លោក អៀវ កើស ជា​នរណា?

 


ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ ​ជា​​ខួប​៦៩​ឆ្នាំ នៃ​មរណភាព​របស់​លោក អៀវ កើស។ ទោះ​បី​ជា​ពេល​នេះ​ ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ ដែល​កើត​មិន​ទាន់​សម័យ​កាល​របស់​លោក​ប្រហែល​ជា​មិន​បាន​ដឹង អត់​​ចាប់​​អារម្មណ៍ ​មើល​​រំលង ឬ​អាច​នឹង​បំភ្លេច​ចោល​ផង​ក៏​មិន​ដឹង​ តែ​មាន​មួយ​ចំនួន​ភាគ​តិច​ណាស់​ដែល​បាន​ដឹង​អំពី​កិត្តិនាម​របស់​លោក​ក្នុង​ភាព​ស្រពេច​ស្រពិល​។ ទន្ទឹម​នឹង​ការ​ដឹង​ស្រពិច​ស្រពិល​នេះ ចាស់ៗ​ដែល​មាន​វ័យ​ចន្លោះ​ពី​៧០​ ទៅ​៨០​ឆ្នាំ​ឡើង លោក​​ប្រហែល​ជា​ស្គាល់​ច្បាស់​អំពី​កេរ្ដិ៍ឈ្មោះ​របស់​លោក អៀវ កើស។

សម្រាប់​សង្គម​ខ្មែរ​ទូទៅ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៤០ រហូត​មក​ទាល់​នឹង​ដើម​ទសវត្សរ៍​ទី​៥០ លោក អៀវ កើស មិន​ត្រឹម​ជា​មេដឹក​នាំ “គណបក្ស​ប្រជាធិបតេយ្យ” បន្ត​ពី​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ យុត្តិវង្ស ប៉ុណ្ណោះ​ទេ តែ​លោក ក៏​ជា​អ្នក​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ​ទី១ ក្នុង “របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ” ឆ្នាំ​១៩៤៧ ​កាល​ពី​លោក​កាន់​តែ​តួនាទី​ជា​ប្រធាន​រដ្ឋសភា និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង​សេដ្ឋកិច្ច។ ក្រៅ​ពី​កិច្ចការ​ទាំង​នេះ លោក​ក៏​ជា​អ្នក​ស្រាជ្រាវ អ្នក​និពន្ធ​ អ្នក​ចង​ក្រង​សៀវភៅ​ដ៏​ឆ្នើម​មួយ​រូប ដែល​គិត​ដល់​ភាសា និង​អក្សរ​សាស្រ្ត​ជាតិ ដោយ​លោក​បាន​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ភាសាខ្មែរ​ ការ​សាក​ល្បង​ពិនិត្យ​រក​ហេតុ​ផល សម្រាប់​កូន​ខ្មែរ​គ្រាន់​សិក្សា​ឈ្វេង​យល់។

ជា​អកុសល បន្ទាប់​ពី​ជាប់​ឆ្នោត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​៨​ថ្ងៃ និង​បន្ទាប់​ត្រឡប់​ពី​ដង្ហែ​សម្តេច​ព្រះនរោត្តម សីហនុ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​បារាំង​វិញ​ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៥០ ត្រូវ​ឃាត​ករ​អប្រិយ​ចោល​គ្រាប់​បែក​ធ្វើ​ឃាត​លោក​ នាំ​ឱ្យ​រញ្ជួយ​ដល់​ពិភព​លោក​ គឺ​មិន​ចាញ់​ឃាតកម្ម​នៃ​ការ​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី ឡើយ ព្រោះ​ពេល​នោះ ដ្បិត​កម្ពុជា​មាន​ត្រឹម​តែ​វិទ្យុ​ផ្សាយ​សំឡេង ​មិន​ទាន់​មាន​ហ្វេស​ប៊ុក និង​ទូរទស្សន៍​ដូច​សម័យ​បច្ចុប្បន្ន​យ៉ាង​ណា​ក្ដី។

