ខួង អភ័យវង្ស នាយក​រដ្ឋ​មន្ត្រី​ថៃ មាន​កំណើត​ខ្មែរ​

 


ខួង អភ័យវង្ស មាន​ឪពុក​ម្ដាយ​ជាប់​សែ​ស្រឡាយ​ត្រកូល​គ្រួសារ​ស្ដេច​ត្រាញ់​ខ្មែរ ចៅ​ហ្វ៊ា​បែន ដែល​មាន​ដូនតា​ជា​អ្នក​​ខេត្ត​កំពត ហើយ​ក្រោយ​មក​ បន្ទាប់​ពី​ចៅ​​ហ្វ៊ា​​បែន​ ចុះ​ចូល​ជា​មួយ​ស្យាម បាន​​ប្ដូរ​​មក​​ប្រើ​ «ត្រកូល​អភ័យវង្ស»។ ខួង អភ័យវង្ស កើត​ក្នុង​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ១៩០២ នៅ​ខេត្តបាត់​ដំបង​ ​ជា​កូន​ប្រុស​របស់​ចៅ​ហ្វ៊ា ឈុំ អភ័យ​វង្ស។ កូនប្រុស​របស់​ចៅហ្វ៊ាឈុំម្នាក់នេះ ​បាន​​ក្លាយ​​ជា​​នាយក​រដ្ឋមន្ត្រី​ថៃ ៣​ជំនាន់ តែ​ឯកសារ​ខ្លះ​បញ្ជាក់​ថា នាយកមន្ត្រីថៃ​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យរ​បស់​ប្រទេស​ស្យាម​រូប​នេះ ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ស្យាម​ដល់​ទៅ​៤ដង នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ថៃ។

ខួង អភ័យវង្ស គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សមាជិក​ដទៃ​ទៀត​របស់​ក្រុម​គណ​រាស្ត្រ បាន​ធ្វើ​បដិវត្តន៍​ផ្លាស់​ប្ដូរ​របប​រាជា​ធិបតេយ្យ​ផ្ដាច់​ការ​មក​ជា​រាជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញា នៅ​ឆ្នាំ​១៩៣២ និង​ធ្លាប់​មាន​បណ្ដា​ស័ក្ដិ​ជា​ហ្លួង​កោវិទ​អភ័យវង្ស ព្រម​ទាំង​ជា​អ្នក​បង្កើត​ក្រសួង​គមនាគម និង​ធ្លាប់​កាន់​តំណែង​ជា​ច្រើន​ក្នុង​ជួរ​មន្ត្រី​រាជ​ការ។

ពេល​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ស្យាម​ ខួង អភ័យវង្ស ត្រូវ​បាន​បក្ស​ម្ខាង​ចោទ​ប្រកាន់​ថា មាន​បុព្វ​បុរស​មិន​មែន​ជន​ជាតិ​ស្យាម​ទេ​ គឺ​ជា​ជន​ជាតិ​ខ្មែរ​។ ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ខួង អភ័យវង្ស នៅ​ក្នុង​​អំឡុង​ឆ្នាំ​១៩៦៣ បាន​អះអាង​ថា ខ្លួន​មាន​ពី​កំណើត​ចេញ​ត្រកូល​នេះ​ ដោយ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្យាម​ពិចារណា និង​កាត់​សេចក្ដី​ដោយ​ខ្លួន​ឯង ដោយ​សារ​ខ្លួន​មិន​អាច​សម្រេច​បាន។​

គួរ​រម្លឹក​ថា ត្រកូល​អភ័យវង្ស​បាន​ចុះ​ចូល​ជា​មួយ​សៀម តាំង​ពី​ជំនាន់​ចៅ​ហ្វ៊ា​បែន មកម្ល៉េះ ហើយ​ត្រកូល​នេះ​បាន​គ្រប់​គ្រង​ខេត្ត​បាត់​ដំបង​ អស់​រយៈ​ពេល​៦​ជំនាន់​ គឺ​ចាប់​ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ ដោយ​ចំណុះ​នគរ​សៀម ឬ​​អាច​និយាយ​បាន​ថា ជា​ខេត្ត​ស្វ័យ​ត្រួត​ត្រា​ដោយ​សែ​ស្រឡាយ​ត្រកូល​ចៅ​ហ្វ៊ា​បែន។​ អ្នក​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​បាន​ហៅ​​សម័យ​កាល​នេះ​ថា «សម័យ​លោក​ម្ចាស់» រហូត​ដល់​ឆ្នាំ​១៩០៧ ទើប​ព្រះ​បាទ​ស៊ីសុវត្តិ តាម​រយៈ​រាជបារាំង​យក​ខេត្ត​នេះ​ពី​ស្យាម​​មក​ឱ្យ​ខ្មែរ​វិញ​ គឺ​នៅ​ជំនាន់​ចៅ​ហ្វ៊ា ឈុំ អភ័យវង្ស ដែល​​ឪពុក​បង្កើត​របស់​នាយ ខួង អភ័យវង្ស៕


No comments:

Post a Comment