កវី​ប៉ាកកា​ប្រឡាក់ឈាម​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​

 


កេរ្តិ៍ឈ្មោះ​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំ​នៀ​ងរិទ្ធី​ ​យុវជន​សម័យនេះ​សឹងតែ​មិន​ស្គាល់​មិនដឹង​នូវ​នៅ​ស្នាដៃ​និពន្ធ​ចម្រៀង​របស់​លោក​ទេ​ ​តែបើ​កវី​ជំនាន់​មុន​ ​ឬ​ចាស់​ៗ​ជំនាន់​មុន​ដែល​នៅ​មានជីវិត​ ​សុទ្ធតែ​សរសើរ​នូវ​ស្នាដៃ​របស់​លោក​។​ ​អ្នកស្ដាប់​បទចម្រៀង​របស់​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​ ​បានឱ្យ​រហស្សនាម​ថា​ ​កវី​ប៉ាកកា​ប្រឡាក់ឈាម​។​ ​ការ​ដាក់​រហស្សនាម​បែបនេះ​ ​ដោយសារ​ទំនុក​នី​មួយ​ៗ​នៃ​បទចម្រៀង​របស់​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​ ​ប្រៀប​ដូច​កាប់​នឹង​ពូថៅ​ ​មានន័យថា​ ​ទំនុក​ចម្រៀង​របស់​លោក​បង្កប់ន័យ​ខ្ពស់​ ​ដូច​បទ​ ​«​ផ្សែង​ផ្ដាច់​ខ្សែចាប៉ី​»​ ​ដែល​ជាទូទៅ​គេ​ស្គាល់​ថា​ ​ជា​បទ​ ​ឱ​!​ផ្សែង​បារី​ ​ជាដើម​។​

​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​ ​គេ​ដឹង​ត្រឹម​ថា​ ​ប្រហែល​កើត​ក្នុង​អំឡុង​ឆ្នាំ​១៩​៣០​ ​រស់នៅ​ជាមួយ​ម្តាយ​ចាស់​ ​នៅ​ផ្សារ​ស៊ី​ឡិប​ ​រាជធានី​ភ្នំពេញ​។​ ​លោក​រៀន​ជាប់​សញ្ញា​បត្រ​មធ្យមសិក្សា​ភាគ២​ ​(​បាក់ឌុប​)​ ​ក្នុង​ជំនាន់​ស្រករ​ជាមួយ​លោក​ ​សឹង​ ​ង៉ុ​ក​ថាញ់​,​ ​លោក​ ​ហង្ស​ ​ធន់​ហាក់​,​ ​លោក​ ​ពៅ​ ​ស៊ី​ផូ​,​ ​លោក​ ​ភួង​ ​បុប្ផា​,​ ​លោក​ ​ពៅ​ ​វ៉ាន់​ចន​,​ ​លោក​ ​ទី​ ​ងួន​ឡេង​៘​ ​ដែល​ជំនាន់​នោះ​កូនខ្មែរ​កម្រ​រៀន​បាន​វិជ្ជា​ខ្ពង់ខ្ពស់​ដូច​លោក​ណាស់​។​

​លោក​ជា​មនុស្ស​ចូលចិត្ត​តែងខ្លួន​ដូច​ស្រី​។​ ​អ្នកស្រី​ ​ហួយ​ ​មាស​ ​ហៅ​លោក​ថា​ ​បុរស​ក្លិន​បី​ ​ព្រោះ​ពេលព្រឹក​ ​លោក​ប្រើ​ទឹកអប់​មួយ​ប្រភេទ​ ​ពេលថ្ងៃ​ប្រើ​ទឹកអប់​មួយ​ប្រភេទ​ ​និង​ពេល​យប់​ ​លោក​ប្រើ​ទឹកអប់​មួយ​ប្រភេទ​ផ្សេងទៀត​។​ ​

