ខុទ្ទកាល័យព្រះមហាក្សត្រ
ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ…….
ព្រះចៅក្រុងកម្ពុជាធិបតី
ជូនចំពោះ លោកទេសាភិបាល នៃសារណរដ្ឋបារាំង ប្រចាំកម្ពុជា ភ្នំពេញ
លោកទេសាភិបាល
នៅខណៈមួយដែលប្រទេសបារាំង
ដែលជាអ្នកឧបត្ថម្ភរបស់យើងកំពុងជាប់រវល់ក្នុងការកំណត់ព្រំដែនរបស់កម្ពុជា
លើអតីតខេត្តនានារបស់កម្ពុជា
ដែលត្រូវបានលួចយកទៅដោយប្រទេសសៀមនោះ ខ្ញុំជឿជាក់ថា
ខ្ញុំមានភារកិច្ចជូនលោកនូវការអង្កេត
និងការរក្សាសិទ្ធដូចខាងក្រោម
ហើយខ្ញុំក៏ស្នើឱ្យលោកតាមពេលវេលាសមស្រប
មេត្តាផ្ដល់ព័ត៌មានទាំងនេះឱ្យបានជូនជ្រាបដល់គណៈកម្មការកំណត់ព្រំដែន
ដែលនឹងចាប់ផ្ដើមការរបស់ខ្លួន និងបញ្ជូនការងារទាំងនោះ
ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋ (បារាំង)។ ប្រតិភូទាំងឡាយរបស់ខ្ញុំ
ដែលស្ថិតនៅក្នុងគណៈកម្មការនេះ
ក៏នឹងមានភារកិច្ចលើកឡើងនិងគាំទ្រនូវសំណើររបស់ខ្ញុំនៅចំពោះមុខគណៈកម្មការនេះ។
១- ជាការពិត និងមិនអាចប្រកែកបាន ការប្រគល់ទៅឱ្យសៀមដោយប្រទេសបារាំងនូវអតីតខេត្តនានារបស់ខ្មែរ ដែលទើបនឹងបានប្រគល់មកឱ្យកម្ពុជាវិញ ដូចជាស្ទឹងត្រែង, ទន្លេរពៅ, ម្លូព្រៃ, ក្រាត និងកោះកុង មិនអាចផ្ដល់សេចក្ដីពេញចិត្ត ដែលត្រឹមត្រូវ តាមច្បាប់ដល់ប្រជាជនកម្ពុជា ក្នុងស្ថានភាពដែលជនជាតិសៀមកាន់កាប់ទឹកដីទាំងនេះ ដោយប្រើកម្លាំងទ័ព និងដោយការលាក់ពុត ក្នុងកំលុងពេលដែលកម្ពុជាកំពុងត្រូវឡោមព័ទ្ធ និងធ្វើទុក្ខបុកម្នេញដោយអាណាម (វៀតណាម) និងសៀម។ ការប្រគល់ខេត្តទាំងនេះមកវិញ (ដល់កម្ពុជា) ជនជាតិសៀម គ្រាន់តែបញ្ឈប់នូវអ្វីដែលពួកគេបានយកនិងកាន់កាប់ដោយរំលោភសិទ្ធរបស់ប្រជាជន (នៃប្រទេសកម្ពុជា) ហើយជាអ្វីដែលពួកគេមិនចង់ទុកបានយូរទេ ព្រោះថាកង្វះខាតនៃសារៈសំខាន់របស់ទឹកដីទាំងនេះ មិនអាចទូទាត់ទៅនឹងការចំណាយក្នុងការស្វែងរកផលប្រយោជន៍ រដ្ឋបាល និងការរក្សាថែទាំ។
២- យើងទាមទារមកវិញ នូវខ្សែបន្ទាត់ព្រំដែនធម្មជាតិរបស់ព្រះរាជាណាចក្រខ្មែរ ដែលមានកាលពេលពីមុនជនជាតិសៀមបានឈ្លានពាន ដែលរួមមានបណ្ដាខេត្តដែលស្ថិតនៅប៉ែកខាងប្រទេសសៀម ដូចជាបាត់ដំបង, សៀមរាប, ស្ទឹងត្រែង, ទន្លេពៅ, ម្លូព្រៃ, គូហាន់ (បច្ចុប្បន្នត្រូវបានទទួលស្គាល់ជា ស៊ីសាកេត), ព្រៃស, សុរ៉េន (សុរិន), សង្គៀស (សង្កា), នាងរិង, នគររាជសីមា (កូរ៉ាត់) ជាប់នឹងបាក់ណាម និងរាជាណាចក្រចំប៉ាសាក់ (ប៉ាសាក់), ហើយនៅផុតពីភ្នំដងរែក គឺកោះកុង, ក្រាត និងចន្ទៈបូរ (ចន្ទៈបូន/ចន្ទៈបុរី)។
ខេត្តទាំងនេះ ក៏មានប្រជាជនកម្ពុជារស់នៅ និងពួកគេនៅតែរក្សាស្មារតីស្នេហាជាតិដ៏ខ្ជាប់ខ្ជួនរបស់ខ្លួន។
