​​សម្តេច​​សង្ឃ​រាជ​ ជួន​ ណាត​ និមិត្តរូប​អក្សរ​សាស្រ្ត​ខ្មែរ​?

 


 ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០១៩​ គឺជា​ខួប​គម្រប់​ទី៥០ឆ្នាំ​នៃ​ការ​ចូលទិវង្គត​របស់​សម្តេច​ព្រះសង្ឃ​រាជ​ ជួន​ ណាត​ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប​ល្បីល្បាញ​ក្នុង​អំឡុង​សហស្សវត្ស​ទី១៩៥០ ​ ដល់១៩៦០​ ដោយ​ព្រះអង្គ​បាន​បង្កើត​ស្នាដៃ​និពន្ធ​ជាច្រើន​ ក្នុង​នោះ​រួមមាន​វចនានុក្រម​ខ្មែរ​ជាដើម​។ ព្រះអង្គ​បាន​សុគត​នា​រសៀល ​ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ១៩៦៩​ នៅ​វត្តឧណ្ណាលោម​ ក្នុង​​ព្រះ​ជន្មា​យុ៨៦ព្រះវស្សា​។ ព្រះ​សព​ត្រូវ​បាន​ដំ​កល់​ទុក​ធ្វើបុណ្យ​ពេញ​មួយឆ្នាំ​ទើប​ដង្ហែ​មក​បូជា​នៅ​វាល​ព្រះមេ​រុ​ ដែល​មាន​អ្នកចូលរួម​ហែ​ដ៏​វែង​។ ឯកឧត្តម​ ចេង​ ហេង​ ដែល​ជា​ប្រមុខរដ្ឋ​ស្តីទី​ក្រោយ​រដ្ឋប្រហារ​របប​រាជា​និយម​ឆ្នាំ១៩៧០​ បាន​អញ្ជើញ​ជា​អធិបតី​ថ្វាយព្រះ​ភ្លើង​ដល់​ព្រះ​សព​។

ថ្វី​ដ្បិត​ព្រះអង្គ​បាន​លាចាក​ទៅ​ ៥០ឆ្នាំ​មក​ហើយ​ក្តី​ ប៉ុន្តែ​កេរដំណែល​នៃ​ស្នាមព្រះ​ហស​ព្រះអង្គ​ ពិសេស​កិច្ចការ​លើ​ការ​ចងក្រង​វចនានុក្រម​ខ្មែរ​ នៅតែ​មាន​សារៈ​ប្រយោជន៍​យ៉ាង​ធំធេងដល់​​សង្គម​ខ្មែរ​។

តាម​ឯកសារ​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្ដេចព្រះ​សង្ឃរាជ​ ជួន​ ណាត​ ប្រសូត្រនៅ​ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​១៨៨៣​ នៅ​ភូមិ​កំរៀង​ សង្កាត់​រកាកោះ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​។ សម្ដេច​សង្ឃ​ទ្រង់​ប្រសូត្រក្នុង​ត្រកូល​កសិករ​ ដែល​មាន​បិតា​នាម​ ព្រហ្ម​ ជួន​ ឯមាតា​នាម​ យក់​ ហើយ​មាន​ព្រះអនុជ​ម្នាក់​នាម​ ជួន​ នុត​។

​អាយុ១២ឆ្នាំ​ ព្រះមាតា​បិតា​របស់​សម្ដេច​ បាន​នាំ​សម្ដេច​ទៅ​ទុកដាក់​នៅ​វត្ត​ពោធិព្រឹក្ស​ ហៅ​វត្ត​ពោលំ្យ ជាមួយ​លោកគ្រូ​សូត្រ​ស្ដាំ​នាម​ កែវ​ ម៉ន​ ដើម្បី​បាន​រៀនសូត្រ​អក្សរ​សាស្រ្ត​ជាតិ​។ នៅ​អាយុ១៤ឆ្នាំ​ ត្រូវ​នឹង​ថ្ងៃ១៥កើត​ ខែ​ពិសាខ​ ឆ្នាំច​ គ.ស​.១៨៩៧​ សម្ដេច​សង្ឃ​បាន​ទៅ​បួស​នៅ​វត្ត​ពោធិព្រឹក្ស​អស់​រយៈពេល២វស្សា​។ លុះ​ គ.ស​. ១៨៩៩​ សម្ដេច​សង្ឃ​បាន​ទៅរៀន​សូត្រ​ព្រះ​បរិយត្តិធម៌​ នៅ​វត្ត​ឧណា្ណ​លោម​ ក្នុង​សំណាក់​ព្រះពុទ្ធ​គ្រូ​ ទេព​ សោ​ នា​កុដិថែវ​ប្រប​កំពែង​ខាងជើង​។