ពិធី​បុណ្យ​សព​លោក អៀវ កើស ធ្វើ​ឡើង​ក្នុង​សភាព​គគ្រឹក​គគ្រេង​សម្បើម​ណាស់ ដោយ​មាន​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​រាប់​ពាន់​នាក់ ចូល​រួម​ដង្ហែ​​សព នៅ​ថ្ងៃ​ទី​២២​ ខែ​មករា ឆ្នាំ​១៩៥០ បន្ទាប់ពី​តម្កល់​សព​ទុក​១​សប្តាហ៍។ សព​​ហែ​​ចេញ​​​ពី​គេហដ្ឋាន​សព នៅ​តីរវិថី ព្រះស៊ីសុវត្ថិ យក​ទៅ​ធ្វើ​ឈាបនកិច្ច នៅ​វត្តបទុមវតី…។

ទាក់​ទង​នឹង​ឃាតកម្ម​នេះ លោក ប៊ុណ្ណ ច័ន្ទម៉ុល អតីត​អ្នក​ទោសន​យោបាយ​គុក​កោះត្រឡាច បាន​សរសេរ​នៅ​ក្នុង​សៀវភៅ “ចរិត​ខ្មែរ” របស់​លោក​ថា លោក អៀវ កើស ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ប្រធាន​សភាជាតិ ត្រូវ​បាន​ជន​ម្នាក់​គប់​គ្រាប់​បែក​ធ្វើ​ឃាត​លោក នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជាធិបតេយ្យ លេខ​៦៧​ ផ្លូវ​ឧកញ៉ា​ផ្លុង កាច់​ជ្រុង​វិថី​ព្រះនរោត្តម សព្វ​ថ្ងៃ​»។

លោក អៀវ កើស កើត​នៅ​ឆ្នាំ១៩០៥ ស្រុក​កំណើត​នៅ​ស្រុកសង្កែ ខេត្ត​បាត់​ដំបង ជា​កូន​ទោល មាន​ឪពុក​ឈ្មោះ អៀវ ហេង និង​មាន​ម្តាយឈ្មោះ​អ្នក​ស្រី​ទឹក។

កាល​នៅ​វ័យ​កុមារ លោក​បាន​ចូល​រៀន​នៅ​សាលា​វត្ត​កណ្តាល និង​សាលា​បឋម​សិក្សា​ក្រុង​បាត់ដំបង។ បន្ទាប់​មក​ក៏​ចូល​រៀន​បន្ត​នៅ​អនុវិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ រាជ​ធានី​ភ្នំពេញ។ លោក​ប្រឡង​ជាប់​លេខ១ ត្រូវ​រាជការ​បញ្ជូន​ទៅ​រៀន​យក​សញ្ញាបត្រ​ឧត្តម​សិក្សា នៅ​ក្រុង​ហាណូយ និង​បន្ត​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ ដោយ​ចាប់​យក​ឯក​ទេស​ផ្នែក​​ពាណិជ្ជកម្ម។

ត្រឡប់​មក​ស្រុក​កំណើត​វិញ នា​ឆ្នាំ​១៩៤០ លោក អៀវ កើស បាន​រៀបការ​ជា​មួយ​នារី​ម្នាក់​ឈ្មោះ គឹម សិរី ដោយ​បង្កើត​បាន​កូន​២​នាក់ ក្នុង​នោះ​មាន​លោក អៀវ ប៉ុណ្ណាការ​ អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ម្នាក់។ នា​ឆ្នាំ​១៩៤៥ លោក​ អៀវ កើស​ ត្រូវ​បាន​ទទួល​ការ​តែង​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ក្រសួង​សេដ្ឋកិច្ច ប៉ុន្តែ​លោក​និង​ភរិយា ក៏​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ដែរ គឺ​ជា​ម្ចាស់​ឱសថ​ស្ថាន និង​កម្មន្តសាល​ធ្វើ​សាប៊ូ​មួយ​កន្លែង។

សព្វថ្ងៃ​នេះ ឈ្មោះ​លោក អៀវ កើស ពុំ​សូវ​មាន​នរណា​រម្លឹក​ឡើង​ទេ។ លោក​ស្ទើរ​តែ​បាត់​ឈ្មោះ​ទៅ​ហើយ មាន​តែ​ប្រភព​ឯកសារ​តិច​តួច​បំផុត​ ដែល​និយាយ​លម្អិត​ពី​វីរភាព​របស់​លោក៕

No comments:

Post a Comment