ក្នុងគ្រួសារមួយមានបងប្អូនបីនាក់ ពួកគេបានជួបរឿងអកុសលច្រើននៅក្នុងជីវិត ដែលអ្នកឯទៀតកម្រជួបប្រទះ។ គ្រោះថ្នាក់ចរាចរណ៍មួយបានឆក់យកជីវិតឪពុកម្ដាយ ដោយបន្សល់ទុកនូវភាពកំព្រីកំព្រានិងទុគ៌តភាពឱ្យពួកគេ។
ទន ទិគួយ ជាកូនទី២នៅក្នុងគ្រួសារ។ ស្ថិតក្នុងវ័យ១៩ឆ្នាំ ទិគួយបានរៀបរាប់ថា ម្ដាយគេបានបាត់បង់ជីវិតដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៤ ពេលគាត់ជិះម៉ូតូទៅយកផ្លែឈើពីម៉ូយមកលក់បន្ត។ ៦ឆ្នាំក្រោយមក សោកនាដកម្មដដែលនេះបានធ្លាក់មកលើឪពុករបស់គេទៀត ដោយបន្សល់ទុកឱ្យពួកគេកំព្រីកំព្រាមកដល់សព្វថ្ងៃ។
ក្រោយពេលឪពុម្ដាយជួបគ្រោះថ្នាក់ទទួលមរណកាលទៅ បីនាក់បងប្អូនត្រូវរស់នៅផ្ទះកេរ្តិ៍របស់ឪពុកម្ដាយ ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលសង់លើទួលមួយនៅដាច់ស្រយាលពីអ្នកជិតខាង និងនៅជុំវិញផ្ទះ គឺជាវាលស្រែ។
រាងស្រពេចស្រពិលបន្តិចនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ តែទិគួយ ព្យាយាមនិយាយអំពីអារម្មណ៍ដែលគ្មានឪពុកម្ដាយតែប៉ុន្មានមាត់ប៉ុណ្ណោះ ដោយចុងច្រមុះឡើងក្រហម ភ្នែកស្ទើររលេងរលោងនឹកដល់ឪពុកម្ដាយរបស់គាត់ ពេលឃើញឪពុកម្ដាយគេបញ្ចុកបាយកូន។ គាត់ចោទសួរខ្លួនឯងថា ហេតុអ្វីខ្លួនគាត់រស់នៅជាមួយឪពុកម្ដាយខ្លីម្ល៉េះ។
ដោយឈរចម្អិនម្ហូបអាហារសម្រាប់បាយថ្ងៃត្រង់នៅក្នុងផ្ទះបាយ ដៃហាន់សាច់បណ្ដើរ និយាយបណ្ដើរថា៖ «អារម្មណ៍ខ្ញុំជាកូនកំព្រា។ ខ្ញុំយល់ថាកម្សត់ ជាពិសេសពេលយើងនៅផ្ទះឯកោត្រមង់ត្រមោចអ៊ីចឹង គឺកម្សត់។ យើងអត់មានប៉ាម៉ាក់ចម្អិនម្ហូបអាហារ។ ពេលឈឺថ្កាត់គ្មានប៉ាម៉ាក់ផ្ដល់ភាពកក់ក្ដៅឱ្យ ពេលជួបការលំបាកអីយើងត្រូវដោះស្រាយខ្លួនឯង។ ពេលធ្វើអីយើងត្រូវធ្វើខ្លួនឯង។ ពេលខ្លះអង្គុយយំតែឯងក៏មានដែរ»។
ទិគួយ បន្តថា៖ «ខ្ញុំតូចចិត្តខ្លួនឯង ថាម៉េចយើងរស់នៅជាមួយប៉ាម៉ាក់យើងខ្លីម៉្លេះ។ ខ្ញុំបាត់បង់ប៉ាម៉ាក់តាំងអាយុ១២-១៣ឆ្នាំ ពេលឃើញប៉ាម៉ាក់គេមើលថែកូនគេ ផ្ដល់ភាពកក់ក្ដៅដល់កូនគេ ខ្ញុំនឹកឃើញដល់ប៉ាក់ម៉ាក់ខ្ញុំគាត់ងូតទឹកឱ្យ គាត់បញ្ចុកចំណី ទោះបីជាគាត់លំបាកគាត់សុខចិត្តអត់ពីខ្លួនឯង ដើម្បីយកមកឱ្យកូន។ ពេលប្រទះរឿងណាជូរចត់ តែងតែនឹកឃើញដល់អនុស្សាវរីយ៍ជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំ»។
