នាពេលបច្ចុប្បន្ននេះ មនុស្សស្ទើគ្រប់គ្នាយល់ថា ផ្កា «រាក់» ជាផ្កាអបលក្ខណ៍ ដោយសារតែគេនិយមប្រើក្នុងពិធីបុណ្យសព ក៏ប៉ុន្តែសម្រាប់យុវជនម្នាក់មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង បានស្រាវជ្រាវពីលក្ខណៈពិសេសនៃផ្កាមួយប្រភេទនេះនៅក្នុងសង្គមខ្មែរ។ បន្ទាប់ពីការស្រាវជ្រាវ សិស្សសាលារៀនល្បីខាងវិន័យតឹងរ៉ឹងមួយនេះបានលើកឡើងថា ការយល់ចំពោះផ្កានេះជាផ្កាអបលក្ខណ៍ ឬផ្កាអារក្ស គឺជាការយល់ខុសទាំងស្រុង ព្រោះផ្ការាក់ គឺជាប្រភេទផ្កាមួយម្យ៉ាងដែលមានគុណប្រយោជន៍ច្រើននៅក្នុងសង្គមខ្មែរ ដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ ឬមើលរំលងពីអត្ថប្រយោជន៍នេះ។
តើផ្ការាក់មានប្រវត្តិ និងគុណប្រយោជន៍អ្វីខ្លះនៅក្នុងសង្គមខ្មែរ? សូមអាចបទយកការណ៍ខ្លីរបស់លោក តន វិបុល ដូចតទៅ៖
គឺនៅក្នុងបទបង្ហាញស្តីពីការស្រាវជ្រាវអំពី «ផ្ការាក់» កាលពីថ្ងៃទី១៩ មិថុនា ដោយមានការចូលរួមពីសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង៣០នាក់ ក្រុមសិស្សដែលស្រាវជ្រាវអំពីអត្ថប្រយោជន៍របស់ផ្កានេះ ក៏បង្ហាញពីរបៀបនៃការក្រងផ្ការាក់ផងដែរ។
ស្ថិតក្នុងសកម្មភាពដ៏មមាញឹកអមដោយបទភ្លេងប្រជាប្រិយខ្មែរផងនោះ មើលទៅពួកគេម្នាក់ៗបានផ្ដោតយកចិត្តទុកដាក់ក្រងផ្ការាក់ យ៉ាងមានរបៀប។ ក្នុងចំណោមយុវសិស្សកំពុងមមាញឹកនេះ យុវតី សំ សិរីកញ្ញា និយាយបណ្ដើរ ដៃកាន់លួសចាក់ដោតផ្កាយ៉ាងយកចិត្តទុកដាក់បណ្ដើរ ដោយក្ដីរួសរាយថា «ខ្ញុំចង់ឱ្យកូនខ្មែរបានយល់ដឹងពីផ្កានេះឱ្យបានទូលំទូលាយ ព្រោះមិនចង់ឃើញពួកគាត់យល់ច្រឡំថា ជាផ្កាអបលក្ខណ៍អីទេ។ វាមិនមែនជាផ្កាប្រភេទហ្នឹងទេ តាមពិតជាផ្កាល្អ ជាផ្កាមានតម្លៃ តែមនុស្សភាគច្រើនតែងតែយល់ច្រឡំពីអត្ថន័យនៃផ្កាហ្នឹង…»។
ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី យុវតី ប្រិមប្រិយ ដែនសុភាវី ចេះក្រងផ្ដារាក់នេះបានយ៉ាងស្រស់ស្អាតមិនចាញ់អ្នកជំនាញទេ។ យុវតីវ័យ១៥ឆ្នាំរូបនេះ ក៏មិនខុសពីមិត្តភក្ដិដទៃដែរ គឺទើបតែដឹងពីមានវត្តមានផ្កានេះប៉ុណ្ណោះ។ ដែនសុភាវី និយាយថា ផ្ដារាក់មានវត្តមានលើទឹកដីខ្មែរស្ទើរគ្រប់ទីកន្លែង មិនថានៅស្រុកស្រែចម្ការទេ សូម្បីតែនៅជាយរាជធានីភ្នំពេញក៏ឃើញមានដុះយ៉ាងព្រោងព្រាតដែរ។
“រាក់” ជាឈ្មោះឈើតូចមានស្លឹកក្រាស់ពណ៌សប្រផេះប៉ុនៗបាតដៃនិងមានជ័រស។ រុក្ខជាតិរាក់មាន២ប្រភេទ គឺ រាក់ស មានផ្កាពណ៌ស និងរាក់ក្រហម មានផ្កាពណ៌ស្វាយស្រគាំ។ ផ្ការាក់ទាំង២យ៉ាងនេះ មានក្លិនក្រអូបលាយក្រពុលបន្តិចៗ។ នៅក្នុងសង្គមខ្មែរនិយមប្រើផ្កានេះ នៅក្នុងពិធីបុណ្យសព ជាពិសេសប្រជាជនខ្មែរបានយកនេះទៅតុបតែងលើមឈូស។ ចំណុចនេះនាំឱ្យមនុស្សភាគច្រើនគិតថា ផ្កានេះជាផ្កាខ្មោចសម្រាប់តែងក្នុងបុណ្យសព ដោយយល់ខុសលើផ្ការាក់ដូចផ្កាចន្ធូ។
