ការចងក្រងគ្នាជាក្រុមសន្សំប្រាក់ ឬគេហៅថា សហគមន៍សន្សំប្រាក់ ដែលជាទូទៅសមាជិកសហគមន៍សន្សំប្រាក់នៅតាមជនបទគេដាក់សន្សំតាមលទ្ធភាព តែតំបន់ខ្លះគេសន្សំម្នាក់អាច៥ពាន់រៀលឬ១ម៉ឺនរៀលក្នុងមួយខែ។
ដោយបានអនុវត្តកម្មវិធីច្រើនឆ្នាំកន្លងមករហូតមកដល់នៅពេលនេះ សហគមន៍ខ្លះមានសាច់ប្រាក់រាប់លានរៀលនៅក្នុងដៃ។ ការបង្កើតជាក្រុមសន្សំប្រាក់នៅតាមជនបទត្រូវបានគេមើលឃើញថា ប្រាក់សន្សំនោះជាប្រភពទុនដ៍សំខាន់សម្រាប់ឱ្យពួកគាត់ខ្ចីយកទៅពង្រីកមុខរបរ និងប្រើប្រាស់ដោយប្រការផ្សេងៗបានទាន់ពេលវេលា។
សំឡេងជជែកគ្នារបស់មនុស្សមួយក្រុម និងមានទាំងសំណើចផង បានលេចចេញពីក្រោមផ្ទះមួយខ្នង ពេលពួកគាត់មកប្រជុំទាក់ទងនឹងការសន្សំប្រាក់។ សន្សំប្រាក់ ដែលមានឈ្មោះថា «សហគមន៍សន្សំប្រាក់រក្សជ័យ» ស្ថិតនៅភូមិត្រើយងរ៍ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង។ ក្រៅម៉ោងប្រជុំផ្លូវការ គឺជាវេទិកាដែលពួកគេសួរសុខទុក្ខគ្នា ពីមុខរបរ ហើយក៏មាននិយាយពីការសន្សំប្រាក់ដែរ។
ស្ថិតក្នុងវ័យ៦៣ឆ្នាំ អ្នកស្រី នួន ស៊ីម កសិករក្នុងខេត្តព្រៃវែង គាត់សប្បាយចិត្តពេលនិយាយពីការសន្សំប្រាក់នៅក្នុងក្រុមសន្សំមួយនេះ។ ទោះស្បែកជ្រីវជ្រួញតាមវ័យយ៉ាងណាក្ដី ប៉ុន្តែគាត់បង្ហាញស្នាមញញឹម និងនិយាយដោយរួសរាយថា ចាប់តាំងពីសន្សំប្រាក់ជាមួយសហគមន៍មក គ្រួសារគាត់មានជីវីភាពធូរធារជាងមុន ហើយមកដល់បច្ចុប្បន្នប្រជាកសិករអ្នកអនុវត្តន៍កម្មវិធីនេះមានសាច់ប្រាក់សន្សំជាង១១លានរៀល ដែលអាចទទួលការប្រាក់មកវិញចំនួន២២ម៉ឺនរៀលក្នុងមួយខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រីលើកឡើងពីជីវភាពខុសប្លែកគ្នារវាងមុននិងក្រោយការដាក់សន្សំប្រាក់នេះថា៖ «ដាក់ទៅវាចេះតែកើន។ មានថយចុះអីវាចេះតែឡើង។ បើយើងមិនដកចាយវាកើនច្រើន បើយើងដកចាយវានៅតិច។ យើងរកបានចាយខ្លះ ដាក់សន្សំខ្លះ ទើបវាកើនច្រើន។ ទោះខ្ញុំទុកលុយចោល ក៏វាមិនកើតកូនដែរ ហើយម្យ៉ាងអ្នកគ្រប់គ្រងមានការច្បាស់លាស់។ បើក្រៅពីណុងដាក់នៅឯណោះក៏រលាយ ដាក់ឯណេះក៏រលាយ»។
