អ្វី​ជា​ឫសគល់​ដែល​នាំ​ឱ្យ​មាន​ទិវា​អន្តរជាតិ​នារី ៨មីនា?​

 


នា​ចុងសតវត្ស​ទី​១៩ បច្ចេកវិទ្យា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា ​នៅ​​លើ​សកល​លោក ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ដែល​មាន​ខឿន​ឧស្សាហកម្ម​រីក​ចម្រើន។ នារី​និង​កុមារ​ក្រីក្រ​រាប់​លាន​នាក់​ត្រូវ​បាន​ទាក់​ទាញ​ឱ្យ​ចូល​ធ្វើការ​នៅ​ក្នុង​រោង​ចក្រសហគ្រាស​ឯក​ជន​​​ទាំង​​ឡាយ។​​ ពួក​ម្ចាស់​រោង​ចក្រ​សហគ្រាស​មួយ​ចំនួន​មាន​គំនិត​លោភ​លន់ កេង​ប្រវ័ញ្ច​មិន​ស្កប់​ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​ការ​ជា​ទម្ងន់​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ពី​១២​ម៉ោង ទៅ​១៦​ម៉ោង ​ហើយ​ផ្ដល់​ប្រាក់​បៀវត្ស​តិច​តួច​បំផុត ហើយ​ក្នុង​នោះ​ក៏​មិន​បាន​គិត​ពី​សុខភាព​របស់​កម្មករ​ឡើយ។ ​នេះ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​នារី​និង​កុមារ​ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា។

ដោយ​ការ​ឈឺចាប់​នឹង​អំពើ​កៀប​សង្កត់​កេងប្រវ័ញ្ច​ហួស​ប្រមាណ​នេះ នៅ​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទី​ក្រុង​ស៊ីកាហ្គោ និង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​​បាន​​សាមគ្គី​ឯកភាព​​គ្នា​​ក្រោក​​ឈរ​ឡើង​​តស៊ូ​​យ៉ាង​​ប្ដូរផ្ដាច់​​ទាមទារ​​ឱ្យ​​បន្ថយ​​ម៉ោង​​ធ្វើការ និង​​ដំឡើង​​ប្រាក់​បៀវត្ស។ ប៉ុន្តែ​ជា​លទ្ធផល​ កម្មការិនី​ទាំង​នោះ​ត្រូវ​បាន​ទទួលការ​កៀប​សង្កត់​យ៉ាង​ពេញ​ទំហឹង គឺ​ត្រូវ​គេ​ចាប់​ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញ​ពី​រោង​ចក្រ។ ទោះ​បី​ត្រូវ​ទទួល​ការ​ឈឺចាប់​ និង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​​ក៏​ដោយ កម្មការិនី​នៅ​តែ​សាមគ្គីគ្នា​យ៉ាង​ជិត​ស្និទ្ធ តស៊ូ​ស្វិត​ស្វាញ ងើប​ឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដង​ទៀត​ ដោយ​បង្ខំ​ឱ្យ​ពួកម្ចាស់​រោង​ចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្រប​តាម។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំង​នេះ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ពី​ចលនានា​រី​ពលករ​លើសកលលោក​ទាំង​មូល។

ចលនា​ដ៏​ស្វិត​ស្វាញ​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់ ដែល​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​នា​សម័យ​នោះ​ដែរ។​ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុង​គ្រា​ពេល​នោះ​បាន​លេច​ឡើង​នូវ​យុវ​នារី​៣​រូប​ដ៏​ល្បី​ល្បាញ គឺ​អ្នក​ស្រី ក្លារ៉ាស្ជេគគិន ជនជាតិ​អាឡឺម៉ង់ និង​អ្នកស្រី រ៉ូស្កាលុម​ស្ព័របួរ ជនជាតិ​ប៉ូឡូញ​ បាន​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ស្រី គ្រូ​បស្កាយ៉ា (ភរិយា​លោក​ឡេនីន) បំផុស​ចលនា​បង្ខិត​បាន​ជា​គណៈ​លេខា​អន្តរ​ជាតិ​ដើម្បី​ដឹក​នាំ​ចលនា​នារី។​