សម្រាប់យុវតី ដែនសុភាវី ការយល់ឃើញបែបនេះ ជារឿងដែលគួរឱ្យសោកស្ដាយចំពោះផ្ការាក់ ខណៈដែលប្រទេសជិតខាងបានខិតខំដាំ ដើម្បីទាញយកប្រយោជន៍ពីវា តែខ្មែរបែរចាត់ទុកជាផ្កាអបលក្ខណ៍ទៅវិញ។
ដែនសុភាវី និយាយដូច្នេះថា «តាមពិតទៅផ្កាហ្នឹងនាំសិរីសួស្ដី តំណាងប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តី និងមានភាពស្រស់ស្អាតទៅទៀត បើគេដាំវាដើម្បីលម្អនៅមុខគេហដ្ឋាន ពុំមែនប្រើសម្រាប់តែលម្អមឈូសសពនោះទេ។ ក្រៅពីនេះគេអាចប្រើវាដើម្បីលម្អលើខ្លួនប្រាណ នៅតាមពិដាននានាជាដើម»។
ផ្ការាក់ ជាផ្កាដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនពីអតីតកាល។ បើយោងតាមឯកសារមួយចំនួនតាមរយៈគំនូរនៅថែវ ព្រះវិហារព្រះកែវមរកត ដែលមានរូបភាពស-ខ្មៅ ដែលបានបន្សល់ពីសម័យសង្គមរាស្ត្រនិយម និងខ្សែភាពយន្តអប្សរា ដែលសម្ដែងដោយព្រះបុត្រី នរោត្តមបុប្ផាទេវី គេសង្កេតឃើញមានការយកផ្ការាក់នេះ ដាក់ជារំយោលតាមពិដាន បង្អួច ដោយលម្អលើពានស្លានៅក្នុងពិធីមង្គលការកូនប្រុសកូនស្រីក្រងធ្វើជាឆ័ត្ររូតជាដើម។
អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិ និងគុណប្រយោជន៍ផ្កានេះ យុវសិស្ស ទី ដារ៉ូ បានបញ្ជាក់ពីលក្ខណៈពិសេសរបស់ផ្ការាក់យ៉ាងដូច្នេះថា នៅផ្នែកខាងក្នុងនៃផ្កានេះ មានរាងដូចជាមកុដ។ យុវសិស្សរូបនេះ បានស្រាវជ្រាវឃើញថា ផ្ការាក់មានប្រវត្តិនៅក្នុងសង្គមខ្មែរតាំងពីជាង១០០មុន ឬអាចលើសនេះទៅទៀត។ ផ្ការាក់ពេញនិយមខ្លាំងនៅក្នុងរជ្ជកាលព្រះបាទហ្លូងនរោត្តម ហើយគំនូរផ្ការាក់ក្នុងព្រះកែវមរកតបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ។
សម្រាប់ដារ៉ូផ្ទាល់មិនយល់ស្របទេដែលថា ផ្ការាក់ជាផ្កាអបលក្ខណ៍នោះ ផ្ទុយមកវិញដារ៉ូចង់ឃើញប្រជាជនខ្មែរគាំទ្រផ្ការាក់ដូចកាលពីសម័យបុរាណឡើងវិញ។ នៅក្នុងសង្គមខ្មែរមានប្រយោជន៍ច្រើន ដែលគេមិនបានចាប់អារម្មណ៍ ឬមិនបានដឹងពីប្រយោជន៍របស់វា។
ដារ៉ូបញ្ជាក់ទៀតថា «ផ្កានេះមានគុណប្រយោជន៍ខ្លាំងណាស់ អាចយកធ្វើជាចំណីចិញ្ចឹមសត្វចង្រិត ធ្វើជាថ្នាំព្យាបាលសត្វ ហើយផ្កានេះក៏ជាផ្នែកមួយបម្រើក្នុងវិស័យសិល្បៈផងដែរ។ នៅក្នុងវិស័យសិល្បៈ គេអាចច្នៃជា រចនាបថក្បាច់ រចនាម៉ូដសម្លៀកបំពាក់ប្រណីពៃខ្មែរ។ តាមរយៈនេះ គេថែមទាំងអាចយកទៅធ្វើជាអាជីវកម្មបានផងដែរ។»
ទាក់ទងនឹងសកម្មភាពនេះ សាស្រ្ដាចារ្យ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រី ហ៊ិន ស្រីពៅ ពេញចិត្តដែលសិស្សានុសិស្សចាប់អារម្មណ៍ ហើយបានស្រាវជ្រាវរកឃើញនូវប្រភេទផ្កា ដែលខ្មែរធ្លាប់បានប្រើប្រាស់យ៉ាងពេញនិយមកាលពីជំនាន់អតីតកាល។ នេះជាសមិទ្ធផលមួយដែលគួរតែនាំគ្នាសិក្សានូវអ្វីដែលជារបស់ខ្មែរបន្តទៀត៕
No comments:
Post a Comment