​ដែនដី​សុវណ្ណភូមិ​ ​ជា​របស់អ្នកណា​?


 

អ្នក​សិក្សាស្រាវជ្រាវ​សិលាចារឹក​ ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​ទឹកដី​សុវណ្ណភូមិ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ខ្មែរ​តាំងពី​មុន​សម័យ​អង្គរ​មក​ម្ល៉េះ​។​ ​ការ​បញ្ជាក់​នេះ​ ​ដោយ​ផ្អែកលើ​ភស្តុតាង​សិលាចារឹក​មួយ​ផ្ទាំង​ ​ដែលគេ​ប្រទះឃើញ​នៅ​តំបន់​មួយ​លើទឹក​ដី​ស្រុក​បា​សិត​ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ចុង​ឆ្នាំ​២​០​១​៧​។​

​ឈ្មោះ​ ​«​ដែនដី​សុវណ្ណភូមិ​»​ ​ត្រូវ​បាន​អ្នកកាន់ពុទ្ធសាសនា​ថេរវាទ​ស្គាល់​ដោយសារតែ​គម្ពីរ​ធម៌​ ​មហា​វង្ស​ ​មិលិន្ទបញ្ហា​ ​និង​សាមន្ត​ប្ប​សា​ទិ​កា​ជាដើម​ ​ដែល​ផ្សាយ​ចេញពី​ស្រី​លង្កា​តាំងពី​សតវត្សរ៍​ទី​៥​ ​នៃ​គ​.​ស​.​។​ ​ឈ្មោះ​នេះ​ ​បើ​តាម​វចនានុក្រម​ខ្មែរ​ ​បានសេចក្ដីថា​ ​ដែនដី​មាស​ ​ឬ​ទឹកដី​សម្បូរសប្បាយ​។​ ​ប៉ុន្តែ​ទីតាំង​ពិតប្រាកដ​តែងតែ​ស្ថិតនៅ​ក្នុង​ភាព​អាថ៌កំបាំង​ ​និង​ស្ថិតនៅ​ក្នុង​ភាព​ចម្រូងចម្រាស​ ​បើ​ទោះ​ជា​មានការ​ពិពណ៌នា​ប្រភព​បែប​នេះ​ត្រូវ​បាន​ប្រជាជាតិ​នៅ​អាស៊ី​អាគ្នេយ៍​សឹងតែ​ទាំងអស់​ប្រកាន់យក​ថា​ ​ដែនដី​សុវណ្ណភូមិ​នៅ​ខាងកើត​ឥណ្ឌា​ ​និង​ជាប់​មាត់សមុទ្រ​មួយ​នេះ​ត្រូវនឹង​ប្រទេស​របស់​ខ្លួន​រៀងៗខ្លួន​ក៏ដោយ​។​

​នៅ​ក្នុង​បាឋកថា​រៀបចំ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្នុង​ខែ​ធ្នូ​ថ្មីៗ​នេះ​ ​បើ​តាម​លោក​បណ្ឌិត​ ​វង្ស​ សុ​ធារ៉ា​ ​អ្នក​សិក្សាស្រាវជ្រាវ​សិលាចារឹក​ ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ព្រមទាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​មុខវិជ្ជា​ទាំងនេះ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​នោះ​ ​បាន​លើកឡើង​ថា​ ​ការ​អះអាង​បែប​នេះ​ ​គឺ​ប្រៀប​ដូចជា​ការ​ដេកយល់សប្តិ​ ​ទោះបីជា​ពួកគេ​មាន​ ​ឬ​គ្មាន​ភស្តុតាង​រឹង​មាំ​ក៏ដោយ​។​