ក្រោយមក​ព្រះជន្ម២១ព្រះវស្សា​ សម្ដេច​បាន​ទៅ​បួស​ដើម្បី​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​ នៅ​វត្ត​ពោធិព្រឹក្ស​ដែល​ជាវ​ត្ត​ដើម​វិញ​ នៅ​ថ្ងៃ១៤កើត​ ខែជេស្ឋ​ ឆ្នាំរោង​ ឆស័ក​ ព.ស​.២៤៤៨​ គ.ស​.១៩០៤​ ដោយមាន​ព្រះតេជព្រះគុណ​ ព្រះពុទ្ធ​ឃោសាចារ្យ​ ម៉ា​ កេត​ សុ​វណ្ណ​ប្ប​ញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍​ កាល​លោក​នៅជា​ចៅអធិការវត្ត​ពោធិព្រឹក្ស​មាន​ព្រះតេជព្រះគុណ​ កែ​ ម៉ន​ មិស្ស​នា​គោ​ ជា​គ្រូសូត្រស្ដាំ​ និង​ព្រះតេជព្រះគុណ​ អ៊ឹម​ ខឹម​ តិ​ក្ខ​ប្ប​ញ្ញោ​ ជា​គ្រូសូត្រ​ឆ្វេង​។ សម្ដេច​ទ្រង់​ទទួល​ព្រះ​នាមប្បញ្ញត្តិ​ថា​ “ជោតញ្ញាណោ​” លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​រួចហើយ​ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់នៅ​វត្តឧណ្ណាលោម​ ទទួលការ​សិក្សា​គន្ថធុរៈ​វិញទៀត​។

ឯកសារ​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បានឱ្យ​ដឹង​ទៀត​ថា​ សម្ដេចព្រះ​សង្ឃរាជ​ ជួន​ ណាត​ ទ្រង់​បាន​បំពេញការងារ​ជាច្រើន​ទៀត​ ដោយធ្វើ​ជាស​មា​ជិ​កនៃ​ក្រុមជំនុំ​វចនានុក្រម​ខ្មែរ​ ជាស​មា​ជិ​កនៃ​ក្រុមជំនុំ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ក្នុង​សៀវភៅ​ផ្សេង​ៗ ដែល​សាលា​បាលី​ជាន់ខ្ពស់​បាន​បោះពុម្ព​ផ្សាយ​។ ក្រៅពី​នេះ​ទៀត​ ព្រះអង្គ​បាន​ធ្វើជា​មេប្រយោគ​ក្នុង​ការប្រឡងយក​វិញ្ញា​បន​ប័ត្រ​បឋមសិក្សា​ខ្មែរ​ និង​ការប្រឡងយក​សញ្ញាប័ត្រ​បឋមសិក្សា​ជាន់ខ្ពស់​បារាំង​ខ្មែរ​ នៅ​ទីក្រុង​ភ្នំពេញ​។

ព្រះជន្ម​ ៣៩ព្រះវស្សា​ ក្នុង​កំឡុង​ឆ្នាំ១៩២២​ ព្រះអង្គ​ជា​អ្នកប្រាជ្ញ​ អក្សរ​សាស្រ្ត​ខ្មែរ​ដំបូង​គេ​ មាន​ចលនា​ទាមទារ​ បង្កើត​វប្ប​ធម៍​អក្សរ​សាស្រ្ត​ជាតិ​ក្នុង​រាជ​ព្រះមហាក្សត្រ​ស៊ីសុវត្ថិ​ មុនីវង្ស​។ ក្រៅពី​ចេះ​ភាសាខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​ សម្ដេច​ក៏​ចេះនិយាយ​ អាន​ និង​សរសេរ​ភាសា​ដទៃទៀត​យ៉ាង​ប្រាកដប្រជា​រួមមាន​ ភាសាបាលី​, ភាសា​សំស្ក្រឹត​, ភាសា​បារាំង​, ភាសា​សៀម​, ភាសា​ឡាវ​, ភាសាអង់គ្លេស​ និង​ភាសា​វៀតណាម​ផង​ដែរ​។

សម្ដេចព្រះ​សង្ឃរាជ​ ជួន​ ណាត​ បាន​បន្សល់​ស្នា​ព្រះហស្ត​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​ជាច្រើន​ ក្រៅពី​វចនានុក្រម​ខ្មែរ​ ព្រះអង្គ​បន្សល់​ស្នាដៃ​សៀវភៅ​ កច្ចាយនូបត្ថម្ភកៈ​, គហិប​ដិ​បត្តិ​, សាមណេរ​វិន័យ​, បាតិមោក្ខ​សំវរ​សង្ខេប​, កាព្យ​លោកធម៌​, នា​គោ​បមា​ទិ​កថា​, បព្វ​ជ្ជា​ឋន្ធ​កៈ​ពិស្ដារ​ និង​ចីវរ​ក្ខន្ធៈ​ពិស្ដារ​ ព្រមទាំង​ស្នា​ព្រះហស្ដ​ជាច្រើន​ផ្សេងទៀត​៕

 

No comments:

Post a Comment