រឿងខ្លី​៖​ ​លៀស​ហាល​




​លៀស​ហាល​... ​លៀស​ហាល​... ​លៀស​ហាល​... ​លៀស​ហាល​! ​នេះ​ជា​សំឡេង​ពពាយនាយ​របស់​ស្រ្ដី​វ័យ​ជាង​៣​០​ឆ្នាំ​ម្នាក់​ ​ឈ្មោះ​កើយ​។​ ​កើយ​ ​ជា​ស្រ្ដី​មេម៉ាយ​កូន​បី​ ​ប្រកបរបរ​លក់​លៀស​ហាល​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​កើយ​បាន​ក្លាយ​ជា​ស្រ្តី​មេម៉ាយ​កាលពី​ជាង​ពីរឆ្នាំមុន​ ​ក្រោយ​ពី​ប្តី​របស់​នាង​ធ្លាក់​ពីលើ​អគារ​ក​ម្ពស់​៥​ជាន់​ស្លាប់​។​ ​ប្តី​របស់​នាង​ជា​កម្មករ​សំណង់​ ​នៃ​ក្រុមហ៊ុន​សាងសង់​មួយ​នៅ​ភ្នំពេញ​។​

​ក្រោម​ក​ម្ដៅ​ថ្ងៃ​ដ៏​សែន​ក្តៅ​ ​នា​ខែ​មេសា​ ​ឆ្នាំ​២​០​១​៨​ ​កើយ​បាន​រុញ​រទេះ​លៀស​ហាល​ពី​ទិសខាងលិច​ដោយ​ឆ្លងកាត់​ពីមុខ​ក្រុមហ៊ុន​អប់រំ​ឯកជន​ដ៏​ល្បីល្បាញ​របស់​លោក​ឧ​ញ៉ា គួ​ច​ ​ម៉េង​លី​។​ ​ទឹកមុខ​របស់​នាង​មាន​សភាព​ហេវហត់​ ​និង​អស់កម្លាំង​ខ្លាំង​។​ ​នៅ​ក្រោម​រទេះ​លៀស​ហាល​របស់​នាង​មាន​ធ្នើរ​តូច​មួយ​ដាក់​ឈើ​ប្រគង​គ្នា​ ​ដើម្បី​កូនប្រុស​ទីបី​របស់​នាង​អាច​ដេក​បាន​។​ ​កូនប្រុស​ទី​៣​ ​អាយុ​ជាង​៣​ខួប​របស់​នាង​តែង​មក​ជាមួយ​នាង​រៀងរាល់ថ្ងៃ​ ​ឯ​កូន​ពីរ​នាក់​ទៀត​ (​កូនស្រី​ច្បង​ ​និង​ប្រុស​កូន​ទី​២​) ​ធ្វើដំណើរ​ចរច្រប់​គ្រប់​ទីកន្លែង​ដើម្បី​រើស​សម្បក​ដប​សម្បក​កំប៉ុង​លក់​ ​បន្ទាប់ពី​ពួកគេ​ត្រឡប់មក​ពីរៀន​វិញ​។​

​ពេល​រុញ​រទេះ​លៀស​ហាល​មកដល់​មុខ​អគារ​ដ៏​ខ្ពស់​ ​នៃ​ក្រុមហ៊ុន​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​កើយ​ឈប់​រទេះ​បន្តិច​ដើម្បី​រង់ចាំ​ក្រែង​មាន​អ្នក​ទិញ​។​ ​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​កៀក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ ​មនុស្ស​ដែល​ធ្លាប់​ទិញ​លៀស​ហាល​របស់​កើយ​ ​បាន​បាត់មុខ​អស់​។​ ​សភាព​ស្ងាត់​គ្រប​ដណ្តប់​លើ​ផ្លូវ​ដែល​ធ្លាប់តែ​អ៊ូអរ​។​ ​កើយ​យក​ក្រមា​ដែល​សៀត​ជាប់នឹង​ប្រគាប​រទេះ​មក​ជូត​ញើស​ដែល​កំពុង​ដក់​លើ​ផ្ទៃមុខ​នាង​ ​ដោយ​ទឹកមុខ​អស់​សង្ឃឹម​ ​ព្រោះ​កើយ​យល់​យ៉ាង​ច្បាស់​ថា​ ​ប្រសិនបើ​ពេលនេះ​គ្មាន​អ្នក​ចេញ​មក​ជួយ​ទិញ​ទេ​ ​លៀស​របស់​នាង​នឹង​ត្រូវ​បោះចោល​ទំា​ង​អស់ហើយ​ការ​ខាតបង់​នឹង​ធ្លាក់​មក​លើ​នាង​ទៀត​។​