ឆ្នាំ​១៩១០ សន្និបាត​អន្តរ​ជាតិ​នារី​ដែល​មាន​ប្រទេស​១៧ ចូល​រួម​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​កូប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដាណឺម៉ាក បាន​សម្រេច​យក​ថ្ងៃ​៨​មីនា​ “ទិវា​នារី​អន្តរ​ជាតិ” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកល​លោក ដើម្បី​សិទ្ធិ​សេរី​ភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ស្លោក​ថា​ «មួយ​ថ្ងៃ​ធ្វើ​ការ​ប្រាំបី​ម៉ោង», «ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា», «ការពារ​សុខភាព​មាតា និង​ទារក»។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ថ្ងៃ​៨​មីនា​បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​បុណ្យ​អន្តរ​ជាតិ​នារី ដែល​រំឮក​អំពី​ការ​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សកល​លោក ដែល​ប្រឹង​ប្រែង​ដើម្បី​រំដោះ​នារី ​ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​នារី។

ដោយ​សារ​តែ​មាន​កិច្ច​ប្រឹង​ប្រែង​ដោយ​អំណត់ និង​ពុះពារ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង​ពី​ជាង​១០០​ឆ្នាំ​មុន ហើយ​ទើប​បច្ចុប្បន្ន​នេះ ​នារី​ក្នុង​ពិភព​លោក​មាន​ឱកាស​ទទួល​បាន​នូវ​សិទ្ធិ​ស្មើ​ភាព បើ​ទោះ​មាន​ការ​បន្តុះ​បង្អាប់​ខ្លះៗ​ក៏​ដោយ។ លទ្ធផល​ដ៏​ត្រចះ​ត្រចង់​នេះ​បាន​កាត់​បន្ថយ​អស់​ជា​ច្រើន​នូវ​អំពើ​ហិង្សា​ និង​ការ​រើស​អើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់​ទុក​ជា​ភេទ​ទន់ខ្សោយ​នោះ។

ដំណាក់​កាល​បន្ទាប់ចលនា​នារី​អន្តរ​ជាតិ​បាន​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​នារី​ ដែល​នៅ​សេស​សល់​តាម​រយៈ​ការ​ស្នើរ​ឡើង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដោយ​សន្និសីទ​នារី​ជា​ច្រើន​លើក​ច្រើន​សារ។

នៅ​ឆ្នាំ​១៩៧៥ សន្និសីទ​ពិភព​លោក​របស់​នារី​លើក​ទី១ បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ម៉ិច​ស៊ិចកូ ប្រទេស​ម៉ិចស៊ិច ក្រោម​ប្រធាន​បទ «សមភាព វឌ្ឍនភាព និង​សន្តិភាព»។ ផែន​ការ​សកម្មភាព​ដែល​បាន​សម្រេច​នៅ​ពេល​នោះ គេបា​នអំពាវនាវ​ឱ្យ​មាន​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង ប្រឆាំង​នឹង​នារី​ភេទ​ និង​រៀបចំ​ទម្រង់ការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ​។ ខែ​តុលា ឆ្នាំ​១៩៧៥​ ដដែល អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា​ ពី​ឆ្នាំ​១៩៧៦ ដល់​១៩៨៥ ជា​សតវត្ស​សម្រាប់​នារី។

នៅ​ឆ្នាំ​១៩៨០ សន្និសីទ​ពិភព​លោក​លើក​ទី​២ របស់​នារី​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​កូប៉េន​ហាក ប្រទេស​ដា​ណឺម៉ាក ដើម្បី​ពិនិត្យ​មើល​ការ​រីក​ចម្រើន​ និង​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​ដែល​កំណត់​ក្នុង​សន្និសីទ​លើក​ទី​១ និង​គ្រោង​ទុក​នូវ​ខ្សែ​លើក​យក​មក​ពិភាក្សា គឺ​ការ​អប់រំ​ការងារ និង​សុខភាព។

ឆ្នាំ​១៩៨៥ ចុង​បញ្ចប់​នៃ​ទស្សវត្ស​នារី គេ​បាន​រៀប​ចំ​សន្និសីទ​លើក​ទី​៣​ ម្ដង​ទៀត នៅ​ទី​ក្រុង​ណៃ​រ៉ូប៊ី ប្រទេស​កេនយ៉ា ​ដើម្បី​ពិនិត្យ​និង​វាយ​តម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទស្សវត្ស​នារី​ព្រម​ទាំង​ធ្វើ​ការ អនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅ​មុខ​សម្រាប់​ភាព​លូតលាស់​របស់​នារី​ក្នុង​ឆ្នាំ​២០០០។

