ថ្ងៃទី១៧ មេសា កាលពី៤៥ឆ្នាំមុន គឺជាថ្ងៃដែលកងទ័ពខ្មែរក្រហមប្រដាប់ដោយកាំភ្លើង អាកា៤៧ និងបេ៤០ ចូលមកដល់ក្រុងភ្នំពេញ។ បើតាមឯកសារប្រវត្តិសាស្ត្រ នៅពេលពួកគេចូលមកដល់ភ្នំពេញ ក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលរស់នៅទីនោះ។ ពួកគេបានប្រកាសថា «សង្គ្រាមចប់ហើយ» ពួកគេបាននាំមកនូវសន្ដិភាពជូនកម្ពុជាហើយ។ មិនយូរប៉ុន្មាន អំណរនឹងជ័យជំនះ រួមជាមួយនឹងក្តីសង្ឃឹមនៃការបញ្ចប់សង្គ្រាមនេះ បានរលាយបាត់បង់ទៅវិញ បន្ទាប់ពីកងទ័ពខ្មែរក្រហមចាប់បង្ខំប្រជាជនឱ្យចាកចេញភ្លាមៗពីទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាមត្រូវខ្មែរក្រហមបាញ់សម្លាប់ចោលភ្លាម។
នៅថ្ងៃដែលខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ តាមពិតគឺជាថ្ងៃចាប់ផ្ដើមកាប់សម្លាប់ខ្មែរដូចគ្នា និងជាថ្ងៃដែលធ្វើឱ្យអ្នករស់នៅក្នុងក្រុងភ្នំពេញមានភាពច្របូកច្របល់ឥតគណនា។ ដូច្នេះថ្ងៃ១៧ មេសា ១៩៧៥ គឺជាថ្ងៃដែលរបបសាធារណរដ្ឋខ្មែរដួលរលំជាស្ថាពរ ហើយជំនួសមកវិញដោយរបបថ្មីមួយទៀត ដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា ឬខ្មែរក្រហម។
តាមសៀវភៅសុបិននិងការពិតភាគ១ របស់លោក វ៉ាន់ ឌីកាអុន បានសរសេរថា នៅថ្ងៃដដែលនោះ កងទ័ពខ្មែរក្រហមបានបន្តបោសសម្អាតទីតាំងសំខាន់ៗរបស់កងទ័ពរបស់សាធារណរដ្ឋពាសពេញទីក្រុង។ គេឃើញសពជនជាតិខ្មែរដេកស្លាប់ស្ដូកស្ដឹងដូចខ្មោចឆ្កែពាសពេញផ្លូវថ្នល់ ប៉ុន្តែគេពុំឃើញមានសពជនជាតិអាមេរិកាំង ឬជនជាតិវៀតណាមណាម្នាក់សោះឡើយ។ ជាមួយនឹងគ្នានោះ ហាងទំនិញ មន្ទីរពេទ្យ សាលារៀន ព្រមទាំងសម្ភារៈទំនើបៗត្រូវពួកគេខ្មែរកម្ទេចចោលអស់គ្មានសល់។ របស់ដែលត្រូវកម្ទេចចោលនោះ ពួកគេចាត់ទុកថា សុទ្ធតែរបស់នៃអំពើពុករលួយ សុទ្ធជាសត្រូវនៃបដិវត្តន៍។
នៅចំពោះមុខស្ថានការណ៍បែបនេះ ប្រជាជននៅភ្នំពេញត្រូវខ្មែរក្រហមចោទជាខ្មាំង ជាខ្ញុំកញ្ជះរបស់ពួកគេចក្រពត្តិអាមេរិកាំង ឬជាអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរ។ បន្តិចក្រោយមក ប្រជាជននៅក្នុងភ្នំពេញប្រមាន២លាន ៥សែននាក់ត្រូវខ្មែរក្រហមដេញចេញពីទីក្រុងទាំងអស់ ដោយប្រញាប់ប្រញាល់ តក់ក្រហល់រកតែយកអ្វីទៅជាមួយ ឬប្រមែប្រមូលប្រពន្ធកូនចៅឱ្យមកជុំគ្នាមិនទាន់។ នេះហើយជាមូលហេតុនាំឱ្យបែកបាក់គ្រួសារ ខ្លះបាត់ប្ដី ខ្លះបាត់ប្រពន្ធកូនចៅរកមិនទាន់ឃើញរហូតមកដល់សព្វថ្ងៃ។ ខ្មែរក្រហមដែកដើរដេញតាមផ្ទះប្រាប់ប្រជាជនថា «អង្គការ» ឱ្យចេញពីផ្ទះតែបីថ្ងៃប៉ុណ្ណោះ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អាមេរិកាំង។ ខ្លះប្រាប់ថា មិនបាច់ទៅណាទេ។ ពេលនោះខ្មែរក្រហមបានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងចំណោមអ្នកដេញប្រជាជនរហូតដល់ការបាញ់គ្នាឯង ប៉ុន្តែបញ្ជាចុងក្រោយ គឺដេញប្រជាជនចេញពីទីក្រុងឱ្យអស់។ មនុស្សម្នាបង្ខំចិត្តចាកចេញពីផ្ទះទាំងក្រៀមក្រំ ក្រោមការគំរាមគំហែងនៃកាំភ្លើងអាកា៤៥ និងបេត្រយ៉ូងចេក។ ការដេញប្រជាជននេះ សូម្បីអ្នកឈឺ អ្នកមានផ្ទៃពោះ ក៏មិនលើកលែងដែរ។ ពួកគេចេញពីភ្នំពេញតាមទិសទាំង៤ដោយគ្មានទិសដៅ ហើយអ្វីក៏ខ្មែរឱ្យយកតាមខ្លួនដែរ ក្រៅពីចំណីអាហារ។ មួយទៀតក្រោយពីដេញប្រជាជនចេញពីក្រុងបន្តិច ខ្មែរក្រហមអំពាវនាវរកបញ្ញវន្ត ដែលគេសម្គាល់តាមរយៈការពាក់វ៉ែនតា ដើម្បីកម្ទេចចោលទាំងអស់។
តាមលោក Raoul Marc Je រហូតមកដល់ចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ឧសភា ក្នុងឆ្នាំដដែល លោក ប៉ុល ពត និងលោក នួន ជា បានប្រកាសឱ្យដឹងនូវគោលនយោបាយសំខាន់ៗចំនួន៨ចំណុច នៃរបបគ្រប់គ្រងថ្មីនេះ។ ផែនការមហារុងរឿង មហាលោតផ្លោះ ទាំង៨ចំណុចនោះរួមមាន៖
១-ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា «ប្រជាជនចាស់» និងប្រជាជនដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា «ប្រជាជនថ្មី» ឬ «ពួក១៧ មេសា»។
២-លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣-លុបបំបាត់ចោលនូវការចាយលុយ។
៤-ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥-សម្លាប់ចោលទាំងអស់រាល់មន្រ្តីដែលធ្វើការឱ្យរបប លន់ នល់។
៦-បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
៧-បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨-ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេស ព្រំដែនវៀតណាម។
នេះជាទំព័រប្រវត្តិសាស្ត្រមួយដ៏ខ្មៅងងឹតក្នុងអន្តររបបនៃការកាប់សម្លាប់ខ្មែរគ្នាឯងយ៉ាងឃោឃៅបំផុត ដែលខ្មែរជំនាន់ក្រោយរកជឿពុំរួច…
No comments:
Post a Comment