​លោក​បណ្ឌិត​ ​វង្ស​ សុ​ធារ៉ា​ ​អ្នកប្រាជ្ញ​ប​ស្ចឹ​ម​ប្រទេស​ខ្លះ​យល់ថា​ ​ការ​ដណ្ដើម​គ្នា​ធ្វើ​ម្ចាស់​សុវណ្ណភូមិ​ពី​បុរាណ​បែប​នេះ​ ​គឺជា​ការ​ចង់​យក​សមិទ្ធិ​ផល​ប្រវត្តិសាស្ត្រ​មក​ជំរុញ​គំនិត​ជាតិនិយម​សម្រាប់​ប្រជាជាតិ​របស់​ខ្លួន​តែប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ការសិក្សា​ទាំងអស់​នោះ​ ​ច្រើនតែ​វិភាគ​វែកញែក​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​ ​និង​ទ្រឹស្តី​នរវិទ្យា​ ​ឬ​បុរាណ​វិទ្យា​ ​ដែល​ហាក់ដូចជា​មើល​រំលង​ ​ឬ​ធ្វើពើ​ចំពោះ​វិធីសាស្ត្រ​ប្រវត្តិវិទ្យា​ ​ដែល​ពឹងផ្អែក​លើ​បន្ទាត់​កាល​មុនក្រោយ​នៃ​ភស្តុតាង​សំណេរ​ទាំងឡាយ​នោះ​ជាគោល​។​

​ការ​លើកឡើង​បែប​នេះ​ ​បន្ទាប់ពី​រូបលោក​បាន​រក​ឃើញ​មួយ​ផ្ទាំង​កាលពី​ឆ្នាំ​២​០​១​៧​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ចារឹក​ឆ្នាំ​១​៣​៣​ ​នៃ​គ្រិស្តសករាជ​។​ ​វា​បាន​ផ្ដល់​ព័ត៌មាន​ប្រវត្តិសាស្ត្រ​សំខាន់​ៗ​ជាច្រើន​ចំណុច​ ​ជាពិសេស​វា​បាន​បញ្ជាក់​ថា​ ​សុវណ្ណភូមិ​ជា​ទឹកដី​របស់​ខ្មែរ​។​

​បណ្ឌិត​ប្រវត្តិសាស្ត្រ​រូប​នេះ​មានប្រសាសន៍ថា​៖​ ​«​ចាប់តាំង​ពី​ចុង​ឆ្នាំ​២​០​១​៧​ ​ខ្ញុំ​បាន​រក​ឃើញ​សិលាចារឹក​មួយ​ផ្ទាំង​ ​នៅ​ឆ្នាំ​៦​៣​៣​គ​.​ស​. ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​អ្នកនិពន្ធ​ផ្ដល់​ព័ត៌មាន​ថា​ ​ដែនដី​សុវណ្ណភូមិ​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ព្រះបាទ​ឥ​សាន​វ​ម៌្ម​ទី​១​ (​៦​១​៦​-​៦​៣​៩​គ​.​ស​.) ​ដែល​ធ្វើ​ឱ្យ​យើង​ថា​ ​មានតែ​កម្ពុជា​ទេ​ ​ដែល​បាន​ចាត់​ទុក​ដែនដី​សុវណ្ណភូមិ​ ​ជា​ប្រទេស​ ​ឬ​ត្រូវនឹង​ប្រទេស​របស់​ខ្លួន​មុនគេ​បង្អស់​នៅក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​អាស៊ី​អាគ្នេយ៍​»​។​

​លោក​បន្ថែម​ថា​ ​ពាក្យ​ ​សុវណ្ណភូមិ​ ​ដែល​រក​ឃើញ​លើ​សិលាចារឹក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​គឺជា​ភស្តុតាង​ចំណាស់​មួយ​បន្ទាប់ពី​ភស្តុតាង​សិលាចារឹក​ក្នុង​រាជ​ព្រះបាទ​អសោក​ ​មហា​រាជ្យ​ ​នៅ​សតវត្ស​ទី​៣​មុន​គ​.​ស​ ​ដែល​បាន​រៀបរាប់​ពី​ការ​ពេញ​ព្រះទ័យ​របស់​ព្រះអង្គ​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​ ​និង​បាន​បញ្ជូន​សាសនទូត​ពីរ​ព្រះអង្គ​មកកាន់​ទឹកដី​សុវណ្ណភូមិ​។​