ចុង​ក្រោយ​នេះ គឺ​ឆ្នាំ​១៩៩៥ ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៥ កញ្ញា អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​សន្និសីទ​នារី​ពិភព​លោក​លើក​ទី​៤ នៅ​ទី​ក្រុង​ប៉េកាំង ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។ ប្រធាន​បទ​ជា​គោល​គឺ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដដែល​តែ​នៅ​បាន​បន្ថែម​ក្នុង​កិច្ច​ពិភាក្សា​នូវ​កង្វល់​១២​យ៉ាង​របស់​នារី​ថែម​ទៀត​គឺ​ «ភាពក្រីក្រ ការអប់រំ អំពើហិង្សា ផលវិបាក​នៃ​ជម្លោះ អាវុធ នារី​ក្នុង​រចនា​សម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច។ តួនាទី​នារី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ យន្តការ​លើក​កម្ពស់​ការ​រីក​ចម្រើន​របស់​នារី សិទ្ធិ​នារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បរិស្ថាន និង​បញ្ហា​កុមារី។

ទាំង​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ និង​របៀប​ដោះ​ស្រាយ​របស់​នារី​ដែល​តែង​តែ​អនុវត្ត​តាម​បែប​សន្តិ​វិធី​តាម​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ ឯ​លទ្ធផល​ដែល​នារី​ទទួល​បាន​ គឺ​ការ​ផ្ដល់​នូវ​សិទ្ធិ​ស្មើ​ភាព​ឱ្យ​បាន​គ្រប់​គ្រាន់​និង​តម្លៃ​ជា​មនុស្ស ពោល​គឺពុំ​មាន​ទាមទា​រអ្វី​ឱ្យ​លើស​ពី​នេះ​ឡើ​យ។

បើ​យើង​ប្រៀប​ធៀប​ប្រវត្តិ​ទិវា​អន្តរ​ជាតិ​នារី​៨​មីនា ទៅ​នឹង​កំណើត​នៃ​អង្គការ​សហប្រជា​ជាតិ​ឃើញ​ថា ប្រវត្តិ​ទិវា​អន្តរ​ជាតិ ៨​មីនា​ មាន​កំណើត​មុន​អង្គការ​សហ​ប្រជា​ជាតិ​ទៅ​ទៀត ហើយ​ក៏​មាន​កំណើត​មុន​សិទ្ធិ​មនុស្ស​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សព្វ​ថ្ងៃ​នៅ​កម្ពុជា​ពិត​មែន​តែ​មាន​ច្បាប់​ជាតិ ច្បាប់​អន្តរ​ជាតិ​ ដូច​ជា​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់ នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ​ និង​រដ្ឋ​ធម្មនុញ្ញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​ជំពូក​៣ ដែល​ស្ដី​ពី​សិទ្ធិ​នោះ​​ហើយ​ក៏​ដោយ ក៏​វិសមភាព​រវាង​បុរស និ​ង​ស្ដ្រី ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ ការ​រំលោភ​សិទ្ធិ​ស្ត្រី​ ហិង្សា​ក្នុង​គ្រួសារ នៅ​តែ​កើត​មាន​ជា​បញ្ហា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រាជ​រដ្ឋាភិបាល​យើង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ធំ​ ខំ​ប្រឹង​ខ្នះ​ខ្នែង​យក​បញ្ហា​ទាំង​អស់​នេះ​មក​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់ រូប​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យ​មាន​ភាពយុត្តិធម៌​ក្នុង​ការ​ទទួល សិទ្ធិ និង​ប្រើ​សិទ្ធិ និង​ដើម្បី​ជួយ​កាត់​បន្ថយ ទប់​ស្កាត់​ លុប​បំបាត់​ចោល​នូវ​បញ្ហា​ទាំង​ឡាយ​ខាង​លើ​ដែល​មាន​ចំពោះ​ស្ត្រី​ភេទ៕

អត្ថបទ ក្រសួង​កិច្ចការ​នារី

No comments:

Post a Comment