​បើ​និយាយចំ​ពោះ​ទំនុក​នី​មួយ​ៗ​របស់​លោក​វិញ​ ​បើ​យើង​ស្ដាប់​ធម្មតា​ ​គឺ​មិន​ងាយ​នឹង​យល់​ន័យ​ទេ​ ​តែបើ​យើង​ប្រៀបធៀប​ជ្រៅ​បន្តិច​ទៅ​ ​ឃើញថា​ពិត​ជា​អស្ចារ្ស​ណាស់​ ​ហើយ​តាម​ធម្មតា​បើក​វី​ផ្សេង​ៗ​និពន្ធ​ឱ្យ​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ច្រៀង​ ​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ ​អាច​ជួយ​កែសម្រួល​ទំនុក​ខ្វះខាត​បន្ដិច​បន្តួច​បាន​ ​តែបើ​លោក​ ​យ៉ង់​ ​ឈាង​ ​និពន្ធ​ឱ្យ​ ​លោក​ ​ស៊ីន​ស៊ី​ ​សា​មុត​ ​ច្រៀង​វិញ​ ​លោក​មិន​ហ៊ាន​ប៉ះ​សូម្បី​បន្តិច​ ​ព្រោះ​ដឹង​ថា​ ​លោក​ ​យ៉ង់​ ​ឈាង​ ​និពន្ធ​ឡើង​មក​ ​គឺ​មានន័យ​ធៀប​បែប​ទស្សនៈ​វិជ្ជា​ជ្រៅ​ ​សូម្បី​លោក​ ​ម៉ា​ ​ឡៅ​ពី​ ​ដែល​លោកអ្នក​ស្ដាប់​ទូទៅ​សរសើរ​ថា​ ​ពូកែ​និពន្ធ​មាន​ពាក្យពេចន៍​ចួន​ ​រណ្ដំ​ ​ណែងណង​ល្អ​ ​ក៏​នៅ​ស្ងោ​ច​សរសើរ​​ពី​ស្ន​ដៃ​របស់​លោក​ ​យ៉ង់​ ​ឈាង​ ​ដោយ​ចាត់​លោក​ ​យ៉ង់​ ​ឈាង​ ​ជា​ព្រឹទ្ធ​កវី​ទៀតផង​។​

​ទោះបីជា​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំ​នៀ​ងរិទ្ធី​ ​និពន្ធ​ចម្រៀង​មិនសូវ​បាន​ច្រើន​ដូច​កវី​ ​វ៉ោយ​ ​ហូ​,​ ​ម៉ា​ ​ឡៅ​ពី​ ​និង​លោក​ ​គង្គ​ ​ប៊ុ​ន​ឈឿន​ ​ក៏ប៉ុន្តែ​នៅពេល​លោក​និពន្ធ​បាន​មួយ​បទៗ​ ​គឺ​ក​វី​ផ្សេង​ៗ​តាមដាន​ចាំ​ស្ដាប់​ ​និង​ស្វែងយល់​ទំនុក​របស់​លោក​ដូចជា​បទ​ ​«​សុំ​ដៀល​ស្រី​ម្នាក់​»​ ​គឺ​លោក​និពន្ធ​ក្នុង​ន័យ​ជេរ​ ​តែ​ជេរ​ទាំង​ពីរោះ​ ​ហើយ​ទំនុក​នី​មួយ​ៗ​របស់​លោក​ ​បើ​ប្រៀបធៀប​ ​គឺ​មុត​ជាង​កាំបិទ​ទៅទៀត​។​ ​ស្នាដៃ​​របស់​លោក​​រួមមាន​៖​

​-​តើ​បង​ខុស​អ្វី​ស្រី​សុំ​លែង​៖​ ​ស៊ីន​ស៊ីសាមុត​
​-​សំណើចចំអក​ព្រហ្មលិខិត​៖​ ​ស៊ីន​ស៊ីសាមុត​
​-​មេឃ​ខ្មៅ​ងងឹត​៖​ ​ម៉ៅ​ ​សា​រ៉េ​ត​
​-​ផ្សែ​ផ្ដាច់​ខ្សែចាប៉ី​៖​ ​ស៊ីន​ស៊ីសាមុត​
​-​មនុស្សចិត្ត​ផ្លែ​ល្វា​៖​ ​ស៊ីន​ស៊ីសាមុត​
​-​កុំ​បំភ្លេច​ខ្ញុំ​៖​ ​ម៉ៅ​ ​សា​រ៉េ​ត​
​-​ថ្ពាល់​ខូច​៖​ ​ម៉ៅ​ ​សា​រ៉េ​ត​
​-​វណ្ណៈ​ស្នេហ៍​៖​ ​ម៉ៅ​ ​សា​រ៉េ​ត​
-សិង្ហឯងសាសន៍អី?៖ លីវ តឹក
-ត្រកូលគ្រួសារ៖ ម៉ៅ សារ៉េត
​-​និង​ស្នា​ដៃ​ផ្សេង​ៗ​ទៀត​។​ ​

