ តែក៏មានដែរ
គូស្រករខ្លះបានរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ
ដោយគ្រាន់តែចុះអេតាស៊ីវិល
ទោះបច្ចុប្បន្នមិនទាន់មានច្រើនក៏ពិតមែន តែក្នុងករណីនេះ
ក៏ជាផ្នែកមួយដែលកើតមាននៅក្នុងសង្គមកម្ពុជា
ហើយក៏ជាចំណុចដែលត្រូវពិចារណាផងដែរ។ នៅក្នុងសង្គមកម្ពុជា
អ្នកបានចុះអេតាស៊ីវិលស្របច្បាប់
តែមិនបានរៀបអាពាហ៍ពិពាហ៍តាមកន្លងប្រពៃណីទេ ក៏ជាបញ្ហាដែរ។
បញ្ហាគឺស្ថិតនៅត្រង់ថា ក្រុមគ្រួសារសាច់ញាតិបងប្អូន
ជាពិសេសត្រូវអ្នករស់នៅក្នុងសហគមន៍ជាមួយគ្នារើសអើងថា
គូស្រករនោះហ៊ានល្មើសរំលងប្រពៃណី ហ៊ានទុំមុនស្រគាល
រស់នៅដោយមិនពេញមុខ។ ជាមួយនឹងគ្នានេះ
កូនកើតមកត្រូវទទួលការខ្មាសគេ
នៅពេលឮគេដៀលឪពុកម្ដាយខ្លួនជាដើម។
ជារួមមក,
ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីដោយមិនបានចុះអេតាស៊ីវិល
គឺខុសនឹងច្បាប់ប្រទេស ដោយសារសាមីខ្លួន
ឬសាច់ញាតិក្រុមគ្រួសារមួយចំនួនធំពុំសូវមានការយល់ដឹងឱ្យស៊ីជម្រៅអំពីតម្លៃ
នៃអាពាហ៍ពិពាហ៍ ឬថា ការរៀបអាពាហ៍ពិពាហ៍
គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចរួមភេទ ឬរស់នៅជាមួយគ្នាបាន
ដោយគ្មានដំនៀលពីញាតិជិតខាង ឬសហគមន៍របស់ពួកគេ
ជាពិសេសពួកគេថែមទាំងយល់ទៀតថា កូនកើតមកមានខាន់ស្លាត្រឹមត្រូវ។
ក្រៅពីខ្វះចំណេះដឹងផ្នែកច្បាប់អាពាហ៍ពិពាហ៍ ការផ្សព្វផ្សាយ
និងអប់រំចំពោះបញ្ហាពុំសូវមានភាពទូលំទូលាយ។
ចំណែកការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធដោយគ្រាន់តែចុះអេតាស៊ីវិល
មិនរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ក៏ជាការខុសផងដែរ
គឺខុសនឹងប្រពៃណី។ ដូច្នេះបុរសនារីកុំរួមភេទរំលងប្រពៃណី។
ចំណុចមួយទៀត ដើម្បីគេចផុតពីវិបត្តិទាំងនេះ
គេត្រូវសំយោគវាបញ្ចូលគ្នា។ មានន័យថា
មុនរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី
គូស្រករទាំងឡាយត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
រួចហើយត្រូវចុះកិច្ចសន្យាអាពាហ៍ពិពាហ៍
បន្ទាប់ពីបានបិទប័ណ្ណប្រកាសអាពាហ៍ពិពាហ៍បានចំនួន១០ថ្ងៃ
និងចុះសំបុត្រអាពាហ៍ពិពាហ៍បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយ។
បើសិនមន្រ្តីអត្រានុកូលដ្ឋានទៅចុះសំបុត្របញ្ជីអាពាហ៍ពិពាហ៍ដល់កន្លែងដែលគេកំពុងរៀបអាពាហ៍ពិពាហ៍កាន់តែល្អសម្រាប់ប្រជាពលរដ្ឋតាមជនបទ៕
No comments:
Post a Comment