៣- ខេត្តដែលមានធនធានជាងគេ នៃប្រទេសកម្ពុជា គឺបាត់ដំបង និងសៀមរាប។ ក្នុងខេត្តសៀមរាបមានសំណង់បាក់បែក (ប្រាសាទ) របស់ទីក្រុងចាស់ៗ ដែលជាភស្ដុតាងនៃព្រះរាជាណាចក្រដ៏រុងរឿងរបស់យើង ហើយក៏ជាភស្ដតាង នៃភាពរុងរឿងរបស់បុព្វបុរសយើងទៀតផង។ ខេត្តទាំងពីរនេះ ក៏ដូចជាខេត្តដទៃដែរ ពុំដែលប្រគល់ទៅឱ្យសៀមដោយបុព្វបុរសរបស់យើងឡើយ ចំណែកឯការទាមទាររបស់យើង ឱ្យបានត្រឡប់មកវិញនូវខេត្តទាំងនេះមកកម្ពុជា ក៏ពុំដែលបញ្ចប់ ហើយនឹងមិនបញ្ឈប់ផងដែរ បើសិនជាយើងពុំទទួលបានការពេញចិត្តសមតាមបំណងរបស់យើងក្នុងបញ្ជានេះទេ។ កំណត់នៃការទាមទារជាច្រើនរបស់យើងពីអតីតកាលសុទ្ធតែជាភស្ដុតាងសម្រាប់ហេតុការណ៍នេះ។
មិនចាំបាច់ទាក់ទងនឹងការបង្ហាញជាប្រវត្តិសាស្រ្តទាំងអស់ ដែលបញ្ជាក់ពីសិទ្ធរបស់យើងលើខេត្តទាំងពីរនេះ សន្ធិសញ្ញា ថ្ងៃ ១៥ កក្កដា ឆ្នាំ១៨៦៧ ចុះហត្ថលេខាដោយបារាំង សៀម បានបញ្ជាក់ថា សន្ធិសញ្ញាឆ្នាំ១៨៦៣ ដែលត្រូវបានអះអាងកើនរំលឹកឡើងថា បានចុះហត្ថលេខារវាងព្រះរាជាណាចក្រកម្ពុជា និងសៀមត្រូវទុកជាមោឃៈ ហើយសៀមត្រូវបញ្ឈប់ជារៀងរាល់រហូតរាល់ភាពជាប្រទេសចំណុះសៀមរបស់កម្ពុជា។ ហេតុដូចនេះហើយ ប្រការនៃសន្ធិសញ្ញាបានកែអំណាច និងវត្តមានសៀមចេញពីកម្ពុជាទាំងស្រុង ហើយកម្ពុជាត្រូវតែយកត្រឡប់មកវិញ នូវរាល់បូរណភាព ទឹកដី ហើយបើសិនជាតាមរយៈមាត្រា៤ នៃសន្ធិសញ្ញា ១៥ កក្កដា ឆ្នាំ១៨៦៣ ដដែលនេះ អ្នកការទូតបារាំង កាលនោះបានយល់ព្រមដោយមិនបានពិភាក្សាជាមួយកម្ពុជា ឬទេសាភិបាលខេត្តកូសាំងស៊ីន ដែលថាខេត្តបាត់ដំបង និងសៀមរាប ត្រូវស្ថិតឱ្យសៀមនោះច្បាស់ណាស់ ពួកគេអស់ទាំងនោះត្រូវបានបោកប្រាស់ដោយជនជាតិសៀម ដែលអះអាងនឹងពន្យល់ឱ្យអ្នកការទូតបារាំងបាក់ចិត្តជឿថា មានសន្ធិសញ្ញាអ្វីមួយនោះ ដែលកម្ពុជាពុំដែលដឹងទាល់តែសោះ ធ្វើយ៉ាងនេះ គឺបានព្រមព្រៀងដាក់ខេត្តទាំងពីររបស់ខ្មែរឱ្យស្ថិតក្រោមសិទ្ធិអំណាច និងការគ្រប់គ្រងរបស់សៀម។
យោងតាមការយល់ដឹងរបស់ខ្ញុំ ខ្ញុំសូមបន្ថែមថា សន្ធិសញ្ញាដែលពោលថា ហត្ថលេខា នាខែធ្នូ ឆ្នាំ១៨៦៣ រវាងកម្ពុជា និងសៀម មិនដែលមានទាល់តែសោះ ហើយបើយុត្តិធម៌សម្រាប់យើង កាលណាគេជឿយើង ហើយផ្ដល់តាមសំណូមពររបស់យើង។
ជាការពិតណាស់ ក្រៅពីដឹងគុណដ៏ជ្រាលជ្រៅ និងស្មោះត្រង់របស់យើងចំពោះទេសាភិបាលអាណាព្យាបាល យើងមិនអាចទប់ខ្លួនយើងពីចម្ងល់ ថាតើសកម្មភាពការទូតបែបនេះ ដែលបណ្ដាលឱ្យបោះបង់ចោលទ្រព្យរបស់យើង ហើយធ្វើនៅពីក្រោយខ្នងរបស់យើងដោយគ្មានការយល់ព្រមអំពីយើងអាចស្ថិតស្ថេរបាន ឬយ៉ាងណា។
