នៅក្នុង គ. ស. ១៤៦៦ ព្រះបាទពញាយ៉ាតសោយទីវង្គតដោយជរារោគក្នុងព្រះជន្មាយុ៧០វស្សា។ បន្ទាប់ពីស្ដេចអង្គនេះសោយទិវង្គតបានប្រាំឆ្នាំ ក៏កើតមានព្រឹត្តិការណ៍ដ៏សំខាន់មួយឡើង គឺ ហ្សៃ វៀត វាយយកប្រទេសចម្ប៉ាបានទាំងមូល។ ទីបំផុតទៅ ប្រទេសកម្ពុជាបាត់បង់សត្រូវឈ្លានពានមួយដ៏ធំក៏ពិតមែន ប៉ុន្តែចាប់តាំងពីពេលនេះមក ខ្មែរត្រូវប្រឈមមុខនឹងសៀម និងអណ្ណាម។ ក្នុងស្ថានការណ៍នេះ ខ្មែរបានធ្វើការតស៊ូយ៉ាងស្វិតស្វាញណាស់ដែរ តែពិបាកទប់ទល់នឹងសត្រូវណាស់ ព្រោះខណៈនោះជម្លោះផ្ទៃក្នុងដើម្បីរាជសម្បត្តិ ក៏បានផ្ទុះឡើងដែរ។ គ្រានោះកម្ពុជាបានជួបវិបត្តិយ៉ាងធ្ងន់ធ្ងររវាងក្សត្រ៣អង្គបានបែងចែកប្រទេសជាបីផ្នែក ដើម្បីគ្រប់គ្រងរៀងៗខ្លួន។
នៅឆ្នាំ១៤៧៥ ពេលព្រះស្រីរាជាកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយនឹងសៀម ដែលតែងតែចូលមកយាយីខ្មែរក្នុងគោលបំណងលេបត្របាក់យកទឹកដី ព្រះស្រីសុរិយោទ័យ បានបោះបង់ភារកិច្ចប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ ហើយបានឆ្លៀតយកឱកាសបញ្ចុះបញ្ចូលចៅហ្វាយខេត្តមួយចំនួននៅភាគខាងកើតមានស្រីសន្ធរ ត្បូងឃ្មុំ បាភ្នំ និងវាតទីយកទឹកដីខេត្តមួយចំនួនទៀត ដូចជាកំពុងសៀម ស្ទឹងត្រង់ ជើងព្រៃ។ បន្ទាប់មកបានតាំងខ្លួនជាព្រះមហាក្សត្រ ដោយបង្កើតរាជធានីនៅស្រីសន្ធរ។ ទន្ទឹមនឹងនោះ ស្ដេចអង្គនេះបានបញ្ចេញទ័ពទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ដែលសម្ដេចមារបស់ខ្លួន។ ចំណែកព្រះធម្មជារា ព្រះរាជបុត្រពៅរបស់ព្រះបាទពញាយ៉ាត ដែលមានភារកិច្ចថែរក្សារាជធានីចតុមុខ បានប្រកាសបង្កើតអាណាចក្រមួយថ្មី គឺអាណាចក្រខាងលិច។
ក្រោយពីទទួលជ័យជម្នះលើកងទ័ពសៀម ព្រះស្រីរាជាក៏បានបង្កើតអាណាចក្រមួយដែរ គឺអាណាចក្រខាងជើង មានរាជធានីនៅកំពុងសៀម។ ការបង្កើតអាណាចក្រថ្មីនេះ គឺបន្ទាប់ពីបើកការប្រយុទ្ធបណ្ដេញទ័ពបះបាររបស់ព្រះស្រីសុរិយោទ័យថមថយទៅនៅត្រើយម្ខាងទន្លេមេគង្គ។ មិនយូរប៉ុន្មាន ព្រះស្រីរាជាបានលួចទាក់ទងជាមួយនឹងស្ដេចអយុធ្យាជាសម្ងាត់ដើម្បីធ្វើជាអាជ្ញាកណ្ដាលក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ នៅឆ្នាំ១៤៩៥ និងគាំទ្រខ្លួនឱ្យបានឡើងធ្វើជាស្ដេចនៅកម្ពុជា។ ក្នុងដំណាក់កាលនេះ ទោះបីជាព្រះស្រីរាជាបានឡើងសោយរាជ្យនៅចតុមុខតែមួយអង្គឯងក៏ដោយ ក៏ស្ដេចអង្គនេះខិតខំយកចិត្តរាស្រ្ត និងមន្ត្រីធំៗ ហើយអ្វីរឹតតែសំខាន់នោះ គឺទឹកដីដែលខំប្រឹងវាយយកពីក្រញ៉ាំអាយុធ្យា ក៏បានក្លាយជារង្វាន់សម្រាប់ស្ដេចអាយុធ្យាក្នុងការជាអន្តរាគមន៍នៅគ្រានោះវិញដែរ។
