ទស្សនៈពុកខ្ញុំ ខ្ញុំនៅចាំកាលពីខ្ញុំមានវ័យប្រាំបីប្រាំបួនឆ្នាំ។ មានគ្រាមួយនោះ ខ្ញុំមានឱកាសទៅឃ្វាលគោជាមួយគាត់។ នៅក្រោមម្លប់ចារបាំងសូរ្យសែង គាត់លើកដៃចង្អុលទៅកាន់កូនគោមួយក្បាលដែលកំពុងឈរស៊ីស្មៅជិតមេរបស់វា ហើយសួរថា កូនឯងមានឃើញកូនមីត្នោតដែលកំពុងឈរស៊ីស្មៅនៅកណ្ដាលវាលស្រែនោះទេ តើអនាគវាទៅជាយ៉ាងណា?
ក្នុងវ័យប៉ប៉ុននេះនាពេលនោះ ក្រៅពីធ្វើក្បាលងីងឺ ខ្ញុំមិនដឹងគាត់ចង់មានន័យយ៉ាងណាទេ។ ដូច្នេះសំណួរដែលគាត់សួរ គឺគាត់សួរខ្លួនឯង ឆ្លើយខ្លួនឯង។ គាត់ប្រាប់ខ្ញុំថា កូនគោនោះមិនថាញីឬឈ្មោលទេ ពេលដែលវាធំពេញវ័យ ប្រាកដណាស់វានឹងត្រូវគេប្រើជាកម្លាំងសម្រាប់អូសទាញជាក់ជាមិនខាន។
ដោយសារតែស៊ាំភ្នែកនឹងទិដ្ឋភាពដែលអ្នកស្រុកអ្នកភូមិប្រើគោសម្រាប់អូសទាញនង្គ័ល រនាស់ និងរទេះស្ទើរគ្រប់ពេលវេលាផងនោះ ខ្ញុំក៏ងក់ក្បាលយល់ស្របតាមការលើកឡើងគាត់ «វាអ៊ីចឹងមែនហើយពុក»។
ពិតណាស់ នេះជាន័យត្រង់ទៅតាមហេតុប្រចក្ស គឺអ៊ីចឹងមែន តែតាមពិតមកទាល់នឹងពេលនេះទើបខ្ញុំយល់ថា វាជាពាក្យពេចន៍ដែលគាត់និយាយប្រៀបធៀបវាសនាអនាគតខ្ញុំទៅនឹងកូនគោសោះ។ មែនហើយ ចាស់ៗកាលពីជំនាន់មុន ភាគច្រើនគាត់អប់រំណែនាំកូនចៅតែយ៉ាងនេះឯង។ ក៏ប៉ុន្តែវាសនាអនាគតកូនគោសម័យថ្មីបានប្រែប្រួលសឹងតែលែងដូចជំនាន់មុនៗទៀតហើយ។ ប្រការនេះ កូនគោកម្ពុជានាសម័យតេជោត្រូវបានគេមើលឃើញថា នៅពេលដែលវាធំឡើង ប្រាកដណាស់វានឹងត្រូវបញ្ជូនទៅកុងស៊ីជំនួសការអូសទាញនង្គ័ល រនាស់ និងរទេះជាក់ជាមិនខាន។
No comments:
Post a Comment