ទិគួយរំលឹកអំពីព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតឪពុករបស់ខ្លួនថា ពេលឪពុកគាត់គ្រោះថ្នាក់ គឺគាត់បានទទួលដំណឹងពីមិត្តភក្ដិរបស់គាត់តាមខ្សែទូរសព្ទ។ គាត់មិនចាប់ថ្នាក់ថាឪពុករបស់ខ្លួនត្រូវធ្ងន់ធ្ងរឡើយ ពេលឃើញឪពុកអាចដើរបានជាធម្មតា ប៉ុន្តែ គាត់សង្កេតឃើញឪពុករបស់គាត់មិនសូវស្រួលសោះ តាំងពីត្រឡប់មកពីមន្ទីរពេទ្យវិញ។
ពេលឃើញឪពុកដេកលើកន្ទេលក្រោកមិនរួចដូច្នេះ ទិគួយនិយាយទៅកាន់ឪពុកទាំងក្ដុកក្ដួលក្នុងចិត្តថា៖ «ប៉ាឯងក្រោកឡើងមក បើប៉ាឯងត្រូវម៉េចៗទៅ ពួកខ្ញុំពីរនាក់ត្រូវនៅម៉េចបើហ៊ាគាត់នៅភ្នំពេញ។ គាត់ចេញទឹកភ្នែក។ គាត់ស្ដាប់យើងនិយាយនៅដឹង តែគាត់អត់អាចនិយាយរួច ហើយដៃជើងកម្រើកបានតែបន្តិចប៉ុណ្ណោះ។ ខ្ញុំប្រាប់គាត់ទៀតថា បើប៉ាម៉េចៗទៅ ពួកខ្ញុំត្រូវកំព្រាហើយ គឺគ្មាននរណាអប់រំមើលថែទៀតទេ»។
«កើតមកជាមនុស្ស កូនត្រូវតែរឹងមាំ ត្រូវតែហ៊ាន ត្រូវតែក្លាហានសម្រេចចិត្ត។ កូនជាប្រុស កូនត្រូវតែមានទំនុកចិត្តលើខ្លួនឯង ហើយកូនត្រូវចាំថា កូនត្រូវធ្វើតែអំពើល្អ។ អំពើល្អ ទោះទៅដល់ទីណាក៏មិនសាបសូន្យដែរ»។ នេះជាកូនបណ្ដាំដ៏មានតម្លៃដែលឪពុកទុកឱ្យគាត់មុនផុតដង្ហើមទៅ។
ក្រោយពីឪពុកម្ដាយគាត់ទទួលមរណកាល ពួកគេមិនត្រឹមតែក្លាយជាក្មេងកំព្រាតែម្យ៉ាងប៉ុណ្ណោះទេ ជីវិតបីនាក់បងប្អូនបានធ្លាក់ចូលទៅក្នុងទុគ៌តភាពដ៏សែនលំបាក។ ពេលនោះកូនប្រុសទី២ម្នាក់នេះ ចង់ឈប់រៀនម្នាក់ទៀត ដោយចង់ទៅការងារធ្វើ ដើម្បីរកកម្រៃជួយទំនុកបម្រុងការសិក្សារបស់ប្អូនពៅ និងជួយសម្រាលបន្ទុករបស់បងប្រុសដែលកំពុងធ្វើការជាជាងកង់នៅរាធានីភ្នំពេញ។
ប៉ុន្តែនៅថ្ងៃឆ្លងឆ្នាំសកល (ឆ្នាំ២០១៩ ឆ្លងចូលឆ្នាំ២០២០) រឿងរ៉ាវទុគ៌តភាពនេះ បានដឹងដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាសប្បុរសជនដ៏ល្បីម្នាក់ ។ ពេលនោះហើយពន្លឺក្ដីសង្ឃឹមបានកើតមានឡើងក្នុងជីវិតរបស់ពួកគេ។ ដោយមានចិត្តសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានយកពួកគេទាំងបីមកមើលថែនៅរាជធានីភ្នំពេញទាំងការស្នាក់នៅ រួមទាំងការហូបចុក ផ្ដល់ការងារដ៏សមរម្យមួយឱ្យកូនច្បង និងឱ្យប្អូនប្រុសទាំងពីរនាក់រៀននៅសាលារៀនរបស់លោកផ្ទាល់តែម្តង។ គឺពេលនេះហើយ ដែលជីវិតស្ថិតនៅក្នុងភាពមិនច្បាស់លាស់មានពន្លឺស្រស់បំព្រងឡើងវិញ។