​លៀស​ហាល​ ​លៀស​ហាល​! ​នាង​ចេះតែ​បក់ដៃហៅ​អ្នក​ជិះ​ម៉ូតូ​ឆ្លងកាត់​យូរ​ៗ​មួយ​ឱ្យ​ជួយ​ទិញ​លៀស​ហាល​នាង​។​ ​គ្មាន​អ្នកណា​ទិញ​! ​មុខ​របស់​កើយ​កាន់តែ​ជ្រួញ​ ​និង​ស្ងួត​គ្មានពន្លឺ​។​ ​កែវភ្នែក​របស់​នាង​ស្ទើរតែ​ស្រក់​ឈាម​។​ ​កើយ​ចាប់ផ្តើម​រុញ​រទេះ​បន្ត​ដំណើរ​ទៅ​លក់​នៅ​ខាងមុខ​ទៀត​។​ ​កង់រទេះ​ចាប់ផ្តើម​វិល​ទៅមុខ​យឺត​ៗ​... ​ឆ្លង​បាន​ពាក់កណ្ដាលផ្លូវ​ស្រាប់តែ​សំឡេង​មួយ​បាន​បន្លឺ​ឡើង​៖​

.​លៀស​ហាល​! ​អ្នក​លក់​លៀស​ហាល​ ​ឈប់​សិន​...!

​សំឡេង​យុវជន​វ័យ​ជាង​២​០​ឆ្នាំ​ម្នាក់​បាន​ស្រែកហៅ​កើយ​ពីក្រោយខ្នង​។​ ​កើយ​ទច់ង៉ក់​ ​ហើយ​ងាកមើល​ទៅ​រក​ម្ចាស់​សំឡេង​។​

.​រុញ​មក​ណេះ​សិន​ម៉ោ...(​យុវជន​សក់រួញ​និយាយ​)

​កើយ​រុញ​រទេះ​ត្រឡប់មក​ក្រោយ​វិញ​៖​

.​បង​ទិញ​ប៉ុន្មាន​កំប៉ុង​? (​កើយ​និយាយ​ដោយ​ស្និទ្ធស្នាល​ ​ព្រោះ​ធ្លាប់ស្គាល់​គ្នា​)

​យុវជន​អេះអុញ​បន្តិច​។​ ​ភ្លាម​នោះ​ក៏​លេច​រូបរាង​បុរស​សម្បុរ​ស​ ​អាយុ​ជាង​៤​០​ឆ្នាំ​មកដល់​ ​នោះ​គឺ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​។​ ​ក្នុង​ដំ​ណើ​រហ័សរហួន​ ​លោក​ឧកញ៉ា​និយាយ​ទំា​ង​ញញឹម​ទៅកាន់​កើយ​៖​

.​មួយ​កំប៉ុង​ប៉ុន្មាន​ក្មួយ​? ​ហើយ​លក់​ជិត​អស់ហើយ​ឬនៅ​?

.​ចាស​លោកពូ​! ​មួយ​កំប៉ុង​២​,​៥​០​០​រៀល​។​ ​ថ្ងៃនេះ​លក់​មិន​ដាច់​ទេ​លោកពូ​ ​ព្រោះ​ជិត​ចូលឆ្នាំ​ ​គេ​ទៅផ្ទះ​ ​ទៅ​ស្រុកកំណើត​អស់​ក៏​មិន​ដឹង​?

.​អូ​! ​អ៊ីចឹង​? ​ចុះ​មួយ​កំប៉ុង​២​,​០​០​០​រៀល​បានទេ​ក្មួយ​? (​លោក​ឧកញ៉ា​និយាយ​បណ្តើរ​ ​លូកដៃ​ចាប់​លៀស​មក​ខាំ​និង​ភ្លក់​បណ្ដើរ​)

.​អត់​បានទេ​លោកពូ​! (​កើយ​ឆ្លើយ​លាយ​សំណើច​លួង​ចិត្ត​) ​កើយ​នឹកក្នុងចិត្ត​ទៀត​ថា​ ​យី​! ​លោក​ឧកញ៉ា​ក៏​ចេះ​តថ្លៃ​លៀស​ហាល​ដែរ​...

