ទូលព្រះបង្គំ សូមការលើកលែងទោសពីព្រះនាងជាមុនសិន មុននឹងរាយរាប់រឿងនៅក្នុងចិត្តប្រាប់ទៅព្រះនាង។ ទូលព្រះបង្គំដឹងខ្លួនយ៉ាងច្បាស់ថា ទូលព្រះបង្គំថ្លើមធំពាសមេឃដែលមិនខ្លាចនឹងការសរសេរសំបុត្រនេះថ្វាយដល់ព្រះនាង។ ទូលព្រះបង្គំមានជំនឿជឿជាក់យ៉ាងមុតមាំថា ព្រះនាងក៏មិនចង់យកទោសពៃរិ៍អ្វីពីទូលព្រះបង្គំដែរ ព្រោះទូលព្រះបង្គំ គឺជារាស្ត្រសាមញ្ញនៅក្នុងសតវត្សរ៍ទី២១ មិនសូវយល់ច្បាស់ពីច្បាប់ទម្លាប់ សូម្បីតែពាក្យពេចន៍ឬភាសាសរសេរថ្វាយព្រះនាង ក៏រឹតតែរដិរដុបមិនត្រូវជ្រុងទៅទៀត។ ទូលព្រះបង្គំមិនដឹងថា ព្រះនាងសព្វព្រះទ័យចំពោះសំបុត្រនេះឬអត់ទេ តែទោះយ៉ាងណាទូលព្រះបង្គំនៅតែជឿជាក់ថា ព្រះនាងនឹងរំជើបរំជួលព្រះទ័យមិនខាន បន្ទាប់ពីទ្រង់យល់ពីអត្តន័យនៃបញ្ហាសង្គមខ្មែរនាសម័យដ៏ទំនើបនៃទូលព្រះបង្គំ។
ព្រះនាងជាទីគោរពដ៏ខ្ពង់ខ្ពស់! ប្រហែលជាព្រះនាងមិនស្គាល់ទូលព្រះបង្គំទេ ហើយព្រះនាងក៏ប្រហែលជាឆ្ងល់ណាស់ដែរហើយមើលទៅ ថាហេតុអ្វីបានជាទូលព្រះបង្គំស្គាល់ព្រះនាង។ បន្តិចទៀតនេះ ទូលព្រះបង្គំនឹងរៀបរាប់ថ្វាយ តែពេលនេះទូលព្រះបង្គំសូមថ្វាយពីបញ្ហាមួយដល់ព្រះនាងជាមុនសិន។ ទូលព្រះបង្គំយល់ថា បញ្ហានេះសំខាន់ជាងការណែនាំអំពីឈ្មោះទូលព្រះបង្គំថ្វាយព្រះនាងទៅទៀត។ អ្វីដែលទូលព្រះបង្គំចង់ថ្វាយព្រះនាង គឺបញ្ហាសង្គមខ្មែរនៅជំនាន់ទូលព្រះបង្គំ។
ដោយសារតែនៅជំនាន់ទូលព្រះបង្គំមានបញ្ហាច្រើនពេក ទូលព្រះបង្គំមិនដឹងត្រូវចាប់និទានពីត្រឹមណាមកទើបសមគួរទេ។ អូ៎មែនហើយព្រះនាង! ជាបឋម ទូលព្រះបង្គំសូមថ្វាយបញ្ហាគ្រប់គ្រងនិងបញ្ហាដឹកនាំប្រទេសនៅក្នុងសម័យទូលព្រះបង្គំសិន ហើយសឹមថ្វាយការនិទានបញ្ហាផ្សេងៗជាច្រើនទៀត ម្តងមួយម្តងមួយរហូតទាល់អស់។ ជម្រាបថ្វាយព្រះនាងតាមត្រង់ទៅចុះ… តាមពិតទៅអ្វីដែលទូលព្រះបង្គំកំពុងនិយាយនេះ គឺជាការប្រាប់អំពីស្ថានភាពសង្គមប្រាប់ដល់ខ្លួនឯងទៅវិញទេ ដ្បិតប្រហែលជាព្រះនាងស្ដាប់ពុំឮនូវអ្វីដែលទូលព្រះបង្គំជម្រាបថ្វាយព្រះនាងឡើយ ហើយទូលព្រះបង្គំក៏មិនប្រាកដចិត្តថា ព្រះនាងអាចយល់ភាសាខ្មែរសម័យនេះនោះដែរ។ ទោះជាយ៉ាងដូច្នេះក៏ដោយចុះ ក៏ទូលព្រះបង្គំនៅតែថ្វាយលិខិតនេះចំពោះព្រះនាងដដែល។
គិតត្រឹមឆ្នាំដែលទូលព្រះបង្គំចាកពីផ្ទៃម្ដាយទូលព្រះបង្គំ នៅចុងសម័យខ្មែរក្រហមកាន់របបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៦ និងដើមសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ១៩៧៩ រហូតបានធំដឹងសេចក្ដីនៅបច្ចុប្បន្នសម័យកម្ពុជាកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានការវិវត្តច្រើនណាស់។ ចុងសម័យខ្មែរក្រហមនិងដើមសម័យក្រោយខ្មែរក្រហម ឬដើមសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយសារកាលនោះទូលព្រះបង្គំនៅតូចពេកទើបមិនដឹងថា នៅក្នុងសង្គមមានបញ្ហាអ្វីកើតឡើងនោះទេ។ តាមសភាវគតិរបស់ទូលព្រះបង្គំនៅពេលនោះគឺដឹងត្រឹមថា ស្រែកយំទាមទារអាហារតែប៉ុណ្ណោះ។ កាលពីកុមារភាព ទូលព្រះបង្គំមិនដែលស្គាល់ព្រះនាមរបស់ព្រះនាង ហើយក៏មិនដឹងថា ជំនាន់ព្រះនាងគ្រប់គ្រងនិងដឹកនាំប្រទេសជាតិបែបណានោះដែរ។ ក្រាលទូលព្រះនាង! ទូលព្រះបង្គំស្គាល់ព្រះនាងតាមរយៈសំណេរប្រវត្តិសាស្ត្រខ្មែរ។ តាមប្រវត្តិសាស្ត្របានបញ្ជាក់ថា ទឹកដីប្រទេសខ្មែរមានវិសាលភាពធំទូលំទូលាយសម្បើមណាស់ កាលពីជំនាន់ព្រះនាង ចំណែកទឹកដីកម្ពុជាជំនាន់ទូលព្រះបង្គំ តាំងពីទូលព្រះបង្គំធំដឹងក្ដីកាលណា និងតាមសៀវភៅដែលគេឱ្យទូលព្រះបង្គំរៀននៅថ្នាក់អនុវិទ្យាល័យ ទូលព្រះបង្គំឃើញតែផ្ទៃដីប្រទេសមានទំហំ១៨១,០៣៥គីឡូម៉ែត្រក្រឡា។
ព្រះនាងជាទីគោរពដ៏ខ្ពង់ខ្ពស់! មិនដឹងថា ការគ្រប់គ្រងនិងការដឹកនាំប្រទេសជាតិនៅជំនាន់នេះដូចឬខុសពីជំនាន់ព្រះនាងយ៉ាងដូចម្ដេចទេ។ អ្វីដែលទូលព្រះបង្គំបានដឹងនៅក្នុងសម័យនេះ “កម្ពុជា” គឺជាឈ្មោះរបស់ប្រទេស។ ប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានព្រះបាទនរោត្តម សីហមុនី ជាព្រះមហាក្សត្រ ដែលជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កជាព្រះប្រមុខរដ្ឋ។ ប្រទេសប្រកាន់របបប្រជាធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ មានអំណាចធំៗបួន គឺអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និងអំណាចសារព័ត៌មាន។ ប្រហែលជាព្រះនាងឆ្ងល់នូវអ្វីដែលទូលព្រះបង្គំថ្វាយនេះហើយមើលទៅ! វាគឺជាបែបផែនមួយនៃការគ្រប់គ្រងនិងដឹកនាំប្រទេសមួយបែប។ អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់ អំណាចនីតិបញ្ញត្តិ ជាអំណាចរៀបចំនិងអនុម័តច្បាប់ អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់ និងអំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។ ព្រះនាងសូមកុំអាលធុញទ្រាន់នឹងទូលព្រះបង្គំអី សូមព្រះនាងសណ្ដាប់ការពន្យល់របស់ទូលព្រះបង្គំបន្តិចទៀតសិន។
អំណាចនីតិប្រតិបត្តិឋិតនៅក្រោមការអនុវត្តរបស់រដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រីមួយរូបជាអ្នកដឹកនាំរដ្ឋាភិបាលសេរីពហុបក្ស។ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺសម្ដេច ហ៊ុន ស៊ែន ហើយរដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រីច្រើនរូប។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងដោយមានការផ្តល់យោបល់និងឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និងគ្រប់មន្ត្រីក្រសួងក្រោមឱវាទមានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗដើម្បីបុគ្គលគ្រប់រូបអនុវត្តតាម។
ចំណែកអំណាចនីតិបញ្ញត្តិឋិតនៅក្រោមការអនុវត្តរបស់រដ្ឋសភានិងព្រឹទ្ធសភា។
ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ
និងសម្រេចអនុម័តច្បាប់និងតាមដានរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់។
រដ្ឋសភាមានសិទ្ធិកោះហៅនាយករដ្ឋមន្ត្រី
និងរដ្ឋមន្ត្រីគ្រប់ក្រសួងមកបង្ហាញមុខនៅរដ្ឋសភា
ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្តជាសមាជិករបស់រដ្ឋសភា។
រីឯអំណាចតុលាការឋិតនៅក្រោមការអនុវត្តរបស់អង្គចៅក្រម។
អង្គចៅក្រមតែងតាំងដោយព្រះមហាក្សត្រ។
អង្គចៅក្រមមានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់
ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីទៀតផង។
ដោយឡែកអំណាចសារព័ត៌មាន
ជាអំណាចរបស់មហាជនឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន
ក្នុងនោះមានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី
ព្រឹត្តិបត្រព័ត៌មាន…។
ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើលគ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ
ដើម្បីជាទុនកែតម្រង់ឱ្យដើរតាមគន្លងច្បាប់ដែលបានចែង។
រាជធានីនិងទីក្រុងដ៏ធំជាងគេបំផុត គឺភ្នំពេញដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសកម្ពុជា ហើយប្រមុខរាជរដ្ឋាភិបាល គឺសម្ដេច ហ៊ុន សែន នៅពេលបច្ចុប្បន្ននេះ ជាមេដឹកនាំដែលកាន់តំណែងយូរ បំផុតនៅអាស៊ីអាគ្នេយ៍ និងបានដឹកនាំប្រទេសកម្ពុជា អស់រយៈពេលជាង២៥ឆ្នាំហើយ។ ចំណែកមេដឹកនាំចលនាប្រឆាំងដែលមានប្រជាប្រិយបំផុតនៅក្នុងសង្គមខ្មែរសម័យនេះ គឺលោក សម-រង្ស៊ី។ បុគ្គលពីររូបនេះ ជាមនុស្សដ៏សំខាន់ក្នុងការគ្រប់គ្រងនិងការដឹកនាំប្រទេស តែបុគ្គលពីររូបនេះប្រៀបបានភ្លើងហើយនិងសាំង ពោលគឺមិនអាចនៅជាមួយគ្នាបានទេ។
អ្វីដែលព្រះនាងសណ្ដាប់ហូរហែតាំងពីលើរហូតមកមើលទៅហាក់ដូចជាមានរចនាសម្ព័ន្ធត្រឹមត្រូវល្អណាស់ សមជាប្រទេសមួយដែលមានការរីកចម្រើនមានរថយន្តទំនើបជិះគគ្រឹកគគ្រេងគ្រប់គ្នាមែនហើយ។ ប៉ុន្ដែសម្រាប់ទូលព្រះបង្គំដែលជាមនុស្សជំនាន់នេះសង្កេតឃើញថា ការអនុវត្តហាក់មានការឃុបឃិតគ្នាពុករលួយជាប្រព័ន្ធ ឬរចនាសម្ព័ន្ធនេះរៀបចំឡើងគ្រាន់តែឱ្យល្អមើល តែមិនល្អស៊ីទេ ព្រះនាង។ ទូលព្រះបង្គំតែងតែគិតថា បើដូច្នេះមែននោះ! អ្នកដែលវេទនាជាងគេ គឺរាស្ត្រតូចតាចដូចជាទូលព្រះបង្គំនេះហើយ។ អ្នកមានកាន់តែមានលូតកប់ពពក ឯអ្នកក្រកាន់តែក្រលិចកប់ភក់ជ្រាំទៅវិញ។
ហេតុអ្វីបានជាទូលព្រះបង្គំហ៊ានហាស្ដីផ្ដេសផ្ដាសដូច្នេះ? មិនចម្លែកទេព្រះនាង តាមរយៈការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលគ្រប់គ្រងនិងដឹកនាំប្រទេសកម្ពុជាបានបង្កើតក្រសួងជាច្រើន។ ក្នុងនោះកម្ពុជាមានក្រសួងធនធានទឹកនិងក្រសួងកសិកម្ម តែប្រជាពលរដ្ឋនៅតែទិញអង្ករពីបរទេស ដោយសារខ្វះទឹកធ្វើស្រែ។ ប្រជាកសិករនៅតែអុជធូបបន់ស្រន់ព្រះសុំទឹកភ្លៀងធ្វើកសិកម្ម។
