មាន​នៅ​ចាំ​ព្រឹត្តិការណ៍​ប្រឆាំង​នឹង​បារាំង ដែល​​ចង់​លុប​បំបាត់​អក្សរសាស្រ្ដ​ខ្មែរ​យើង​ទេ?​

 


នៅ​សម័យ​អាណា​និគមន៍​និយម​បារាំង បារាំង​មាន​បំណង​លុប​បំបាត់​អក្សរ​សាស្ដ្រ​ខ្មែរ​ ដោយ​តម្រូវ​ឱ្យ​ព្រះ​បាទ​នរោត្ដម សីហនុ ឡាយ​ព្រះ​ហស្ដ​លេខា​ប្តូរ​ប្រើ​មក​​អក្សរ​រ៉ូម៉ាំ​ជំនួស​អក្សរខ្មែរ​ជា​ផ្លូវ​ការ​វិញ។ ភាវូនីយកម្ម​នៃ​អក្សរសាស្រ្ត​ខ្មែរ​នា​ពេល​នោះ​ត្រូវ​បាន​ទទួល​យក​ទាំង​ក្រៀម​ក្រំ​ និង​ខាំ​មាត់​អត់​ធ្មត់​ដោយ​អ្នក​រដ្ឋការ​មួយ​ចំនួន​ធំ។​ ក៏​ប៉ុន្តែ​អ្នក​ប្រកាន់​ប្រពៃណី រួមទាំង​​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ជា​ច្រើន​អង្គ​បាន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​វាសនា​អនាគត​អក្សរ​សាស្រ្ត​ជាតិ ហើយ​បាន​ចេញ​មក​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​ធ្វើ​បាតុ​កម្ម​ជំទាស់​ប្រឆាំង​នឹង​ពួក​បារាំង​ចំពោះ​ការ​លុប​បំបាត់​អក្សរ​ខ្មែរ​យ៉ាង​ខ្លាំង​ក្លា​គ្មាន​ការ​រាថយ។

មុន​ការ​ផ្ទុះ​ឡើង​នូវ​ការ​ប្រឆាំង​តវ៉ា​នេះ អ្នក​ប្រកាន់​ប្រពៃណី​និង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ជា​ច្រើន​អង្គ​បាន​ចូល​ប្រជុំ​ស្នើ​សុំ​កុំ​ឱ្យ​បារាំង​ធ្វើ​ដូច​នេះ តែ​ត្រូវ​បរា​ជ័យ​ទៅ​វិញ។​ នេះ​ហើយ​ជា​ដើម​ចម​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ឆ័ត្រ​រវាង​​​សង្ឃ​និង​បារាំង នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤២ ដោយ​ព្រះសង្ឃ​ប្រើ​ឆ័ត្រ​ជា​អាវុធ​ក្នុង​ការ​ធ្វើ​បាតុ​កម្ម​នេះ​។​ ការ​ផ្ទុះ​សង្គ្រាម​នេះ​ធ្វើ​ឡើង​ក្នុងគោលបំណង​ឱ្យ​​ដោះ​លែង​លោក​អាចារ្យ ហែម ចៀវ និង​លោក នួន ឌួង ផង​ដែរ បន្ទាប់​ពី​បារាំង​ចាប់​យក​ទៅ​ដាក់​គុក​នៅ​កោះ​ត្រឡាច។​ ទោះ​យ៉ាង​ណា​ក៏​ដោយ សង្គ្រាម​នេះ​ត្រូវ​បាន​ទាហាន​បារាំង​បោក​គ្រាប់​បែក​ធ្វើ​ឱ្យ​ព្រះសង្ឃ​​ទទួល​រង​របួសជា​ច្រើន​អង្គ។

នៅ​ចំពោះ​មុខ​ហេតុការណ៍​ដ៏​ក្រៀម​ក្រំ​នេះ សម្ដេច​ នរោត្តម សីហនុ បាន​ប្រញាប់​ប្រញាល់​លុប​ការ​កែ​ទម្រង់​នេះ​ចេញ​ពី​ព្រះរាជ​ក្រឹត្យ​ជា​បន្ទាន់ ​នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ជប៉ុន​ទៅ​លើ​បារាំង នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​១៩៤៥។ តាម​ពិត​ទៅ ពេល​នោះ​ ព្រះអង្គ​ពុំ​មែន​លុប​ចោល​តែ​ការ​កែ​ទម្រង់​នេះ​ប៉ុណ្ណោះ​ទេ​ ជាមួយ​នឹង​គ្នា​នោះ ព្រះ​អង្គ ក៏​បាន​លុប​ចោល​សន្ធិ​សញ្ញា​បារាំង​ខ្មែរ នា​ឆ្នាំ​១៨៦៣ ​និង​អនុសញ្ញា​ នាឆ្នាំ​១៨៨៤ ផង​ដែរ។​ សម្តេច​ នរោត្តម សីហនុ ​មាន​ជប៉ុន​នៅ​ពី​ក្រោយ​បាន​ប្រកាស​ឯករាជ្យ​ប្រទេស​ខ្មែរ​ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​១៩៤៥៕

No comments:

Post a Comment