.​មិនអីទេ​ ​ពូ​និយាយលេង​ទេ​។​ ម៉ោះ! ​ឥឡូវ​អ៊ីចេះ​ ​ក្មួយ​វាល់​ទំា​ង​អស់​មើល​ប៉ុន្មាន​កំប៉ុង​ ​ពូ​យក​ទំា​ង​អស់​ (​លោក​ឧកញ៉ា​ពោល​ដោយ​ចោលភ្នែកមើល​ទៅ​កូនប្រុស​របស់​កើយ​ ​ដែល​កំពុង​ដេក​នៅ​ក្រោម​រទេះ​)​។​

​ឮ​ពាក្យ​នេះ​ភ្លាម​ ​កើយ​រំភើប​ ​និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​។​ ​នាង​កើប​លៀស​ហាល​ឡើង​ញ័រដៃ​។​ ​ឆ្លៀតពេល​កើយ​កំពុង​វាល់​លៀស​ហាល​ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​លូកដៃ​ទៅ​ស្ទាប​ថ្ពាល់​កូនប្រុស​របស់​នាង​ ​ដែល​កំពុង​បិទភ្នែក​ព្រឹមៗ​នៅ​ក្រោម​រទេះ​លៀស​ហាល​។​

.​គេងលក់​ស្រួល​ណាស់​ហ្ន​! (​លោក​ឧកញ៉ា​និយាយ​លាយ​សំណើច​) ​និយាយ​មិនទាន់​រួចពីមាត់​ផង​ស្រាប់តែ​

.ចុ​ម​ក្តៅ​ដូច​ភ្លើង​...! ​ម៉េច​សាច់​កូន​ក្តៅ​ម៉្លេះ​ក្មួយស្រី​? (​លោក​ឧកញ៉ា​លាន់មាត់​ដោយ​ទឹកមុខ​ភ្ញាក់ផ្អើល​)

.​ចាស​! ​កូន​ខ្ញុំ​ក្តៅខ្លួន​ពីរបី​ថ្ងៃ​ហើយ​លោកពូ​ (​កើយ​និយាយ​បែប​ហី​ដោយដៃ​វាល់​លៀស​ហាល​បណ្ដើរ​)

.​អូ​! ​ក្តៅ​ពីរបី​ថ្ងៃ​ហើយ​! (​លោក​ឧកញ៉ា​បើកភ្នែក​ធំ​ៗ​)

.​ចាស​លោកពូ​! ​ខ្ញុំ​មិនទាន់​បាន​យក​វា​ទៅពេទ្យ​ទេ​ ​ព្រោះ​រវល់​លក់​ម្យ៉ាង​អត់​លុយ​ផង​។​

.​មិនកើត​ទេ​ ​កុំ​បណ្តោយ​ទៀត​! ​តែ​ទុក​យូរ​ទៀត​ ​កូន​នឹង​មាន​បញ្ហា​។​

តោះ​គ្នាយើង​ ​មើល​ជួយ​យកកូន​គាត់​ទៅ​គ្លី​និ​ក​យើង​ទៅ​... (​លោក​ឧកញ៉ា​ប្រាប់​ទៅ​យុវជន​សក់រួញ​ ​ដែល​ឈរ​នៅក្បែរ​)

.​អត់ទេ​លោកពូ​ ​ខ្ញុំ​អត់មាន​លុយ​ទេ​ ​លោកពូ​មិនបាច់​យក​វា​ទៅ​ទេ​! (​កើយ​ផ្អាក​វាល់​លៀស​)

.​មិនអីទេ​! ​គ្លី​និ​ក​ខ្ញុំ​ ​គ្រូពេទ្យ​នឹង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​។​ ​ខ្ញុំ​មាន​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​ម៉េង​លី​ ជេ. គួ​ច​។​ ​ក្មួយ​កុំ​បារម្ភ​អី​ ​យើង​នឹង​ជួយ​ព្យាបាល​ដោយ​មិន​គិត​ក​ម្រៃ​។​

​ឮ​ប្រសាសន៍​នេះ​ ​កើយ​រលីងរលោង​ទឹកភ្នែក​ ​តែ​មិន​តប​ទៅ​លោក​ឧកញ៉ា​។​ ​លោក​ឧកញ៉ា​បន្ត​ប្រសាសន៍​ទៅកាន់​កើយ​៖​

.​កូន​ ​គ្នា​នៅ​តូច​ណាស់​ ​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​សុខភាព​គ្នា​ផង​។​ ​ប្រយ័ត្ន​មូស​ខ្លា​ខាំ​ ​កើត​គ្រុនឈាម​ ​រលាក​បំពង់ក​ ​ក៏​អាច​ធ្វើ​ឱ្យ​ក្តៅខ្លួន​ខ្លាំង​ ​និង​គ្រោះថ្នាក់​ដែរ​។​ ​កុំ​ឱ្យ​កូន​ញុំា​អី​ផ្តេសផ្តាស​!