សហគមន៍រក្សជ័យ ជាក្រុមសន្សំប្រាក់មួយស្ថិតនៅភូមិត្រើយងរ៍ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង។ ក្រុមនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ដោយស្ត្រីបីនាក់ និងចាប់ផ្ដើមម្នាក់ត្រឹមតែ៥រយរៀល ឬ១ពាន់រៀលប៉ុណ្ណោះក្នុងមួយខែ។ មកដល់បច្ចុប្បន្ននេះ សហគមន៍សន្សំប្រាក់នេះមានសាច់ប្រាក់ប្រមាណ២៦០លានរៀល។ ចំនួនទឹកប្រាក់នេះពិតជាច្រើន ប៉ុន្តែវាកើតចេញពីការសន្សំក្នុងមួយខែ៥រយរៀល ឬមួយខែ១ពាន់រៀលរបស់ពួកគាត់។ រៀបសន្សំប្រាក់បែបនេះកំពុងក្លាយជាប្រភពចំណូលយ៉ាងសំខាន់នៅជនបទ។
ជាស្ថាបនិក និងជាអនុប្រធានសហគមន៍រក្សជ័យផងនោះអ្នកស្រី យស់ អ៊ីម បានរៀបរាប់ថា ដើមចមនាំឱ្យកើតមានក្រុមសន្សំប្រាក់នេះឡើងដោយសារមានគោលបំណងចង់ជួយសម្រាលទុក្ខលំបាករបស់ស្រ្ដីក្នុងភូមិពេលពួកគេជួបគ្រោះអាសន្នម្ដងៗ គឺអាចយកប្រាក់សន្សំនេះទៅដោះស្រាយទីទ័លគ្នាម្ដងមួយកាល។
អ្នកស្រីបន្តថា ក្រុមសន្សំប្រាក់នេះ បង្កើតដំបូងឈ្មោះ «សមាគមស្ដ្រីស្ម័គ្រចិត្ដ» មានសមាជិកតែជាង១០នាក់ប៉ុណ្ណោះ ក្រោយមកប្ដូរឈ្មោះទៅជា «សហគមន៍រក្សជ័យ» ដោយបច្ចុប្បន្នមានសមាជិតប្រមាណជាង៨០នាក់។
អ្នកស្រីបានបន្ថែមថា៖ «ពីមុនបីនាក់ គាត់បបួលខ្ញុំសន្សំលុយលេងៗដំបូងតែបួនដប់នាក់ទេ ហើយអ៊ីចឹងខ្ញុំក៏ចូលសន្សំជាមួយគាត់ ចាប់ពី៥រយ ទៅ១ពាន់។ សន្សំបានមួយឆ្នាំពីរឆ្នាំលុយនឹងចេះតែកើន។ យើងនាំគ្នាសន្សំលុយតក់ៗ ហើយពេលត្រូវការខ្ចីលុយវិញក៏បាន។ ខ្ចីហ្នឹង សន្សំក្នុងហ្នឹង ដូចខ្ញុំចង់ខ្ចីលុយវិញ ខ្ញុំត្រូវការបង់ការឱ្យខ្លួនឯង ហើយខ្ញុំយកលុយនោះទៅប្រើប្រាស់ខ្លួនឯង អ៊ីចឹងវាចំណេញទាំងពីរ»។
លោក ចាន់ ឈុំ ប្រធានសហគមន៍រក្សជ័យ បានបង្ហាញពីការរីកចម្រើនសកម្មភាពសន្សំប្រាក់របស់ប្រជាកសិករដែលជាសមាជិករបស់ខ្លួនថា សហគមន៍រក្សជ័យមានការរីកចម្រើនឈានដល់ដំណាក់កាលមួយនេះ មិនមែនដោយសារលោក ឬនរណាម្នាក់ទេ គឺដោយសារមានការចូលរួមពីសំណាក់មេភូមិ គណៈកម្មការ និងសមាជិកទាំងអស់គ្នា។ ជាពិសេសប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការដាក់សន្សំ។
លោកបន្តថា៖ «ពួកគាត់ទុកចិត្ដលើខ្ញុំ ទើបយកលុយមកសន្សំនឹងខ្ញុំ និងឱ្យខ្ញុំធ្វើជាប្រធានពួកគាត់ ហើយខ្ញុំក៏ប្រកាន់ភ្ជាប់នូវគំនិតស្មោះត្រង់របស់ខ្ញុំដែរ។ ខ្ញុំមានទស្សនៈផ្ទាល់ខ្លួនថា “កុំស្រឡាញ់លុយដែលគេយកមកសន្សំជាមួយយើង ហើយត្រូវធ្វើឱ្យលុយដែលគេយកមកសន្សំនេះឱ្យមានការរីកចម្រើនទៅមុខ”។ ចំពោះសហគមន៍រក្សជ័យយើងខ្ញុំនេះ គឺពុំមានការបង្ខំឱ្យសមាជិកណាម្នាក់សន្សំប្រាក់ឡើយ ហើយក៏ពុំកំណត់សាច់ប្រាក់សន្សំឡើយ គឺម្នាក់ៗសន្សំទៅតាមលទ្ធភាពរៀងខ្លួន ជាសមាជិកខ្លះសន្សំបានជាង៣០លានរៀល តែក៏មានសមាជិកខ្លះទៀតសន្សំបានត្រឹមតែ១០រៀលតែប៉ុណ្ណោះមកដល់ពេលបច្ចុប្បន្ននេះ»។