យ៉ាងណាក៏ដោយ ក្រោយពីព្រះស្រីរាជាសោយទិវង្គតទៅសង្គ្រាមផ្ទៃក្នុងក៏បានផ្ទុះឡើងជាថ្មីម្តងទៀត គឺសង្គ្រាមផ្ទៃក្នុងរវាងស្ដេចស្រីគន្ធបទ អង្គចន្ទរាជា នឹងស្ដេចកនដែលជាប្អូនថ្លៃស្តេចស្រីគន្ធបទ។ ព្រឹត្តិការណ៍ទាក់ទងនឹងការបះបោររបស់ស្ដេចកន គឺកើតឡើងចេញពីជំនឿលើការយល់សប្ដិ និងការបកស្រាយសុបិនទៅតាមបុរេនិច្ឆ័យ ដែលធ្វើឱ្យរឿងមិនទាន់កើតឡើងក្លាយទៅជាការពិត។ ការពិតនោះគឺសង្គ្រាមផ្ទៃក្នុងមួយយ៉ាងធំដែលកើតឡើងនៅក្នុងនគរទាំងមូល។
ស្ដេចកន ជាស្ដេចដណ្ដើមរាជ្យពីព្រះបាទសុគន្ធបទ កើតឆ្នាំរោង នៅស្រុកស្រីសន្ធរ (ខេត្តកំពង់ចាមបច្ចុប្បន្ន)។ នាយកន ឬស្ដេចកនមានកំណើតក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនៃសម័យនោះ ហើយមិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សទេ។ គ្រួសាររបស់នាយកនឋិតក្នុងក្រុមពលព្រះ គឺក្រុមអ្នកងារដែលមានភារៈកិច្ចជាអ្នកថែរក្សាបោសសម្អាតវត្ត។ បិតារបស់នាយកនមាននាមពិជ័យនាគ និងមាតានាមនាងបាន។ នាយកន មានបងស្រីម្នាក់ឈ្មោះស ហើយល្បីថាមានរូបឆោមបវរល្អលើសស្រីទាំងពួងរហូតដល់ព្រះបាទសុគន្ធបទ។ ស្តេចអង្គនេះសព្វព្រះរាជហឫទ័យយ៉ាងខ្លាំង ហើយទទួលយកនាងធ្វើជាស្នំឯក និងនាំយកនាងទៅរស់នៅក្នុងព្រះបរមរាជវាំង។
លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីតរ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា សរសេរថា បន្ទាប់ពីផ្ដល់ងារឃុនហ្លួងព្រះស្ដេចកនឱ្យប្អូនថ្លៃមិនយូរប៉ុន្មានផង នាយកនដែលឡើងបុណ្យស័ក្តិតាមរយៈសាច់ញាតិបានភ្លេចដើមកំណើតខ្លួន ហើយចាប់ផ្ដើមវាយឫកមាក់ងាយមន្ត្រីឯទៀត ដែលធ្វើឱ្យមន្ត្រីចាស់ៗក្នុងវាំងទាំងឡាយនាំគ្នាស្អប់គុំកួនជាខ្លាំង ហើយរៀបចំផែនការប្រឆាំងនឹងនាយកន។ ពួកគេបានទូលថ្វាយស្ដេចផែនដីថា នាយកនមានគំនិតក្បត់ចង់ដណ្ដើមរាជ្យ ហើយត្រូវតែកម្ចាត់ចោល។ តាមពិតទៅ ការបកស្រាយសុបិន គឺកើតចេញពីរឿងហេតុទាំងនេះ។
ដោយខ្លាចប្អូនថ្លៃក្បត់ដណ្ដើមរាជ្យ ស្ដេចស្រីគន្ធបទក៏រិះរកវិធីសម្លាប់ចោល តែការធ្វើឃាតនោះមិនបានសម្រេចឡើយ។ ដើម្បីការពារខ្លួន នាយកនបានបង្ខំចិត្តក្បត់នឹងបងថ្លៃ ដោយប្រើវិធីញុះញង់បំបែកបំបាក់និងបន្លាចព្រះអង្គចន្ទរាជាឱ្យគេចចេញពីព្រះស្រីគន្ធបទ។ បន្ទាប់ពីព្រះអង្គចន្ទរាជាភៀសព្រះកាយទៅប្រទេសសៀម។ នាយកន ចាប់ផ្ដើមធ្វើសង្គ្រាមជាមួយនឹងព្រះបាទស្រីគន្ធបទអស់រយៈពេល៥ឆ្នាំ។ ពោលគឺពីឆ្នាំ១៥០៨ រហូតដល់បានធ្វើគតព្រះបាទស្រីគន្ធបទ នៅឆ្នាំ១៥១២ នៅបន្ទាយស្ទឹងសែន។