កម្ពុជាមានក្រសួងសុខាភិបាល តែប្រជាពលរដ្ឋនៅតែចេញទៅព្យាបាលសុខភាពនៅក្រៅប្រទេសដោយសារពួកគេគ្មានជំនឿចិត្តលើការព្យាបាលរបស់គ្រូពេទ្យក្នុងស្រុក។ ប្រជាពលរដ្ឋនៅតែស្លាប់ដោយសារជំងឺ ដោយសារតែគ្មានប្រាក់ឱ្យពេទ្យ។ ប្រជាពលរដ្ឋនៅតែសម្រាលកូននៅក្រៅឬនៅមុខមន្ទីរពេទ្យដោយសារតែគ្មានប្រាក់បង់ឱ្យពេទ្យ។
កម្ពុជាមានក្រសួងយុត្តិធម៌ តែប្រជាពលរដ្ឋស្លូតត្រង់ក្រីក្រនៅតែទួញសោកស្រែកយំទាមទាររកយុត្តិធម៌ដោយសារតុលាការលម្អៀងទៅរកជនមានអំណាច។ ដូចពាក្យកូនក្មេងជំនាន់ទូលព្រះបង្គំនិយាយលេងថា “តុលាការជា ទីគោរពបើលុយមិនគ្រប់លោកកាត់ឱ្យចាញ់! តុលាការជាទីស្រឡាញ់លោកកាត់ឱ្យចាញ់បើលុយមិនគ្រប់”។ ប្រជាពលរដ្ឋខ្លះមិនចង់ប្ដឹងផ្ដល់ដៃគូទំនាស់ ឬឡើងទៅតតាំងរកយុត្តិធម៌នៅតុលាការទេ ព្រោះពួកគេអស់ទំនុកចិត្តចំពោះមន្ត្រីតុលាការនិងប្រព័ន្ធយុត្តិធម៌ ហើយរត់ទៅពឹងពាក់អ្នកមានស័ក្តិធំ អ្នកមានលុយ និងមានអំណាចឬរកជំនួយពីសំណាក់អ្នកដែលមានខ្នងក្រាស់ឱ្យជួយដោះស្រាយរឿងរបស់ខ្លួនទៅវិញ។
កម្ពុជាមានក្រសួងសេដ្ឋកិច្ចនិងក្រសួងពាណិជ្ជកម្ម តែកម្ពុជានៅតែខ្វះទីផ្សារផលិតផលក្នុងស្រុក ហើយពឹងពាក់លើការនាំចូលពីបរទេសទាំងស្រុង។ បើតាមការសង្កេតដោយភ្នែកទទេ គួបផ្សំនឹងការគិតបន្ដិចបន្ដួចរបស់ទូលព្រះបង្គំឃើញថា កម្ពុជាហាក់មានតែសម្បកខ្លួនទទេប៉ុណ្ណោះ ព្រោះសូម្បីឈើចាក់ធ្មេញនិងរបស់ប្រើប្រាស់កំប៉ិកកំប៉ុក ក៏ត្រូវការនាំចូលពីបរទេសដែរ។ កម្ពុជាមានក្រសួងបរិស្ថាន តែនៅតាមផ្លូវសាធារណៈ សាលារៀននៅតែមានគំនរសំរាមពាសវាលពាសកាលជះក្លិនមិនល្អដល់ការរស់នៅ។ ការកាប់ព្រៃឈើនៅតែកើតមានឥតថមថយ។
កម្ពុជាមានក្រសួងសាធារណការនិងក្រសួងមហាផ្ទៃ តែការគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានឡើង។ មនុស្សនៅតែស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ផ្លូវនៅតាមទីក្រុងនានានៅតែកកស្ទះ។ តាមទូលព្រះបង្គំដឹងនៅជំនាន់ព្រះនាងគ្មាននរណាម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ មានតែអ្នកពលីជីវិតក្នុងបុព្វការពារនិងពង្រីកទឹកដី។ តើព្រះនាងដឹងទេ… កម្ពុជាមានក្រសួងអភិវឌ្ឍន៍ជនបទ តែនៅតាមជនបទនៅតែខ្វះខាត ឬគ្មានហេដ្ឋារចនាសម្ពន្ធត្រឹមត្រូវគ្មានអគ្គិសនីគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។
កម្ពុជាមានក្រសួងរៀបចំដែនដី នរគរូបណីយកម្ម និងសំណង់ តែអគារសំណង់នៅតែគ្មានស្ដង់ដារគ្មានរបៀបរៀបរយ។ អ្នកមានអំណាចនៅតែរំលោភយកដីចំណីផ្លូវរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិខ្លួនឯង។ កាន់តែអស្ចារ្យជាងនេះទៅទៀតព្រះនាង គឺរាល់សំណង់មិនបានបង្ហាញពីអត្តសញ្ញាណជាតិដូចជំនាន់ព្រះនាងនោះទេ កាលពីប៉ុន្មានខែមុននេះសំណង់អគារបាក់ស្រុតបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់។ តើជំនាន់ព្រះនាងសង់ប្រាសាទមានបាក់ស្រុតដូច្នេះដែរទេ?
