«នំបញ្ចុកខ្មែរ» ជាប្រភេទអាហារសរសៃមួយប្រភេទ ដែលគេតែងនិយមចូលចិត្តទទួលទានគ្រប់ទីកន្លែង គ្រប់រដូវកាល ពិសេសនៅក្នុងពិធីបុណ្យផ្សេងៗ នៅទីជនបទ។
នំបញ្ចុក ទោះបីមិនទាន់មានឃើញក្រសួងពាក់ព័ន្ធណាមួយ ចុះក្នុងបញ្ជីមរតកជាតិក្តី ប៉ុន្តែត្រូវបានគេទទួលស្គាល់ថា ជានំប្រពៃណីជាតិ តាំងពីបុរមបុរាណមក សូម្បីតែក្នុងរឿងព្រេងនិទាន បែបពុទ្ធនិយម គឺរឿងតាជូរជក់ និងរឿងបែបប្រជាប្រិយខ្មែរ គឺរឿងធនញ្ជ័យ ក៏មាននិយាយអំពីភាពល្បីល្បាញ នៃនំបញ្ចុកនេះដែរ។
តាមរយៈរឿងទាំងពីរខាងលើ នំបញ្ចុក អាចជារឿងបង្កបញ្ហា ដូចជា តាជូជក់ បែកពោះស្លាប់ ដោយសារតែពិសានំបញ្ចុកហួសកម្រិត ធនញ្ជ័យ ត្រូវស្តេចស្រុកចិន ចាប់ដាក់គុក ដោយសារតែ បង្រៀនស្តេចចិនឱ្យចេះសោយនំបញ្ចុក ហើយបច្ចុប្បន្ននេះ នំបញ្ចុកក៏បានក្លាយជាបញ្ហាលើកិច្ចការនយោបាយផងដែរ គឺការដណ្តើមគ្នាទទួលទាននំបញ្ចុក។
នំបញ្ចុកក្លាយអាហារកំពុងពេញនិយម និងក្តៅគគុក នៅក្នុងសង្គមខ្មែរ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន ប្រកាសឱ្យសមាជិកបក្សរបស់លោកនាំគ្នាហូបនំបញ្ចុកជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃទី៩មិថុនាខាងមុខ។ ការប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ រួមគ្នាទទួលទាននំបញ្ចុក ក្រោមប្រធានបទ នំបញ្ចុកសាមគ្គី គឺធ្វើឡើង បន្ទាប់ពីមានពាក្យចរចាមអារ៉ាមថា នឹងមានការជួបជុំគ្នា ជាទ្រង់ទ្រាយធំហូបនំបញ្ចុក ដើម្បីសង្រ្គោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់អ្នកនិយមគណបក្សនយោបាយមួយ។
ចំណេះដឹងថ្ងៃនេះ គឺថានំបញ្ចុកខ្មែរមានប្រវត្តិបែបណា? ហេតុអ្វីបានជាកម្ពុជាមាននំបញ្ចុកនេះ?
តាមវចនានុក្រមខ្មែរ បានឱ្យនិយមន័យថា បញ្ចុក គឺជាឈ្មោះនំមានរសសាប សរសៃវែងៗ ជាចង្វាយៗ ធ្វើដោយម្សៅខ្សាយ លាយនឹងទឹកសម្ល មានរបោយជាគ្រឿងផ្សំ ប្រើបរិភោគជាចម្អាប។
បើនិយាយពីប្រវត្តិនំបញ្ចុក ទោះពុំទាន់មានឯកសារណាបញ្ចាក់ច្បាស់លាស់ថា កើតឡើងនៅសម័យណា ឬមានប្រភពមកពីណាក៏ដោយ តែបើរឿងព្រេងអ្នកខេត្តបាត់ដំបង បានឱ្យដឹងថា នំបញ្ចុក កាលដើមឡើយ មានឈ្មោះថា «នំសរសៃស្រូវវារ» ព្រោះនំនេះធ្វើអំពីអង្ករស្រូវម្យ៉ាង ឈ្មោះ ស្រូវវារ។ ដោយសារភាពល្បីល្បាញនៃឱជារសរបស់នំសរសៃស្រូវវារ បានធ្វើឱ្យព្រះរាជកុមារជាប់ព្រះទ័យយ៉ាងខ្លាំង នៅពេលសោយម្ដងៗ។ ដោយសារស្នំតែងតែបញ្ចុកព្រះរាជកុមារ ទើបចំណារក្រោយមក គេនាំគ្នាហៅថា នំស្នំបញ្ចុក ហើយក្រោយមកទៀត គេហៅយ៉ាងខ្លីត្រឹមនំបញ្ចុក។
ក្រៅពីរឿងនេះ នៅក្នុងរឿងធនញ្ជ័យ ក៏មានដំណាលអំពីនំបញ្ចុកផងដែរ គឺនៅពេលដែលធនញ្ជ័យបានទៅដល់ស្រុកចិន ធនញ្ជ័យបានប្រកបមុខរបររកស៊ីដើរលក់នំបញ្ចុក ហើយមានការពេញនិយមចូលចិត្តខ្លាំងពីសំណាកនៃជនជាតិចិន។ អ្វីដែលគេកត់សម្គាល់ឃើញមួយទៀត នៅក្នុងរឿងនេះ គឺធនញ្ជ័យបានបង្រៀនស្ដេចចិនឱ្យចេះកាន់ចង្កឹះចាប់នំបញ្ចុកសោយ។ ជាងនេះទៅទៀត នំបញ្ចុក ក៏មានវត្តមាននៅក្នុងរឿងវេស្សន្ដជាតកផងដែរ គឺនៅត្រង់ដែលតាជូជកទទួលទានរហូតបែកពោះស្លាប់។
បើតាមការស្រាវជ្រាវរបស់លោកស្រី កែវ ច័ន្ទបូរណ៍ បានឱ្យដឹងថា នំបញ្ចុកមានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹករួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឱ្យឆ្អិន។ ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឱ្យស្រស់ទឹក។ បន្ទាប់មកទៀត គេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រានក្លាយ «ចង្ក្រាន», ជាន់ដើរ ក្លាយ «ជណ្ដើរ», កាន់ជ្រែង ក្លាយជាកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ ជាដើម។
ចំណែកនៅលើជញ្ជាំងប្រាសាទបាយ័ន ក៏បានបង្ហាញពីចម្លាក់ដែលទាក់ទងនឹងជីវភាពរស់នៅ និងការធ្វើនំបញ្ចុករបស់ប្រជាជនសាមញ្ញផងដែរ។
តាមរយៈភ័ស្ដុតាងដែលបានរៀបរាប់ខាងលើ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា នំបញ្ចុកមានកំណើតនៅលើទឹកដីកម្ពុជាយូរយារណាស់មកហើយ ហើយអ្នកស្រាវជ្រាវទាំងនោះ បានអះអាងថា ទំនងជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនទៀតផង។ ទោះយ៉ាងណាក៏ដោយ នៅប្រទេសថៃហៅនំនេះថា «ខៈណុមជីន» ដែលមានន័យថា «នំរបស់ជនជាតិចិន» ខណៈដែលប្រទេសលាវ ហៅថា «ខោពុន» ដែលប្រហែលជាមានន័យថា «នំដែលទទួលទានហើយធ្វើឱ្យហើមពោះ»៕
No comments:
Post a Comment