ថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ពីជីវប្រវត្តិពិតរបស់លោក កែវ សារ៉ាត់ តារាចម្រៀងមនោសញ្ចេតនាដ៏ល្បីល្បាញក្នុងទសវត្សរ៍៨០-៩០។ ថ្វីបើរូបកាយរបស់លោក កែវ សារ៉ាត់ រលាយបាត់ពីភពផែនដី ក្នុងឆ្នាំ១៩៩១ ក៏ពិតមែន ប៉ុន្តែមរតកសំនៀងរបស់លោកទាំងប៉ុន្មាន នៅតែដិតជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរជានិច្ច។ ពោលគឺមិនខុសពីសំនៀងសិល្បៈករនានា ក្នុងទស្សវត្សរទី៦០ និង៧០ នោះឡើយ។
កែវ សារ៉ាត់ មានឈ្មោះពិត ឈុំ តេះ កើតនៅឆ្នាំ១៩៥៦ ក្នុងភូមិវត្តកំផែង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លោក កែវ សារ៉ាត់ មានបងប្អូន៧នាក់។ ក្នុងនោះមានស្រី៤នាក់ លោកគឺជាកូនទី២ ក្នុងគ្រួសារដែលគ្មានឪពុកម្ដាយគ្រប់គ្រង បន្ទាប់ពីឪពុកម្ដាយរបស់លោកទទួលមរណភាព អំឡុងឆ្នាំ១៩៧៧។ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យបញ្ចប់ទៅ បងប្អូនរបស់លោកមិនដឹងព្រាត់ស្លាប់ឬរស់ ដែលជាហេតុធ្វើឱ្យលោកក្លាយជាមនុស្សតែលតោល។
ក្រោយមកលោក កែវ សារ៉ាត់ រួមរស់ជាមួយនារីម្នាក់ ហើយនាំគ្នាភៀសខ្លួនពីស្រុកកំណើតជាមួយនឹងប្រជាពលរដ្ឋដទៃទៀត ទៅជំរុំខាវអ៊ីដាងជាប់ព្រំប្រទល់ថៃ ដោយសារកាលនោះ ខេត្តបាត់ដំបងមិនទាន់មានសុវត្ថភាពនៅឡើយ។ មកដល់ជំរុំខាវអ៊ីដាង លោក កែវ សារ៉ាត ក៏មិនខុសពីប្រជាពលរដ្ឋដទៃដែរ គឺបានទំនុកបម្រុងពីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ របបផ្គត់ផ្គង់ពេលនោះ មិនគ្រប់គ្រាន់ឡើយ។ ម្ល៉ោះហើយ ជនភៀសខ្លួនម្នាក់ៗត្រូវរកការងារធ្វើបន្ថែម ដើម្បីចិញ្ចឹមខ្លួននិងគ្រួសារ។
ពេលនោះ លោក កែវសារ៉ាត់ បានសុំការងារធ្វើក្នុងវង់ល្ខោនមួយ ដែលអ្នករស់នៅក្នុងជំរុំបង្កើតឡើង ដោយគ្រាន់តែជាអ្នកទាញវាំងនន និងជាតួកំប្លុកកំប្លែង។ តែដោយសារសំឡេងអំណោយផលពីធម្មជាតិ គ្រានោះក្រុមវង់ល្ខោនបានផ្ដល់តួនាទីមួយទៀតឱ្យទៅលោក គឺចម្រៀងជំនួសតួឯកពីខាងក្រោយឆាក ព្រោះសំឡេងអាចស្រែកបានវែង អាចស្រែកបានខ្ពស់ ដែលស៊ីគ្នានឹងចម្រៀងបាសាក់នោះ។
ខណៈកំពុងរស់យ៉ាងត្រដាបត្រដួស រង់ចាំអង្គការសហប្រជាជាតិបញ្ជូនទៅប្រទេសទី៣នោះ ភរិយារបស់លោក កែវ សារ៉ាត់ បានរត់ចោលលោកទាំងកូននៅខ្ចី ដោយទុកឱ្យលោកនៅចិញ្ចឹមកូនតែម្នាក់យ៉ាងខ្លោចផ្សា និងគ្រាំគ្រាចិត្តយ៉ាងខ្លាំង។ បន្ទាប់ពី លោកបានក្លាយជាអ្នកចម្រៀងអាជីព លោកបានច្រៀងពណ៌នាពីជីវិត ដែលលោកបានឆ្លងកាត់នៅជាយដែនខ្មែរថៃនោះ។ ដូចជាបទ ខាវអ៊ីដាងដួងចិត្ត អនុស្សាវរីយ៍កំសត់ លាអូនឆ្លងដែន ស្នេហ៍កម្មឆ្លងដែន កម្មយើងទេកូន ស្ដាយពន្លកស្នេហ៍ និងបទអូនបងក្បត់ហើយ ជាដើម។