ក្រៅពីនេះ កម្ពុជាមានក្រសួងវប្បធម៌ តែទូលព្រះបង្គំមើលឃើញថា វប្បធម៌ខ្មែរកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងវិស័យសិល្បៈតារាមួយចំនួនយកសិល្បៈធ្វើអាជីវកម្មឬធ្វើជាឈ្នាន់ដើម្បីស្វែងរកលាភសក្ការៈឬទ្រព្យសម្បត្តិ។ ទូលព្រះបង្គំមិនប្រាកដថា នៅជំនាន់ព្រះនាងមានទិដ្ឋភាពដូចគ្នានេះដែរឬទេ។
ក្រាបទូលព្រះនាង! បើនិយាយពីវប្បធម៌ ឬប្រពៃណី ទំនៀមទម្លាប់ខ្មែរសម័យនេះវិញរឹតតែឆ្កួតលីលាទៅទៀត។ ប្រជាពលរដ្ឋខ្មែរប្រមាណ៩៥% និយមគោរពព្រះពុទ្ធសាសនាថេរវាទដូចព្រះរាជាដែរ។ មិនមែនទេ! ទូលព្រះបង្គំឃើញប្រជាជនខ្មែរភាគច្រើននិយមការផឹកស្រាជាងការគោរពសាសន៍របស់ខ្លួនទៅវិញទេ។ ការផឹកស្រាក្លាយជា ទម្លាប់របស់ខ្មែរដែលពិបាកនឹងកែប្រែ។ ស្រាបានក្លាយជារបស់ដ៏សំខាន់និងមិនអាចខ្វះបានស្ទើរនៅគ្រប់កម្មវិធី។ ពួកគេលែងចង់ទៅវត្តវ៉ាហើយ អាយុ៥០មិនទាន់ទេ ស្ពាយជំងឺ៤ ទៅ៥មុខ ចូលពេទ្យវេទនាទាំងវ័យក្មេង ហើយទៅបន្ទោសព្រហ្មលិខិត ឬបន្ទោសថាព្រះដាក់ទោសទណ្ឌដល់ខ្លួនទៅវិញ។ សីលធម៌សង្គមខ្មែរធ្លាក់ចុះដល់ ដំណាក់កាលមួយ គឺស្ទើរលែងខ្មាសអ្នកណាទាំងអស់។ ស្ដាប់មើលទៅដូចអាក្រក់ តែវាជារឿងពិតប្រាកដនៅក្នុងសង្គមសម័យទូលព្រះបង្គំមែនហើយ ព្រះនាង!
ណ្ហើយ! ទូលព្រះបង្គំថ្វាយសេចក្ដីមកនេះបែបរាងវែងឆ្ងាយបន្តិចហើយ។ បើព្រះនាងបានអាន ឬស្ដាប់ឮ ក៏ ប្រហែលជាធុញណាស់ហើយ។ ជាទីបញ្ចប់ ទូលព្រះបង្គំសូមការលើកលែងទោសពីព្រះនាងម្ដងទៀត ដែលហ៊ានសរសេរចុតហ្មាយហេតុថ្វាយព្រះនាង។
ជាព្រះគុណ មហាករុណាណាស់ ដែលព្រះនាងមិនយកទោសពៃរិ៍ពីទូលព្រះបង្គំ…
ពីទូលព្រះបង្គំ ប្រជាពលរដ្ឋជំនាន់ថ្មី
No comments:
Post a Comment