វត្តភ្នំ ទីសក្ការដ្ឋានប្រវត្តិសាស្ត្រ ជាបេះដូងនៃរាជធានីភ្នំពេញ។ រមណីយដ្ឋានដ៏ល្អឯកនេះ បានអង្រួនអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យនៅតែចងចាំជានិច្ច បើទោះបីពួកគេវិលត្រឡប់ទៅផ្ទះវិញក៏ដោយ។
អ្នកទាំងអស់គ្នាដឹងទេថា តើវត្តភ្នំមានប្រវត្តិដើមទងយ៉ាងដូចម្តេច?
វត្តមានវត្តភ្នំដែលយើងឃើញនៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ មានប្រវត្តិជាប់ទាក់ទងនឹងដូនចាស់ម្នាក់ ឈ្មោះ «ពេញ»។ យាយ «ពេញ» ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅលើទីទួលក្បែរច្រាំងទន្លេបួនមុខ។ ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំងនាំឱ្យទឹកទន្លេបានជន់លិចរហាចរហឹម។ ដូនពេញបានចុះទៅកំពង់ទឹកប្រទះឃើញដើមគគីរធំមួយអណ្តែតមកក្បែរច្រាំង។ ឃើញដូច្នោះ ដូនពេញក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឱ្យមកជួយទាញយកដើមគគីរនោះឡើង។ អ្នកជិតខាងក៏នាំគ្នាយកខ្សែពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះ ដូនពេញយកកំណាត់ឈើទៅកោសកៀរសម្អាតភក់ចេញ គាត់ក៏ប្រទះឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរដែលព្រះហស្ថម្ខាងកាន់ដំបង ព្រះហស្ថម្ខាងទៀតកាន់ស័ង្ខ ហើយបួងព្រះកេសា។
ដូនពេញ និងអ្នកជិតខាង បាននាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះរបស់គាត់នោះឱ្យទៅជាភ្នំមែនទែន។
គ.ស ១៣៧២ ដូនពេញ និងអ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង៤អង្គទៅតម្កល់ទុកក្នុងវិហារដែលសង់រួច។ កាលសាងសង់វិហាររួចហើយ យាយពេញបាននិមន្តព្រះសង្ឃមកគង់ក្នុងវត្តទិសខាងលិចនៅលើជើងភ្នំនោះ ទើបមានឈ្មោះថា «វត្តភ្នំដូនពេញ» ដែលសព្វថ្ងៃហៅកាត់ថា «វត្តភ្នំ» តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ។
ទោះជាយ៉ាងណា លោកបណ្ឌិត ឡុង សៀម មិនទាន់ទទួលស្គាល់ថា ភ្នំពេញ មកពីពាក្យភ្នំរបស់ដូនពេញនោះទេ តែអាចមកពីពាក្យថា ភ្នំដែលព័ទ្ធជុំវិញដោយបឹង និងក្រោយមកបឹងបានក្លាយជាពេញ។
លោកបណ្ឌិតលើកឡើងដោយឈរលើមូលដ្ឋាននៃស្ថាននាមនៅជុំវិញទួលកូនភ្នំនេះ ដូចជាបឹងកេងកង បឹងកក់ បឹងរាំង បឹងព្រលឹត ស្រះចក អូរឫស្សី ជាដើម។ ម្យ៉ាងទៀត បើតាមប្រវត្តិសាស្រ្ត និងវចនានុក្រមខ្មែរ បានកត់ត្រាថា ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីកត្រើយខាង នៃទន្លេចតុម្មុខ ហៅតាមឈ្មោះភ្នំដីមួយតូច ដែលមាននៅជាគោល។
បើតាមព្រះរាជពង្សាវតារប្រទេសកម្ពុជា គ. ស. ១៤៣៤ ព្រោះបាទពញាយ៉ាត ទ្រង់ចាកចោលព្រះរាជវាំងបាសាណ ខេត្តស្រីសន្ធរ មកតាំងព្រះរាជវាំង នៅទិសអាគ្នេយ៍ នៃភ្នំពេញ នាត្រើយខាងលិចទន្លេច្រាបឈាម។ រាជធានីនេះ ត្រូវបានកសាងឡើងដោយព្រះបាទចៅពញាយ៉ាត អំឡុង គ. ស. ១៤៣៤ ដោយប្រទានឈ្មោះនគរថ្មីនេះថា ជាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីខត្តិយាមហានគរ។ ឯទីប្រជុំទន្លេទាំង៤ ដែលស្ថិតនៅមុខរាជធានី ក៏ទ្រង់បានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ ពីពេលនោះមក។
ក្នុងព្រះរាជពិធីសម្ពោធរាជធានី ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ផងនោះ ព្រះអង្គបានសន្មតនាមក្រុងជាថ្មីម្ដងទៀត ដោយថែមពាក្យភ្នំដូនពេញឱ្យខ្លីជាងមុនថា ក្រុងចតុម្មុខមហានគរភ្នំដូនពេញវិញ ដើម្បីកុំឱ្យបាត់ឈ្មោះ និងកេរ្ដិ៍ដំណែលរបស់ដូនពេញ តមកគេហៅកាត់ខ្លីត្រឹមតែភ្នំពេញដរាបមកដល់សព្វថ្ងៃ។
ជាច្រើនសតវត្សរ៍មក ទីក្រុងថ្មី បានរីកដុះដាលជារៀងរហូតមក។ យ៉ាងណាក៏ដោយ រូបសំណាក់របស់ដូនពេញត្រូវបានគេសង់បែរមុខទៅរកវិហារដែលគាត់បានសាងសង់នៅលើកំពូលភ្នំ។ ដោយអ្នកខ្លះជឿថា រូបសំណាក់ដូនពេញ ត្រូវបានរំលឹកប្រជាជនកម្ពុជាពីបុព្វបុរសដែលបានរកឃើញដើមឈើអណ្ដែតទឹក និងព្រះបដិមាករទាំងប្រាំអង្គ កាលរកឃើញរបស់គាត់នាំឱ្យមានការបង្កើតបានទីក្រុងមួយ ដែលមានភាពរីកចម្រើនសម្បូរសប្បាយ៕
No comments:
Post a Comment