ព័ត៌មាន BBC កាលពីពេលថ្មីៗនេះ បានចេញផ្សាយថា សេវាកម្មថែទាំសុខភាព និងប្រព័ន្ធសុខាភិបាលត្រូវបានបង្កើតឡើងដំបូងគេ ដោយព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យមួយអង្គ គឺព្រះបាទជ័យវរ្ម័នទី៧។
យោងតាមការចុះផ្សាយនេះ ផ្អែកលើការសិក្សាស្រាវជ្រាវរបស់ប្រវត្តិវិទូម្នាក់មកពីសាកលវិទ្យាល័យ London ឈ្មោះ Peter Sharrock ។ ប្រវត្តិវិទូម្នាក់នេះបានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី ៧ មិនត្រឹមតែជាស្ថាបនិកសំណង់ប្រាសាទល្បីៗ និងរូបចម្លាក់របស់ខ្មែរជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងជាអ្នកដំបូងបង្អស់លើពិភពលោក ដែលបានបង្កើតនូវសេវាសាធារណៈ ដោយក្នុងនោះបូករួមចូលទាំងមន្ទីរពេទ្យជាង១០០ កន្លែងទៀតផង។
ប្រវត្តិវិទូបរទេសម្នាក់នេះ បន្តថា ក្នុងកំឡុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ (1125-1218) បានសាងសង់មន្ទីរសាធារណៈសម្រាប់ថែទាំសុខភាពប្រជាពលរដ្ឋជាច្រើនកន្លែង មានផ្ទុកនូវគ្រឿងបរិក្ខា និងថ្នាំសង្កូវគ្រប់ប្រភេទ ដែលភាគច្រើន គឺសង់នៅក្បែរៗក្រុង នៅទីស្ងប់ស្ងាត់ ដើម្បីជួយសម្រួលដល់ប្រជាជនឱ្យមានពេលសម្រាកគ្រប់គ្រាន់មិនមានការរំខានទាំងអ្នកព្យាបាល និងអ្នកជំងឺ។
ទាក់ទងនឹងប្រព័ន្ធសុខភាពសាធារណៈនេះដែរ សិលាចារិកតាព្រហ្ម និងសិលាចារិកសាយហ្វុងបានបញ្ជាក់ពីការកសាងសំណង់សំខាន់ៗទាក់ទងសាសនាផង និងមន្ទីរពេទ្យផងនោះ គេរកឃើញថា ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានមន្ទីរពេទ្យចំនួន១០២ ដែលកសាងពាសពេញផ្ទៃប្រទេសកម្ពុជា។
សិសាចារិកខ្មែរ តាមរយៈអ្នកស្រាវជ្រាវ ហ្សក សឺដេស (George Cœdès) បានបង្ហាញមន្ទីរពេទ្យពេទ្យចំនួន១៥ ក្នុងបណ្តាមន្ទីរពេទ្យទាំង១០២ ដែលព្រះបាទជ័យវរ្ម័នទី៧ បានស្ថាបនាពង្រាយទូទាំងប្រទេសកម្ពុជា។ មន្ទីរពេទ្យទាំង១៥នោះមាន៖
ប្រាសាទនាគព័ន្ធ
ប្រាសាទតាព្រហ្មកិល
ជាន់ជុំ Can Cum (K-11 Inv.I p.3)
ប្រាសាទខ្នា Prasat Kh’na (K-160 p.240)
គោករកា Kok Roka (K-435 BEFEO, XIII p.34, XV p.108)
ប្រាសាទបន្ទាយថ្លែង Prasat Banteay Thleng (K-667 BEEFEO, XXX, p.222, 224)
សាយហ្វុង Sai Fong (K-368 Inv.II p.96)
ប្រាសាទតាមាន់តូច Prasat Ta Man Toch (K-375 Inv.II p.132)
វត្តផ្គាំ Wat Pak’am (K.386 Inv.II p.223)
គន់បូរី Konburi (K.387 Inv.II p.238)
នំរ័ន Nom Van (K-395 Inv.II p.265)
វត្តគុ Wat Ku (K-402 Inv,II p.310)
គោបុរៈខាងលិចអង្គរធំ (K-602 BEFEO, XXVI, p.512)
ប្រាសាទតាព្រហ្មកិល Prasat Ta Prohm Kel (K-614 Inv.III, p.116)
ប្រាសាទតាកែវ Takeo, Temple de l’hopital (K-537 BCA1, 1917-30)
ប្រាសាទតាកេពង់ Prasat Ta Ke Pon (K-209 Inv,III p.438)
វត្តស្វាយ Wat Svay (K-912, EFEO No 22, p.8)
សូមជម្រាបថា ចំនួនមនុស្សដែលបំពេញមុខងារ ជាគ្រូពេទ្យព្យាបាល អ្នកគ្រប់គ្រងមន្ទីរពេទ្យ អ្នកផ្សំថ្នាំ អ្នកដាំទឹក អ្នកកិនថ្នាំ និងអ្នកផ្តល់ថ្នាំឱ្យអ្នកជំងឺផឹក ឬលេប ក៏មានបង្ហាញវត្តមាននៅលើសិលាចារឹករបស់ប្រាសាទមួយចំនួន ដែលបានរៀបរាប់នៅខាងលើនេះផងដែរ៕
No comments:
Post a Comment