​ក្រៅពី​ការ​និពន្ធ​ទំនុកច្រៀង​ ​លោក​ក៏​ជា​អ្នក​ច្រៀង​បទចម្រៀង​មហោរី​យ៉ាង​ពីរោះ​ក្រអួន​ក្រអៅ​ ​ដូចជា​បទ​ ​ស្រឡាញ់​ពេញចិត្ត​ ​តាម​លំនាំ​បទ​ ​ស៊ុត​សាងួ​ន​ ​ដែល​អ្នកចម្រៀង​មហោរី​មួយចំនួន​ខ្លាច​បទ​នេះ​បំផុត​។​

​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​ ​កាល​ជំនាន់​នោះ​ ​លោក​មាន​និន្នាការ​មួយ​ផ្ទុយពី​របប​សង្គម​។​ ​លោក​ជា​មនុស្ស​ដើរតាមគន្លង​ខ្មែរសេរី​មិន​ចូលចិត្ត​របប​រាជា​និយម​ទេ​ ​លើស​ពីនេះ​ ​លោក​ជា​អ្នកនិពន្ធ​ចម្រៀង​បង្កប់ន័យ​រិះគន់​របបរាជនិយម​ ​និង​អ្នកធំ​ក្នុង​របប​នោះ​ដោយ​ប្រើ​ទស្សនវិជ្ជា​ខ្ពស់​នៅក្នុង​បទចម្រៀង​របស់​លោក​។​ ​ព្រោះតែ​យ៉ាង​ដូច្នេះហើយ​ទើប​លោក​គ្មាន​ការងារ​ច្បាស់លាស់​ធ្វើនឹង​គេ​។​ ​នៅ​ជំនាន់​នោះ​ ​លោក​និពន្ធ​ចម្រៀង​ ​ហើយ​យក​ទៅ​ច្រៀង​ ​នៅ​តាម​រង្គសាល​ ​ដើម្បី​រក​លុយ​​ចិញ្ចឹម​ម្ដាយ​។​

​អ្វី​កាន់តែ​ឱ្យ​ចាប់អារម្មណ៍​ចំពោះ​រូបលោក​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​ដោយសារ​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំ​នៀ​ងរិទ្ធី​ ​ជា​មនុស្ស​មាន​ទស្សនៈ​ប្រឆាំង​នឹង​របប​សង្គម​រាស្ត្រនិយម​ ​ដូច្នេះ​លោក​បាន​ជាប់គុក​ដោយសារ​ការ​និពន្ធ​ចម្រៀង​បញ្ឆិតបញ្ឆៀង​ទិទៀន​ឱ្យ​របប​សង្គម​រាស្រ្ត​និយម​ ​ជាពិសេស​ឌឺដង​ផ្លែផ្កា​ឱ្យ​សម្ដេច​តា​ ​ទោះបីជា​លោក​ប្រើ​ទស្សនវិជ្ជា​ប្រៀប​ខ្ពស់​យ៉ាង​ណា​ក៏ដោយ​ ​ក៏​គេ​អាច​មើលឃើញ​ថា​ ​ភាគច្រើន​ក្នុង​ទំនុក​នៃ​បទចម្រៀង​របស់​លោក​មាន​បង្កប់​សារ​នយោបាយ​។​ ​ប៉ុន្តែ​មិន​មាន​ឯកសារ​បញ្ជាក់​ថា​ ​លោក​ជាប់គុក​ដោយសារ​បទ​ចម្រៀង​​ណា​ឱ្យ​ប្រាកដ​ឡើយ​។​ ​នៅពេល​ជាប់គុក​ ​លោក​ឆ្លៀត​តែង​បទ​ ​«​ត្រី​ក្រឹម​ក្នុង​ដប​»​ ​ច្រៀង​ដោយ​អ្នកស្រី​ ​ម៉ៅ​ ​សា​រ៉េ​ត​ ​ដែល​មាន​ពាក្យ​មួយ​ឃ្លា​ថា​ ​«​ត្រី​ក្រឹម​ក្នុង​ដប​ ​បើក​មា​ត់​ម្ហប​ៗ​សុំ​ទារ​សេរី​.​.​.​»​។​