ជាង១៤ឆ្នាំហើយដែលប្រជាកសិករក្នុងតំបន់ចងក្រងគ្នាសន្សំប្រាក់នេះឡើង។ លោក ចាន់ ឈុំ បានប្រាប់ពីរបៀបសន្សំប្រាក់ថា សមាជិកម្នាក់ៗអាចទទួលបានការប្រាក់យ៉ាងតិច២ភាគរយ ដោយឡែកសមាជិកដែលចង់ខ្ចីប្រាក់ទៅពង្រឹងមុខរបរវិញ គឺត្រូវបង់ការប្រាក់ឱ្យសហគមន៍៣ភាគរយយ៉ាងតិច។ មួយវិញទៀត ចំពោះសមាជិកណាម្នាក់ដែលចង់ដកប្រាក់ដើមវិញ គឺត្រូវប្រាប់មុនយ៉ាងតិចកន្លះខែទើបអាចដកប្រាក់ដើមបាន។
បើតាមប្រជាកសិករអ្នកអនុវត្តន៍កម្មវិធីសន្សំប្រាក់ ពួកគេបានអះអាងថា សហគមន៍សន្សំប្រាក់របស់ពួកគេក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មានមេភូមិមេឃុំជាដើម ដើម្បីឱ្យមានការដឹងឮជាផ្លូវច្បាប់ ដើម្បីឱ្យសមាជិកនីមួយៗបំពេញភារកិច្ចតាមលក្ខខណ្ឌដែលបានចែងនៅក្នុងសហគមន៍សន្សំប្រាក់របស់ខ្លួន។
លោក ហួត សឿន មេភូមិត្រើយងរ៍ មានប្រសាសន៍ថា របៀបសន្សំលុយក្នុងសហគមន៍របស់ខ្លួនកំពុងក្លាយជាប្រភពឥណទានយ៉ាងសំខាន់សម្រាប់ពួកគាត់រស់នៅជនបទ ហើយលោកក៏ជាមនុស្សសំខាន់ម្នាក់ក្នុងសហគមន៍រក្សជ័យនេះដែរ។ លោកជាអ្នកគាំទ្រចំពោះគ្រប់សកម្មភាពរបស់សមាគន៍នេះ ដូចជាលិខិតស្នាមផ្សេងៗជាដើម។ លោកអះអាងថា សមាគមន៍នេះ មានភាពច្បាស់លាស់និងធ្វើបានត្រឹមត្រូវ។
លោកបានថ្លែងបញ្ជាក់ថា៖ «បងប្អូនដែលបានយកលុយយកកាក់មកដាក់ចូលក្នុងក្រុមសមាគមហ្នឹង សម្រាប់ជួយក្នុងគ្រួសារ។ អ្នកដែលមានលុយជួយដល់ខ្លួនឯងដោះស្រាយដោយខ្លួនឯងនៅក្នុងភូមិ គឺមិនហ៊ានយកទៅទុកនឹងគេនៅខាងក្រៅទេ ព្រោះគេមិនទុកចិត្ត»។
ទោះបែបនេះក្ដី លោក ចាន់ ឈុំ ប្រធានសហគមន៍រក្សជ័យ កត់សម្គាល់ឃើញថា ក្នុងស្រុកបាភ្នំមានសហគមន៍សន្សំប្រាក់គួរសម ប៉ុន្តែភាគច្រើនបានដួលរលំទៅវិញក៏មិនតិចដែរនៅក្នុងតំបន់នេះ ដោយសារគ្មានភាពច្បាស់លាស់ ឬគ្មានតម្លាភាពក្នុងការគ្រប់គ្រងសាច់ប្រាក់។ លោកចង់ឃើញសហគមន៍សន្សំប្រាក់ដទៃមានការរីកចម្រើនដូចជាសហគមន៍របស់លោក ដើម្បីប្រជាជនជួយប្រជាជនមានជីវភាពរីកចម្រើន៕
No comments:
Post a Comment