លិខិតមិត្តអ្នកអាន៖ សង្គមនិយម​ស្រា​ជាធំ​ ជោគជ័យ​បរាជ័យ​អាស្រ័យ​លើ​កែវ​ស្រា​

 


ជាទូទៅ​ គេ​មើលឃើញ​មនុស្ស​មួយចំនួន​កំពុង​ជំនក់​ ឬញៀន​ហ្វេ​សប៊ុ​ក ល្បែង​ គ្រឿងញៀន​ ចំណែក​អ្នក​និយម​ការ​ផឹកស៊ី​ ឬញៀន​ស្រា​ក៏​មិនចាញ់​គ្នា​ប៉ុន្មាន​ដែរ​។ «ស្រា​» ក្លាយមកពី​ពាក្យ​ «សុរា​» មានន័យថា​ ទឹកស្រវឹង​ ហើយ​ទឹកស្រវឹង​នេះ​ កំពុងពេញនិយម​ខ្លាំង​បំផុត​ក្នុង​ស្រទាប់សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​។

នៅ​មិនទាន់​មាន​ឯកសារ​ ឬការស្រាវជ្រាវ​ណាមួយ​ជុំវិញ​បញ្ហា​ការ​ញៀន​ស្រា​របស់​ជនជាតិ​ខ្មែរ​ឡើយ​។ ពីមុន​គេ​ថា​ ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា៩៥​% ប៉ុន្តែ​បើ​សង្កេត​ហ្មត់ចត់​ជាង​នេះ​ទៅ​ឃើញ​អ្នកផឹក​ស្រា៩៥​% ទៅវិញ​ ឬចង់​លើស​ពីនេះ​ផង​។ ការ​ផឹកស្រា​ក្លាយជា​ទម្លាប់​របស់​ខ្មែរ​ដែល​ពិបាក​នឹង​កែ​ប្រែមែនហើយ​។ ស្រា​បាន​ក្លាយជា​របស់​ដ៏​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ស្ទើរ​នៅ​គ្រប់​កម្មវិធី​។

រាល់​ពិធី​ជួបជុំ​ស្ទើរតែ​ទាំងស្រុង​ដែល​ខ្មែរ​ធ្វើ​ជួបជុំគ្នា​ គឺ​តែង​យក​ស្រា​ជា​គ្រឿង​កំដរ​ជានិច្ច​។ បុណ្យទាន​ផឹក​ ភ្ជាប់ពាក្យ​ផឹក​ ការ​ផឹក​ ខួបកំណើត​ផឹក​ ឡើងផ្ទះ​ផឹក​ ឆេង​ម៉េ​ងផឹក​ ចូលឆ្នាំ​សាកល​ផឹក​ ចូលឆ្នាំ​ចិន​យួន​ផឹក​ ចូលឆ្នាំ​ខ្មែរ​ផឹក​ ប្រឡងជាប់​សប្បាយចិត្ត​ផឹក​ ប្រឡងធ្លាក់​ពិបាកចិត្ត​ផឹក​ ទៅ​ពិភាក្សា​ការងារ​ផឹក​ ជោគជ័យ​ការងារ​ជប់លៀង​ផឹក​ សង្សារ​សុំ​បែក​ផឹក​ ប្រពន្ធ​កើតកូន​ផឹក​ សាច់ញាតិ​ស្លាប់​ផឹក​ និយាយទៅ​ឱ្យ​តែ​មាន​រវល់​ គឺ​ផឹក​លុះ​ក្ស័យ​។ ជាង​នេះ​ទៅទៀត​ ក្មេង​ៗជាច្រើន​ រួម​ទាំង​សិស្សសាលា​ផង​ ក៏​ហាក់​ពេញនិយម​នឹង​គ្រឿងស្រវឹង​នេះ​សម្បើម​ដែរ​។

