បទបញ្ជានេះនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រ


 

នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បញ្ជា​ទៅ​អង្គភាព​ប្រដាប់​អាវុធ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ​គឺ​ត្រូវ​ប្រមូលយក​អាវុធ​​និង​ស​ម្ភារៈ​យោធា​អាមេរិក ដែលមាន​ទាំងប៉ុន្មានទៅ​រក្សាទុក​ឃ្លាំ​ ​ឬ​ក​ម្ទេ​ច​ចោល​តាម​ភាព​ជាក់ស្ដែង​។​ ​បទបញ្ជា​នេះ​ ​ត្រូវ​បាន​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ​ដោយមាន​ភ្ជាប់​ជាមួយ​រូបភាព​ចំនួន​ពីរ​សន្លឹក​។​ ​ក្នុង​រូបថត​នីមួយៗ​សុទ្ធតែ​មាន​​​រូប​សម្ដេច​តេជោ ​និង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​គឺ​លោក​ ដូ​ណា​ល់ ​ត្រាំ​។​ ​ក្នុង​បទបញ្ជា​នេះ​ ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សរសេរ​ថា​៖​
​«​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ​ ​សហរដ្ឋអាមេរិក​បាន​សម្រេច​អំពី​ការ​រឹតត្បិត​ការ​លក់ដូរ​អាវុធ​និង​ស​ម្ភារៈ​យោធា​ដល់​កម្ពុជា​។​ ​ខ្ញុំ​ឆ្លៀតយក​ឱកាស​នេះ​ ​សូម​អរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ ​ដោយសារ​ការ​សម្រេច​របស់​សហរដ្ឋអាមេរិក​លើ​បម្រាម​ការ​លក់ដូរ​អាវុធ​ ​និង​ ​ស​ម្ភារៈ​យោធា​មក​កម្ពុជា​នា​ពេលនេះ​ ​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ ​កាលពី​ឆ្នាំ​១​៩​៩​៤​ ​ដែល​នៅ​ពេល​នោះ​ ​ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ ​ដោយ​មិន​ធ្វើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អាវុធ​កម្ពុជា​ដែល​មាន​ពេល​នោះ​ ​ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក​។​ ​ទន្ទឹម​នឹង​នេះ​ ​ខ្ញុំ​សូម​ដាក់​ចេញ​បទបញ្ជា​ដល់​អង្គភាព​ប្រដាប់​អាវុធ​ទាំងអស់​ ឱ្យ​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ជាបន្ទាន់​អំពី​អាវុធ​ ​និង​ស​ម្ភារៈ​យោធា​ ​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​ ​ហើយ​ត្រូវ​ប្រមូល​អាវុធ​ ​និង​ស​ម្ភារៈ​យោធា​អាមេរិក​ទាំងអស់​ ​ប្រសិនបើ​មាន​ ​យកទៅ​រក្សាទុក​ក្នុង​ឃ្លាំង​ ​ឬ​យកទៅ​កំទេច​ចោល​ ​តាម​ការ​ជាក់ស្តែង​។​
 
​តាមចំណាំ​របស់​ខ្ញុំ​ ​អ្នក​ដែល​ធ្លាប់​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ជាច្រើន​ ​បាន​ចាញ់​ស​ង្រ្គា​ម​ ​ដូចជា​ក្នុង​របប​សា​ធារ​ណ​ខ្មែរ​របស់​ ​លន់​ ​ន​ល់ ​ដែល​ពេល​នោះ​បាន​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ ​និង​បាន​នាំចូល​អាវុធ​ជាច្រើន​មក​កម្ពុជា​ ​ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​បំណុល​ខ្មៅ​នេះ​ ​រហូតមកដល់​បច្ចុប្បន្ននេះ​។​ ​ថ្មីៗ​នេះ​ ​ទៀតសោត​ ​គឺ​ ​អ្នកប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក​ ​ក៏បាន​ចាញ់​ស​ង្រ្គា​ម​នៅ​អា​ហ្គា​នី​ស្ថាន​។​ ​ខ្ញុំ​មាន​ជំនឿ​លើ​ភាព​ក្លាហាន​ ​ព្រមទាំង​ស្មារតី​ ​និង​ទឹកចិត្ត​ប្រយុទ្ធ​របស់​យុទ្ធជន​ក្នុង​សមរភូមិ​ ​ដើម្បី​ការពារ​បូរណភាពទឹកដី​របស់​កម្ពុជា​ ​ជាជាង​លើ​អាវុធ​តែមួយមុខ​។​
 
​ជាថ្មី​ម្តងទៀត​ ​ខ្ញុំ​សូម​អរគុណ​សហរដ្ឋអាមេរិក​ដែល​បាន​ជួយ​បញ្ជាក់​ថា​ ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​មិន​យល់ព្រម​ទិញ​អាវុធ​ពី​អាមេរិក​ពិតជា​ត្រឹមត្រូវ​សម្រាប់​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុជា​ ​ហើយ​វាក៏ជា​សារ​ព្រមាន​មួយ​ប្រាប់​ទៅ​ខ្មែរ​ដែល​គ្រប់គ្រង​រាជរដ្ឋាភិបាល​ជំនាន់​ក្រោយ​ឱ្យ​បាន​ជ្រាប​ថា​ ​បើ​ចង់​មាន​ឯករាជ្យ​ភាព​លើ​វិ​ស័​យ​ការពារ​ជាតិ​សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​»​៕

No comments:

Post a Comment