សិស្ស​វិទ្យាល័យធ្វើ​ពីធី​ជប់លៀងលា​គ្នាបង្ហាញពីជីវិតពេញដោយខ្លឹមសារ

 


ព្រឹត្តិការណ៍​ដ៏​សែន​រីក​រាយ​លាយឡំ​នឹង​ទឹក​ភ្នែក​របស់​សិស្សានុ​សិស្ស សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ជួប​ជុំជប់លៀងលា​គ្នា ពោរ​ពេញ​ដោយ​អត្ថន័យ នៃ​ចំណង​មិត្ត​ភាព។ ពិធី​ជប់លៀងលា​គ្នាដែល​​រៀប​ចំ​ធ្វើ​ឡើង​ទាំង​​បី​សាខា​ព្រម​គ្នា​​នេះ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ចាងហ្វាង លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុ​សិស្ស​ជា​ច្រើន​ពាន់​នាក់។

ថ្លែង​ប្រាប់​ពី​អារម្មណ៍​ពិត ហោង គីមឡុង សិស្ស​ថ្នាក់​ទី១២ បាន​និយាយ​រៀបរាប់​ថា វេលា​សិក្សា​នៅ​ទី​នេះ ពួក​គេ​បាន​សាង និង​បន្សល់ទុក​អនុស្សាវរីយ៍​យ៉ាង​ច្រើន​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ ជា​ពិសេស​គឺ​មិត្ត​ភក្ដិតែ​ម្តង។ មិត្ត​ភក្ដិ​នេះ​ហើយ ដែល​ដិតដាម​ក្នុង​ជីវិត​សិក្សា​របស់​ពួកគេ​​រាល់​គ្នា។

យុវ​សិស្ស​មាន​វ័យ​១៧ឆ្នាំ​រូប​នេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «ពិត​មែន​តែ​ពេល​នេះ យើង​បែក​គ្នា ហើយ​ទៅ​រក​អនាគត​រៀង​ខ្លួន តែ​យើង​នៅ​តែអាច​ជួប​គ្នា នៅ​តែរាប់អាន​គ្នា។ អ៊ីចឹង​យើង​សន្យាកុំ​ភ្លេច​គ្នា ហើយ​នៅ​តែរាប់អាន​គ្នា​ជារៀង​រហូត។»

ចំណែក​យុវ​សិស្ស ជុំ វណ្ណឃាង សិស្ស​ថ្នាក់​ទី១១​វិញ ក៏​មិន​ខុស​ពី​មិត្ត​ភក្ដិ​រួម​សាលា​​ដែរ។ យុវ​សិស្ស​ម្នាក់​នេះ ថា បើ​និយាយ​ពី​អនុស្សាវរីយ៍​តាំងពី​ដើម​រហូត​មក​ដល់​ថ្ងៃ​នេះ គឺបង្កើត​ចំណង​មិត្ត​ភាព​ដោយ​ស្នាម​ញញឹម ដោយ​ភាពជូរចត់ជា​មួយ​នឹង​រឿង​រ៉ាវ​ផ្សេង​ជា​ច្រើន​ស្ទើររាប់​មិន​អស់។

ពី​មនុស្ស​ម្នាក់​មិន​សូវ​មាន​សកម្មភាព មាន​ការខ្មាសអៀន​ច្រើន ទី​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មីៗ និង​ដំបូន្មាន​ល្អៗជា​ច្រើន​ពី​លោក​គ្រូ​អ្នក​គ្រូ ដែល​តែង​តែដាស់តឿន លើក​ទឹក​ចិត្ត និង​បង្ហាត់​បង្រៀន​​ដោយ​ភាព​អត់ធ្មត់ រហូត​បាន​ក្លាយជា​មនុស្ស​មាន​ភាព​ក្លាហាន រឹងប៉ឹង និង​មាន​ក្រម​សីលធម៌​ក្នុង​ខ្លួន។

ទាក់​ទង​នឹង​ពិធី​ជប់លៀងលា​គ្នា​នេះ​ដែរ លោក​ ហ៊ឹម សុផាន្នី គ្រូ​បង្រៀន​​ឯកទេស​រូប​វិទ្យា បានលើកឡើង​​ថា ថ្វីបើ​ថ្ងៃ​នេះ ជា​វេលា​មួយ​ដែល​បែក​គ្នា​ក៏​ពិត​មែន តែ​គ្រូ​និង​សិស្ស​បាន​សាង​អនុស្សាវរីយ៍​ជា​មួយ​គ្នា​ច្រើន​តាម​រយៈការ​បង្ហាត់​បង្រៀន។ រយៈ​ពេល​​សិក្សា​មួយ​ឆ្នាំ​ពិត​ជាលឿន​មែន ពិសេស​សម្រាប់​សិស្ស​ថ្នាក់​ទី១២ ហើយ​ការជប់លៀងលាគ្នានា​ពេល​នេះ មិន​មែន​ជាការ​បញ្ចប់​ជីវិត​សិក្សា​នោះ​ទេ តែវា​គ្រាន់​តែ​ជាការ​ចាប់​ផ្ដើម​ជីវិត​សិក្សា​ក្នុង​ការប្រលូក​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ ការ​បញ្ចប់​ថ្នាក់​ទី១២ គឺជា​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ចំណេះទូ​ទៅ ហើយ​បន្ត​រៀន​រស់​នៅ​ក្នុង​សង្គម​តាម​រយៈការ​ចាប់​យក​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា នោះ​គឺជា​ការ​ចាប់​ផ្តើម​​ជីវិត​ពិត​ប្រាកដ។

លោក​បន្ថែម​ទៀត​ថា ទម្រាំគូរឆ្លាក់​សិស្សានុសិស្ស​​ចេញ​ជា​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ថ្ងៃ​នេះ។ គ្រូៗតស៊ូខំ​ប្រឹង​ប្រែង​សម្បើម​ណាស់។ គ្រូៗ​​បាន​ខ្នះ​ខ្នែង​​ផ្ដល់​ចំណេះដឹង អប់រំ​សុជីវធម៌ ណែ​នាំ​ឱ្យ​ចេះ​គោរព​ចាស់​ទុំ ឪពុក​ម្តាយ លោក​គ្រូ​អ្នក​គ្រូ និង​មិត្ត​ភក្តិជា​ដើម។

គួរ​បញ្ជាក់​ថា ទិដ្ឋភាព​ជប់លៀងលា​គ្នា​នេះ គឺជា​ការ​ជួប​ជុំ​គ្នា​ចែក​រំលែកផ្នត់​គំនិត ផ្លាស់​ប្តូរ​បទ​ពិសោធ និង​ចំណេះដឹង​ល្អៗ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្នាម​ញញឹម ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល រម្លឹក​អនុស្សាវរីយ៍ និង​រក្សា​ចំណង​មិត្ត​ភាពជា​មួយ​មិត្ត​ភក្ដិ​រួម​ថ្នាក់​ជានិរន្តរ៍។ ហើយ​នេះ​ក៏​ជា​វេលា​មួយ​បញ្ជាក់​ភាពកក់ក្តៅ ពី​អារម្មណ៍​ពិត​រវាង​គ្រូ​និង​សិស្ស។ ​​ការសុំ​អធ្យាស្រ័យ​ចំពោះ​ពាក្យ​សម្ដី​មិន​ល្អ​ទៅ​លើ​មិត្ត និង​សុំខមាទោសពី​លោក​គ្រូ​អ្នក​គ្រូ​ជា​ដើម៕

No comments:

Post a Comment