ពេលវេលាបានធ្វើឱ្យរបួសផ្លូវចិត្តរបស់លោក កែវ សារ៉ាត់ បានធូរស្បើយបន្តិច រហូតមកដល់ឆ្នាំ១៩៨១ លោក កែវ សារ៉ាត់ ក៏មានទំនាក់ទំនងជាមួយនារីម្នាក់ទៀត ឈ្មោះចន្ធូ ដែលជាអ្នកភៀសខ្លួនរស់នៅក្នុងជំរុំដែរ។ រហូតដល់ឆ្នាំ១៩៨៣ ទើបអង្គការសហប្រជាជាតិបញ្ជូនឱ្យទៅរស់នៅឯសហរដ្ឋអាមេរិក។ ពេលទៅដល់ទឹកដីសហរដ្ឋអាមេរិក គឺរយៈពី៤ ទៅ ៥ខែដំបូង ជីវិភាពរស់នៅរបស់លោក កែវ សារ៉ាត់ លំបាកលំបិនខ្លាំងណាស់ ព្រោះមិនទាន់មានអាជីពច្បាស់ ទោះបីទទួលបានការផ្គត់ផ្ដង់ពីរដ្ឋាភិបាលអាមេរិកហើយក៏ដោយ តែមិនបានឆ្លើយតបទៅនឹងការចង់បានរបស់លោកឡើយ។ ដូច្នេះលោក កែវ សារ៉ាត់ បានយកជំនាញចម្លាក់ និងចាក់ពុម្ពរូបអប្សរា និងរូបអង្គរវត្ត ដែលចេះកាលពីនៅស្រុកកំណើតឯខេត្តបាត់ដំបងមកប្រើរកថវិកា ដើម្បីផ្គត់ផ្គង់គ្រួសារបន្ថែម។ ដំណាលគ្នានោះដែល ដោយសារគេដឹងថា លោកមានសំឡេងពីរោះ ដែលធ្លាប់ច្រៀងល្ខោនល្បីទូទៅជំរុំខាវអ៊ីដាង ព្រមទាំងធ្លាប់ឡើងប្រឡងចម្រៀងសម័យនៅជំរុំផងដែរនោះ ម្ចាស់ផលិតទេពប្រណម គឺលោក ពង្ស គិត បានទាក់ទងលោកឱ្យទៅច្រៀងថតដាក់កាស្សែត។
តាំងពីកេរ្ដិ៍ឈ្មោះរបស់លោក កែវ សារ៉ាត់ រឹតតែល្បីខ្លាំងឡើង គ្រានោះមានម្ចាស់ផលិតកម្មជាច្រើនបានទាក់ទងលោកឱ្យទៅច្រៀងថតដាក់កាស្សែត។ កេរ្ដិ៍ឈ្មោះរបស់លោកកាន់តែល្បីសុះសាយខ្លាំង គឺនៅកំឡុងឆ្នាំ១៩៨៥ ក្រោយពីលោកទៅច្រៀងឱ្យផលិតកម្មមយូរា ហើយបទដែលល្បីដល់កំពូលនោះ គឺបទស្រណោះដីខ្មែរ។ នៅពេលដែលលោកកំពុងតែល្បីល្បាញខ្លាំងនោះ នាំឱ្យលោកក្លាយជាបុរសក្នុងក្ដីស្រមៃនារីជាច្រើន បើទោះដឹងថា លោកមានភរិយាហើយក្ដី។ ដោយសារស្នេហាក្រៅឆាកនេះហើយ ដែលនាំឱ្យមានរឿងរ៉ាវរហូតលោកជាប់ពន្ធនាគារអស់រយៈជាច្រើនខែ ព្រោះតែលោកមានទំនាក់ទំនងស្នេហាជាមួយនារីអាមេរិកម្នាក់ ដែលមិនទាន់គ្រប់អាយុ១៨នៅឡើយ។ ក្រោយពីលោកចេញពីពន្ធនាគារ លោកបាននិពន្ធ និងច្រៀងចម្រៀងមួយបទ មានចំណងជើងថា ជាប់ទោសព្រោះស្នេហ៍ ដែលយកតាមលំនាំបទភ្លេងចាស់របស់លោក ស៊ិន ស៊ីសាមុត គឺបទព្រាត់ភ្នំសំពៅ។
បន្ទាប់ពីកេរ្តិ៍ឈ្មោះល្បីខ្លាំងមែនទែន ធ្វើឱ្យលោក កែវ សារ៉ាត បែកគំនិតបង្កើតផលិតកម្មដោយខ្លួនឯង ដោយដាក់ឈ្មោះថា ផលិតកម្មជុងសំរឹទ្ធ ដោយលើកយកបទចម្រៀងជំនាន់ដើមរបស់លោក ស៊ិន ស៊ីសាមុតមកច្រៀងឡើងវិញ និងច្រៀងបទចម្រៀងដែលនិពន្ធថ្មីដោយខ្លួនឯងផង ហើយបទចម្រៀងរបស់លោក កែវ សារ៉ាត់ ចេញច្រើន គឺនៅឆ្នាំ១៩៨៧។
ក្នុងដើមទស្សវត្សរទី៩០ លោក កែវ សារ៉ាត់ រោគថ្លើមប្រភេទ B កំឡុងពេលដែលលោកបានមកលេងនៅស្រុកខ្មែរ។ ការធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរ បានធ្វើឱ្យលោកទទួលមរណភាពក្នុងវ័យ៣៥ឆ្នាំ នៅទីក្រុង ឡងបិច កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក៕
ឯកសារស្រាវជ្រាវ៖ សេង ដារ៉ា
No comments:
Post a Comment