​គេ​នៅចាំ​បាន​ថា​ ​បន្ទាប់ពី​និពន្ធ​ទំនុក​បទ​ ​«​សំណើចចំអក​ព្រហ្មលិខិត​»​ ​ហើយ​ ​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​ ​បាន​យក​ទៅ​ច្រៀង​នៅ​តាម​រង្គសាល​នានា​ ​ពេលនោះ​ចម្រៀង​មួយ​បទ​នេះ​ ​ទទួល​បានការ​ពេញនិយម​ពី​អ្នកស្ដាប់​ជា​ខ្លាំង​។​ ​ក្រោយមក​កូនលោក​ ​ញឹក​ ​ជូ​ឡុង​ ​គឺ​បូរ៉ា​មី​ ​ជូ​ឡុង​ ​បាន​ទិញ​ទំនុក​នៃ​បទចម្រៀង​នេះ​ពីក​វី​ប៉ាកកា​ប្រឡាក់ឈាម​ ​ឱ្យ​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ ​ចម្រៀង​ ​ដើម្បី​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​មួយ​ដែល​មាន​ចំណងជើង​ដូច​ទៅ​នឹង​បទចម្រៀង​។​ ​ក្នុង​ខ្សែភាពយន្ត​ ​«​ ​សំណើចចំអក​ព្រហ្មលិខិត​»​ ​តួឯក​ប្រុស​ ​គឺ​លោក​ ​ណុប​ ​ណែម​ ​គួ​ឯក​ស្រី​ ​គឺ​លោកស្រី​ ​ឌី​ ​សា​វ៉េ​ត​។​ ​ខ្សែ​ភាគ​យន្ត​នេះ​ថត​នៅ​បុ​រី​ជូ​ឡុង​ ​(​គិរីរម្យ​)​។​

​នៅពេល​ដែល​លោក​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំ​នៀ​ងរិទ្ធី​ ​និពន្ធ​បាន​មួយ​បទៗ​ ​ក​វី​ផ្សេង​ៗ​ទៀត​ចាំ​មើល​ ​ថា​តើ​លោក​ ​យ៉ង់​ ​ឈាង​ ​ជេរ​អ្នកណា​ទៀតហើយ​?​ ​ដូច​បទ​ ​«​សំណើចចំអក​ព្រហ្ម​លិ​ខិត​​»​ ​នៅពេល​ដែល​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ ​ស្រែកច្រៀង​ក្បាល​ដំបូង​ ​ម្នា​ក់ៗ​ភ័យ​ផើត​បុក​ពោះ​​ជំនួស​លោក​ ​ព្រោះ​ចេញ​ក្បាល​ដំបូង​ថា​ ​«​ខ្ងុំ​ចង់តែ​ស្រែក​ជេរ​.​.​»​ ​ដល់​លោក​ច្រៀង​ពេញ​មួយ​​ឃ្លា​មក​ថា​ ​«​ខ្ងុំ​ចង់តែ​ជេរ​ដល់​ព្រហ្មលិខិត​.​.​»​ ​ម្នា​ក់ៗ​ក៏​ធូរទ្រូង​វិញ​ ​ព្រោះ​ខ្លាច​លោក​ ​យ៉ង់​ ​ឈាង​ ​ជាប់គុក​ទៀត​ ​ដ្បិត​លោក​ចូលចិត្ត​និពន្ធ​ឌឺដង​សម្ដេច​តា​។​ ​ដូច្នេះហើយ​ ​ទើប​សម័យ​​សង្គម​រាស្ត្រនិយម​ ​លោក​មិន​មានការ​ងារ​ធ្វើ​ទេ​ ​ព្រោះ​មិន​មាន​អ្នកណា​ហ៊ាន​ទទួល​អ្នក​​ដែល​មាន​ទស្សនៈ​ប្រឆាំង​នឹង​របប​សង្គម​រាស្រ្តនិយម​។​ ​រហូតដល់​សម័យ​សាធារណរដ្ឋ​ទើប​​លោក​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​នឹងគេ​។​ ​តាម​ប្រភព​នានា​បានឱ្យ​ដឹង​ថា​ ​កវី​ប៉ាកកា​ប្រឡាក់​ឈាម​ ​យ៉ង់​ ​ឈាង​ ​ហៅ​ ​សំនៀង​ ​រិទ្ធី​ ​បាន​បាត់​ដំណឹង​នៅ​ឆ្នាំ១៩៧៥​៕​

No comments:

Post a Comment