កម្មវិធី​ណា​ដែល​អត់មាន​គ្រឿងស្រវឹង​ជា​គ្រឿង​កំដរ​ត្រូវ​គេ​សើច​ចម្អ​កទៅវិញ​។ បើ​មាន​មិត្តភក្តិ​ណា​ម្នាក់​ដើរលេង​ជុំគ្នា​ ហើយ​មិន​ចេះ​ផឹក​ ឬមិន​ផឹក​ដោយ​យល់​ពី​ការ​ខាត​ប្រយោជន៍​ ត្រូវ​មិត្តភក្តិ​សើច​ពេបជ្រាយ​ទៅវិញ​។ អ្នក​និយម​ស្រា​អាយុ៥០មិនទាន់​ទេ​ ស្ពាយ​ជំងឺ៤​ ទៅ៥មុខ​ចូល​ពេទ្យ​ វេទនា​ទាំង​វ័យក្មេង​ ហើយ​ទៅ​បន្ទោស​ព្រហ្មលិខិត​ ឬបន្ទោស​ព្រះដាក់​ទោសទណ្ឌ​ដល់​ខ្លួន​។

សង្គម​ខ្មែរ​ធ្លាក់ចុះ​ដល់​ដំណាក់កាល​មួយ​ គឺ​លែង​ខ្មាស​អ្នកណា​ទាំងអស់​។ ជាតិសាសន៍​មួយ​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​អាច​ក្លាយជា​ជាតិសាសន៍​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​លើ​សាកលលោក​។ មិនមែន​ពួកគាត់​មិនដឹង​នោះ​ទេ​ ថា​រៀងរាល់​ឆ្នាំ​ មនុស្ស​ខ្ទង់ពាន់​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុង​នោះ​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ នៅតែ​ជា​មូលហេតុ​ចម្បង​មួយ​។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ រហូតដល់​មនុស្សឃាត​ បន្ទាប់ពី​សេព​គ្រឿងស្រវឹង​។ អ្វី​ដែល​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​នោះ​គឺ​សុខភាព​។ អ្វី​ដែល​សំខាន់​មិនមែន​តែ​អ្នក​ប្រព្រឹត្តិ​ប៉ុណ្ណោះ​​ទេ​ដែល​រងគ្រោះ​ដោយសារ​អ្នក​ស្រវឹង​ ​វាថែម​ទាំង​បាន​ផ្តល់​ផល​លំបាក​ជាច្រើន​ដល់​អ្នកដទៃ​ផង។ ដូច្នេះតើ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ទើប​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន​? នេះ​គឺជា​សំណួរ​ចោទឡើង​ដើម្បី​ទទួល​បាន​ចម្លើយ​ដ៏​សមស្រប​ពី​អ្នកផឹក​ និង​រាជរដ្ឋាភិបាល​។

សូម​ជូន​យោ​បល់​ខ្លះ​ៗជុំវិញ​ការ​ចាត់វិធានការ​ គឺ​ត្រូវតែ​មានច្បាប់​ដើម្បី​គ្រប់គ្រង​គ្រឿងស្រវឹង​។ កំណត់​អាយុ​អ្នកប្រើ​ប្រាស់​ ដំឡើង​តម្លៃ​ពន្ធ​ស្រា​ ហាមឃាត់​ការ​ផ្សព្វផ្សាយ​គ្រប់រូប​ភាព​ កំណត់​ទីតាំង​លក់​ ពិន័យ​ឱ្យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ល្មើស​ជាដើម​។ មិន​ពិបាក​ប៉ុន្មាន​ទេ​ មើល​ស្រុក​គេ​ធ្វើ​ម៉េច​ល្អ​ អាច​ទៅ​សិក្សា​ ឬកែច្នៃ​ពី​គេ​ខ្លះ​បាន​ អ្វី​ដែល​សំខាន់​ គឺ​ស្មារតី​ និង​ឆន្ទៈ​ប្រាកដ​៕

No comments:

Post a Comment