ដើមសតវត្សទី១៥ ក្រោយពីជោគជ័យក្នុងការវាយដណ្ដើមយករាជធានីអង្គរពីកណ្ដាប់ដៃពួកសៀមមកវិញហើយនោះ ព្រះបាទពញាយ៉ាតបានសម្រេចព្រះហទ័យលើករាជធានីពីក្រុងអង្គរយាងកសាងរាជធានីថ្មីមួយ នៅទួលបាសាន ហើយបន្ទាប់មកលើកមកតាំងនៅភ្នំពេញដែលបានក្លាយជារាជធានីនៃប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។
មានឯកសារតិចតួចបំផុត ដែលបាននិយាយអំពីការធ្លាក់ចុះ និងការលើករាជធានីពីអង្គរមកតាំងនៅចតុមុខ។ ឯកសារខ្លះបាននិយាយថា ដោយសារតែបារម្ភពីក្រុងអង្គរស្ដិតនៅជិតសៀមពេក ហើយណាមួយសៀមបានទន្ទ្រានយកខេត្តនៅភាគខាងលិចទាំងឡាយរបស់ខ្មែរបានច្រើនណាស់ទៅហើយ។ ចំណែកប្រជារាសស្រ្តខ្មែរជាច្រើនត្រួវពួកសៀមកៀរយកទៅសៀម ហើយម្យ៉ាងទៀត នៅក្នុងសង្គ្រាមប៉ុន្មានលើកជាមួយនឹងសៀមមកនេះ ប្រជារាស្រ្តខ្មែរក៏បានបាត់បង់ជីវិតអស់ជាច្រើនដែរ ជាហេតុធ្វើឱ្យខ្មែរសល់គ្នាតិចសម្រាប់ការពារក្រុងអង្គរដ៏ធំទូលាយ។
ហេតុការណ៍នេះ ក៏បានធ្វើឱ្យខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ពន្ធទីក្រុង និងប្រព័ន្ធធារាសាស្រ្តស្ទើរទាំងស្រុង គួបផ្សំពេលនោះប្រទេសខ្មែរជួបគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបានកើតឡើងផង។ ទើបទឹកស្ទឹងអង្គរត្រូវចុះជាងពីរម៉ែត្រកន្លះ ហើយបារាយណ៍ជាអាងទឹកធំៗ ប្រឡាយទឹកត្រូវស្ងួតហួតហែង ជាហេតុខ្វះទឹកធ្វើស្រែចម្ការច្បារដំណាំបង្ក បង្កើតផលកសិកម្ម ដែលគ្រឿងឧបភោគបរិភោគសម្រាប់ផ្គត់ផ្គង់ជីវភាពអ្នករស់នៅក្នុងតំបន់នេះធ្លាក់ចុះយ៉ាងគំហុក។
បន្ទាប់ពីការយល់ស្របមតិជាមួយនឹងមន្ត្រីតូចធំហើយ ព្រះបាទពញាយ៉ាត ក៏បានលើករាជធានីចេញពីតំបន់អង្គរមកតាំងនៅទួលបាសាន ដែលព្រះអង្គធ្លាប់បានតាំងក្បួនទ័ព ដើម្បីវាយរំដោះក្រុងអង្គរដោយជោគជ័យ។ ក្រុងស្រីសន្ធរ នៅទួលបាសាន ជាទីក្រុងថ្មីមួយទៀតនៅចុងសម័យអង្គរ។ ក៏ប៉ុន្តែការតាំងមូលដ្ឋានគ្រឹះនេះបានតែមួយឆ្នាំប៉ុណ្ណោះ ដោយសារតែទឹកជំនន់ធំខុសពីធម្មតា និងផ្ដល់ផលលំបាកខ្លាំងពេក ព្រះបាទពញាយ៉ាត ក៏បានប្ដូររាជធានីជាលើកទីពីរមកតាំងនៅភ្នំដូនពេញចតុមុខ (ភ្នំពេញសព្វថ្ងៃ)។