​កើយ​យក​ក្រមា​ជូត​ទឹកភ្នែក​បន្តិច​ ​រួច​ពោល​៖​

.​ចាស​! ​អរគុណ​លោកពូ​!

​ភ្លាម​នោះ​យុវជន​សក់រួញ​ ​និង​ក្រុម​ការងារ​ ​នាំគ្នា​ឱន​ចុះ​ ​រួច​លើក​កូនប្រុស​របស់​កើយ​ចេញ​មក​។​ ​ទោះបីជា​ពួកគេ​លើក​មក​ក្រៅ​ក៏ដោយ​ ​ក៏​កូន​របស់​កើយ​មិនព្រម​បើកភ្នែក​ដែរ​ ​ព្រោះ​កុមារ​នេះ​ដេក​យូរ​ដោយសារ​ជំងឺ​​សឹង​តែ​ហួសពេល​។​ ​ឯ​ក្រុម​ការងារ​លោក​ឧកញ៉ា​ ​លើកយក​កុមារ​តូច​ដាក់​ក្នុង​រថយន្ត​ដែល​ចត​នៅក្បែរ​នេះ​ ​រួចហើយ​បើក​ទៅកាន់​មជ្ឈ​មណ្ឌល​សុខ​ភាព​សិស្ស​ដែល​នៅក្បែរ​នេះ​ ​ដើម្បី​ពិនិត្យ​ជំងឺ​បឋម​។​

​រថយន្ត​ចេញទៅ​ផុត​បន្តិច​ ​កើយ​លុតជង្គង់​សំពះ​លោក​ឧកញ៉ា​ ​តែ​លោក​ចាប់ដៃ​នាង​ឱ្យ​ក្រោក​ឡើង​ ​ដោយ​ប្រាប់​នាង​ថា​ ​មិនបាច់ទេ​ក្មួយ​។​ ​កុំ​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​អី​! ​ពូ​ជួយ​ក្មួយ​តាម​លទ្ធភាព​ដែល​ពូ​អាច​ជួយ​បាន​។​

.​ចាស​! ​អរគុណ​លោកពូ​! (​កើយ​និយាយ​ទំា​ង​អួល​ដើមក​) ​និយាយ​រួច​ ​កើយ​ក៏​រុញ​រទេះ​លៀស​ហាល​ទៅ​តាមផ្លូវ​ដែល​រថយន្ត​បរ​ទៅ​។​ ​លោក​ឧកញ៉ា​ប្រាប់​កើយ​ថា​៖​ “​ក្មួយ​កុំអាល​ទៅ​ ​ចាំ​ពួកគេ​ជូន​ឡាន​ក្មួយ​ទៅ​។​” ​និយាយ​រួច​ ​លោក​ឧកញ៉ា​ប្រាប់​ទៅ​ក្រុម​ការងារ​ឱ្យ​គេ​យក​រថយន្ត​ជូន​កើយ​ទៅកាន់​គ្លី​និ​ក​ដែលគេ​នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កូន​របស់​នាង​។​

​មុន​ពេល​ឡើង​រថយន្ត​ ​កើយ​យកដៃ​ទំា​ង​ពីរ​​​ដែល​កាន់​ក្រមា​ចាស់​មក​ខ្ទប់​មាត់​ ​រួច​បួងសួង​ពី​ក្នុង​ពោះ​ថា​ ​សូម​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ ​និង​ទេវតា​ទំា​ង​៨​ទិស​ ​តាម​ថែរក្សា​លោក​ឧកញ៉ា​ ​និង​ក្រុម​គ្រួសារ​ឱ្យ​ជួប​តែ​សេចក្តី​សុខ​ ​សេចក្តី​ចម្រើន​ ​កុំបីឃ្លៀងឃ្លាត​ឡើយ​៕​

​…………………………………………
ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach
បោះពុម្ពផ្សាយខែមករា គ.ស.២០២០
និពន្ធដោយ៖ តន វិបុល
#MJQUP #A Collection of Stories My Role Model,Oknha Dr. Mengly J. Quach #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម
https://www.mjquniversitypress.com/my-role-model-oknha…/
ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)
បន្ថែមពីនេះ ក៏មានលក់តាម page L192 ដូចនៅក្នុងតំណភ្ជាប់ខាងក្រោមនេះ៖
https://www.l192.com/search?search=keyword

No comments:

Post a Comment