ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ថ្ងៃអាទិត្យសប្ដាហ៍ក្រោយ ស្រុកបន្ទាយស្រីនឹងមានពិធីបុណ្យខ្លែងជាលើកដំបូងនៅភូមិលំហែសសី ស្ថិតនៅភាគជើងខេត្តសៀមរាប ដែលប្រព្រឹត្តទៅនៅម៉ោង២រសៀល។ ព្រឹត្តិការណ៍នេះរៀបចំឡើង ដើម្បីអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ដែលជាប្រពៃណីមួយឆ្លុះបញ្ចាំងពីសង្គមខ្មែររស់នៅផ្សារភ្ជាប់នឹងធម្មជាតិ។
ពេលខ្យល់ធ្លាក់ពីជើង គឺជាសញ្ញាបញ្ជាក់ថា រដូវបង្ហោះខ្លែងនារដូវច្រូតកាត់បានមកដល់ហើយ។ នាពេលនេះ គឺជាវេលាប្រជាកសិករខ្មែរច្រូតកាត់ប្រមូលផលស្រូវស្រែ។កាលពីដើម មុនពេលច្រូតកាត់ប្រមូលផល កសិករខ្មែរតែងធ្វើខ្លែងទុកសម្រាប់បង្ហោះលេង ជាពិសេសពួកក្មេងៗ ដើម្បីបញ្ជាក់ពីភាពសប្បាយនៅពេលប្រមូលផលផង និងដើម្បីកម្សាន្តផង។
លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី អ្នកបុរាណវិទូ បានឱ្យដឹងថា ខ្មែរនិយមបង្ហើរខ្លែងក្នុងកិច្ចពិធីទាក់ទងនឹងកសិកម្មនៅក្នុងរដូវប្រមូលផល។ ខ្លែងតំណាងឱ្យភាពរាំងស្ងួត ដែលគេបង្ហើរទ្បើងលើមេឃ ដើម្បីដេញបំបែកពពកកុំឱ្យមានភ្លៀងធ្លាក់មកដីនាំខូចខាតស្រូវដំណាំដែលត្រូវប្រមូលផលនាចុងរដូវ។
លោកថ្លែងថា៖ «ដោយមានកំណើតដើមពីគ្រុឌនោះហើយបានជាខ្លែងអាចបណ្តេញ និងចាប់នាគទុក កុំឱ្យបង្ករជាភ្លៀងបាន។ ពោលគឺ ពិធីបង្ហើរខ្លែងជាកិច្ចទប់ទល់នឹងមេឃ កុំឱ្យភ្លៀងធ្លាក់នាំឱ្យមានជំនន់ និងខូចខាតស្រូវដំណាំ ដែលនឹងប្រមូលផលនាចុងរដូវវស្សា»។
លោកបន្តថា ខ្លែងគឺជារូបស្នងនៃបក្សីខ្លែងធ្វើពីក្រដាស មានគ្រោងឆ្អឹងឫស្សីសម្រាប់បង្ហើរ ដែលមានកំណើតពីគ្រុឌ។ ខ្លែងមានច្រើនប្រភេទ ដូចជាខ្លែងភ្នង ខ្លែងឯក ខ្លែងខ្លុះ ខ្លែងកន្ទោង ខ្លែងកូនមាន់ជាដើម។
ខ្លែង គឺជាវត្ថុម្យ៉ាងសម្រាប់បង្ហោះលេង ដែលអាចហោះដោយកម្លាំងខ្យល់ទាញយឹត តាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីវត្ថុសម្រាប់លេងកម្សាន្ត ខ្លែងគឺជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរ ដែលបញ្ហាពីជីវិតរស់នៅផ្សារភ្ជាប់ទៅនឹងធម្មជាតិផងដែរ។ កាលពីជំនាន់មុន នៅពេលខ្យល់បកពីមកទិសឦសានម្តងៗ គេតែងតែឃើញក្មេងៗធ្វើខ្លែងបង្ហើរលេងនៅតាមវាលស្រែយ៉ាងសប្បាយរីករាយ។ ក្រៅតែពីការបង្ហើរខ្លែងតាមបែបកម្សាន្ត ខ្មែរនៅមានពិធីបង្ហើរខ្លែងតាមប្រពៃណី។