ដោយសារតែរកគ្រឿងបញ្ចក្សត្រសម្រាប់គ្រងរាជ្យមិនឃើញ។ នាយកនបានបង្កើតព្រះខ័នថ្មី ហើយប្រកាសខ្លួនជាស្តេចជាមួយនឹងព្រះខ័នក្លែងក្លាយ ក្នុងគ.ស. ១៥១២ ដែលមាននាមសម្រាប់រាជ្យថា «ព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី» នៅរាជធានីស្រីសន្ធរ និងក្រោយមកបានផ្លាស់ទៅនៅចុងទឹកដីខេត្តត្បូងឃ្មុំទល់ដែនដីខេត្តបាភ្នំ មានឈ្មោះថា បន្ទាយស្រឡប់ពិជ័យព្រៃនគរបវររាជធានី ។
តាមរាជពង្សាវតារខ្មែរ សរសេរថា បន្ទាប់ពីដណ្ដើមរាជ្យបានពេញក្នុងដៃហើយ ស្ដេចកនបានលើកបន្តុបបក្សពួក និងគ្រួសារខ្លួនឱ្យមានឋានៈធំដុំក្នុងជួរអ្នកដឹកនាំ។ រីឯក្រុមបរិវារដែលជាដៃជើងដទៃទៀត ក៏ព្រះមហាក្សត្រថ្មីនេះប្រទានឱ្យមានយសស័ក្ដិតាមគុណបំណាច់រៀងៗខ្លួនដែរ។ ក្នុងរាជ្យស្តេចថ្មីអង្គនេះ បានលើកលែងមិនយកសួយសារអាករមួយរដូវ តាមបុរាណប្រវេណីដែលផ្លាស់ផែនដីថ្មី។ ក្រៅពីការកសាងវត្តអារាមជាច្រើន ស្ដេចកនបានបោះប្រាក់ស្លឹង មាសស្លឹង ត្រារូបនាគ សម្រាប់ឱ្យប្រជារាស្ត្រចាយវាយក្នុងប្រទេស។
ព្រះស្រីជេដ្ឋាសោយរាជ្យដោយសុខសន្តិភាពបានតែបី ឬបួនឆ្នាំប៉ុណ្ណោះ។ ក្រោយពីបានដឹងថា ព្រះរៀមសុគតដោយស្នាដៃស្ដេចកនហើយ ព្រះអង្គច័ន្ទរាជាបានវិលត្រឡប់មកពីប្រទេសសៀមដើម្បីច្បាំងដណ្ដើមរាជ្យពីស្ដេចកនវិញ។ សង្គ្រាមរវាងព្រះច័ន្ទរាជានិងស្ដេចកនបានអូសបន្លាយរហូតអស់រយៈពេលជិតដប់ឆ្នាំ។ លុះដល់ឆ្នាំ១៥២៥ ទើបទ័ពព្រះអង្គចន្ទរាជាយកជ័យជម្នះលើទ័ពស្ដេចកនជាស្ថាពរ។
ជម្លោះរវាងស្ដេចកននិងព្រះអង្គចន្ទរាជា គឺជាជម្លោះផ្ទៃក្នុងមួយកើតចេញពីការមិនទុកចិត្តគ្នារវាងស្តេចស្រីគន្ធបទនិងស្ដេចកន។ សង្គ្រាមនេះមានរយៈ៩ឆ្នាំ ហើយនៅទីបញ្ចប់ព្រះស្រីជេដ្ឋាធិរាជព្រះស្ដេចកនជាស្ដេចជ្រែករាជ្យនេះបានឡើងសោយរាជ្យពីឆ្នាំ១៥០៨ ឬឆ្នាំ១៥១២ នៃគ.ស បានសោយទិវង្គតដោយគេកាត់ព្រះសិរសា នៅឆ្នាំ១៥២៥ នៅបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយព្រះអង្គចន្ទរាជាបានឡើងសោយរាជ្យរហូតដល់ឆ្នាំ១៥៦៦៕
ឯកសារយោង៖
១. ប្រវត្តិសាស្រ្តខ្មែរ, វង់ សុធារ៉ា និង ណុប សុខា, ឆ្នាំ២០១១
២. https://www.rfa.org/khmer/news/history/
៣. សុបិន និងការពិត ភាគ១, វ៉ាន់ឌី កាអុន, ឆ្នាំ២០១២
No comments:
Post a Comment