សំឡេងទះដៃព្រមៗគ្នាបានលាន់ឡើង រួមនឹងសំឡេងហ៊ោកញ្រ្ជាវរបស់កុមារតូចៗ បន្ទាប់ពីការសម្តែងល្ខោនខ្មែរមួយប្រភេទបានបញ្ចប់។ មើលទៅពួកគេម្នាក់ៗហាក់ជក់ចិត្តនឹងទស្សនីយភាពនេះជាខ្លាំង ដោយកុមារទាំងនេះបានលើកដៃឡើងហើយនិយាយថា ចង់មើលការល្ខោនខ្មែរដែលមានវ័យចំណាស់នេះម្តងទៀត។
ស្រមោលតុក្កតាប្រកបដោយកាយវិការរស់រវើកនៅលើផ្ទាំងសំពត់ស ដៃនិងជើងអាចធ្វើចលនា ទៅតាមសំឡេង និយាយ ច្រៀង ឬអត្ថាធិប្បាយ នៃសាច់រឿងទាំងឈុតកំប្លែង និងទុក្ខសោករបស់សិល្បករ ដែលនាំអារម្មណ៍អ្នកទស្សនាទៅតាមនោះដែរ។ សិល្បៈបែបនេះគេឱ្យឈ្មោះថា ល្ខោនស្រមោលស្បែកតូច។
ដោយមើលឃើញថា ការសម្តែងល្ខោនស្រមោលស្បែកតូចនាពេលបច្ចុប្បន្ននេះ មិនសូវទូលំទូលាយ និងច្រើនដូចកាលពីមុន សិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួគោក កាលពីថ្ងៃទី១១ កក្កដា កន្លងទៅនេះ បានរួមគ្នារៀបចំការចាក់បញ្ចាំង និងបង្ហាញពីឫសគល់នៃល្ខោនខ្មែរមួយនេះឱ្យកុមារតូចៗដែលកំពុងរៀននៅថ្នាក់ទី៣ ដល់ទី៦ បានទស្សនា ដើម្បីបញ្ជ្រាបចំណេះដឹងពីល្ខោនបុរាណខ្មែរ និងឱ្យពួកគេចូលរួមថែរក្សា។
ទោះនេះជាលើកទី១ដែលកុមារភាគច្រើនបានទស្សនាល្ខោនស្រមោលស្បែកតូចនេះ តែល្ខោនដែលមានប្រវត្តិដ៏យូរលង់នេះ បានទាក់ទាញចំណាប់អារម្មណ៍កុមារតូចៗ ជាសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យលង់ទៅតាមដំណើរនៃសាច់រឿងនីមួយៗនោះ ក៏ដូចជាទទួលបានការគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង។
ដោយសារតែភាពកំប្លុកកំប្លែង ភាពកំសត់ ដែលភាពប៉ិនប្រសប់របស់អ្នកសម្ដែងបានធ្វើឱ្យកុមារតូចៗចាប់អារម្មណ៍នឹងទម្រង់ល្ខោនមួយនេះសម្បើមណាស់។ ក្រោយពីទស្សនាចប់ភ្លាម កុមារទាំងនេះ បាននិយាយថា ពិតជាចង់មើលម្ដងទៀតណាស់ ព្រោះមិនងាយបានមើលការចាក់បញ្ចាំងល្ខោនបែបនេះនោះទេ។
មានវ័យ១០ឆ្នាំ កុមារី ឡាយ ម៉ីលីង និយាយរៀបរាប់ដោយទឹកមុខសប្បាយរីករាយយ៉ាងដូច្នេះថា «នេះជាលើកទី១ហើយសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលបានទស្សនាល្ខោននេះសោះពីមុនមក ពេលបានមើលទៅល្អមើល ហើយទាក់ទាញចិត្តអ្នកទាំងអស់គ្នា ព្រោះកំប្លែង និងល្អមើលជាងរឿងតុក្កតាសព្វថ្ងៃទៅទៀត»។
ស្រដៀងគ្នានេះដែរ កុមារា ស្រ៊ុន គឹមស៊ា ពិតមែនតែមានវាសនាបានចាប់កំណើតនៅក្នុងក្រុងភ្នំពេញ តែក៏មិនដែលបានទស្សនាល្ខោនស្រមោលស្បែកតូចនេះពីមុនមកដែរ។ កុមារាម្នាក់នេះ ក៏មិនខុសពីមិត្តដទៃទៀត ដែលបាននិយាយថា ពេលបានមើលល្ខោនស្រមោលស្បែកតូចមានអារម្មណ៍ថាប្លែក ព្រោះរឿងនីមួយៗអាចមើលឃើញពីការសម្ដែងរបស់សិល្បករដោយផ្ទាល់ ហើយការសម្ដែងនេះថែមទាំងបញ្ចូលការអប់រំលាយឡំនឹងភាពកំប្លុកកំប្លែងចំអកឡកឡឺយដែលធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើច។
