ថ្ងៃនេះ ខែនេះ ឆ្នាំនេះ គឺជាខួប៤៩ឆ្នាំ នៃព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះបាទ នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ។ នៅថ្ងៃនេះដែរ យើងសូមលើកយកអត្ថន័យ និងប្រវត្តិចម្រៀងបទ «លាហើយកម្ពុជា» មកបង្ហាញ ព្រោះចម្រៀងមួយបទនេះមានជាប់ទាក់ទងនឹងព្រឹត្តិកាណ៍មួយចំនួន បន្ទាប់ពីខ្មែរក្រហមឈ្នះសង្រ្គាមលើរបបសាធារណរដ្ឋខ្មែរ គ្រប់គ្រង់ដោយសេនាប្រមុខ លន់ នល់។
«លាហើយកម្ពុជា» គឺជាបទចម្រៀងនិយាយពីភាពស្រណោះស្រណោក និងអស់សង្ឃឹមរបស់ព្រះអង្គ ដែលតែងតែសង្ឃឹមថា នឹងបានវិលត្រឡប់ពីបរទេសមកកាន់កម្ពុជាវិញ ក៏ប៉ុន្តែក្រោយពីពួកខ្មែរក្រហមឈ្នះសង្រ្គាមលើរបបសេនាប្រមុខ លន់ នល់ ពួកខ្មែរក្រហមមិនបានយាងព្រះអង្គឱ្យត្រឡប់មកវិញឡើយ។
លោក នុត ឈឿម តាមរយៈសៀវភៅ កម្ពុជា រំលឹកពីរដ្ឋប្រហារ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ បានឱ្យដឹងថា ការរង់ចាំរបស់ព្រះអង្គនូវលិខិតដែលពួកខ្មែរផ្ញើមកសុំយាងព្រះអង្គចូលស្រុកវិញ ដូចគេរង់ចាំផ្កាយជ្រុះពីលើមេឃ។ កុំថាឡើយ ការយាងព្រះអង្គពីសាធារណរដ្ឋប្រជាមានិតចិន ចូលស្រុកវិញ សូម្បីតែការចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិកុសុមៈនារីរតន៍ សិរីវឌ្ឍនា ក៏ខ្មែរក្រហមមិនបានអើពើ មិនបានផ្ញើចុតហ្មាយដើម្បីចូលរួមរំលែកទុក្ខពីព្រះអង្គ ហើយក៏មិនបានកាន់ទុក្ខអ្វីដែរ ព្រោះវិទ្យុជាតិនៅកម្ពុជានាគ្រានោះពុំបានចាក់ផ្សាយអ្វីក្រៅពីបទចម្រៀងបដិវត្តន៍ឡើយ។
សៀវភៅដដែល បានឱ្យដឹងទៀតថា ពេលនោះហើយទើបព្រះអង្គដឹងថា ខ្មែរក្រហមកំពុងបោកប្រាស់ព្រះអង្គ។ ដោយសារមិនឃើញខ្មែរក្រហមផ្ញើលិខិតសុំយាងព្រះអង្គចូលស្រុកវិញ ពួកអ្នកកាសែតបរទេសចេះតែតាមឆាឆៅព្រះអង្គ ដោយចោទសួរព្រះអង្គថា តើព្រះអង្គយាងទៅស្រុកវិញពេលណា? តើខ្មែរក្រហមមកទទួលព្រះអង្គ ឬមួយព្រះអង្គចង់សុំធ្វើជាជនភាសខ្លួនខាងនយោបាយ នៅក្រុងប៉េកាំង?