នៅទីនេះទិគួយបានលើកឡើងថា រូបគេនិងប្អូនប្រុសមិនធ្វើអ្វីទេក្រៅតែពីការខិតខំសិក្សារៀនសូត្រ។ គ្រូបង្រៀននៅទីនេះបង្រៀនពួកគេឱ្យមានថាមពលប្រសើរឡើងវិញ ដែលជារឿងគួរឱ្យភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់ថាត្រូវបានអ្នកឧកញ៉ាចិត្តធម៌ម្នាក់នេះយកពួកគេមកនៅជាមួយ ហើយបានរៀននៅសាលាល្អខុសប្លែកពីសាលាខ្លួនរៀននៅស្រុក ជាពិសេសសន្យាជួយពួកគេរៀនចប់ថ្នាក់មហាវិទ្យាល័យ។ អ្វីទាំងនេះបានធ្វើឱ្យពួកគេមានភាពកក់ក្ដៅឡើងវិញ និងបានចាត់ទុកអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាឪពុកម្ដាយទី២។ ទិគួយបន្ថែមថា ការផ្ដល់ឱកាសនេះ គឺគ្មានពាក្យអ្វីនិយាយក្រៅពីការថ្លែងអំណរគុណនោះទេ។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកត្រូវបានគេមើលឃើញថា ជាឃាតករដ៏សាហាវដែលបានឆកយកជីវិតមនុស្ស និងធ្វើឱ្យមនុស្សពិការភាពជារៀងរាល់ថ្ងៃ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបន្សល់ទុក្ខវេទនាដល់មនុស្សជាច្រើន។
យោងតាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១ ២៦១លើក បណ្ដាលឱ្យស្លាប់ ៧០៩នាក់ និងរងបួស ១ ៧៩២នាក់។
ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកជំនាញឯកទេសសុខភាពទូទៅ និងសុខភាពសាធារណៈមួយរូប លើកឡើងថា តួលេខនៃអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍អាចនឹងមានចំនួនច្រើនជាងតួរលេខដែលត្រូវបានបង្ហាញនៅលើរបាយការណ៍ ដោយសារមានករណីមួយចំនួនមិនត្រូវបានរាយការណ៍ ជាពិសេសនៅតំបន់ដាច់ស្រយាល។
លោកថ្លែងថា៖ «ចំពោះអ្នកដែលរងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាឈឺរ៉ាំរ៉ៃ ត្រូវចំណាយលុយព្យាបាល ហើយថែមទាំងរងរបួសផ្លូវចិត្តថែមទៀត។ យើងត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាប្រជាជនខ្មែរត្រូវរងគ្រោះពីអ្វីដែលគេអាចចៀសផុតបានយ៉ាងដូច្នេះ?»។
លោកបន្តថា៖ «អ្នកខ្លះដល់ពេលដែលគាត់មានពេកទៅ ខ្ពស់ពេកទៅ ពួកគាត់មិនសូវគិតពីជីវិតមនុស្ស ជិះទៅបុកគេស្លាប់ ឬរបួសបាក់ដៃបាក់ជើង បែរជាមិនសូវខ្វល់។ ដល់ពេលសងជំងឺចិត្តវិញ ហាក់ដាច់ជាកំណាញ់ខ្លាំងណាស់ ។ ហេតុអ្វីបានជាការវាយតម្លៃចំពោះជីវិតមនុស្សទាបម៉្លេះ?»
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា៖ «ប្រសិនបើអ្នកឯងជិះបុកគេស្លាប់ ត្រូវតែជាប់គុកតាមច្បាប់ ហើយបើគេរបួសត្រូវតែសងជំងឺចិត្តគេឱ្យបានសមស្របតាមការខូចខាត»។
សម្រាប់ដំណោះស្រាយចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏រសើបនេះ បើតាមលោក គួច ម៉េងលី អាស្រ័យទៅលើអ្នកចេញច្បាប់ និងគោលនយោបាយ ក៏ដូចជាអ្នកអនុវត្តពួកវា៕
No comments:
Post a Comment