​តាម​លើកឡើង​របស់​លោក​ ​កន្លងមក​បណ្ដា​ប្រទេស​អាស៊ី​ដីគោក​ ​និង​ដី​កោះ​មួយ​ចំនួន​សុទ្ធតែ​បាន​អះអាង​ថា​ ​ជា​ដែនដី​សុវណ្ណភូមិ​របស់​ខ្លួន​ ​ប៉ុន្តែ​គេ​មិន​ដឹង​ថា​ ​ដែនដី​សុវណ្ណភូមិ​ស្ថិតនៅ​ក្នុង​ប្រទេស​ណា​ពិតប្រាកដ​នោះ​ទេ​។​

​ភស្តុតាង​សំណេរ​ទាំងអស់​នៅ​ក្នុង​តំបន់​ត្រូវ​បាន​លោក​បណ្ឌិត​ ​វង្ស​ សុ​ធារ៉ា​ ​ពន្យល់​ថា​ ​វា​បង្ហាញ​ពី​ការ​ប្រកាន់យក​ឈ្មោះ​សុវណ្ណភូមិ​ដោយ​តំបន់​តូច​ៗ​នៅ​ក្នុង​កាល​វេលា​ខុសៗគ្នា​រាប់​រយ​ឆ្នាំ​។​ ​ដូចជា​នៅ​តំបន់​តូច​មួយ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​មានឈ្មោះ​ស្វណ៌​ទ្វីប​កាលពី​ចុង​សតវត្សរ៍​ទី​១​៣​ ​ឈ្មោះ​ប្រទេស​មន​តូច​មួយ​នៅ​ថា​ត​ន​ប្រកាន់យក​ឈ្មោះ​សុវណ្ណភូមិ​នៅ​ក្នុង​សតវត្សរ៍​ទី​១​៥​ ​និង​ឈ្មោះ​សុ​ព​ណ្ណ​ភូម​នៃ​ដែនដី​តូច​មួយ​ក្នុង​ប្រទេស​សៀម​បុរាណ​ត្រូវ​បាន​គេ​កត់ត្រា​នៅ​លើ​សិលាចារឹក​សតវត្សរ៍​ទី​១​៩​មួយ​ ​ដែល​ក្លែង​ធ្វើជា​សិលាចារឹក​កាលពី​ចុង​សតវត្សរ៍​ទី​១​៣​ ​ដើម្បី​បញ្ជាក់​ថា​ ​ទឹកដី​នេះ​ក៏​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ថៃ​មួយ​អង្គ​ព្រះនាម​ ​រាម​កំហែង​។​

​លោក​បន្ត​ថា​ ​ចំណែក​នៅ​កម្ពុជា​ចាប់ពី​សតវត្សរ៍​ទី​៩​មក​ ​ព្រះរាជា​បាន​បង្កើត​ស្ថាន​នាម​មនោគមវិជ្ជា​ថ្មី​មួយ​សម្រាប់​ហៅ​ចក្រភព​ដ៏​ធំ​ទូលាយ​នេះ​ថា​ ​«​កម្ពុជ​ទេស​»​ ​ហើយក៏​លែង​ឃើញ​មានការ​រំលឹក​អំពី​ឈ្មោះ​សុវណ្ណភូមិ​តមកទៀត​ដែរ​។​ ​ផ្ទុយទៅវិញ​ ​ឈ្មោះ​នេះ​ ​ត្រូវ​បាន​លេចឡើង​នៅ​ទីកន្លែង​ដទៃទៀត​ដូច​បញ្ជាក់​ខាងលើ​។​

​តាម​ការ​សន្និដ្ឋាន​របស់​លោក​ ​លោក​យល់ថា​ ​ដំបូង​ឡើយ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ពេញចិត្ត​យកឈ្មោះ​នេះ​មក​ដាក់​ ​ឬ​ប្រៀបធៀប​ជាមួយ​ដែនដី​របស់​ខ្លួន​ម្តងម្នាក់​ៗ​ក្នុង​កាល​វេលា​ខុសគ្នា​មុនក្រោយ​យ៉ាង​យូរ​។​ ​បន្ទាប់មក​អនុ​ស្សា​វ​រី​យ៍​នេះ​ត្រូវ​បាន​គេ​ចងចាំ​ ​ប្រៀប​ដូច​ដេកយល់សប្តិ​ ​និង​ភ្លេចបាត់​កាល​ជាក់លាក់​រៀងខ្លួន​ ​ទើប​ធ្វើ​ឱ្យ​អ្នកប្រាជ្ញ​ប​ស្ចឹ​ម​ប្រទេស​មកឃើញ​តែ​ការ​អះអាង​របស់​ពួកគេ​ក្នុងនាម​ជា​ម្ចាស់​នៃ​ដែនដី​នេះ​ពី​បុរាណ​នា​សហសម័យ​ ​ក៏​យល់ថា​ពួកគេ​កំពុង​ដណ្ដើម​គ្នា​ធ្វើ​ម្ចាស់​រៀងខ្លួន​ក្នុង​ពេល​តែមួយ​។​

