ខណៈពិធីបុណ្យកំណើតយេស៊ូគ្រិស្តដែលគេនិយមហៅ បុណ្យណូអែល បានខិតជិតមកដល់។ យើងឃើញអគារ ផ្ទះថ្មថ្មីចាស់តូចធំមួយចំនួនក្នុងក្រុងភ្នំពេញ មានរៀបតុបតែងតាំងប្រទីប ភ្លើងពណ៌ក្នុងក្រៅ ដូចព្រះវិហារកាតូលិកនៅអឺរ៉ុបដែរ។ យើងមិនបានដឹងថា ពួកគេ ជាគ្រិស្តសាសនិកឬមួយយ៉ាងណាទេ។ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍នោះ ទាំងអ្នកកាន់សាសនាគ្រិស្ដ និងមិនមែនអ្នកកាន់សាសនានេះបានត្រៀមខ្លួន ដើម្បីអបអរពិធីបុណ្យណូអែលដែរ។
ទាក់ទងនឹងពិធីបុណ្យណូអែលនៅស្រុកខ្មែរ នាសម័យទំនើបដ៏សែនសម្បូរសប្បាយ លុយចាយមិនអស់ អស់តែដីស្រែចម្ការ លុយលក់ដីបានរាប់សែនលានដុល្លារ។ ក្មេងៗជំនាន់ឥឡូវនេះ ជាពិសេសក្មេងៗខាងគ្រួសារគហបតី សេដ្ឋីធំៗ បានដេកបុណ្យឱ្យឆាប់ដល់ថ្ងៃបុណ្យណូអែលមកដល់នឹងអាលបានទទួលរង្វាន់ ការដូរ ជាឡាន ជាមូតូ រីឯខាងក្មេងៗគង្វាលគោក្របី ដែលមានឪពុកម្ដាយទីទ័លក្រឯណោះវិញ ពួកគេដេកសុំអង្វរទេវតាឱ្យបានម្ហូបអាហារដ៏ប្រណិតក៏អស់ចិត្តដែរ។
ក្នុងវប្បធម៌ខ្មែរ តាំងពីដើមរៀងមក គេមិនធ្លាប់ឃើញមានបុណ្យណាដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឱ្យក្មេងៗចាំទទួលលាភធ្លាក់ពីលើមេឃដូច ឬស្រដៀងនឹងបុណ្យណូអែលនេះទេ។ ក្មេងៗនៅអឺរ៉ុបស្ទើរតែទាំងអស់ គេជឿថា នៅថ្ងៃ២៤ធ្នូ មានតាពុកមាត់ស្រមូមសក្បោះម្នាក់ ពាក់មួងស្រួចដូចសាជី និងមានខោអាវពណ៌ក្រហមឆេះ ជិះរទេះអូសដោយហ្វូងសត្វក្ដាន់ពីលើអកាស ដោយដឹកជញ្ជូនល្បែងផ្សេងៗ ឬក៏ការដូរឯទៀត ជារង្វាន់មកឱ្យក្មេងៗនៅតាមគេផ្ទះនីមួយៗ នាពេលអាធ្រាត្រ ដែលក្មេងលង់លក់ក្នុងដំណេកអស់។
ក្រៅពីធ្លាប់ឮចាស់ៗនិទានរឿងអារក្ស អ្នកតា ព្រះឥន្ទ្រ ព្រះព្រហ្ម កូនខ្មែរមួយចំនួនមិនដឹងមិនជឿថា លើមេឃមានតាពុកមាត់ស្រមូមកន្ធាត់ម្នាក់ទាក់ចិត្តក្មេងៗឱ្យសរសេរសំបុត្រយ៉ាងវែង ដើម្បីសុំរង្វាន់ពីគាត់ ដូចជាគ្រឿងល្បែង សម្លៀកបំពាក់ ឬគ្រឿងតុបតែងខ្លួនជាដើម។
និយាយពីការស្រមៃក្លាយជាការពិត នៅពេលគេគេងស្រមៃថា តាណូអែលយករង្វាន់មកឱ្យនោះ ជាការស្រមៃធ្វើឱ្យសប្បាយ ព្រោះគេទទួលបានអ្វីៗពីឪពុកម្ដាយបានដូចបំណងមែន។ ប៉ុន្តែគ្រោះថ្នាក់ផ្លូវចិត្តដល់ធំមួយអាចនឹងកើតមានក្នុងគ្រាណា ដែលមាតាបិតាចិញ្ចឹមបីបាច់រក្សា ហើយទំយើពួកគេរហូតកូនចង់បានព្រះចន្ទពីលើមេឃមកបញ្ចាំងបំភ្លឺពិដានបន្ទប់គេងរបស់គេ។ គ្រោះថ្នាក់ គឺថាគ្មានអ្នកណាមកផ្គាប់ចំណងនេះបានឡើយ។
និយាយផ្ទុយមកវិញ ក្មេងៗឯណាដែលមាតាបិតាមានការខ្វះខាតក្នុងជីវភាព ច្បាស់ណាស់សូម្បីវត្ថុ គ្រឿងល្បែងល្អៗដែលមានដាក់លក់តាមទីផ្សារក៏មិនអាចប៉ងទិញបានដែរ ប៉ុន្តែករណីចង្រៃនេះនៅតែកើតមានចំពោះគ្រួសារខ្លះទំយើកូនលើសហួសសមត្ថភាព។ ប្រាកដណាស់នឹងធ្វើឱ្យក្មេងទៅជាល្ងង់ បាត់បង់ការពិចារណា សូម្បីតែសម្ដីសំដៅឫកពារ ក៏ល្ងង់ខ្លៅ គឺលែងស្គាល់ចាស់ទុំ ថាលែងបាន មានន័យថាទំយើក្មេងឡើងខូចខួរក្បាលអស់៕
No comments:
Post a Comment