ជាការពិតណាស់ ល្ខោនស្រមោលស្បែកតូច ជាទម្រង់ល្ខោនដ៏មានប្រជាប្រិយដែលមានលក្ខណៈកំប្លុកកំប្លែង ងាយមើល ងាយយល់ ព្រមទាំងអាចសម្ដែងបានគ្រប់បរិយាកាស មិនថារឿងបុរាណ សម័យ ឬរឿងអប់រំបែបកំប្លែងឡើយ។
បើតាមសៀវភៅ ល្ខោនស្បែកពណ៍និងស្បែកតូច របស់លោក ពេជ្រ ទុំក្រវ៉ិល បោះពុម្ពឡើងវិញនៅឆ្នាំ២០០០ បានបញ្ជាក់ថា ទម្រង់ល្ខោននេះ មានប្រវត្តិតាំងពីមុនសម័យអង្គរមកម្ល៉េះ ព្រោះសិលាចារឹកមុនសម័យអង្គរលេខ K-155 មានចែងអំពីសិល្បការិនីសម្តែងតុក្កតាក្នុងពិធីបូជាថ្វាយចំពោះព្រះអាទិទេព «សរស្វតិ» ដែលជាអាទិទេពតំណាងឱ្យសំនួនវោហារដ៏ពីរោះនិងសិល្បៈ។ ទោះល្ខោននេះធ្លាប់មានកេរ្ដិ៍ឈ្មោះក្នុងស្រទាប់ប្រជាជនខ្មែរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែរហូតមកទាល់នឹងសព្វថ្ងៃនេះ គេមិនសូវបានឃើញមានល្ខោនស្រមោលស្បែកតូចដ៏គួរឱ្យទាក់ទាញអ្នកមើលនេះ សម្ដែងជាសាធារណៈក្នុងលក្ខណៈទូលំទូលាយនោះឡើយ។
ទាក់ទងនឹងទម្រង់ល្ខោនស្បែកតូចនេះដែរ យុវសិស្ស អ៊ីវលី វិសុទ្ធរង្ស៊ី ដែលធ្លាប់ឆ្លងកាត់ការសម្ដែងល្ខោននេះខ្លះៗផងដែរនោះ បានលើកឡើងថា បច្ចុប្បន្នពិតជាមិនសូវមានការសម្ដែងនៅតាមទីសាធារណៈដូចពីមុនមែន ហើយក៏មិនសូវមានអ្នកសម្ដែងច្រើនដែរ។ បញ្ហានេះព្រោះតែខ្វះធនធានមនុស្ស ខ្វះថវិកា ខ្វះការអភិរក្ស ស្របពេលរំហូរចូលវប្បធម៌បរទេស ដែលធ្វើឱ្យយុវវ័យខ្មែរជំនាន់នេះទទួលយកដូចបាក់ទំនប់ទឹកអ៊ីចឹងផងនោះ បានជំរុញសិល្បៈប្រភេទនេះឱ្យរស់នៅទាំងត្រដាបត្រដួសដូច្នេះ។
យុវសិស្សដែលស្រឡាញ់នឹងការថែក្សាមរតកដូនតាខ្មែររូបនេះ បានលើកឡើងទៀតថា «ខ្ញុំទទួលស្គាល់ថាវាមិនទាន់ទូលំទូលាយនៅឡើយទេ។ ដោយសារតែទី១ យើងខ្វះធនធានមនុស្ស រួមទាំងកញ្ចប់ថវិកា។ ដូច្នេះអ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺបញ្ជ្រាបយុវជន បញ្ជ្រាបក្មេងឱ្យចាប់អារម្មណ៍នឹងលើកតម្កើងឡើងវិញ។»
ដោយមើលឃើញពីសារៈសំខាន់ និងហានិភ័យនៃការបាត់បង់សិល្បៈល្ខោនស្បែកតូច ទាំងអ្នកជំនាញ និងអ្នកដែលបានទស្សនាសិល្បៈចំណាស់មួយនេះជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធព្រមទាំងសាធារណជនទាំងអស់ចូលរួមថែរក្សានិងលើកស្ទួយសិល្បៈជាតិ ដើម្បីរក្សាកេរ្តិ៍មរតកវប្បធម៌នេះឱ្យបានគង់វង្ស៕
No comments:
Post a Comment