​ម្យ៉ាងទៀត​ ​ភូមិសាស្ត្រនយោបាយ​តំបន់​នេះ​ ​ក៏​ខុសប្លែក​គ្នា​ពីសម័យ​បុរាណ​សតវត្សរ៍​ទី​៧​ ​ដល់​ទី​១​៥​នោះ​ច្រើន​ដែរ​ ​ដោយសារតែ​ការ​លេចឡើង​រដ្ឋ​ថ្មីៗ​នៅ​លើទឹក​ដី​នៃ​ចក្រភព​ខ្មែរ​ ​ឬ​កម្ពុជ​ទេស​ ​ដែល​គ្របដណ្ដប់​មួយភាគធំ​ទៅលើ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក​។​ ​ប្រសិនបើ​ប្រជាជាតិ​ទាំងអស់​នេះ​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្លួន​ ​នោះ​ការ​ដណ្តើម​គ្នា​ធ្វើ​ម្ចាស់​ច្បាស់ជា​មិន​អាច​កើតមាន​ឡើយ​ ​ហើយ​អ្នក​សិក្សា​ក៏​មិន​ត្រូវ​ច្រឡំ​ថា​ ​ពួកគេ​កំពុង​ដណ្ដើម​គ្នា​ធ្វើ​ម្ចាស់​ដែនដី​បុរាណ​នេះ​ដែរ​។​

​ជាមួយនឹង​ភស្តុតាង​សិលាចារឹក​បញ្ជាក់​ពី​សុវណ្ណភូមិ​ជា​ទឹកដី​របស់​ខ្មែរ​ ​អ្នក​សិក្សាស្រាវជ្រាវ​ភាគច្រើន​បាន​លើកឡើង​ថា​ ​ជា​មោទនភាព​ជាតិខ្មែរ​ ​ដែល​រក​ឃើញ​ភស្ដុតាង​អំពី​អតីតកាល​របស់​ខ្លួន​ ​ហើយ​ត្រូវតែ​ហ៊ាន​អះអាង​ថា​ ​ទឹកដី​សុវណ្ណភូមិ​នេះ​ ​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​នៃ​ប្រជាជាតិ​ខ្មែរ​។​

​«​កាលណា​យើង​ត្រឡប់ទៅ​អតីតកាល​រាប់ពាន់​ឆ្នាំ​ ​យើង​អត់​អាច​​​យក​អារម្មណ៍​ជាតិនិយម​មក​លាយឡំ​គ្នា​បាន​នោះ​ទេ​ ​ត្រូវតែ​ផ្អែកលើ​ភស្ដុតាង​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​ ​ជាពិសេស​ទៅលើ​ភស្ដុតាង​ដែល​រលុបរលាយ​ ​ដូចជា​ប្រាសាទ​ ​មាន​ថ្ម​សិលាចារឹក​ ​គឺ​អក្សរ​ថ្ម​ ​ដែល​យើង​រក​ឃើញ​នេះ​ ​ជា​ភស្ដុតាង​មួយ​ដែល​មិន​អាច​មាន​នរណា​បដិសេធ​បាន​នោះ​ទេ​»​។​ ​នេះ​បើ​តាម​អ្នក​សិក្សាស្រាវជ្រាវ​ខ្មែរ​មួយ​រូប​នៅ​ប្រទេស​បារាំង​ថ្លែង​ក្នុងនាម​ជា​អ្នកចូលរួម​យោបល់​នៅ​ក្នុង​បាឋកថា​អំពី​បញ្ហា​នេះ​៕​

No comments:

Post a Comment