ថ្ងៃទី១៥ ខែមិថុនា កាលពីឆ្នាំ១៩៦២ ជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេសម្រេចសាលក្រមឲ្យកម្ពុជា ទទួលជ័យជម្នះ លើសំណុំរឿងប្រាសាទព្រះវិហារពីភាគីសៀមក្នុងរឿងក្ដីប្រាសាទព្រះវិហារ។
ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង។
កាលពីថ្ងៃទី៦តុលា១៩៥៩
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ
ក្រុងឡាអេ
ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា
និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ។
ក្រោយពីបានបង្ហាញអំពីមូលហេតុសព្វគ្រប់ពាក្យបណ្តឹងបានស្នើសុំឱ្យតុលាការធ្វើការវិនិច្ឆ័យដូចតទៅ៖
ទី១៖ ស្នើឱ្យរាជាណាចក្រថៃ ដកកម្លាំងប្រដាប់អាវុធរបស់ខ្លួន
ដែលចូលមកកាន់កាប់ប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៥៤នោះ
ចេញពីប្រាសាទព្រះវិហារ។
ទី២៖ ស្នើថា អធិបតេយ្យភាពដែនដីលើប្រាសាទព្រះវិហារ
ជាកម្មសិទ្ធិរបស់រាជាណាចក្រកម្ពុជា។
ពាក្យបណ្ដឹងនោះមានភ្ជាប់នូវឯកសារ «ឧបសម្ព័ន្ធ» ជាច្រើន
ហើយឧបសម័ន្ធដែលសំខាន់ជាងគេបំផុតនោះគឺ
«ផែនទីដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែន
រវាងឥណ្ឌូចិននិងសៀម» ដែលហៅថា “ផែនទីឧបសម្ព័ន្ធ១” (Annex
I Map)។
រឿងក្ដីទាក់ទងទៅនឹងប្រាសាទព្រះវិហារប្រព្រឹត្ដទៅអស់រយៈពេលជិត៣ឆ្នាំ
ហើយនៅទីបញ្ចប់ នៅថ្ងៃទី១៥ មិថុនា ១៩៦២
ដោយតុលាការអន្ដរជាតិក្រុងឡាអេ ប្រទេសហូឡង់
បានសម្រេចឱ្យប្រទេសកម្ពុជាទទួលជ័យជម្នះ។
ក្នុងនោះមានកត្តាសំខាន់៣យ៉ាងដែលនាំឱ្យកម្ពុជាឈ្នះក្ដីនេះ។
ទី១ គឺកម្ពុជាមានភស្តុតាងផែនទីឧបសម្ព័ន្ធ១ (ផែនទីដងរែក)។
ទី២ គោលការណ៍និរន្តភាពនៃរដ្ឋ មានន័យថា កម្ពុជាមានសិទ្ធិគ្រប់គ្រងប្រទេសដោយខ្លួនឯង ក្រោយពេលបារាំងផ្ទេរអំណាចឲ្យកម្ពុជាវិញ ហើយបារាំងលែងជាអាណាព្យាបាលកម្ពុជាទៀតនិង
ទី៣ គឺដោយសារគោលការណ៍នៃការគោរពពាក្យសម្តី មានន័យថា ភាគីថៃធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយបារាំង កាលពីឆ្នាំ១៩០៤ ក្នុងន័យគោរពបន្ទាត់ព្រំដែនកម្ពុជាថៃ៕
No comments:
Post a Comment