ក្នុងករណីទាំងអស់ និងពុំគិតពីលទ្ធផលនៃការងារ (ដែលទទួលបាន) ដោយគណៈកម្មការបច្ចុប្បន្ន និងសកម្មភាពការទូតដែលមានជាបន្តមកទៀត ទាក់ទងនឹងព្រំដែនកម្ពុជាជាមួយសៀម ដោយមិនរាប់បញ្ចូលការប្រគល់ដោយកម្ពុជានូវដ៏មានតម្លៃ គឺខេត្តសៀមរាប និងបាត់ដំបង ជាមួយនឹងគ្រប់ភាពចំណុះរបស់ខ្លួន យើងស្នើសុំរក្សាជារៀងរហូតសម្រាប់យើងនៃអ្នកជំនាន់ក្រោយរបស់យើងនូវសិទ្ធក្នុងការទទួលបាននូវតម្រូវការរបស់យើង រហូតដល់យុត្តិធម៌ និងការពេញចិត្តដ៏ពេញលេញត្រូវបានប្រគល់ឱ្យពួកយើង។
លោកទេសាភិបាលទាំងអស់នេះ គឺជាអង្កេតឃើញ និងការរក្សាសិទ្ធរបស់យើង ដែលខ្ញុំចាត់ទុកថា ជាភារកិច្ចរបស់ខ្ញុំដែលផ្ញើជូនលោកជាមួយនឹងការធានាអះអាងចំពោះហេតុការណ៍ និងព័ត៌មានទាំងអស់នេះបង្ហាញយ៉ាងឥតខ្ជោះនូវអារម្មណ៍តែមួយនៃរដ្ឋាភិបាល ខ្ញុំ និងប្រជាជន។ លើសពីការភ្ជាប់អារម្មណ៍ដ៏រឹងមាំរបស់យើងទៅនឹងខេត្តទាំងនេះ ដែលជាខេត្តជាប់ឃុំឃាំងមិនប្រក្រតីបណ្ដាលឱ្យមានឈឺចាប់យ៉ាងខ្លាំងក្នុងបេះដូងរបស់រាល់ប្រជាជនកម្ពុជា។ លោកទេសាភិបាលបានដឹងនូវរាល់ការលំបាកនានា ដែលជាលទ្ធផលនៃការជាប់ឃុំឃាំងនេះ ដែលអ្នកជិតខាងរបស់យើងកំពុងតែបន្តបង្កើតឡើង តាមរយៈការបៀតបៀនមកលើទឹកដីយើង, ការឆក់ប្លន់, សកម្មភាពលួច និងបទឧក្រិដ្ឋប្រចាំថ្ងៃ ធ្វើនៅក្នុងប្រទេសរបស់យើងដោយឧក្រិដ្ឋជន ដែលពួកនេះអាចរកការជ្រកកោនបានដោយងាយ នៅខាងគេដោយពុំមានការដាក់ទោសឡើយ។ សកម្មភាពទាំងនេះកំពុងតែកើតមានយ៉ាងពិតប្រាកដតាមរយៈការបង្ហាញនៅក្នុងរបាយការណ៍ពីអភិបាលខេត្ត ក្រោមអំណាចលោកទេសាភិបាល (ជនជាតិបារាំង) និងអភិបាលខេត្តរបស់យើង។ ខ្ញុំជឿជាក់ថា ស្ថានភាពដែលធ្វើឱ្យខូចប្រយោជន៍ដល់គោលការណ៍សុវត្ថិសាធារណៈយ៉ាងជាក់ច្បាស់នេះនៅកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត បើសិនណា ខេត្តបាត់ដំបង និងសៀមរាប ដែលមានភាពជិតស្និទ្ធបំផុត មកកម្ពុជា ពុំត្រូវបានប្រគល់មកឱ្យកម្ពុជាវិញទេនោះ។
សូមលោកទេសាភិបាល មេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។
ធ្វើនៅរាជវាំ រាជធានីភ្នំពេញ, ថ្ងៃច័ន្ទ ៤រនោច នៃខែ០២ ចុល្លសករាជ ១២៦៨ ត្រូវនឹងឆ្នាំមមី (សេះ) អដ្ឋសក រជ្ជកាលទី៣ ត្រូវនឹងថ្ងៃ០៥ វិច្ឆិកា ឆ្នាំ ១៩០៦ នៃគ្រឹស្ដសសករាជ។
(ហត្ថលេខា) ស៊ីសុវត្ថិ
សូមបញ្ជាក់ថា អត្ថបទខាងលើនេះ គឺជាចុតហ្មាយទាំងស្រុងរបស់ព្រះបាទស៊ីសុវត្ថិ ដែលអត្ថបទនេះបានដកស្រង់ចេញពីសៀវភៅការវាយបកប្រឆាំងនឹងការចោទប្រកាន់របស់ប្រទេសថៃ ទៅលើអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
No comments:
Post a Comment