ដោយសារខ្មាសគេផង ដោយសារអស់សង្ឃឹមផង និងដើម្បីបំបាត់ការអផ្សុកផងនោះ សម្ដេចប្រមុខរដ្ឋបានព្រះរាជនិពន្ធចម្រៀងមួយបទ មានចំណងជើងថា «លាហើយកម្ពុជា» នេះឡើង ដោយអ្នកលេងភ្លេងមានតែពីរនាក់ប៉ុណ្ណោះ។ ម្នាក់គឺលោក នុត ឈឿម ជាអ្នកកាន់ចាប៉ី ឯសម្ដេចប្រមុខរដ្ឋផ្លុំសាកសូរហ្វូន។ ចម្រៀងនេះនិពន្ធឡើង នៅដើមខែកក្កដា ឆ្នាំ១៩៧៥ នៅពេលព្រះអង្គយាងចេញពីប្រទេសចិនទៅនៅព្យុងយ៉ាង និងបន្ទាប់ពីពួកអ្នកកាសែតបរទេសនៅចិនចេះតែជជីកសួរព្រះអង្គតែរឿងដដែលៗ។ បទចម្រៀងនេះមានទំនុកបង្កប់ដោយភាពស្រណោះស្រណោកជាពន់ពេក។
បទចម្រៀង «លាហើយកម្ពុជា» មានឥទ្ធពលខ្លាំងទៅលើរាជរដ្ឋាភិបាលចិន នៅពេលសំនៀងដ៏ស្រណោះស្រណោករបស់ព្រះអង្គផ្សព្វផ្សាយចេញទៅ។ សំនៀងដ៏ស្រណោះស្រណោកនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលចិនកាន់តែព្រួយបារម្ភយ៉ាងខ្លាំងពីពួកខ្មែរក្រហមមិនព្រមផ្ញើចុតហ្មាយសុំយាងព្រះអង្គចូលស្រុក ព្រមទាំងធ្វើឱ្យប្រទេសចិនអាប់ឱនកិត្តិយសទៀតផង ប្រសិនណាសម្ដេច នរោត្តមសីហនុ មិនបានចូលស្រុក។ បន្ទាប់ពីមានការព្រួយបារម្ភខ្លាំង រាជរដ្ឋាភិបាលចិន បានស្វែងរកគ្រប់មធ្យោបាយ ដើម្បីព្រះអង្គបានយាងត្រឡប់ទៅស្រុកវិញ។
លេងភ្លេងបទ «លាហើយកម្ពុជា» បានតែបីដងប៉ុណ្ណោះ ក៏ទទួលបានដំណឹងពីប៉េកាំងមកថា មានគណៈប្រតិភូខ្មែរក្រហមទាំងក្នុងនិងក្រៅប្រទេស ដឹកនាំដោយសម្ដេច ប៉ែន នុត និងលោក ខៀវ សំផន នឹងមកសុំចូលគល់ព្រះអង្គ នៅព្យុងយ៉ាង ដើម្បីដង្ហែព្រះអង្គយាងចូលស្រុកវិញ។ ដំណឹងនេះបានធ្វើឱ្យព្រះទ័យអង្គសប្បាយរីករាយឥតឧបមា ព្រោះស្មានថាកិត្តិយស និងក្ដីសង្ឃឹមរបស់ព្រះអង្គលិចបាត់ទៅហើយ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ព្រះអង្គបានបញ្ជាឱ្យឈប់លេងភ្លេង ព្រមទាំងសុំឱ្យលុបឈ្មោះបទចម្រៀងនេះចេញពីបញ្ជីចម្រៀងរបស់ព្រះអង្គ ដើម្បីកុំឱ្យពួកខ្មែរក្រហមចាប់ថ្នាក់ព្រះអង្គបាន។
ទោះយ៉ាងណាក៏ដោយ ចម្រៀងបទ «លាហើយកម្ពុជា» បានលេចវត្តមានឡើងវិញម្ដងទៀត បន្ទាប់ពីការសោយទិវង្គតរបស់សម្ដេច ព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ការលេចឡើងវិញនេះបានល្បីខ្ទរខ្ទារ នៅតាមបណ្ដាញផ្សព្វផ្សាយ មិនថាតាមទូរទស្សន៍ វិទ្យុ ឬតាមបណ្តាញសង្គមឡើយ។ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានចាត់ទុកថា ចម្រៀងបទ «លាហើយកម្ពុជា» ជាចម្រៀងចុងក្រោយ នៃជីវិតរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គមានព្រះឈួន និងការយាងសោយទិវង្គតគ្មានថ្ងៃត្រឡប់វិញ៕
No comments:
Post a Comment