សំឡេងកង្កែប ឮសូរវ៉ែបៗ នៅអែបគុម្ពស្មៅ
ពីខ្លាំងមកខ្សោយ ដង្ហោយស្រែកហៅ ក្រែងមានអ្វីក្រៅ
អាចជួយខ្លួនបាន។
កង្កែបនិងពស់ ហេតុតែចង់រស់ ប្រឹងហួសការស្មាន
មាត់យំកង្កែប ប៉ផ្អែបឥតស្រាន្ដ ពស់ខាំលេបប្រាណ
ឆ្អែតបានមួយគ្រា។
មកដល់ថ្ងៃមួយ កង្កែបលបពួយ មិនរួយរួញរា
ខាំលេបពស់វិញ អំមិញកម្មពៀរ តាមមកផ្ដន្ទា
រុញច្រានអំពើ។
វ៉ោបៗវ៉ែបៗ ពស់លេបកង្កែប កង្កែបប្រឹងរើ
កង្កែបលេបវិញ កម្លាំងពស់ស្ទើរ ក្បាលញ័រងីងើ
ទីទើរបម្រះ។
លេបទៅលេបមក ជីវិតនេះរក នរណាចាញ់ឈ្នះ
ឬរកអ្នកខ្លាំង ប្រណាំងពន្លះ យកជ័យជម្នះ
ក្រពះសោយសុខ៕
ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
No comments:
Post a Comment