មានប្រវត្តិវិទូខ្លះ យល់ថា ការលើករាជធានីពីតំបន់មួយទៅកាន់តំបន់មួយទៀត គឺដើម្បីស្វែងរកទីតាំងអំណោយផលខាងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តសម្រាប់ការពារខ្លួនពីសត្រូវឈ្លានពាន។ លោក ម៉ៃឃើល វិកឃើរី ជឿជាក់ថា ការផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលកណ្ដាលរបស់ប្រទេសកម្ពុជា នៅចុងសតវត្សរ៍ទី ១៤ ប្រហែលជាមានជាប់ពាក់ព័ន្ធនឹងការរីកចម្រើន នៃពាណិជ្ជកម្មតាមសមុទ្ររបស់ជនជាតិចិនជាមួយនឹងអាស៊ីអាគ្នេយ៍ ដើម្បីធ្វើពាណិជ្ជកម្ម ឬដើម្បីរៀបចំធ្វើទំនាក់ទំនងពាណិជ្ជកម្ម ឬក៏ត្រួតត្រាសកម្មភាពជំនួញ និងដកហូតពន្ធដារពីឈ្មួញនៅតាមដងទន្លេគឺមានតែទីតាំងចតុមុខទេដែលល្អជាងគេ។ ម្យ៉ាងបើផ្អែកតាមជំនឿខ្មែរ ឱ្យតែកន្លែងដែលប្រសព្វគ្នា ដូចជាទន្លេចតុមុខ គេចាត់ទុកជាព្រះតីថ៌ៈ ឬអ្នកតា។ ទន្លេចតុមុខ គឺជាកន្លែងជួបគ្នានៃទន្លេទាំងបួន គឺទន្លេបួនមុខ ឬទន្លេមុខបួន គឺជាកន្លែងពិសិដ្ឋទៀតផង។
ទីតាំងដ៏ល្អនេះ បានផ្ដល់ឱ្យមានទីក្រុងមួយដែលមានកំផែងព័ទ្ធជុំវិញ និងអាចត្រួតពិនិត្យជំនួញមកពីប្រទេសឡាវ តាមទន្លេមេគង្គ ដូចជាជំនួញក្អមឆ្នាំង ត្រីងៀត និងទឹកត្រីពីទន្លេសាប ព្រមទាំងទំនិញនាំចូល ជាពិសេសទំនិញមកពីស្រុកចិនកាត់តាមដែនដីសណ្ដទន្លេមេគង្គ ដែលមានជនជាតិខ្មែរជាច្រើនបានរស់នៅ នាពេលនោះ។
មុននឹងកសាងរាជធានីថ្មីមួយនេះ ព្រះបាទពញាយ៉ាតបានចាត់ឱ្យសម្ដេចចៅពញាកែ និងឧកញ៉ាហោរាធិបតីខៀវ ទៅពិនិត្យទីស្ថានជិតៗភ្នំដូនពេញ (ភ្នំដែលគេនិទានតៗគ្នាថា មានដូនជីម្នាក់ឈ្មោះដូនពេញបាននាំញាតិមិត្ត និងពុទ្ធសាសនិកទាំងអស់កសាងឡើង ដើម្បីតម្កល់ព្រះពុទ្ធរូបបួនព្រះអង្គ និងបដិមាថ្ម ដែលគាត់រើសបាននៅនឹងគល់ដើមគគីរអណ្ដែតទឹកទៅទើរត្រង់កំពង់ទឹករបស់គាត់)។ ក្រោយពីពិនិត្យឃើញថា តំបន់នេះមានជ័យអាចស្ថាបនារាជធានីថ្មីបាន។ ព្រះអង្គបានចាត់ចៅពញាតេជោ និងចៅហ្វាយស្រុកខេត្តសំរោងទងឱ្យកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញវត្តភ្នំឱ្យបានខ្ពស់ ដើម្បីកុំឱ្យទឹកលិច។ ឯទីដែលរាស្ត្រជីកយកអាចម៍ដីនោះ ក៏បានក្លាយទៅជាបឹងមួយធំជាប់ឈ្មោះជាបឹងតេជោ។ គ្រានោះព្រះអង្គក៏បានត្រាស់បញ្ជាឱ្យឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយខេត្តស្រុកបាទី ឯកសារខ្លះថាចៅពញារាជាមេត្រីផ្លុង ចៅហ្វាយស្រុកកោះឫស្សីកែវ ឱ្យជីកព្រែកទម្លាយពីបឹងពោងពាយភ្ជាប់ទៅទន្លេ ដើម្បីយកទឹកប្រើប្រាស់។ ព្រែកនេះក៏ជាប់ឈ្មោះជាព្រែកពាមផ្លុង។
បន្ទាប់មកព្រះអង្គចាត់ឱ្យតាំងរាជធានីបែរមុខទៅរកបូព៌ាទិស ដោយស្ថាបនារាជវាំង សង់ប្រាសាទ ព្រះរាជមន្ទីរត្រឡែងកែង ខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំ ហើយដើម្បីជាកិច្ចការពាររាជធានីនេះ ព្រះអង្គបញ្ជាឱ្យជីកគូទឹក និងលើកដីជាកំពែង តាំងជាសើន ជាបន្ទាយ ជុំវិញរាជធានី។ បន្ទាប់ពីកសាងរាជធានីហើយ ព្រះរាជាអង្គនេះ បានប្រទាននាមព្រះនគរថ្មីនេះ ជាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីខត្តិយាមហានគរ។ ឯទីប្រជុំទន្លេទាំង៤ ដែលស្ថិតនៅមុខរាជធានី ក៏ទ្រង់បានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ ពីពេលនោះមកដែរ។
ក្រៅពីកិច្ចការពាររាជធានី និងរៀបចំប្រព័ន្ធជលផលសម្រាប់របរកសិកម្មនៅជាយៗនៃរាជធានីហើយ ព្រះបាទពញាយ៉ាតបានចាត់ឱ្យសាងសង់វត្តអារាមជាច្រើន ដែលមានវិហារ ចេតិយ កុដិ សាងពីឥដ្ឋបូកកំបោរ។ ព្រះអង្គបានសាងព្រះវិហារវត្តភ្នំ ដែលជាវិហារដែលបានសាងដោយដូនពេញ និងពូនភ្នំឱ្យកាន់តែខ្ពស់ជាងមុខ ដោយក្រាលថ្មនៅកំពូលខាងលើ និងកសាងចេតិយមួយធំពីក្រោយព្រះវិហារទៀតផង។ មិនតែប៉ុណ្ណោះថែមទាំងបានកសាវត្តពីរទៀត នៅអមខាងកើតវត្តភ្នំ គឺវត្តធម្មលង្កា និងវត្តកោះ។
នៅខាងត្បូងអូរចិនដំដែក គឺវត្តព្រះពុទ្ធឃោសារាម ឬវត្តចិនដំដែក។ នៅត្រង់មាត់ទន្លេក្បែរពាមព្រែកឧកញ៉ាផ្លុង គឺវត្តពាមផ្លុង និងវត្តមួយនៅត្រង់ចេតិយធំហៅវត្តឧណ្ណាលោម ហើយនៅជិតមាត់ទន្លេខាងមុខវត្តនេះ មានអ្នកតាចាំស្រុកមួយឈ្មោះ អ្នកតាប្រាជ្ញ រួមទាំងវត្តខ្ពបតាយ៉ង (សព្វថ្ងៃវត្តបទុមវតី) ផងនោះ គឺសុទ្ធតែជាស្នាមព្រះហស្ដរបស់ព្រះបាទពញាយ៉ាត៕
No comments:
Post a Comment