យោងតាមកម្រងឯកសារប្រពៃណីនិងទំនៀមទម្លាប់ខ្មែរ ដែលរៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានសរសេរថា «ប្រពៃណីបង្ហើរខ្លែងបានឆ្លុះបញ្ចាំងនូវចរិតសង្គមខ្មែរ ដែលការរស់នៅផ្សារភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិសម្រាប់បម្រើការរស់នៅ និងការកម្សាន្ត។ ប្រពៃណីនេះ មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ តែក៏ជាពិធីមួយសម្រាប់គោរពបូជាដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាទៀតផង។»
ប្រពៃណីបង្ហោះខ្លែង ជាជ្រុងមួយនៃវប្បធម៌ មានប្រវត្តិរស់នៅជាមួយនឹងប្រជាជនខ្មែរតាំងពីយូរណាស់មកហើយ។ ផ្អែកតាមកំណត់ត្រាប្រវត្តិសាស្រ្ត និងរឿងព្រេងបុរាណខ្មែរ “ធ្នញ្ច័យ” គេយល់ថា ពិធីបង្ហើរខ្លែងរបស់ខ្មែរមានជីវិតប្រហែល៤០០ឆ្នាំមុនគ្រិស្តសករាជ ហើយពិធីនេះបានធ្វើឡើងតាមដំណែលដូនតា ដើម្បីបញ្ជាក់អំពីក្រឹត្យក្រមជីវិតតែងផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងគោរពនឹកគុណដល់ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ដែលជាអ្នកបានផ្តល់ និងទ្រទ្រង់ជីវិតសត្វលោក។
ទោះបច្ចុប្បន្ន គេកត់សម្គាល់ឃើញថា ខ្លែងបានធ្លាក់ប្រជាប្រិយភាពបន្តិចម្ដងៗចេញពីសន្ដានចិត្តប្រជាជនខ្មែរ ហើយការបង្ហើរខ្លែងមិនសូវមានសកម្មភាពខ្លាំងក្លាយ៉ាងណា ប៉ុន្តែក៏គេនៅតែឃើញមានការបង្ហោះខ្លែងនៅក្នុងប្រទេសជាដរាប។ យ៉ាងណាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងផ្តួចផ្តើមឱ្យការរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងនេះឡើងជារៀងរាល់ឆ្នាំ។ ជាមួយនឹងគ្នានេះ ស្រុកបន្ទាយស្រី ក៏បានរៀបចំឱ្យមានព្រឹត្តិការណ៍បុណ្យខ្លែងផងដែរ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ថ្មីមួយស្ថិតនៅលើទឹកដីស្រុកបន្ទាយស្រី ដើម្បីអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ដែលបង្អួតបង្ហាញពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៅជើងភ្នំគូលែន និងទាក់ទាញភ្ញៀវទេសចរមកស្គាល់ភូមិទេសចរណ៍ ដែលទើបតែមានការអភិវឌ្ឍថ្មីៗនេះ។
លោកបញ្ជាក់ថា ពិធីបុណ្យខ្លែងនឹងមានរៀបចំកន្លែងជូន តែមានលក្ខខណ្ឌបរិស្ថានមួយ គឺរាល់សំរាមទាំងអស់ត្រូវតែខ្ចប់យកទៅវិញរៀងៗខ្លួន ហាមដាច់ខាតមិនឱ្យបន្សល់កាកសំណល់ប្លាស្ទិក ឬម្ហូបអាហារនៅក្នុងទីតាំងនេះឡើយ។
អភិបាលស្រុកបន្ទាយស្រី បញ្ជាក់បន្ថែមថា៖ «ក្រុមការងារនឹងមានរៀបចំស្តង់លក់ខ្លែងតូចៗ សម្រាប់ផ្តល់ឱកាសឱ្យមានការបង្ហោះខ្លែងកម្សាន្តសប្បាយជាលក្ខណៈគ្រួសារ។ កម្មវិធីនេះនឹងមានបន្ថែមកម្មវិធីតូចៗទៀត ដូចជារាំវង់តន្ត្រីស្គរដៃ ស្តង់លក់អាហារសម្រន់ និងបញ្ចប់ដោយកម្មវិធីមើលព្រះចន្ទពេញវង់រះរំលងភ្នំគូលែនត្រឹមម៉ោង៨យប់ផងដែរ»៕
No comments:
Post a Comment