សុភាសិត​ចិន​ «គ្រូ​គ្រាន់តែ​ជា​អ្នក​បើក​ទ្វា​ឱ្យ​ប៉ុណ្ណោះ​ សិស្សចូលមិន​ចូល​ ​អាស្រ័យ​លើ​សិស្ស​»

 


«គ្រូ​គ្រាន់តែ​ជា​អ្នក​បើក​ទ្វា​ឱ្យ​ប៉ុណ្ណោះ​ ចូល​ឬមិន​ចូល​ គឺ​អាស្រ័យ​លើ​សិស្ស​» គឺជា​សុភាសិត​ជនជាតិ​ចិន​ដែល​បាន​ដាស់តឿន​ដល់​សិស្ស​ទាំងឡាយ​ឱ្យ​ប្រឹងប្រែង​ក្នុង​ការរៀនសូត្រ​។

នៅ​លើ​ពិភពលោក​យើង​នេះ​ មានរឿង​ហេតុ​ស្មុគស្មាញ​កើតឡើង​ជាច្រើន​ មាន​កន្លែង​ប្លែក​ៗជាច្រើន​ និង​មាន​កិច្ចការ​ក្នុង​ជីវិត​ជាច្រើន​ទាំង​ល្អ​និង​អាក្រក់​ ដែល​យើង​មិនបាន​ដឹង​ ហើយ​វា​គឺជា​អ្វី​ដែល​ទាមទារ​ឱ្យ​មនុស្ស​រៀន​ពី​វា​ដោយ​ចៀសមិនរួច​។ មូលហេតុ​នៃ​ការ​រៀន​នេះ​ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត​ ហើយ​អភិវឌ្ឍ​ខ្លួនឯង​ គ្រួសារ​ និង​សង្គមជាតិ​សាសន៍​ឱ្យ​រីកចម្រើន​។ ទាំងនេះ​ គឺជា​ហេតុផល​មួយ​ក្នុង​ចំ​ណោច​ហេតុផល​ដទៃទៀត​ ដែល​បណ្ដាល​ឱ្យ​គ្រូ​កើតមានឡើង​ ដើម្បី​ជួយ​ណែនាំ​អំពី​ហេតុផល​យ៉ាងនេះ​ ប៉ុន្តែ​គ្រូ​គ្រាន់តែ​ជា​អ្នក​បើក​ទ្វា​ឱ្យ​ប៉ុណ្ណោះ​ ចូល​ឬមិន​ចូល​ គឺ​អាស្រ័យ​លើ​អ្នករៀន​។

ជា​ការពិត​ណាស់​ ទោះ​គ្រូ​ពូកែ​យ៉ាងណាក៏ដោយ​ ឬគ្រូ​នោះ​ជា​គ្រូ​ទេវតា​ធ្លាក់​ពីលើ​មេឃ​ក៏ដោយ​ បើ​សិស្ស​មិន​រៀន​ទេ​ គឺ​នៅតែ​មិន​ចេះ​។ មានន័យថា​ កត្តា​ខាងក្នុង​ គឺ​ពិតជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​សិស្ស​ ព្រោះ​បើ​ខ្ជិល​រៀនសូត្រ​ហើយ​ ពួកគេ​អាចប​ង្កើត​ហេតុផល​រាប់​រយ​ ដើម្បី​បន្ត​ភាព​ខ្ជិល​ក្នុង​ការ​មិន​រៀន​ទៀត​។ អ្នកខ្លះ​អាច​នឹង​បន្ទោស​ថា​ គ្រូបង្រៀន​មិនកើត​ ព្រោះតែ​ដូច្នេះ​ឯង​បាន​ជា​ខ្លួន​មិន​ចេះ​ ទាំង​ខ្លួន​មក​រៀន​មិន​ទៀងទាត់​ មិន​យកចិត្ត​ទុកដាក់​ស្ដាប់​គ្រូ​ពន្យល់​ និង​មិនដែល​ស្រាវជ្រាវ​កិច្ចការ​ផ្សេងទៀត​។

ផ្ទុយ​មកវិញ​បើ​ពួកគេ​ប្ដេជ្ញា​ចិត្ត​រៀនសូត្រ​ហើយ​ ទោះបីជា​មាន​ឧបសគ្គ​ប៉ុនណា​ ក៏​នៅតែ​អាច​ជម្នះ​បាន​រហូត​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ និង​បទ​ពិសោធ​ ដែល​អាច​ទាញ​បាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ខ្លួនឯង​ គ្រួសារ​ និង​សង្គមជាតិ​ទាំងមូល​។ ក្នុង​ការងារ​ទូទៅ​ក៏​ដូចគ្នា​ដែរ​ ប្រសិនបើ​អ្នកចាំ​បន្ទោស​លើក​ត្តា​ខាងក្រៅ​ ដូចជា​សង្គម​ គ្រួសារ​ ឬក្រុមហ៊ុន​ អ្នក​នឹង​មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ឡើយ​ ដូ​ច្នេះ​អ្វី​ៗត្រូវ​ចាប់ផ្ដើម​ពី​ខ្លួនឯង​ ដោយ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នកមាន​ន័យ​សមនឹង​តម្លៃ​ក្នុងនាម​ជា​មនុស្ស​៕

No comments:

Post a Comment